Wednesday, 24 May 2023

មន្ត្រី​សង្គម​ស៊ីវិល​ថា សមត្ថកិច្ច​រំលោភសិទ្ធិ​លោក ថេង សាវឿន និង​សហការី​ធ្ងន់ធ្ងរ


ដោយ សុជីវី
2023.05.22
មន្ត្រី​សង្គម​ស៊ីវិល​ថា សមត្ថកិច្ច​រំលោភសិទ្ធិ​លោក ថេង សាវឿន និង​សហការី​ធ្ងន់ធ្ងរ 

ពលរដ្ឋនិងម្ដាយលោក ថេង សាវឿន ចូលរួមតវ៉ា​លើកបដានៅជាប់របងក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ឧសភា​ ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ



មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ការ​បន្ត​ឃាត់ខ្លួន​លោក ថេង សាវឿន និង​សហការី​របស់​លោក​ទាំង​ពីរ​នាក់ ដោយ​មិន​មាន​ការ​ចោទប្រកាន់​ពី​តុលាការ ឬក៏​ដោះលែង​ឱ្យ​មាន​សេរីភាព គឺជា​ការរំលោភ​ធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​ជន​ត្រូវ​បាន​ឃាត់ខ្លួន​។ ក្រុម​គ្រួសារ​ទាមទារ​ឱ្យ​សមត្ថកិច្ច​ខេត្តរតនគិរី អនុញ្ញាត​ឱ្យ​ពួកគេ​បាន​ជួប​សាច់ញាតិ ដើម្បី​បានដឹង​សុខទុក្ខ។ ដោយឡែក ក្រុម​ប្រជាកសិករ​ជាង​២០០​នាក់ នៅតែ​បន្ត​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក ថេង សាវឿន និង​សហការី​របស់​លោក​ឱ្យ​មាន​សេរីភាព​មកវិញ​ដោយ​ឥត​លក្ខខណ្ឌ។

សមត្ថកិច្ច​បាន​បន្ត​ឃុំខ្លួន និង​សួរចម្លើយ​លោក ថេង សាវឿន និង​សហការី​ពីរ​នាក់​របស់​លោក អស់​រយៈពេល​បួន​ថ្ងៃ​មក​ហើយ នៅ​ត្រឹម​ដោយ​មិន​បញ្ជូន​ពួកគាត់​ទាំង​បី​នាក់ ទៅ​សួរ​ចម្លើយ​នៅ​តុលាការ​ខេត្ត​រតនគិរី​នោះ​ឡើយ។ សមត្ថកិច្ច​ក៏​មិន​អនុញ្ញាត​ឱ្យ​មេធាវី និង​សាច់ញាតិ បាន​ចូល​ជួប​ពួកគាត់​ទាំង​បី​នាក់​នោះ​នៅ​ឡើយ​ដែរ។



មន្ត្រី​ផ្នែក​ច្បាប់ នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក វន ចាន់ឡូត លើកឡើង​ថា បើ​ទោះ​បី​ជា​លោក ថេង សាវឿន និង​សហការី​របស់​លោក​ទាំង​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្ដី ក៏​សិទ្ធិ​របស់​ពួកគាត់​នៅតែ​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ជាតិ និង​សិទ្ធិមនុស្ស​ជា​សកល ក្នុង​នាម​ជា​ជន​ត្រូវ​បាន​ឃាត់ខ្លួន​។ លោក​បន្ថែម​ថា សមត្ថកិច្ច​ខេត្ត​រតនគិរី​បាន​រំលោភសិទ្ធិ​លោក ថេង សាវឿន និង​សហការី​របស់​លោក​យ៉ាងធ្ងន់ធ្ងរ ព្រោះ​ផ្អែក​តាម​សិទ្ធិ​របស់​ជន​ត្រូវ​បាន​ឃាត់ខ្លួន សមត្ថកិច្ច​មិន​អាច​ឃាត់ខ្លួន​ជនណា​ម្នាក់​ដើម្បី​សួរចម្លើយ លើស​ពី​៧២​ម៉ោង ឬ​រយៈពេល​៣​ថ្ងៃ​នោះ​ឡើយ​។ លោក វន ចាន់ឡូត បន្ត​ថា សមត្ថកិច្ច​គួរ​ដោះលែង​លោក ថេង សាវឿន និង​សហការី​របស់​លោក ដើម្បី​លើកកម្ពស់​ការ​បំពេញ​ការងារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ជា​ជាង​ព្យាយាម​កសាង​សំណុំរឿង​ដើម្បី​ចោទប្រកាន់​ទៅលើ​ពួក​លោក។

    លោក ថេង សាវឿន៖ «រយៈពេល​មក​ដល់​ពេលនេះ​វា​គួរសម​ហើយ ដែល​ថា​អ្វី​ដែល​ជា​មូលហេតុ​ឃាត់ខ្លួន​ហ្នឹង បើ​ថា​យើង​មិន​មាន​ហេតុផល​ឱ្យ​ត្រឹមត្រូវ ឬក៏​ច្បាស់លាស់ ឬក៏​វា​មាន​ទម្ងន់​ណាមួយ​នោះ​ទេ គឺ​អាជ្ញាធរ​ត្រូវតែ​ដោះលែង​ពួកគាត់​មកវិញ»។

សមត្ថកិច្ច​ខេត្ត​ក្រចេះ បាន​ឃាត់ខ្លួន​លោក ថេង សាវឿន និង​សហការី​របស់​លោក​ទាំង​អស់​សរុប​១៧​នាក់ កាលពី​ម៉ោង​១ រសៀល ថ្ងៃទី​១៧ ខែ​ឧសភា និង​បាន​បញ្ជូន​លោក ថេង សាវឿន និង​សហការី​របស់​លោក​ពីរ​នាក់​ទៀត គឺ​លោក ញិល ភាព និង​លោក ថាច់ ហាច ទៅ​ស្នងការ​នគរបាល​ខេត្ត​រតនគិរី នៅ​ថ្ងៃទី​១៨ ខែ​ឧសភា។ ដោយឡែក បុគ្គលិក​សមាគម​សម្ពន្ធ​សហគមន៍​កសិករ​កម្ពុជា​១៤​នាក់ ផ្សេងទៀត ត្រូវ​បាន​សមត្ថកិច្ច​ខេត្តក្រចេះ​សួរចម្លើយ​ពេញ​មួយ​ល្ងាច​នៅ​ថ្ងៃទី​១៧ ខែឧសភា និង​បានឱ្យ​ពួកគេ​ផ្ដិតមេដៃ​លើ​កិច្ចសន្យា​មួយ​ថា ពួកគេ​នឹង​មិន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​របស់​សមាគម ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ថ្នាក់ដឹកនាំ​ប្រទេស​តទៅទៀត ទើប​សមត្ថកិច្ច​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​មកវិញ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​រតនគិរី លោក អ៊ុង សុភាព និង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២១ ខែ​ឧសភា។

ក៏ប៉ុន្តែ លោក ខៀវ សុភ័គ បាន​ប្រាប់​សារព័ត៌មាន​ខេមបូចា (Camboja) កាល​ពី​ថ្ងៃទី​១៩ ខែ​ឧសភា ដោយ​ចោទប្រកាន់​ថា លោក ថេង សាវឿន និង​សហការី​របស់​លោក ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អ្វី​ដែល​លោក​ហៅថា «​ការ​រៀប​ផែន​ការ​ធ្វើបដិវត្តន៍​កសិករ»។ លោក ខៀវ សុភ័គ ថា សមត្ថកិច្ច​សំអាង​លើ​ភស្តុតាង​មួយ​ចំនួន​នៅ​កន្លែង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​របស់​សមាគម នៅ​ក្នុង​ខេត្តរតនគិរី និង​ឯកសារ​មួយចំនួន​ទៀត​នៅក្នុង​កុំព្យូទ័រ​របស់​ពួកគេ។

ប្រពន្ធ​របស់​លោក ថេង សាវឿន គឺ​លោកស្រី ញូង សុខហៀង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២១​ឧសភា ថា លោកស្រី​ព្រួយបារម្ភ​អំពី​សុខភាព​របស់​ប្ដី​ជាខ្លាំង ព្រោះ​សមត្ថកិច្ច​ខេត្តរតនគិរី មិន​អនុញ្ញាត​ឱ្យ​លោកស្រី បាន​ចូល​ជួប​ប្ដី​របស់​លោកស្រី​ឡើយ បើ​ទោះ​បី​ជា​លោកស្រី​សាកសួរ​ពី​សុខទុក្ខ​របស់​ប្ដី​យ៉ាងណាក៏ដោយ ក៏​សមត្ថកិច្ច​មិន​ឆ្លើយតប​អ្វី​នោះ​ឡើយ។

    លោកស្រី ញូង សុខហៀង៖ «ខ្ញុំ​សូម​សំណូមពរ​ដល់​សម្ដេច​ដូចគ្នា​ដែរ សូម​គាត់​ឱ្យ​មាន​ចំណាត់ការ​លើ​ការ​ធ្វើ​ការ​របស់​អាជ្ញាធរ ដែល​នៅ​ក្រោម​បង្គាប់​ពួកគាត់​ឱ្យ​គាត់​ធ្វើ​តាម​នីតិវិធី​បែបបទ​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​ច្រាន​ចោលការ​ចោទ​ទៅលើ​ក្រុម​គ្រួសារ​(​ខ្ញុំ​) និង​ទាំងពីរ​នាក់​ទៀត»។

ស្រដៀង​គ្នា​នេះ​ដែរ ប្រពន្ធ​លោក ញិល ភាព គឺ​លោកស្រី ម៉ែន រ៉ន ថ្លែង​ថា លោកស្រី​មិនទាន់​បានឃើញ​មុខ​ប្ដី​ម្ដងណា​ឡើយ តាំងពី​សមត្ថកិច្ច​ឃាត់ខ្លួន​ប្ដី​របស់​លោកស្រី​កាលពី​ថ្ងៃទី​១៧ ខែ​ឧសភា​មក។ លោកស្រី​ស្នើសុំ​ឱ្យ​សមត្ថកិច្ច និង​ព្រះរាជអាជ្ញា​ខេត្ត​រតនគិរី ឱ្យ​លោកស្រី​ជួប​ជាមួយ​ប្ដី ដើម្បី​សួរសុខទុក្ខ​ប្ដី​ជា​បន្ទាន់ ពីព្រោះ​ប្ដី​លោកស្រី​មាន​ជំងឺ​លើស​ឈាម និង​បេះដូង​ខ្សោយ ហើយ​ត្រូវ​ការ​ថ្នាំ​ជា​បន្ទាន់។

ដោយឡែក​ក្រុម​ប្រជាកសិករ​ជាង​២០០​នាក់ នៅតែ​បន្ត​ប្រមូលផ្ដុំ​គ្នា​នៅ​ខាងក្រៅ​របង​ក្រសួង​មហាផ្ទៃ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែ​ឧសភា ដើម្បី​ស្នើ​សុំ​ឱ្យ​សមត្ថកិច្ច​ដោះលែង​លោក ថេង សាវឿន និង​សហការី​របស់​លោក​ដោយ​ឥត​លក្ខខណ្ឌ។ ពួកគេ​លើកឡើង​ថា សមាគម​សម្ពន្ធ​សហគមន៍​កសិករ​កម្ពុជា មិនបាន​បង្រៀន​កសិករ​ពី​បដិវត្ត​ផ្ដួលរំលំ​រដ្ឋាភិបាល ដូច​ការ​ចោទប្រកាន់​របស់​ក្រសួង​មហាផ្ទៃ​នោះ​ឡើយ ដោយ​សមាគម​បង្រៀន​កសិករ​តែ​ពី​មេរៀន​កសិកម្ម និង​សិទ្ធិ​ក្នុង​ការ​ទាមទារ​ដីធ្លី​របស់​ខ្លួន​វិញ​តែប៉ុណ្ណោះ។

ស្រដៀង​គ្នា​នេះ ប្រជាកសិករ​នៅ​តាម​បណ្ដា​ខេត្ត ក៏បាន​ចាប់ផ្ដើម​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង លោក ថេង សាវឿន និង​សហការី​របស់​លោក​ផង​ដែរ។ ប្រជា​សហគមន៍​កសិករ​ភ្នំ​ក្រោម នៅក្នុង​ខេត្ត​សៀមរាប ប្រមាណ​៣០​នាក់ និង​ប្រជា​សហគមន៍​កសិករ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ប្រមាណ​៣០​នាក់​ដែរ បាន​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​ក្រសួង​មហាផ្ទៃ និង​អាជ្ញាធរ​ខេត្ត​រតនគិរី ដោះលែង​អ្នក​ទាំង​៣​នាក់ ដោយ​ឥត​លក្ខខណ្ឌ នៅ​តាម​សហគមន៍​របស់​ពួកគេ​រៀងៗ​ខ្លួន​នៅ​ថ្ងៃទី​២១ ខែ​ឧសភា។ ពួកគេ​លើក​រូបថត​អ្នក​ទាំង​បី និង​បដា​ដែល​មាន​ពាក្យ​ថា សមាគម​សម្ពន្ធ​សហគមន៍​កសិករ​កម្ពុជា មិន​ដែល​និយាយ​អំពី​បញ្ហា​នយោបាយ​ទៅដល់​ពួកគាត់​នោះ​ឡើយ ហើយ​សមាគម​បាន​បង្រៀន​ឱ្យ​ពួកគាត់​គោរព​ច្បាប់ និង​ជំនាញ​កសិកម្ម​តែប៉ុណ្ណោះ។

    «សូម​ដោះលែង​លោក ថេង សាវឿន លោក ញិល ភាព លោក ថាន់ ហាច ដោះលែងៗ​! ពួកគាត់​មិន​ខុស​អី​ទេ ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ ដោះលែងៗ!»។

ក្រៅពី​ធ្វើការ​លើកកម្ពស់​ជីវភាព​កសិករ និង​ពង្រឹង​សិទ្ធិអំណាច​ក្រុម​កសិករ​ដែល​ងាយ​រងគ្រោះ​ពី​ការ​អភិវឌ្ឍ​ហើយ​នោះ លោក ថេង សាវឿន ក៏​ជា​សកម្មជន​ការពារ​សិទ្ធិ​កម្មករ​ផង​ដែរ។ លោក​ធ្លាប់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​វាយ​ឱ្យ​របួស​ត្រង់​ក្បាល និង​បញ្ជូន​យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ ដោយសារ លោក​បាន​ចូលរួម​ទាមទារ​ឱ្យ​រដ្ឋាភិបាល ដំឡើង​ប្រាក់ខែ​ឱ្យ​កម្មករ​យ៉ាងតិច​ត្រឹម​១៦០​ដុល្លារ​មួយ​ខែ នៅ​ផ្លូវ​វេងស្រេង កាលពី​ខែ​មករា ឆ្នាំ​២០១៤។

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១១ ដោយ​សហគមន៍​កសិករ​ចំនួន​១០ ដែល​រង​ការ​រំលោភ​បំពាន​សិទ្ធិ​ដីធ្លី​។ គិត​ត្រឹម​ឆ្នាំ​២០២៣ សមាគម​នេះ​មាន​សមាជិក​ដែល​ជា​កសិករ​ជិត ២​ម៉ឺន​នាក់ (១៧.៩០០) មកពី​បណ្ដា​ខេត្ត​ចំនួន​១០ នៅ​ទូទាំង​ប្រទេស។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា ការ​ឃាត់ខ្លួន​លោក ថេង សាវឿន និង​សហការី​របស់​លោក គឺ​អាច​បណ្ដាល​មកពី​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​ធ្វើ​ការងារ​យ៉ាងសកម្ម​ក្នុង​ការ​ពង្រឹង​សិទ្ធិអំណាច​កសិករ ដែល​រងគ្រោះ​ពី​ការ​រំលោភបំពាន​ដីធ្លី​ឱ្យ​ចេញ​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព និង​ទាមទារ​ដី​របស់​ពួកគេ​មកវិញ៕

No comments: