Saturday, 20 May 2023

កម្មករ​រោងចក្រ និង​សហជីព​បារម្ភ​បាត់បង់​ការងារ តែ​រដ្ឋាភិបាល​មិន​ខ្វល់​ពី​ការ​បាត់បង់​EBA


ដោយ សេក បណ្ឌិត
2023.05.19
កម្មករ​រោងចក្រ និង​សហជីព​បារម្ភ​បាត់បង់​ការងារ តែ​រដ្ឋាភិបាល​មិន​ខ្វល់​ពី​ការ​បាត់បង់​EBA 

កម្មកររោងចក្រមួយ​កន្លែង​នៅ​រាជធានីភ្នំពេញ ​ចេញពីធ្វើការ កាលពីដើមឆ្នាំ២០២០។
AP


កម្មករ​រោងចក្រ និង​សហជីព​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ការងារ​ធ្វើ និង​មិន​មាន​លទ្ធភាព​រក​ចំណូល​ក្នុង​គ្រួសារ ប្រសិនបើ​សហភាព​អឺរ៉ុប​នឹង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​ទាំងស្រុង​ពី​កម្ពុជា ដោយសារតែ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​បើក​លំហ​សេរីភាព​នយោបាយ ជាពិសេស​ការ​មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀត​ចូលរួម​ការបោះឆ្នោត​នា​ពេល​ថ្មីៗ​នេះ។

ស្រប​ពេល​ដែល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា កំពុង​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​សកល និង​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA របស់​សហភាព​អឺរ៉ុប ២០​ភាគរយ​កន្លង​មក​នោះ ពេល​នេះ កម្មករ​រោងចក្រ កាន់តែ​ព្រួយបារម្ភ​បន្ថែម​ទៀត​ពី​ការបាត់បង់​ការងារ និង​មិន​មាន​លទ្ធភាព​រក​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ ប្រសិនបើ​សហភាព​អឺរ៉ុប​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​ទាំងស្រុង ដោយសារតែ​រដ្ឋាភិបាល មិន​ព្រម​ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ ជាពិសេស​ការបិទផ្លូវ​មិន​ឲ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ការបោះឆ្នោត ចំណែក​សហជីព​លើកឡើង​ដែរ​ថា​ការបាត់បង់ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​នេះ​នឹង​ធ្វើ​ឱ្យ​រោងចក្រ​មួយចំនួន​បិទទ្វារ​បន្ថែម​ទៀត ហើយ​កម្មករ​ត្រូវ​បាន​គេ​រំលោភ​សិទ្ធិ​ការងារ។



ប្រធាន​សហជីព​ស្មារតី​កម្មករ លោក គឹម សុភេន បាន​លើកឡើង​ថា បន្ទាប់​ពី​សហភាព​អឺរ៉ុប​ដក​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ត្រឹមតែ ២០​ភាគរយ​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ជីវភាព​របស់​កម្មករ​បាន​ជួប​ការ​លំបាក​ពុំ​មាន​ការងារ​ធ្វើ​ទៀងទាត់ រោងចក្រ​ដោយសារ​បិទទ្វារ និង​ព្យួរការងារ​កម្មករ ហើយ​មាន​កម្មករ​ជាច្រើន​បានសម្រេច​លក់​ដី​របស់​ពួកគេ​ក្នុង​ស្ថានភាព​លំបាក​នេះ។

    លោក គឹម សុភេន៖ «ខ្ញុំ​ជឿជាក់​ថា ច្បាស់​ណាស់ វា​ពិតជា​ប៉ះពាល់​ហើយ​ក្នុង​វិស័យ​កាត់ដេរ​គឺ​ស្ទើរតែ​ទាំងអស់ គឺ​ត្រូវការ​ការ​អនុគ្រោះ​ពន្ធ ហើយ​យើង​ឃើញ​ថា កន្លងមក​មានការ​កាត់​តែ​២០​ភាគរយ​ពិបាក ហើយ​រោងចក្រ​មួយចំនួន​ប៉ះពាល់​ហើយ ចុះ​ប្រសិនបើ​បន្តបន្ទាប់​ទៀត​រយៈពេល​ទៅ​មុខ​នេះ ប្រសិនបើ​សហគមន៍​អឺរ៉ុប​អាច​នឹង​ផ្ដាច់​បន្ថែម​ទៀត ជឿជាក់​ហើយ​ថា វា​ប៉ះពាល់»។

