Wednesday, 24 May 2023

លោក ហ៊ុន សែន ព្រមាន​អង្គទូត​លោក​សេរី​ឱ្យ​ឈប់​បញ្ចេញ​ប្រតិកម្ម​ជុំវិញ​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា


ដោយ ទីន ហ្សាការីយ៉ា
2023.05.23
លោក ហ៊ុន សែន ព្រមាន​អង្គទូត​លោក​សេរី​ឱ្យ​ឈប់​បញ្ចេញ​ប្រតិកម្ម​ជុំវិញ​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា 

ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​អគារ​នៅ​មន្ទីរពេទ្យ កាល់ម៉ែត្រ នា​ថ្ងៃ​ទី២៣ ខែឧសភា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឈរនៅខាងស្ដាំ) ចង្អុលទៅក្រុមតំណាងទូតបរទេសនានា មានជាអាទិ៍ ទូតបារាំង និង​ជប៉ុន (អង្គុយនៅខាងឆ្វេង) ខណៈលោកព្រមានតំណាងទូតទាំងនោះ កុំឱ្យ​ទាក់ទង​អ្នក​នយោបាយ ដែល​ជាប់​ចោទ។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


 

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​អង្គទូត​ប្រទេស​សេរី ឱ្យ​ឈប់​បញ្ចេញ​ប្រតិកម្ម​ជុំវិញ​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បើ​ពុំ​ដូច្នេះ​ទេ លោក​នឹង​មិន​លើកលែង​ទោស​ឱ្យ​អ្នក​ណា​ម្នាក់​ឡើយ ហើយ​បណ្ដា​ប្រទេស​នោះ នឹង​ជួប​ការ​ពិបាក​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​អាស៊ាន។ ប៉ុន្តែ​អ្នកវិភាគ​ថា ការ​ព្រមាន​នេះ ដោយសារ​លោក ហ៊ុន សែន មិន​យល់​ពី​កិច្ចការ​របស់​អ្នកការទូត និង​ពី​លទ្ធិ​ប្រជាធិបតេយ្យ។

ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ជាប់​គ្នា លោក ហ៊ុន សែន បាន​វាយ​ប្រហារ​បណ្ដា​អង្គទូត​ប្រទេស​ប្រជាធិបតេយ្យ ដើម្បី​ឱ្យ​ពួក​គេ​បញ្ឈប់​ការ​បញ្ចេញ​ប្រតិកម្ម​ជុំវិញ​បញ្ហា​នយោបាយ​នៅ​កម្ពុជា​ទៀត ប៉ុន្តែ​អ្នក​វិភាគ​មើល​ឃើញ​ថា ទោះ​ជា​លោក ហ៊ុន សែន ប្រើ​សារ​គំរាម​ធ្ងន់ធ្ងរ​យ៉ាង​ណា​ក៏​ដោយ ក៏​អង្គទូត​ទាំង​នោះ នៅតែ​ប្រកាន់​ចរិត​ការទូត​បែប​ទន់ភ្លន់​របស់​ខ្លួន ដើម្បី​ជួយ​សម្របសម្រួល​ឱ្យ​មាន​ការ​ផ្សះផ្សា​ជាតិ ដោះស្រាយ​វិបត្តិ​នយោបាយ​ជាប់​គាំង​នៅ​កម្ពុជា។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ប្រាប់​អាស៊ី​សេរី​នៅថ្ងៃទី២៣ឧសភា ដោយ​បាន​ចាត់​ទុក​ការ​ព្រមាន​របស់​លោក ហ៊ុន សែន ទៅ​បណ្ដា​អង្គទូត​ប្រទេស​លោក​សេរី​ថា ដោយសារ​លោក ហ៊ុន សែន មិន​បាន​យល់​ពី​របប​ប្រជាធិបតេយ្យ និង​នយោបាយ​ការទូត។ លោក​បន្ត​ថា នៅ​ក្នុង​របប​លទ្ធិ​ប្រជាធិបតេយ្យ អ្នក​ការ​ទូត​មិនមែន​ជួប​តែ​ភាគី​លោក ហ៊ុន សែន ម្ខាង​ឡើយ ហើយ​ក្នុង​នយោបាយ​ការទូត គឺ​អ្នកការទូត ត្រូវតែ​ប្រកាន់​យក​ភាព​ទន់ភ្លន់ រាក់ទាក់ និង​អត់ធ្មត់ ដើម្បី​ជួប​គូ​ជម្លោះ​គ្រប់​ភាគី ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​បញ្ឈប់​ជម្លោះ ទោះជា​ត្រូវ​ប្រឈម​បញ្ហា​ធំ​ប៉ុណ្ណា ឬ​ប្រឈម​នឹង​សង្គ្រាម​ក្ដី។ លោក គឹម សុខ បន្ថែមថា ភាគី​ជម្លោះ​នយោបាយ​នៅ​កម្ពុជា គឺ​មាន​លោក ហ៊ុន សែន លោក កឹម សុខា និង​លោក សម រង្ស៊ី ដូច្នេះ អង្គទូត​ប្រទេស​ប្រជាធិបតេយ្យ​ទាំង​នោះ ត្រូវតែ​ទៅ​ជួប​គ្រប់​ភាគី ដើម្បី​រក​គន្លឹះ​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា។



ការលើកឡើងពីអ្នកវិភាគនយោបាយរូបនេះធ្វើឡើង បន្ទាប់ពីលោក ហ៊ុន សែន បន្តប្រតិកម្មទៅបណ្ដាទូតលោកសេរី ដែលបានទៅជួបសួរសុខទុក្ខលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិកន្លងទៅ និងចង់ឱ្យមានការដោះលែងមេបក្សប្រឆាំងនេះឱ្យបានសេរីភាពឡើងវិញ។ ប៉ុន្តែលោក ហ៊ុន សែន ចាត់ទុកទង្វើនោះ ថា ជាការធ្វើនយោបាយការបរទេសបែបព្រហើន ចាប់ដៃជាន់ជើង ប្រមាថលោកដូចក្មេងបៀមដៃ និងជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ លោក ហ៊ុន សែន អះអាងជាថ្មីថា ដោយសារនយោបាយធ្វើឱ្យលោកមិនទុកចិត្តនេះ បានជាលោកមិនព្រមស្នើសុំទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោសឱ្យលោក កឹម សុខា។

នៅក្នុងពិធីសម្ពោធជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែតនៅថ្ងៃទី២៣ឧសភា លោក ហ៊ុន សែន ក៏បានព្រមានអង្គទូតលោកសេរី ឱ្យរក្សាភាពស្ងៀមស្ងាត់ដោយមិនត្រូវបញ្ចេញប្រតិកម្ម ជុំវិញរឿងបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ចាប់ពីពេលនេះរហូតដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនៅកក្កដាខាងមុខនេះ។ លោកបញ្ជាក់ថា ការគាប់សង្កត់លើកម្ពុជា គឺស្មើនឹងការគាប់សង្កត់លើអាស៊ាន ហើយលោកនឹងប្រើប្រាស់សមាជិកភាពរបស់កម្ពុជានៅអាស៊ាន ធ្វើជាឧបសគ្គរាំស្ទះក្នុងកិច្ចការទំនាក់ទំនងរវាងអាស៊ាននិងក្រុមប្រទេសសេរីទាំងនោះ មិនឱ្យចេញសេចក្ដីថ្លែងការណ៍ណាមួយរួមគ្នាបានឡើយ។ លោកក៏ព្រមានថា បើអង្គទូតទាំងនោះនៅតែស្នើឱ្យមានការដោះលែងអ្នកជាប់ឃុំណាម្នាក់ គឺអ្នកនោះ នឹងមិនត្រូវបានស្នើឱ្យលើកលែងទោសនោះទេ។

លោក ហ៊ុន សែន បានចោទក្រុមប្រទេសលោកសេរីដែរថា នៅកៀកការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដក្នុងខែកក្កដាខាងមុនេះ ពួកគេបាននាំគ្នារិះគន់លោកពីគ្រប់ទិសទី ដែលលោកហាក់ចង់សំដៅ ទៅលើការរិះគន់ទាំងបញ្ហាលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងបញ្ហានៅមូលដ្ឋានទ័ពជើងទឹករាមជាដើម។ លោក ហ៊ុន សែន ថា លោកមិនអាចអត់ទ្រាន់នឹងការរិះគន់ទាំងនោះទៀតទេ ព្រោះវាជាការរំខាន់មួយសម្រាប់លោក។

ប្រតិកម្មរបស់លោក ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីបណ្ដាទូតមួយចំនួន នាំគ្នារិះគន់ជាថ្មី ជុំវិញការអនុញ្ញាតឱ្យគណបក្សភ្លើង​ទៀន​ចុះ​ឈ្មោះ​ចូល​រួមការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដកាលពីពេលថ្មីៗនេះ។ សហភាពអឺរ៉ុប ស្ថានទូត​បារាំង និង​អូស្រ្ដាលី​ជា​ដើម បាន​បញ្ចេញ​ប្រតិកម្ម​សោកស្ដាយ​ចំពោះ​ការ​រារាំង​គណបក្ស​ភ្លើង​ទៀន​នេះ និង​សម្ដែង​ក្ដី​ព្រួយបារម្ភ​ថា វា​ធ្វើ​ឱ្យ​ប៉ះពាល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ បណ្ដា​ស្ថានទូត​ទាំង​នោះ បន្ត​អំពាវនាវ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី តម្លាភាព និង​ពហុបក្ស ស្រប​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ជុំវិញ​ការ​ការ​ចោទ​ប្រកាន់​ពី​លោក ហ៊ុន សែន ថា អង្គទូត​ប្រទេស​លោក​សេរី បាន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះ ត្រូវ​បាន​លោក គឹម សុខ លើក​ឡើង​ថា បណ្ដា​អង្គទូត​ប្រទេស​សេរី​ទាំង គ្រាន់តែ​បំពេញ​ករណីយកិច្ច​ស្រប​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ជួយ​តាមដាន និង​ឃ្លាំមើល​ការ​វិវឌ្ឍ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ស្រប​ពេល​ស្ថានភាព​នយោបាយ​របស់​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​ធ្លាក់​ដុនដាប​ជា​បន្ត​បន្ទាប់។

លោក គឹម សុខ បន្ត​ថា ការ​ព្រមាន​របស់​លោក ហ៊ុន សែន ប្រើប្រាស់​សមាជិក​របស់​ខ្លួន​ក្នុង​អាស៊ាន ដើម្បី​ឱ្យ​រាំងស្ទះ​ទំនាក់ទំនង​រវាង​អាស៊ាន​ជាមួយ​បណ្ដា​ប្រទេស​លោក​ខាង​លិច ជា​ការ​ធ្វើ​នយោបាយ​ការទូត​បែប​ល្ងង់ខ្លៅ​បំផុត​មួយ។ ប៉ុន្តែ លោក​យល់​ថា កម្ពុជា​គ្រាន់តែ​ជា​សមាជិក​ជំនាន់​ក្រោយ​មិន​មាន​ឥទ្ធិពល ដូច​បណ្ដា​សមាជិក​មាន​ឥទ្ធិពល​អាស៊ាន​ផ្សេង​ទៀត ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និង​ថៃ ដែល​ជា​ស្ថាបនិក និង​សមាជិក​សំខាន់​របស់​អាស៊ាន​ឡើយ ហើយ​បណ្ដា​ប្រទេស​នេះ សុទ្ធតែ​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក និង​ក្រុម​ប្រទេស​លោក​ខាង​លិច ទាំង​ភូមិសាស្ត្រ និង​សេដ្ឋកិច្ច។

ផ្ទុយ​ទៅ​វិញ​លោក គឹម សុខ ចាត់​ទុក​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​រដ្ឋាភិបាល​មិន​ខុស​ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​របប​យោធា​នៅ​មីយ៉ាន់ម៉ា ដែល​សហគមន៍​អន្តរជាតិ កំពុងតែ​ពិចារណា ដាក់​សម្ពាធ​បន្ថែម ដើម្បី​ផ្លាស់ប្ដូរ​របប​ផ្ដាច់ការ​នៅ​ក្នុង​តំបន់​អាស៊ាន។ លោក​បន្ត​ថា លោក ហ៊ុន សែន ទៅ​វិញ​ទេ ដែល​មិន​គួរ​ព្រហើន និង​ត្រូវ​ចេះ​សម្របសម្រួល​ផ្ទៃ​ក្នុង​ជាតិ ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ ទើប​ទទួល​បាន​ការ​សាទរ​ពី​អន្តរជាតិ បើ​មិន​ដូច្នេះ​ទេ អន្តរជាតិ​នឹង​អាច​ចាត់​វិធានការ​ជាក់ស្ដែង ដោយ​មិន​ចាំបាច់​ព្រមាន​ជា​មុន ព្រោះ​កម្ពុជា មិនមែន​ជា​ប្រទេស​មាន​ឥទ្ធិពល​ខាង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​មាន​ភាព​ស៊ីវិល័យ​ខាង​នយោបាយ ដូច​បណ្ដា​ប្រទេស​ធំៗ ដែល​សហគមន៍​អន្តរជាតិ ត្រូវ​ស្ទាក់ស្ទើរ​ចាត់​វិធានការ​ឡើយ។

ចំណែក​អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា អ្នកស្រី ស្តេហ្វានី អាហ្សាត (Stephanie Arzate) ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក នៅ​ថ្ងៃ​ទី២២ ឧសភា​ថា ការ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ជា​ចំណុច​ស្នូល​នៃ​គោល​នយោបាយ​ការ​បរទេស​របស់​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា និង​ជុំវិញ​ពិភពលោក ហើយ​សហរដ្ឋ​អាមេរិក​មិន​គាំទ្រ​បុគ្គល ស្ថាប័ន ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ៕

1 comment:

Anonymous said...

Samdach PORNG Hun Sen wanted to show off his faithfulness to China by attacking the West.