ដោយ នៅ វណ្ណារិន
2023.05.10
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ
រូប៖ RFA
មេដឹកនាំគណបក្សប្រឆាំងបន្តអំពាវនាវសហគមន៍អន្តរជាតិ កុំទទួលស្គាល់លទ្ធផលបោះឆ្នោតនៅក្នុងខែកក្កដាខាងមុខនេះ ព្រោះវាជាការបោះឆ្នោតក្លែងបន្លំ ដើម្បីរក្សាអំណាចផ្ដាច់ការឱ្យលោក ហ៊ុន សែន។ ការអំពាវនាវនេះធ្វើឡើង ស្របពេលបណ្ដាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យធំៗ បានប្រកាសជំហរមិនបញ្ជូនអ្នកសង្កេតការណ៍មកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាឡើយ។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានសរសេរបង្ហោះតាមហ្វេសប៊ុក នៅថ្ងៃទី៩ ឧសភា ជំរុញសហគមន៍អន្តរជាតិ មិនត្រូវទទួលស្គាល់ការបោះឆ្នោតដ៏អាក្រក់បំផុតនៅកម្ពុជាខាងមុខនេះទេ ហើយក៏មិនត្រូវទទួលស្គាល់រដ្ឋាភិបាលថ្មី ដែលកើតចេញមកពីការបោះឆ្នោតក្លែងក្លាយនោះដែរ។
លោកបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ក្នុងខែកក្កដាខាងមុខនេះ នឹងមានការក្លែងបន្លំដូចរាល់ដង ព្រោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅតែស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងពីខាងគណបក្សប្រជាជនកម្ពុជា ដើម្បីធានាពីជ័យជំនះដោយគ្មានហានិភ័យសម្រាប់លោក ហ៊ុន សែន។
លោក សម រង្ស៊ី បានបង្ហោះអត្ថបទរបស់លោក ដែលចុះផ្សាយនៅសារព័ត៌មានដ៏ល្បីរបស់ជប៉ុន អេសៀ នីកេ (Asia Nikkei) ថា ការបោះឆ្នោតក្នុងខែកក្កដាខាងមុន នឹងអាចធ្វើឱ្យបាត់បង់អំណាចផ្ដាច់ការរបស់លោក ហ៊ុន សែន ដែលបានគ្រប់គ្រងកម្ពុជាអស់រយៈពេល ៣៨ឆ្នាំមកនេះ ប្រសិនបើការបោះឆ្នោតនោះ ធ្វើឡើងដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតាមប្រជាធិបតេយ្យពិតប្រាកដ ដោយគ្មានការក្លែងបន្លំជាប្រព័ន្ធ ដើម្បីលាក់បាំង ឬបំភ្លៃឆន្ទៈសាធារណៈ។
ប៉ុន្តែលោកបន្តថា ចាប់តាំងពីឆ្នាំ១៩៧៥ កម្ពុជាបានរៀបចំការបោះឆ្នោតពិតប្រាកដដោយសេរី និងត្រឹមត្រូវតែម្ដងគត់ នៅក្នុងឆ្នាំ១៩៩៣ ដែលកាលណោះ រៀបចំឡើងដោយអង្គការសហប្រជាជាតិ និងបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ចាញ់ការបោះឆ្នោតយ៉ាងអាម៉ាស់។ លោកបន្ថែមថា លោក ហ៊ុន សែន បានធ្វើរដ្ឋប្រហារបង្ហូរឈាមដណ្ដើមអំណាចនៅឆ្នាំ១៩៩៧ និងបានបង្កើត គ.ជ.ប ថ្មី នៅឆ្នាំ១៩៩៨ ក្នុងការរៀបចំការបោះឆ្នោតបែបក្លែងក្លាយជាបន្តបន្ទាប់ជួយឱ្យលោក ហ៊ុន សែន បន្តកាន់អំណាចមកដល់សព្វថ្ងៃនេះ។
លោក សម រង្ស៊ី បន្ថែមថា ស្ថាប័ន គ.ជ.ប បានប្រើល្បិចជួយក្លែងបន្លំបញ្ជីឈ្មោះបោះឆ្នោត ដើម្បីដកហូតសិទ្ធិបោះឆ្នោតពីពលរដ្ឋ ដែលសង្ស័យថាមិនមែនជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយធ្វើជាឈ្មោះខ្មោច ដើម្បីបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។ ជាក់ស្ដែង ភាពមិនប្រក្រតីនេះ ត្រូវបានរកឃើញនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ ដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលអ្នកមានឈ្មោះបោះឆ្នោតពិតប្រាក ១១% ត្រូវបានដកចេញពីបញ្ជីបោះឆ្នោតដោយខុសច្បាប់ ដែលលោក សម រង្ស៊ី អះអាងថា ប្រសិនបើគ្មានការដកឈ្មោះអ្នកបោះឆ្នោតពិតប្រាកដ នោះគណបក្សសង្គ្រោះជាតិ នឹងទទួលបានជ័យជំនះ។
មេដឹកនាំបក្សប្រឆាំងលើកឡើងទៀតថា បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោតគាំទ្រ៤៤% នៅក្នុងការបោះឆ្នោតឃុំសង្កាត់ លោក ហ៊ុន សែន បានឆ្លើយតបដោយចាប់ខ្លួនលោក កឹម សុខា និងបញ្ជាឱ្យតុលាការរំលាយគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៧ ហើយរៀបចំការបោះឆ្នោតប្រមូលយកអាសនៈទាំងអស់ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅក្នុងឆ្នាំ២០១៨។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ចាត់ទុកការអំពាវនាវរបស់លោក សម រង្ស៊ី ទៅកាន់សហគមន៍អន្តរជាតិ ថាជាចេតនាចង់បំពុលបរិយាកាសធ្វើឱ្យរាំងស្ទះដំណើរការបោះឆ្នោត។ លោកបន្តថា ការបោះឆ្នោតត្រឹមត្រូវឬមិនត្រឹមត្រូវ គឺអាស្រ័យលើចំនួនពលរដ្ឋចេញទៅបោះឆ្នោត មិនមែនទាល់តែមានអ្នកសង្កេតការណ៍អន្តរជាតិនោះទេ។
លោក ហង្ស ពុទ្ធា៖ «បងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស យ៉ាងហោចណាស់ ក៏ ៨០% ដែរ បានចេញទៅបោះឆ្នោត ហើយដ៏ច្រើនលើសលប់ នោះគឺជាអ្វី ដែលមតិអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋខ្មែរ វាយតម្លៃថា ភាសាដែល សម រង្ស៊ី លើកឡើង គឺជាភាសាអត់ប្រយោជន៍ និងអត់បានការ»។
អ្នកនាំពាក្យរូបនេះបន្តថា គ.ជ.ប បានដាក់សំណើទៅតាមស្ថានទូតនានា ដើម្បីស្នើសុំបញ្ជូនអ្នកសង្កេតការណ៍មកឃ្លាំមើលបោះឆ្នោតនៅកម្ពុជា ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបពីប្រទេសណាមួយឡើយ។ ប៉ុន្តែស្ថានទូតអូស្ត្រាលី និងរដ្ឋាភិបាលជប៉ុន បានបញ្ជាក់ជំហរច្បាស់ថា មិនបញ្ជូនអ្នកសង្កេតការណ៍មកឃ្លាំមើលការបោះឆ្នោតនៅខែកក្កដាខាងមុខនេះឡើយ។
វិទ្យុអាស៊ីសេរីមិនអាចសុំការលើកឡើងពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេ។ ចំណែកអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ថ្លែងថា ការលើកឡើងរបស់លោក សម រង្ស៊ី ជាយោបល់ផ្ទាល់ខ្លួន និងមិនពាក់ព័ន្ធនឹងគណបក្សភ្លើងទៀនឡើយ។ លោកបន្តថា គណបក្សភ្លើងទៀន មិនទាន់សម្រេចចិត្តទាំងស្រុងចូលរួមការបោះឆ្នោត ដោយសារត្រូវរង់ចាំមើលស្ថានភាពនយោបាយបន្តទៀតសិន។
លោក សុខ ឥសាន៖ «គណបក្សភ្លើងទៀន យើងនៅតែរៀបចំខ្លួន ធ្វើសកម្មភាពពង្រឹងរចនាសម្ព័ន្ធ បញ្ជូនសារនយោបាយទៅដល់អ្នកបោះឆ្នោត ដើម្បីកៀរគរធ្វើយ៉ាងម៉េចនាការបោះឆ្នោតខាងមុខ ឱ្យគាត់ផ្ដល់ការទុកចិត្តជូនគណបក្សភ្លើងទៀន ដើម្បីយើងអាចក្លាយជាគណបក្សដ៏សំខាន់ ដឹកនាំប្រទេស»។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វែ្រល លោក កន សាវាង្ស លើកឡើងថា គ្មានអ្នកណាអាចបង្ខំសហគមន៍អន្តរជាតិ កុំឱ្យបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកកម្ពុជា ក្រៅពីស្ថានទូតនៃបណ្ដាប្រទេសទាំងនោះ។
លោក កន សាវាង្ស៖ «នៅក្នុងដំណើរការនៃការចូលរួម គេមិនមែនចេះតែបញ្ជូនអ្នកសង្កេតការណ៍របស់គេមកទេ គេមានកិច្ចការងារទូតគេនៅក្នុងប្រទេសដែរ គេនឹងធ្វើកិច្ចការងារហ្នឹង ថាតើគេគួរបញ្ជូន ឬមិនបញ្ជូន។ អ៊ីចឹង! វាជារឿងការសម្រេចរបស់សាមីស្ថាប័ននៃសហគមន៍អន្តរជាតិទាំងនោះទេ»។
ទោះជាយ៉ាងណាក៏ដោយ លោក សម រង្ស៊ី ថ្លែងថា ការបោះឆ្នោតនៅថ្ងៃទី២៣ កក្កដាខាងមុខនេះ នឹងធ្វើឡើងតាមបន្ទាត់ដដែល ព្រោះគណបក្សភ្លើងទៀន ដែលទទួលបានសំឡេងឆ្នោត ២២% នៅក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០២២ បានជួបឧបសគ្គក្នុងចុះបញ្ជីបោះឆ្នោត និងបានប្រឈមការយាយីយ៉ាងធ្ងន់ធ្ងរ។ លោកបញ្ជាក់ថា អ្នកសង្កេតការណ៍អន្តរជាតិ ដែលមានបំណងចង់មកតាមដានការបោះឆ្នោតខាងមុននេះ នឹងមិនអាចជួយអ្វីបានទេ ក្រៅពីការផ្ដល់ភាពស្របច្បាប់ដល់ការបោះឆ្នោតដែលបំភ្លៃឆន្ទៈដ៏ពេញនិយមបំផុតនិងអាក្រក់បំផុតរបស់លោក ហ៊ុន សែន៕
No comments:
Post a Comment