លោក គឹម សុភេន បន្ត​ថា ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​មក កម្មករ​មិន​ទទួល​បាន​ការ​តម្កើង​ប្រាក់ខែ​សមរម្យ​តាម​តម្លៃ​នៅ​ទីផ្សារ​នោះ​ទេ។ លោក​បញ្ជាក់​ថា នៅ​ពេល​ប្រជុំ​សម្រេច​តម្កើង​ប្រាក់​ខែ​ម្ដងៗ​ថៅកែ​រោងចក្រ​ព្យាយាម​រកហេតុ​ផល​ផ្សេងៗ ជាពិសេស​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឬ​មិន​មាន​អ្នក​បញ្ជា​ទិញ​ជាដើម។

កម្មការិនី​រោងចក្រ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ អ្នកស្រី អ៊ុក សារ៉េត បាន​ឱ្យ​ដឹង​ថា នៅ​ពេល​ស្ថានភាព​នយោបាយ​មិន​ល្អ អ្នកស្រី​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ថា ប្រសិនបើ​មានការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត គ្រួសារ​អ្នកស្រី និង​កម្មករ​ផ្សេងទៀត នឹង​កាន់តែ​លំបាក​គ្មាន​លទ្ធភាព​ចំណូល​ចិញ្ចឹម​គ្រួសារ និង​មិនដឹង​កន្លែង​ណា​អាច​ស្វែងរក​ការងារ​ក្រៅពី​រោងចក្រ​នោះ​ទេ។

    អ្នកស្រី អ៊ុក សារ៉េត៖ «មាន​គិត​ម៉េច ពិបាក​រក​ការងារ​ថ្មី​ធ្វើ បើ​រោងចក្រ​គាត់​ទៅ យើង​ទៅ​រក​កន្លែង​ផ្សេង​ក៏​អត់​ទៀត​ដែរ ព្រោះ​រោងចក្រ​បិទ​ហើយ​ហ្នឹង តែ​បិទ​កន្លែង​មួយ កន្លែង​ផ្សេង​ក៏​បិទ​ដែរ អ៊ីចឹង​ធ្វើ​ឱ្យ​ពួក​ខ្ញុំ​ពិបាក​រក​ការងារ​ថ្មី​ធ្វើ បើ​គេ​នៅ​បន្ត​អនុគ្រោះ​ពន្ធ​កម្មករ​ក៏​ស្រួល​តាម​ហ្នឹង​អ៊ីចឹង​ទៅ និយាយ​ទៅ​បារម្ភ​ខ្លាំង​ចំពោះ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ»។

ក្ដី​ព្រួយបារម្ភ​របស់​សហជីព និង​កម្មករ​បែបនេះ គឺ​បន្ទាប់ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​ប្រើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប ជា​ឧបករណ៍ រារាំង​មិន​ឲ្យ​គណបក្ស​ភ្លើងទៀន​ដែល​មាន​ឥទ្ធិពល​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់អំណាច​នោះ ចូលរួម​ការ​បោះឆ្នោត​ជាតិ​នៅ​ខែកក្កដា​ខាងមុខ​នេះ​ឡើយ ។ ទង្វើ​របស់​រដ្ឋាភិបាល​នេះ គឺ​ផ្គើន​ទៅ​នឹង​ការ​សម្រេច​របស់​សភា​សហភាព​អឺរ៉ុប ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ដោះលែង លោក កឹម សុខា និង អ្នក​ទោស​នយោបាយ​ផ្សេងទៀត ហើយ​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​មាន​យុត្តិធម៌​ដោយមាន​គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​គណបក្ស​ភ្លើងទៀន ចូលរួម​ផង និង​បើក​លំហ​សេរីភាព​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ មាន​វីអូឌី (VOD)។ សភា​សហភាព​អឺរ៉ុប​បាន​ព្រមាន​រួច​ហើយ​ថា ប្រសិនបើ​ការបោះឆ្នោត​លើក​នេះ​មានការ​រំខាន​យាយី​ដល់​គណបក្ស​ភ្លើងទៀន​នោះ នឹង​ពិនិត្យ​លទ្ធភាព​ដកហូត​EBA ១០០​ភាគរយ​ពី​កម្ពុជា​តែម្តង។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី​១៨ ឧសភា។

ទោះជា​យ៉ាងណា កន្លង​ទៅ លោក ហ៊ុន សែន នៅតែ​លើកឡើង​ថា លោក​មិន​ឱន​លំទោន ដើម្បី​បាន​ជំនួយ ឬ​ការ​អនុគ្រោះ​ណាមួយ​នោះ​ឡើយ។

    លោក ហ៊ុន សែន៖ «ផល​ប៉ះពាល់ វា​មិនមែន​គ្រាន់តែ​កម្ពុជា​ទេ អ្នកឯង​ក៏​មាន​ផល​ប៉ះពាល់​ដែរ ប្រជាជន​នៅ​អឺរ៉ុប ត្រូវ​បងថ្លៃ​ច្រើនជាង​នៅពេល​ដែល​មាន​ការ​បង់​ពន្ធ​ដូចជា​អង្ករ​អ៊ីចឹង គឺ​ប្រជាជន​អឺរ៉ុប​ដែល​ស៊ី​អង្ករ ក៏​ត្រូវ​ស៊ី​អង្ករ​ថ្លៃ​ជាង​ដែរ។ សមិទ្ធផល​ដែល​អ្នក​តែង​ជួយ​ខ្ញុំ ក៏​ត្រូវ​និរាករណ៍​ចោល​ដែរ ទឹកមាត់​អ្នក​ឯង​ជាមួយ​ខ្ញុំ ក៏​នឹង​កាត់​បន្ថយ​ដែរ មាន​ន័យថា បាន​រួម​ចំណែក​សម្លាប់​អា​ពួក​ប្រឆាំង​ផ្កាប់មុខ​ហ្មង»។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ លើកឡើង​ថា លោក​មិន​ទាន់​អាច​ប្រាប់​ដឹង​ពី​ទំហំ​នៃ​ផល​ប៉ះពាល់​នៅ​ពេល​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទាំងស្រុង​នៅឡើយ​ទេ ប៉ុន្តែ​លោក​យល់​ថា រោងចក្រ​មួយចំនួន​នឹង​បិទ​ទ្វារ​បន្ថែម​ទៀត ហើយ​ការគោរព​សិទ្ធិ​ការងារ​នឹង​កាន់តែ​ធ្លាក់ចុះ។

    លោក អាត់ ធន់៖ «ពេល​បច្ចុប្បន្ន​នឹង​មិន​ដឹង​ថា កម្ពុជា​បាន​ត្រៀមខ្លួន ក្រុមហ៊ុន​ដែល​នាំចេញ​បាន​ត្រៀមខ្លួន​សម្រាប់​បង់​ពន្ធ ឬក៏​ប្រកួតប្រជែង​នៅ​ប្រទេស​ផ្សេងទៀត​ប្រហាក់ប្រហែល​យើង​នៅក្នុង​ការនាំចេញ​អីវ៉ាន់​ពី​កម្ពុជា​បាន​ប៉ុណ្ណា​នោះ​ទេ យើង​អត់​ទាន់​ដឹង ព្រោះ​រឿង​ហ្នឹង​យើង​អត់​ទាន់​កើត។ ជា​រួម​យើង​គិត​ថា ប៉ះពាល់​ហើយ ដូចជា​មានការ​ធ្លាក់ចុះ​នៃ​ការ​នាំចេញ អាច​ថា​ថៅកែ​មួយចំនួន​មិន​នៅ​បន្ត ឬ​ថៅកែ​មួយ​ចំនួន​ទៀត​នៅ​បន្ត​តែ​មិនដឹង​នៅ​កម្រិត​ណា ហើយ​ស្ថានភាព​ការងារ ឬ​លក្ខខណ្ឌ​ការងារ​អាច​នឹង​ប្រឈម»។

នៅ​ដើមឆ្នាំ​២០២៣​នេះ មាន​រោងចក្រ​ចំនួន​១០ បាន​បិទទ្វារ ខណៈ​រោងចក្រ​ចំនួន​៧១ ព្យួរ​កិច្ចសន្យា​ការងារ និង​រោងចក្រ​៦០​ផ្សេងទៀត​បាន​កាត់បន្ថយ​បុគ្គលិក ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​កម្មករ​ជាង ៣​ម៉ឺន ២​ពាន់​នាក់​(៣២.០០០) និង​ច្រើន​នាក់​ទៀត​បាន​បាត់បង់​ការងារ​ធ្វើ​ទាំងស្រុង​តែម្ដង៕

No comments: