Saturday, 20 May 2023

លោក ហ៊ុន សែន ប្ដូរ​យុទ្ធសាស្ត្រ​ពី​ការ​ចុះ​ជួប​កម្មករ​រោងចក្រ មក​អង្គុយ​ចាំ​ជួប​អ្នក​ចុះចូល​វិញ


ដោយ សេក បណ្ឌិត
2023.05.19

លោក ហ៊ុន សែន ប្ដូរ​យុទ្ធសាស្ត្រ​ពី​ការ​ចុះ​ជួប​កម្មករ​រោងចក្រ មក​អង្គុយ​ចាំ​ជួប​អ្នក​ចុះចូល​វិញ
 

អតីតប្រធានអង្គការតម្លាភាពកម្ពុជា (TI) លោក ព្រាប កុល (ស្ដាំ) ជួប​លោកនាយករដ្ឋមន្ត្រី​នៅ​គេហដ្ឋានរបស់លោក​ក្នុងក្រុង​​តាខ្មៅ។
រូប៖ ហ្វេសប៊ុកលោក ព្រាប កុល



លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្ដូរ​យុទ្ធសាស្ត្រ​ក្នុង​ការ​រក​ប្រជាប្រិយភាព​សម្រាប់​ការ​បោះឆ្នោត​អាណត្តិ​នេះ ​ពី​ការ​ចុះ​ជួប​កម្មករ​រោងចក្រ ​មក​ជា​អង្គុយ​ចាំ​ជួប​សកម្មជន​បក្ស​ប្រឆាំង ​និង​ធ្វើ​ការងារ​សង្គម បរិស្ថាន ដែល​មក​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នក​វិភាគ​ថា យុទ្ធសាស្ត្រ​ថ្មី​របស់​លោក ហ៊ុន សែន ពេល​នេះ ​ទំនងជា​លោក ហ៊ុន​ សែន គ្មាន​បំណង​មិន​ចង់​បាន​ប្រជាប្រិយភាព​ដើម្បី​ប្រកួតប្រជែង​ក្នុង​បោះឆ្នោត​ទេ ប៉ុន្តែ គ្រាន់តែ​យក​មនុស្ស​មក​ពី​ក្រុម ឬ​បក្ស​ផ្សេង​ជួយ​លាង​សម្អាត​ទង្វើ​អាក្រក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ។

ពេល​នេះ​កាល​ពី ៥ឆ្នាំ​មុន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ចុះ​ជួប​កម្មករ​កម្មការិនី​តាម​រោងចក្រ​ស្ទើរ​គ្មាន​លោះ​ថ្ងៃ ដើម្បី​លួង​ចិត្ត​ឱ្យ​កម្មករ​កម្មការិនី​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ សម្រាប់​ការ​បោះឆ្នោត​អាណត្តិ​ទី០៧​នេះ កម្មករ​កម្មការិនី​តាម​រោងចក្រ​រាប់​ម៉ឺន​នាក់​ទាំង​នោះ​ ប្រហែល​មិនមែន​ជា​មុខ​សញ្ញា​របស់​លោក ហ៊ុន សែន ​ទៀត​ទេ។ មុខ​សញ្ញា​ថ្មី​របស់​លោក ហ៊ុន សែន គឺ​ក្រុម​យុវជន​ធ្វើ​ការងារ​បរិស្ថាន អ្នក​ធ្វើ​ការងារ​សង្គម អ្នក​តស៊ូ និង​សកម្មជន​គណបក្ស​ប្រឆាំង​ ដែល​ប្ដូរ​ឆន្ទៈ​មក​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​។ ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន តែងតែ​អង្គុយ​ចាំ​ជួប​ពួក​គេ​ទាំង​នោះ ក្នុង​ភូមិគ្រឹះ​របស់​លោក​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល។



អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម ​បណ្ឌិត សេង សារី យល់ថា យុទ្ធសាស្ត្រ​ថ្មី ដែល​លោក ហ៊ុន សែន ព្យាយាម​ចាប់​យក​សកម្មជន​បរិស្ថាន មន្ត្រី​អង្គការ​សង្គម សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​បក្ស​ប្រឆាំង ព្រោះ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សកម្មជន​ទាំង​នោះ​បាន​ធ្វើ​សកម្មភាព​​លេចធ្លោ​ក្នុង​ការ​តវ៉ា​ទាមទារ​នានា ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ឬ​កិត្តិយស​លោក ហ៊ុន សែន។ លោក​បណ្ឌិត​បន្ត​ទៀត​ថា ការ​ដឹកនាំ​ប្រទេស​របស់​គណបក្ស​កាន់អំណាច​រាប់​ឆ្នាំ​មក​នេះ បាន​​បំផ្លាញ​ធនធាន​ធម្មជាតិ​យ៉ាង​ច្រើន ដូច្នេះ​លោក ហ៊ុន សែន ក៏​ត្រូវការ​អ្នក​ធ្វើ​ការងារ​បរិស្ថាន សិទ្ធិមនុស្ស និង​សង្គម​ជាដើម មក​ជួយ​លាង​សម្អាត​នូវ​កំហុស​ឆ្គង​របស់​ខ្លួន។ បណ្ឌិត​ សេង សារី បន្ត​​ថា គណបក្ស​កាន់អំណាច​មិន​អាច​យក​មនុស្ស​របស់​ខ្លួន​មក​ជួយ​លាង​សម្អាត​ប្រវត្តិ​អាក្រក់​របស់​ខ្លួន​បាន​ទេ ដូច្នេះ​គណបក្ស​នេះ​មាន​តែ​យក​មនុស្ស​ក្រៅ​​ជួយ​លាង​សម្អាត​ទើប​មាន​ប្រសិទ្ធភាព។

    លោក សេង សារី៖ «គណបក្ស​ប្រជាជន​ហាក់​ដូចជា​ផ្លាស់ប្ដូរ​គោលនយោបាយ​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ដោយ​លែង​បារម្ភ​រឿង​ឈ្នះ​ចាញ់​ទៀត​ហើយ​លើក​នេះ​ព្រោះ​ប្រាកដ​ចិត្ត​ថា ខ្លួន​ឯង​ឈ្នះ​១០០​ភាគរយ​ហើយ​ក៏​ប៉ុន្តែ​ដែល​សំខាន់​ហ្នឹង​គឺ​ការ​លាង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​បាន​ជា​រឿង​ពិបាក​ដើម្បី​អាច​ឱ្យ​អ្នក​មក​ជួយ​លាង​បាន​ព្រោះ​ខ្លួន​ឯង​មិន​អាច​ទៅ​រួច​ហើយ​ទេ មិន​អាច​ខ្លួន​ឯង​សរសើរ​ខ្លួន​ឯង​លើក​ខ្លួន​ឯង​ជា​វីរបុរស​ជា​អី​បាន​ទេ​ទាល់តែ​មាន​អ្នក​មក​ពី​និន្នាការ​ផ្សេង​ នៅ​ពេល​មនុស្ស​ចាប់​ផ្ដើម​សរសើរ​ យូរៗ​ទៅ​ក៏​អាច​ធ្វើ​ឱ្យ​មហាជន​ហ្នឹង​មាន​ការ​ភ័ន្តច្រឡំ​ដែរ»។

ចំណែក​អ្នក​វិភាគ​នយោបាយ លោក គឹម សុខ វិញ​លោក សង្កេតឃើញ​ថា អ្នក​ដែល​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ គ្រាន់តែ​មនុស្ស​មួយ​ក្រុម​តូច និង​ជា​បុគ្គល​ដែល​សង្គម​មិន​សូវ​ផ្ដល់​តម្លៃ​នោះ​ទេ។ លោក គឹម សុខ បន្ត​ទៀត​ថា វាសនា​របស់​អ្នក​ចុះចូល​ទាំង​នោះ​នៅ​ពេល​ខាង​មុខ ​ក៏​ទំនង​​មិន​ខុស​ពី​អ្នក​ចុះចូល​ជាមួយ​លោក ហ៊ុន សែន កាលពី​អាណត្តិ​មុនៗ​ដែរ គឺ​លោក ហ៊ុន សែន ត្រូវ​ការ​ពួកគេ​តែ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ពោល​គឺ​ក្រោយ​ការ​បោះឆ្នោត​រួច​ហើយ អ្នក​ទាំង​នោះ​នឹង​ត្រូវ​លោក ហ៊ុន សែន ប្រមូល​ទុកចោល​នៅ​ម្ដុំ។

    លោក គឹម សុខ៖ «ក្រៅតែ​ពី​ជួប​អ្នក​ដែល​ចុះចូល​ដើម្បី​ឱ្យ​អ្នក​ទាំងអស់​នោះ​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​នូវ​សារ​នយោបាយ​របស់​ខ្លួន​និង​វាយ​ប្រហារ​គូប្រជែង​មិន​ដឹង​រក​អ្នកណា​ឱ្យ​ជួយ​ខ្លួន​បាន​ពីព្រោះ​បើ​លោក ហ៊ុន សែន ទៅ​ជួប​កម្មករ​កម្មការិនី​ កសិករ​ដែល​កំពុង​បាត់បង់​ទីផ្សារ​បាត់បង់​ការងារ​ លោក ហ៊ុន សែន បារម្ភ​ បារម្ភ​ពេល​ជួប​ទៅ​កំពុង​តែ​ថ្លែង​សន្ទរកថា ស្រាប់តែ​កម្មករ​កម្មការិនី១០ ២០នាក់​នាំ​គ្នា​លើកដៃ​ស្រែក​ឱ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន គិតគូរ​អំពី EBA GSP ឡើង​វិញ​វា​មិន​ផ្ទុះ»។

កាល​ពី​ឆ្នាំ២០១៨ មុន​ការបោះឆ្នោត​ជាតិ​ប៉ុន្មាន​ខែ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ជួប​កម្មករកម្មារិនី​តាម​រោងចក្រ​នានា​រាប់​ម៉ឺន​នាក់ ដោយ​មាន​ការ​ផ្ដល់​ថវិកា​ដល់​កម្មករ​ទាំង​នោះ​យ៉ាងហោចណាស់​ម្នាក់​៤​ម៉ឺន​រៀល ហើយ​លោក ហ៊ុន សែន​ក៏​តែងតែ​អួតអាង​ពី​គុណ​សម្បត្តិ​នៃ​ការ​ដឹកនាំ​​ប្រទេស​របស់​លោក និង​រំលឹក​ទៅ​កម្មករ​រោងចក្រ​ឱ្យ​ជួយ​បោះឆ្នោត​ជូន​គណបក្ស​របស់​លោក។ ដោយ​ឡែក មុន​ការបោះឆ្នោត​​អាណត្តិ​ទី៧ នេះ​វិញ លោក ហ៊ុន សែន បាន​ចាប់​យក​​សកម្មជន​បរិស្ថាន សកម្មជន​អង្គការ​សង្គម សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​បក្ស​ប្រឆាំង វិញ​ម្ដង។ អ្នក​ចុះចូល​ទាំង​នោះ​ភាគច្រើន​ តែង​ទទួល​តួនាទី ​ជា​ជំនួយការ អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ ទីប្រឹក្សា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ឬ​រដ្ឋមន្ត្រី​គ្មាន​ក្រសួង​កាន់​ជាដើម។

ចំណែក​អ្នក​ធ្វើ​ការងារ​បរិស្ថាន​ខ្លះ បើ​ទោះ​ជា​មិន​ទទួល​បាន​តួនាទី​នៅ​ស្ថាប័ន​រដ្ឋ ប៉ុន្តែ ពួក​គេ​អាច​​បើក​អង្គការក្រៅរដ្ឋាភិបាល។ ក្រោយ​ពី​អ្នក​ទាំង​នោះ​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ចុះ​ចូល​នេះ​ហើយ​ ពួកគេ តែងតែ​នាំ​គ្នា​ធ្វើ​សន្និសីទកាសែត ផ្សាយ​តាម​ហ្វេសប៊ុក ឬ​ផ្សាយ​តាម​ប្រព័ន្ធឃោសនា​របស់​លោក ហ៊ុន សែន គឺ​ហ្វ្រែសញូវស៍ ធ្វើ​ការ​វាយ​បក​ទៅ​ស្ថាប័ន​ចាស់​ខ្លួន ​និង​គណបក្ស​ប្រឆាំង​វិញ។

បើ​ទោះ​ជា​មាន​ការ​ផ្ដល់​លាភសក្ការៈ​ ដល់​អ្នក​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​ជា​បន្តបន្ទាប់​ក្ដី តែ​មន្ត្រី​កាន់អំណាច​អះអាង​ថា អ្នក​ដែល​ចុះចូល​ជាមួយ​គណបក្ស​នេះ គឺ​ជា​ការ​ស្ម័គ្រ​ចិត្ត។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ សុខ ឥសាន ឱ្យ​ដឹង​ថា គណបក្ស​កាន់អំណាច​មិន​បាន​ទិញ​ទឹកចិត្ត ​ឱ្យ​មនុស្ស​មក​ពី​បក្ស​ប្រឆាំង អ្នក​ធ្វើ​ការងារ​សង្គម មន្ត្រី ឬ​មន្ត្រី​សង្គម​ស៊ីវិល​ មក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​របស់​ខ្លួន​នោះ​ទេ។

    លោក សុខ ឥសាន៖ «បើ​ចូល​ហើយ​មិន​ផ្ដល់​តួនាទី​ធ្វើ​ម៉េច​ឱ្យ​ស្រប​ទៅតាម​គុណសម្បត្តិ​របស់​គាត់​ដែល​មាន​មិនមែន​យក​តំណែង​ទៅ​ទិញ​ទឹកចិត្ត​បង​ប្អូន​ឱ្យ​មក​ចូល​ឯណា​ ហើយ​មិន​មែន​យក​លុយ​ទៅ​ទិញ​ទឹកចិត្ត​បង​ប្អូន​ឱ្យ​ចូល​ឯណា»។

បើ​ទោះ​ជា​លោក សុខ ឥសាន​អះអាង​បែប​​ក្ដី តែ​ករណី​ជាក់ស្ដែង​ហាក់​មិន​ដូច្នេះ​ទេ សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន ដែល​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច ​ទទួល​បាន​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ភ្លាមៗ ក្រោយ​ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច និង​​ក្រោយ​បាន​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
Yim_Sinorn_FB_of_his_wife_Makara_Sophat_042123.jpg
 

(ឆ្វេង) លោក យឹម ស៊ីណន ថត​ពេល​ទៅ​ជួប​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២១ ខែមេសា ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុកប្រពន្ធលោក យឹន ស៊ីណន



អ្នក​ទាំង​នោះ​រួមមាន៖ សកម្មជន​​ប្រឆាំង ដែល​សិទ្ធ​ជាមួយ​លោក កឹម សុខា គឺ​លោក យឹម ស៊ីណន ទទួល​បាន​ឋានៈ​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ ចំណែក​ដៃគូ​របស់​លោក​ម្នាក់​ទៀត គឺ​លោក ហ៊ុន កុសល ទទួល​បាន​តំណែង​អនុរដ្ឋលេខាធិការ​ក្រសួង​ដែនដី​ រីឯ​អតីត​សកម្មជន​គណបក្ស​ប្រឆាំង​ និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​លោក សួង សុភ័ណ្ឌ ទទួល​បាន​តំណែង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី។ ក្រៅ​ពី​នេះ​នៅ​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​ទទួល​បាន​លុយ​កាក​បុណ្យ​ស័ក្ក​ក្រោយ​ចុះ​ចូល​ជាមួយ​គណបក្ស​នេះ។

លោក​បណ្ឌិត​ សេង សារី យល់ថា ការ​ធ្វើ​នយោបាយ​របស់​គណបក្ស​កាន់អំណាច​អាណត្តិ​នេះ​ ហាក់​​មិន​បារម្ភ​​រឿង​ចាញ់​ឆ្នោត​ទេ តែ​គណបក្ស​នេះ​គ្រាន់តែ​ត្រូវ​ការ​មនុស្ស មក​ពី​បក្ស​ផ្សេង ក្រុម​ផ្សេង​​មក​ជួយ​លាង​សម្អាត​ប្រវត្តិ​នយោបាយ​មិន​ល្អ​របស់​គណបក្ស​នេះ​ប៉ុណ្ណោះ។

ស្រដៀង​ទៅ​នឹង​ការ​លើក​ឡើង​របស់​អ្នកវិភាគ​នេះ​ដែរ នៅ​ពេល​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) សម្រេច​មិន​ចុះ​បញ្ជី​ឱ្យ​គណបក្ស​ភ្លើង​ទៀន ដែល​ជា​គូ​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី២៣ ខែកក្កដា ខាង​មុខ​នេះ​ទេ។ ទោះ​យ៉ាង​ណា​ក្ដី គណបក្ស​នេះ​ប្ដេជ្ញា ​តស៊ូ​មតិ​តាម​ផ្លូវ​ច្បាប់​បន្ត​ទៀត​ដោយ​ទាស់​ការ​សម្រេច​របស់​ គ.ជ.ប​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ៕

No comments: