Saturday, 20 May 2023

មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​បណ្ដា​ប្រទេស​ម្ចាស់​ហត្ថលេខី​២៣តុលា ជួយ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រឹងមាំ


ដោយ សេក បណ្ឌិត
2023.05.19
មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​បណ្ដា​ប្រទេស​ម្ចាស់​ហត្ថលេខី​២៣តុលា ជួយ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រឹងមាំ 

អនុប្រធាន និងជាអ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​លោក គីមសួរ ភីរិទ្ធ។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ


មន្ត្រី​គណបក្ស​ប្រឆាំង​ស្នើ​ទៅ​បណ្ដា​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ជួយ​ស្ដារ​ឡើងវិញ​នូវ​គោលការណ៍​គ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ស្រប​ពេល​រដ្ឋាភិបាល​លោក ហ៊ុន សែន ព្យាយាម​រារាំង​គណបក្ស​ដែល​មាន​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ​ដ៏​ធំ​មួយ មិន​ឱ្យ​ចូលរួម​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ខាងមុខ​នេះ។ ប៉ុន្តែ​មន្ត្រី​គណបក្ស​កាន់អំណាច​ឆ្លើយ​តប​ថា ការ​សង្ឃឹម​លើ​ក្រុម​ប្រទេស​ម្ចាស់​ហត្ថលេខី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គឺ​ហួសពេល​ទៅ​ហើយ។

ស្រប​ពេល​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ នាំគ្នា​ប្រតិកម្ម​នឹង​គ.ជ.ប មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើង​ទៀន ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ខាងមុខ​នេះ មន្ត្រី​គណបក្ស​ប្រឆាំង​ស្នើ​ឱ្យ​បណ្ដា​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គួរតែ​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​បាន​ប្ដេជ្ញា​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ ជួយ​ការពារ​គ្រឹះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​បាន​រឹងមាំ​ពិតប្រាកដ ដើម្បី​កុំ​ឱ្យ​ហួស​ពេល។

អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​លោក គីមសួរ ភីរិទ្ធ ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី​១៨ ឧសភា​ថា ក្រោយ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បដិសេធ​ការ​ស្នើ​សុំ​ចុះបញ្ជី​ចូលរួម​ការបោះឆ្នោត​ខាងមុខ​នេះ គណបក្ស​នឹង​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ នៅ​ថ្ងៃទី​២០ ឧសភា​ខាងមុខ​។ ប៉ុន្តែ​ដោយសារ​ហាក់​មិនសូវ​មាន​សង្ឃឹមលើ​ការ​តស៊ូ​តាម​ច្បាប់​នេះ លោក​ចង់ឱ្យ​បណ្ដា​ប្រទេស​ជា​មិត្ត និង​ជា​ប្រទេស​ម្ចាស់​ហត្ថលេខី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គិត​ពិចារណា​ឡើងវិញ ដើម្បី​ជួយ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​បាន​រឹងមាំ ពីព្រោះ​គណបក្ស​ភ្លើងទៀន ជា​គណបក្ស​ដែល​មាន​សំឡេង​គាំទ្រ​ច្រើន​ពី​ពលរដ្ឋ ដែល​អាច​ប្រកួត​ប្រជែង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។



    លោក គីមសួរ ភីរិទ្ធ៖ «​ចង់ឱ្យ​មិត្ត​ដែល​ជា​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គិត​ឡើងវិញ​ទៅ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​រឹងមាំ​ពិតប្រាកដ​នៅ​កម្ពុជា គួរ​ចូលរួម​ធ្វើ​អ្វីខ្លះ កុំ​ទុក​ឱ្យ​វា​ហួសពេល»។

លោក គីមសួរ ភីរិទ្ធ បន្ត​ថា ស្របពេល​គណបក្ស​ភ្លើងទៀន មិនអាច​ចុះឈ្មោះ​ចូលរួម​ការ​បោះឆ្នោតជាតិ​ខាង​មុន​បាន ថ្នាក់​ដឹកនាំ​គណបក្ស​បាន​ទៅ​ជួប​ជាមួយ​តំណាង​ស្ថានទូត​បរទេស​មួយចំនួន​ហើយ​ដែរ ក្នុង​នោះ​មាន​ដូចជា​តំណាង​សហភាព​អឺរ៉ុប ស្ថានទូត​អាល្លឺម៉ង់ និង​ស្ថានទូត​អូស្ត្រាលី​ជាដើម។ លោក​បន្ថែម​ថា ក្រៅ​ពី​នេះ គណបក្ស​ក៏​បាន​ត្រៀម​អ្នកច្បាប់ ដើម្បី​ឡើង​ទៅ​បំភ្លឺ​តវ៉ា​នៅ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ ហើយ​គណបក្ស​នៅតែ​សង្ឃឹម​ថា នឹង​អាច​ចូលរួម​ការបោះឆ្នោត​បាន ថ្វី​ត្បិត​នៅ​សល់​ត្រឹម​ដង្ហើម​ចុងក្រោយ​ក្ដី​។ លោក​បញ្ជាក់​ថា តាម​នីតិវិធី​ច្បាប់ ក្រុមប្រឹក្សាធម្មនុញ្ញ នឹង​កោះហៅ​តំណាង​គណបក្ស​ទៅ​បំភ្លឺ​អំឡុង​រយៈពេល​១០​ថ្ងៃ បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​តវ៉ា។

ទោះជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ឆ្លើយតប​ថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស មិនអាច​យក​មក​អនុវត្ត​បាន​ទៀត​ទេ ហើយ​រាល់​កិច្ចការ​ទាំងអស់ ត្រូវ​សម្រេច​ឡើង​ពី​រដ្ឋាភិបាល​កម្ពុជា​ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​។ លោក​បន្ត​ថា ការ​បដិសេធ​របស់ គ​.​ជ​.​ប មិន​ទទួល​ពាក្យសុំ​ចុះឈ្មោះ​ចូលរួម​ការបោះឆ្នោត​របស់​គណបក្ស​ភ្លើងទៀន ក៏​ពុំ​ធ្វើ​ឱ្យ​បាត់បង់​របប​លទ្ធិប្រជាធិបតេយ្យ​ពី​កម្ពុជា​នោះ​ដែរ។

    លោក សុខ ឥសាន៖ «ទៅ​សង្ឃឹម​បរទេស​ទៀត គេ​គិតតែ​ប្រទេស​គេ​ហ្នឹង មិន​ចង់​រួចខ្លួន​ផង ឱ្យ​ទៅ​គិត​អី​(​គណបក្ស​)​ភ្លើងទៀន​តូច​មួយ អត់​បាន​ទេ អាហ្នឹង​កុំ​សង្ឃឹម​ឡើយ​។ ហើយ​ចាំ​ពាក្យ​ខ្ញុំ​ទុក អត់​មាន​ទេ កុំ​សង្ឃឹម​រឿង​បរទេស​មក​ឈឺក្បាល​ជាមួយ​ភ្លើងទៀន ដែល​គ្មាន​ការ​ទទួលខុសត្រូវ ដាក់​ឯកសារ​មិន​គ្រប់​ឱ្យ​គេ​ហើយ ហើយ​គេច​ពី​ការ​ទទួលខុសត្រូវ ហើយ​ដាក់​កំហុស​លើ​អ្នកដទៃ អាហ្នឹង​វា​មិន​ត្រឹមត្រូវ​ទេ»។

ថ្វី​ត្បិត​មានការ​លើកឡើង​ពី​មន្ត្រី​គណបក្ស​កាន់អំណាច​បែប​នេះ ប៉ុន្តែ​បណ្ដា​ស្ថានទូត​ប្រទេស​មហាអំណាច ដូចជា​ស្ថានទូត​សហរដ្ឋអាមេរិក បារាំង និង​សហភាព​អឺរ៉ុប រួម​ទាំង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​បន្តបន្ទាប់ បង្ហាញ​ការ​សោកស្ដាយ​ជុំវិញ​ការ​មិន​ចុះបញ្ជី​ឱ្យ​គណបក្ស​ភ្លើងទៀន និង​ចាត់ទុកថា ជា​ការ​រឹតត្បិត​ការ​ប្រកួតប្រជែង​នយោបាយ​។ សហភាព​អឺរ៉ុប ជំទាស់​យ៉ាង​ដាច់អហង្ការ​ចំពោះ​សេចក្ដីសម្រេច​របស់ គ​.​ជ​.​ប និង​ចាត់ទុក​សកម្មភាព​បែប​នេះ គឺជា​ការ​ដកហូត​សិទ្ធិ​ពលរដ្ឋ​កម្ពុជា​បន្ថែម​ទៀត ក្នុង​ការ​ជ្រើសរើស​តំណាង​របស់​ខ្លួន។

ចំណែក​ស្ថានទូត​បារាំង​បញ្ជាក់​ដែរ​ថា វា​ជា​សញ្ញា​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លក្ខណៈ​ប្រជាធិបតេយ្យ​នៃ​ការបោះឆ្នោត ដោយ​ប្រទេស​នេះ អំពាវនាវ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​វិធានការ​ចាំបាច់​នានា អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើងទៀន​អាច​ចូលរួម​ប្រកួតប្រជែង​តាម​គន្លង​ប្រជាធិបតេយ្យ​ដ៏​សំខាន់​មួយ​នេះ។

អ្នកវិភាគ​នយោបាយ​បណ្ឌិត សេង សារី យល់​ឃើញ​ថា យន្តការ​របស់​អន្តរជាតិ នៅ​ពេល​នេះ អាច​មាន​ឥទ្ធិពល​តិចតួច​លើ​រដ្ឋាភិបាល​កម្ពុជា ម្យ៉ាងទៀត វា​ត្រូវការ​ពេលវេលា និង​អ្នក​ពូកែ​ខាង​ទំនាក់ទំនង​ការទូត ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​បណ្ដា​ប្រទេស​ម្ចាស់​ហត្ថលេខី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ចេញ​អន្តរាគមន៍​ជុំវិញ​រឿង​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ការបោះឆ្នោត​នេះ។

    បណ្ឌិត សេង សារី៖ «យន្តការ​អន្តរជាតិ​ជា​ជម្រើស​មួយ​នៅក្នុង​ចំណោម​ជម្រើស​ផ្សេងទៀត​របស់​គណបក្ស​ភ្លើងទៀន ដើម្បី​អាច​ចូលរួម​ប្រកួត​នៅក្នុង​ឆ្នាំ​២០២៣​នេះ​បាន​។ ក៏ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​មើលឃើញ​ថា យន្តការ​អន្តរជាតិ​នេះ មិនមែន​ជា​ជម្រើស​អត្ថិភាព សម្រាប់​គណបក្ស​ភ្លើងទៀន​ទេ ហើយ​យន្តការ​អន្តរជាតិ​បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​យន្តការ​មាន​ឥទ្ធិពល​តិចតួច​ណាស់​លើ​រដ្ឋាភិបាល​កម្ពុជា»។

កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា បាន​បញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​ត្រូវ​ប្រកាស​ថា កម្ពុជា​នឹង​អនុវត្ត​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី ដោយ​ឈរ​លើ​មូលដ្ឋាន​ពហុបក្ស ត្រូវ​កំណត់​ឱ្យ​មាន​ការបោះឆ្នោត​ដ៏​ត្រឹមត្រូវ និង​តាម​កាល​វេលា​ត្រូវ​អនុញ្ញាត​សិទ្ធិ​សម្រាប់​បោះឆ្នោត​និង​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត តាមរបៀប​បោះឆ្នោត​សកល និង​ស្មើភាព​។ រដ្ឋធម្មនុញ្ញ ក៏​ត្រូវ​អនុញ្ញាត​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សម្ងាត់ ដោយ​តម្រូវ​ឱ្យ​ទម្រង់​បែបបទ​នៃ​ការបោះឆ្នោត ត្រូវ​ផ្ដល់​ឱកាស​គ្រប់គ្រាន់ និង​សមរម្យ ដើម្បី​រៀបចំ​និង​ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត។

កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ក៏​បញ្ជាក់​ថា បណ្ដា​ហត្ថលេខី​ទាំងអស់ បាន​ប្ដេជ្ញាចិត្ត​ដ៏​ជាក់លាក់​ដើម្បី​ធានា​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា គាំទ្រ​សិទ្ធិ​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ការ​លើកស្ទួយ និង​ការពារ​សិទ្ធិ ហើយ​ចាត់វិធានការ​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​ថា នយោបាយ និង​ការប្រព្រឹត្ត​ពី​អតីតកាល ឬ​ជម្លោះ​ពី​អតីតកាល មិន​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ឡើយ៕

No comments: