ដោយ មាន ឫទ្ធិ
2023.05.24
សកម្មជនគណបក្សសង្គ្រោះជាតិ ដែលជាប់ឃុំ ១៤នាក់ផ្សេងទៀត ទទួលបានលើកលែង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ក្រោយពេលសុំទោសលោក ហ៊ុន សែន។
រូបពីពលរដ្ឋ
ប្រពន្ធសកម្មជនបក្សប្រឆាំងដែលប្ដីរបស់ខ្លួនទទួលបានលើកលែងទោសក្រោយសុំទោសលោកនាយករដ្ឋមន្ត្រី សង្ស័យថា មានរឿងនៅពីក្រោយ ដែលធ្វើឱ្យសកម្មជនបក្សប្រឆាំងសុំទោសលោក ហ៊ុន សែនជាបន្តបន្ទាប់បែបនេះ។ ចំណែកលោក សម រង្ស៊ី ចោទប្រកាន់ថា លោក ហ៊ុន សែន បង្ខំឱ្យអ្នកជាប់ឃុំទាំងនោះសុំទោសជាថ្នូរបាននៅក្រៅឃុំ។ ការលើកឡើងនេះក្រោយពេលអ្នកជាប់ឃុំជាសកម្មជនគណបក្សសង្គ្រោះជាតិ ១៤នាក់ផ្សេងទៀត ទទួលបានលើកលែងក្រោយសុំទោសលោក ហ៊ុន សែន។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ស្នើឱ្យមានការយល់ចិត្តសកម្មជនបក្សប្រឆាំងដែលសរសេរលិខិតសុំទោស លោក ហ៊ុន សែន ដើម្បីអាចបាននៅក្រៅឃុំ។ លោក សម រង្ស៊ី ថា ពួកគាត់ទាំងនោះត្រូវការសេរីភាព ដើម្បីបន្តជីវិត ហើយដើម្បីត្រឡប់ទៅជួយទ្រទ្រង់ជីវភាព ក្រុមគ្រួសារ។ លោក សម រង្ស៊ី លើកឡើងទៀតថា អ្នកទោសមនសិការទាំងនោះត្រូវបង្ខំចិត្ត ធ្វើលិខិតសុំទោសលោក ហ៊ុន សែន តាមតែអ្វីដែល លោក ហ៊ុន សែន បង្ខំឱ្យពួកគាត់ធ្វើ ប្រសិនបើសាមីខ្លួនចង់ចេញពីពន្ធនាគារ។ លោក សម រង្ស៊ី លើកឡើងដូច្នេះតាមរយៈទំព័រហ្វេសប៊ុករបស់លោកថ្ងៃទី២៤ ខែឧសភា។
ទាក់ទងរឿងនេះដែរ ប្រពន្ធសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក ស៊ុន ធន់ គឺ លោកស្រី សេង ចាន់ថន ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីដឹងថា លោកស្រីរីករាយដែលបានជួបជុំគ្រួសារឡើងវិញ។ ទោះយ៉ាងណា លោកស្រី សោកស្ដាយដែលប្ដីលោកស្រីជាប់ឃុំដោយគ្មានកំហុស បែរជាត្រូវធ្វើលិខិតសុំទោសលោក ហ៊ុន សែន ដើម្បីទទួលបានសេរីភាពនៅពេលនេះ។ លោកស្រី សេង ចាន់ថន សង្ស័យថា អាចមានអ្វីនៅពីក្រោយ ដែលធ្វើឱ្យអ្នកជាប់ឃុំបក្សប្រឆាំងនាំគ្នាសុំទោសលោក ហ៊ុន សែន ជាបន្តបន្ទាប់បែបនេះ។
លោកស្រី សេង ចាន់ថន៖ «មិនគួរបែបហ្នឹងសោះ មិនគួរពួកគាត់សុំទោសគេ ហើយសុំចេញអ៊ីចឹងទេ គួរណាស់ពួកគាត់នៅឱ្យគ្រប់ព្រោះអីជិតដល់ថ្ងៃពួកគាត់ ព្រោះអីជិតដល់ថ្ងៃពួកគាត់ចេញហើយនៅតែប៉ុន្មានខែទៀតត្រូវចេញហើយ មិនដឹងថា តើក្នុងនោះ (ពន្ធនាគារ) មានស្ថានភាពបែបណា ពួកខ្ញុំនៅខាងក្រៅ គឺអត់ដឹងទាំងអស់គ្នាគាត់មានទុក្ខលំបាកយ៉ាងណាយ៉ាងណីទេ បានដល់ថ្នាក់សុំទោសព្រោះនេះជារឿងមួយដែលធ្វើឱ្យពួកគាត់ក្បត់ឧត្ដមគតិខ្លួនឯង ដែលគ្មានអ្វីឈឺចាប់ជាងហ្នឹងទៀតទេ»។
វិទ្យុអាស៊ីសេរីបានព្យាយាមសុំការបញ្ជាក់ពីសាច់ញាតិអ្នកជាប់ឃុំផ្សេងទៀត ប៉ុន្តែមិនអាចទាក់ទងបានទេនៅថ្ងៃទី២៤ ខែឧសភា។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រចុះកាលពីថ្ងៃទី២៣ ខែឧសភា សម្រេចលើកលែងទោសអ្នកជាប់ឃុំបក្សប្រឆាំងចំនួន១៤រូប តាមសំណើលោក ហ៊ុន សែន។ អ្នកជាប់ឃុំទាំងនោះ រួមមាន លោក កែវ ថៃ លោក ថៃ គន្ធា និងលោក ស៊ុន ធន់ ជាដើម។ ពួកគាត់ត្រូវបានតុលាការក្រុងភ្នំពេញ ចោទប្រកាន់ពីបទ រួមគំនិតក្បត់ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ មិនឲ្យយោធាស្ដាប់បង្គាប់ ទាក់ទងផែនការវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី។
គិតត្រឹមម៉ោង ២រសៀលថ្ងៃទី២៤ ខែឧសភា អ្នកជាប់ឃុំទាំងនោះត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យចេញពីពន្ធនាគារហើយ។
ក្នុងចំណោមអ្នកជាប់ឃុំទាំងនោះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក កែវ ថៃ បានសរសេរលិខិតចេញពីពន្ធនាគារកាលពីថ្ងៃទី១៨ ខែឧសភា សុំទោសនិងសុំឱ្យលោក ហ៊ុន សែន ជួយធ្វើអន្តរាគមន៍លើកលែងទោសលើរូបលោក ដើម្បីលោកអាចរស់នៅជាពលរដ្ឋសាមញ្ញជាមួយក្រុមគ្រួសារ។
ទាក់ទងរឿងនេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់ថា គណបក្សប្រជាជនកម្ពុជាមិនបានបង្ខិតបង្ខំឱ្យសកម្មជនបក្សប្រឆាំងជាប់ឃុំទាំងនោះសុំទោសលោក ហ៊ុន សែន ទេ។
លោក សុខ ឥសាន៖ «មានពីណាបង្ខិតបង្ខំសាមីខ្លួននៅតាស សួរគាត់ទៅដឹងហើយ»។
បើទោះជា មន្ត្រីបក្សកាន់អំណាចអះអាងបែបនេះក្ដី តែអតីតអ្នកជាប់ឃុំបក្សប្រឆាំងឱ្យដឹងថា នៅក្នុងពន្ធនាគារ គឺមានមនុស្សរបស់លោក ហ៊ុន សែន ដើរបញ្ចុះបញ្ចូលឱ្យអ្នកជាប់ឃុំបក្សប្រឆាំងធ្វើលិខិតសុំទោសលោក ហ៊ុន សែន ដើម្បីអាចបាននៅក្រៅឃុំ។
អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា ពាក្យសុំទោសរបស់អ្នកជាប់ឃុំបក្សប្រឆាំងពេលនេះ គឺដើម្បីអាចឱ្យពួកគាត់រួចផុតការធ្វើទុក្ខបុកម្នេញ និងដើម្បីទទួលបានសេរីភាព។ លោក គឹម សុខ បន្តទៀតថា ការដែលលោក ហ៊ុន សែន រៀបចំឱ្យមានអ្នកជាប់ឃុំទាំងនោះសុំទោសលោកនៅពេលនេះ ព្រោះលោក ហ៊ុន សែន ចង់បានរូបភាពនេះ យកទៅអួតប្រាប់សហគមន៍អន្តរជាតិ ថាលោកបានដោះលែងអ្នកទោសនយោបាយទាំងនោះ ដែលជាផ្នែកមួយនៃការបើកលំហប្រជាធិបតេយ្យមុនការបោះឆ្នោត។
លោក គឹម សុខ៖ «ដូច្នេះមានតែលោក ហ៊ុន សែន រៀបឆាកផ្សេងៗឱ្យមើលឃើញថា អ្នកដែលធ្លាប់ប្រឆាំងនឹងគាត់ពីមុនអ្នកធ្លាប់ជាប់គុកទៅសុំទោសគាត់គឺអ្នកទាំងអស់ហ្នឹងសំដែងអំពីការដឹងកំហុសចំពោះគាត់ដើម្បីគាត់យកទៅផ្សាយ»។
នៅរយៈពេលចុងក្រោយនេះ អ្នកជាប់ឃុំបក្សប្រឆាំងជាង២០នាក់ហើយ ទទួលបានសេរីភាពឡើងវិញ ក្រោយពេលសុំទោសលោក ហ៊ុន សែន។ ទោះយ៉ាងណារូបភាពនេះហាក់មានការរៀបចំឱ្យអ្នកជាប់ឃុំគណបក្សសង្គ្រោះជាតិទាំងនោះ ធ្វើជាលិខិតនិងចេញជាវីដេអូ ពីក្នុងពន្ធនាគារ សុំទោសលោក ហ៊ុន សែន ជាបន្តបន្ទាប់ ហើយលោក ហ៊ុន សែន ក៏បានស្នើទៅព្រះមហាក្សត្រឱ្យលើកលែងទោសពួកគេទាំងនោះខណៈការបោះឆ្នោតជាតិកាន់តែខិតជិតមកដល់៕
No comments:
Post a Comment