Saturday, 20 May 2023

លោក ហ៊ុន សែន ទម្លាយ​ពី​ជំងឺ​វះកាត់​​របស់​លោក​ធ្ងន់ធ្ងរ​ដោយ​ពុំ​មាន​​អ្នកណា​ដឹង​ជា​ច្រើន​ឆ្នាំ​ហើយ


ដោយ ម៉ៅ សុធានី
2023.05.19
លោក ហ៊ុន សែន ទម្លាយ​ពី​ជំងឺ​វះកាត់​​របស់​លោក​ធ្ងន់ធ្ងរ​ដោយ​ពុំ​មាន​​អ្នកណា​ដឹង​ជា​ច្រើន​ឆ្នាំ​ហើយ 

កូនប្រុសច្បង និង​កូនស្រីពៅ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​សួរសុខទុក្ខ​ឪពុក កាលឈឺធ្ងន់​ក្រោយវះកាត់​ចង្កេះ នៅមន្ទីរពេទ្យ​ប្រទេស​សិង្ហបុរី កាលពីឆ្នាំ​២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាយ​ពី​ការ​វះកាត់​ជំងឺ​របស់​លោក​ធ្ងន់ធ្ងរ​​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​​ ប៉ុន្តែ​​លោក​ព្យាយាម​បិទបាំង​ព័ត៌មាន​នេះ​​​ ដើម្បី​កុំ​ឱ្យ​បែកធ្លាយ​​ដល់​ប្រជា​​ពលរដ្ឋ​។ អ្នក​វិភាគ​នយោបាយ​យល់​ថា ថ្វីត្បិត​តែ​​មេ​ដឹក​នាំ​ឯក​បក្ស​រូប​នេះ​បាន​វះកាត់​​ជំងឺ​រួច​ហើយ​ក៏​ក្ដី​ ក៏​ស្ថានភាព​ជំងឺ​របស់​លោក ហ៊ុន សែន​ ហាក់​នៅ​តែ​ធ្ងន់ធ្ងរ​ដដែល​ ព្រោះ​លោក​មាន​វ័យ​ចាស់​ទៅ​ហើយ។

លោក ហ៊ុន សែន បាន​​ទម្លាយ​​អំពី​ស្ថានភាព​ជំងឺ​របស់​លោក​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ថា ទ្រុឌទ្រោម​ខ្លាំង​​ជា​ពិសេស​នៅ​ពេល​​ដែល​លោក​ឈរ​យូរ​ពេក ធ្វើ​ឱ្យ​ញរ​ជើង​ឈរ​មិន​ចង់​ជាប់​នោះ​ទេ។ មេ​ដឹក​នាំ​រដ្ឋាភិបាល​ឯក​បក្ស​ដែល​មាន​អាយុ​​៧១​ឆ្នាំ​រូប​នេះ​ អះអាង​​ថា កាល​ពី​ឆ្នាំ​២០១៧ លោក​បាន​វះកាត់​​​​ចង្កេះ ដែល​ឆ្អឹង​គាប​សរសៃ​ដោយ​ប្រើ​រយៈ​ពេល​ក្នុង​ការ​វះកាត់​ដល់​ទៅ​៥​ម៉ោង។



ការ​វះកាត់​នេះ​លោក​ធ្វើ​ឡើង​​នៅ​​មន្ទីរ​ពេទ្យ​​មួយ​កន្លែង​នៅ​ប្រទេស​​សិង្ហបុរី (Singapore) ប៉ុន្តែ​លោក​បាន​បិទ​បាំង​ព័ត៌មាន​នេះ​​រហូត​មក​ ដោយ​មិន​ឱ្យ​បែកធ្លាយ​​ទៅ​ដល់​ប្រជាពលរដ្ឋ​ដឹង​ឡើយ។ លោក ហ៊ុន សែន ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ពេទ្យ​ដែល​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា​ថា ​កាល​ពី​ឆ្នាំ​២០១៧​នោះ​កូន​ៗ​របស់​លោក​មិន​ចង់​ឱ្យ​លោក​វះកាត់​នោះ​ទេ ព្រោះ​​ខ្លាច​​លោក​​ពិការ​ជើង​ដើរ​មិន​រួច។

    លោក ហ៊ុន សែន៖ «ហើយ​អាហ្នឹង​គឺ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​សម្រាប់​ការ​វះ ម្ដាយ​របស់​លោក​ជំទាវ​ ឈុន លាង វះ គឺ​គាត់​គ្រោះថ្នាក់​ទៅ​ជា​ពិការ​បណ្ដោយ ជ្រុល​ដៃ​តែ​បន្តិច​គឺ​រឿង​បណ្ដោយ បាន​ជា​គេ​មិន​សូវ​វះ។ ប៉ុន្តែ​ខ្ញុំ​ទៅ​ពី​នេះ​ទៅ​ដោយសារ ឯកឧត្ដម​ ប៊ិន ឈិន គាត់​ប្រាប់​ថា នៅ​ពេល​ណា​ដឹង​ខ្លួន​ឡើង​សាកល្បង​ឱ្យ​ធ្វើ​ចលនា​ជើង​ឆ្វេង​ អីចឹង​នៅ​ពេល​ខ្ញុំ​ដឹង​ខ្លួន​ឡើង​ខ្ញុំ​ធ្វើ​ចលនា​អាហ្នឹង​ទៅ​វា​អត់​អី«។

នេះ​ជា​លើក​ទី១​ហើយ ដែល​​លោក ហ៊ុន សែន លាត​ត្រដាង​ពី​​ការ​វះកាត់​របស់​ខ្លួន​ឱ្យ​មហាជន​បាន​ដឹង​ ព្រោះ​កន្លង​ទៅ​លោក តែងតែ​អួតអាង​ថា លោក​មាន​សុខភាព​ល្អ អាច​រត់​ហាត់ប្រាណ​លើ​ដី​រាប់​សិប​គីឡូម៉ែត្រ។
hunsen_sick2017.jpg
 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលឈឺធ្ងន់​ក្រោយវះកាត់​ចង្កេះ នៅមន្ទីរពេទ្យ​ប្រទេស​សិង្ហបុរី កាលពីឆ្នាំ​២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន



កន្លង​ទៅ​ប្រពន្ធ​របស់​លោក ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី ក៏​បាន​ទៅ​លួច​សង់​ចេតិយ​ស្ងាត់ៗ​ឱ្យ​លោក ហ៊ុន សែន នៅ​វត្ត​ចំពុះក្អែក ដែរ តែ​លោក ហ៊ុន សែន បដិសេធ​មិន​ទទួល​យក។

​​​ទាក់​ទង​នឹង​ការ​វះកាត់​ជំងឺ​របស់​លោក​ ហ៊ុន សែន​ នេះ អ្នក​វិភាគ​នយោបាយ​ លោក គឹម សុខ​ មើលឃើញ​ថា ​មូលហេតុ​ដែល​​មេដឹកនាំ​​ផ្ដាច់ការ​រូប​នេះ​ ទើប​តែ​ទម្លាយ​ព័ត៌មាន​​អំពី​ស្ថានភាព​ការ​វះកាត់​ជំងឺ​នៅ​ពេល​នេះ​ទំនង​ដោយសារ​​កាល​ណោះ​លោក​ព្រួយបារម្ភ​​​ខ្លាច​ក្រុម​គណបក្ស​ប្រឆាំង​​វាយ​ប្រហារ ដែល​អាច​ឈាន​ដល់​ការ​ប្រមូល​គ្នា​​ធ្វើ​បាតុកម្ម​ទម្លាក់​លោក​ពី​តំណែង​ដែល​​ធ្វើ​ឱ្យ​ស្ថានភាព​ជំងឺ​របស់​លោក កាន់​តែ​ទ្រុឌទ្រោម។ ទោះ​ជា​យ៉ាង​ណា​ អ្នក​វិភាគ​នយោបាយ​​ឥត​សំចៃមាត់​រួប​នេះ​ ជឿជាក់​ថា ​ថ្វី​ត្បិត​តែ​លោក ហ៊ុន សែន​ បាន​វះកាត់​​ចង្កេះ​រួច​ហើយ​ក្ដី ក៏​ស្ថានភាព​ជំងឺ​របស់​លោក ហ៊ុន សែន នៅ​តែ​គួរ​ឱ្យ​ព្រួយបារម្ភ​ដដែល ពី​ព្រោះ​លោក​មាន​វ័យ​កាន់​តែ​ចាស់​ហើយ។

    លោក គឹម សុខ៖ «ប្រសិន​បើ​គាត់​ទម្លាយ​រឿង​ហ្នឹង​ ហើយ​មាន​ចលនា​នៃ​ការ​ទាមទារ​​​ការ​ប្រកួតប្រជែង​ដោយ​យុត្តិធម៌​នៅ​ក្នុង​ឆ្នាំ​២០១៨​គឺ​ធ្វើ​ឱ្យ​គាត់​អាសន្ន​មែនទែន។ អាសន្ន​នៅ​ត្រង់​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នោះ​កំពុង​តែ​ខ្លាំង ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ខ្លាច​ទេ ប្រសិន​បើ​ពេល​នោះ​ដឹង​ថា​ស្ថានភាព​របស់​លោក ហ៊ុន សែន សុខភាព​ហ្នឹង​អត់​មែនទែន។ នៅ​ពេល​ដែល​ផ្ទៃ​ក្នុង​របស់​គណបក្ស​​ប្រជាជន​កម្ពុជា​ក៏​ចង់​ដូរ​លោក ហ៊ុន សែន ដែរ អីចឹង​ហើយ​បាន​ជា​គាត់​ខំប្រឹង​លាក់»។

ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​របស់​លោក ហ៊ុន សែន នេះ​ដែរ អ្នក​ជំនាញ​​ដាក់​ថ្នាំ​សន្លប់​វះកាត់​នៅ​ប្រទេស​បារាំង​(France) លោក​វេជ្ជបណ្ឌិត​ សុខ សុផាត​ លើកឡើង​ថា ស្ថានភាព​លោក ហ៊ុន សែន​ នៅ​ពេល​នេះ​​ស្ថិត​ក្នុង​ដំណាក់​កាល​២​ គឺ​ទី​១​ក្រោយ​ពី​ការ​​​វះកាត់​ហើយ​វា​អាច​នឹង​ជា​សះស្បើយ​​ប្រសិន​បើ​លោក​គាប​សរសៃ​បណ្ដាល​មក​ពី​គ្រោះថ្នាក់​ចរាចរ​ផ្សេងៗ​។ ក៏​ប៉ុន្តែ​លោក​ថា ​ប្រសិន​ ការ​ឈឺ​ចុក​ចាប់​របស់ ហ៊ុន សែន បណ្ដាល​មក​ពី​ជំងឺ​មហារីក​នោះ​វា​នឹង​​កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន។

    ​វេជ្ជបណ្ឌិត​ សុខ សុផាត៖ «ព្រោះ​មហារីក​ហ្នឹង​ វា​ដូច​ជា​មហារីក​ឈឺ​ឆ្អឹង វា​ពុក​ឆ្អឹង ។ ដូច្នេះ​ហើយ​យើង​យក​ដែក​យក​អី​យក​ទៅ​គាប​ទៅ​នេះ​អី​វា​អត់​នៅ​យូរ​ទេ ព្រោះ​ឆ្អឹង​ហ្នឹង​វា​ផុយ​ព្រោះ​យូរ​ទៅ​វា​ស្រុត​ដូច​ផ្ទះ​អីចឹង តែ​ស្រុត​ទៅ​វា​ឈឺ​ឡើង​វិញ​អីចឹង។ អីចឹង​វា​ស៊ីសង​អា​ដើម​កំណើត​នៃ​កន្លែង​ឈឺ​ហ្នឹង ថា​មក​ពី​គ្រោះ​ថ្នាក់ ដោយ​យើង​គ្រោះ​ក្នុង​ជីវិត​រាល់​ថ្ងៃ​ហ្នឹង​ឬ​មក​ពី​មហារីក»។

លោក គឹម សុខ ​​លើក​ឡើង​ទៀត​ថា ​ការ​ដែល​លោក​ ហ៊ុន សែន​ នៅ​សុខៗ​ស្រាប់​តែ​ទម្លាយ​ពី​ស្ថានភាព​ជំងឺ​របស់​ខ្លួន​នៅ​ពេល​នេះ ដោយសារ​​មេដឹកនាំ​ផ្ដាច់​ការ​រួប​នេះ​ ដឹង​ច្បាស់​ថា ​សព្វ​ថ្ងៃ​នេះ​លោក​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្ទេរអំណាច​​​ទៅ​ឱ្យ​កូន​ប្រុង​ច្បង​របស់​លោក ដើម្បី​ដឹក​នាំ​ប្រទេស​បន្ត​ពី​លោក​ដោយ​ពុំ​មាន​​ការ​ព្រួយបារម្ភ​អ្វី​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ អ្នក​វិភាគ​រូប​នេះ​ យល់​ថា ​ដើម្បី​យក​ឈ្នះ​លោក ហ៊ុន សែន ក្នុង​ស្ថានភាព​បែប​នេះ លុះត្រាតែ​​ក្រុម​គណបក្ស​ប្រឆាំង​​រួម​កម្លាំង​គ្នា​ឱ្យ​រឹងមាំ ​ហើយ​ហ៊ាន​​ដឹកនាំ​កម្លាំង​មហាជន​ងើត​តវ៉ា​ដោយ​សន្តិវិធី​​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ឡើយ​វិញ៕

1 comment:

Anonymous said...

They are smiling while Hun Sen is sickening.