2023.05.15
អ្នកជំនាញច្បាប់និងជំនាញខាងកិច្ចការបោះឆ្នោតលើកឡើងស្រដៀងគ្នាថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គួរទទួលស្គាល់ឯកសារសុំចុះបញ្ជីចូលរួមការបោះឆ្នោតរបស់គណបក្សភ្លើងទៀន បើផ្អែកទៅលើទិដ្ឋភាពមួយចំនួន ខណៈសេចក្ដីណែនាំថ្មីរបស់គ.ជ.ប ក៏ពុំមានចែងនៅក្នុងច្បាប់ស្ដីពីការបោះឆ្នោត។ ពួកគេយល់ឃើញថា គ.ជ.ប មិនគួរបង្ខំឱ្យមានការអនុវត្តតាមសេចក្ដីណែនាំថ្មីរបស់ខ្លួន រហូតបង្កជាបញ្ហាធំនាំឱ្យខាតបង់ប្រយោជន៍ជាតិនោះទេ។
អ្នកជំនាញផ្នែកច្បាប់ និងអ្នកជំនាញខាងកិច្ចការបោះឆ្នោតយល់ឃើញថា ភាពចម្រូងចម្រាសរវាងគណបក្សភ្លើងទៀន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជុំវិញការដាក់ឯកសារចុះបញ្ជីចូលរួមការបោះឆ្នោតនៅពេលនេះ ជារឿងតូចតាចប៉ុណ្ណោះ ហើយស្ថាប័នពាក់ព័ន្ធមិនគួរធ្វើឱ្យក្លាយជាបញ្ហាធំ ដែលអាចនាំឱ្យខាតបង់ប្រយោជន៍ជាតិនាពេលខាងមុខនោះទេ។ ពួកគេចង់ឃើញគណបក្សនយោបាយចូលរួមប្រកួតប្រជែងគ្នាតាមការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលសហគមន៍ជាតិនិងអន្តរជាតិអាចទទួលយកបានទាំងអស់គ្នា។
អ្នកសិក្សាច្បាប់លោក វន ចាន់ឡូត ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៤ ឧសភាថា លក្ខខណ្ឌថ្មីរបស់ គ.ជ.ប ដែលតម្រូវឱ្យគណបក្សភ្លើងទៀន ត្រូវដាក់ឯកសារច្បាប់ដើមនៃសេចក្ដីប្រកាសចុះបញ្ជីនៅក្រសួងមហាផ្ទៃនោះ គួរតែមានការលើកលែង នៅពេលក្រសួងមហាផ្ទៃ បានចេញលិខិតទទួលស្គាល់គណបក្សនេះកាលពីថ្ងៃទី៥ឧសភាកន្លងទៅថ្មីៗនេះថា ជាគណបក្សបានចុះបញ្ជីស្របច្បាប់ទៅហើយនោះ។ លោកយល់ឃើញថា សេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃនេះ ជាឯកសារសមាមាត្រមួយ ជំនួសឱ្យសេចក្ដីប្រកាសដើមរបស់ក្រសួងដែលបានទទួលស្គាល់គណបក្សភ្លើងទៀន ខណៈគណបក្សនេះ ក៏ត្រូវគ.ជ.ប បានអនុញ្ញាតឱ្យចូលរួមការបោះឆ្នោតកន្លងមកពីរដងរួចទៅហើយដែរ បន្ទាប់ពីគណបក្សមួយនេះបានប្រើប្រាស់ឯកសារទម្រង់ដូចគ្នា ដើម្បីសុំចុះបញ្ជី។
លោក វន ចាន់ឡូត៖ «នីតិវិធីណាដែលប្រើពីដើមមក ហើយដែលវាបានសុខស្រួលហើយ វាមានសុខដុមរមនានឹងគ្នាហើយ ខ្ញុំគិតថា គួរតែប្រើដដែលទៅ ឯនីតិវិធីថ្មី បើយើងដាក់ អាហ្នឹងយើងក៏គួរមានភាពបត់បែនដែរ។ មានន័យថា ប្រសិនបើគណបក្សនយោបាយ គាត់មិនអាចបំពេញតាមនីតិវិធីថ្មី គាត់អាចគោរពទៅតាមនីតិវិធីចាស់ ដែលគាត់ធ្លាប់បានធ្វើកន្លងមក អ៊ីចឹងខ្ញុំគិតថា វាដូចជាអត់មានរឿងអីទេ»។
លោក វន ចាន់ឡូត បន្តថា នេះជារឿងតូចតាចប៉ុណ្ណោះ ដូច្នេះការបង្កបញ្ហាស្មុគស្មាញដល់គណបក្សភ្លើងទៀន មិនអាចចុះបញ្ជីបាននោះ ហាក់មិនពាក់ព័ន្ធនឹងឯកសារនិងនីតិវិធីឡើយ ប៉ុន្តែវាអាចពាក់ព័ន្ធនឹងបញ្ហានយោបាយច្រើនជាង ខណៈគណបក្សភ្លើងទៀន កំពុងក្លាយជាគណបក្សប្រឆាំងដ៏ធំថ្មីមួយ ដែលបង្កការព្រួយបារម្ភដល់គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ទស្សនៈរបស់អ្នកសិក្សាផ្នែកច្បាប់នេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងជំនួបជាលើកទី២ ជាមួយថ្នាក់ដឹកនាំគណបក្សភ្លើងទៀន បានបដិសេធមិនចេញឯកសារតាមទម្រង់ដែល គ.ជ.ប ចង់បាននោះឡើយ។ គ.ជ.បទាមទារឱ្យគណបក្សភ្លើងទៀន ដាក់សេចក្ដីចម្លងច្បាប់ដើមលេខ១៩៣ កាលពីឆ្នាំ១៩៩៨ ស្ដីពីការទទួលស្គាល់ជាគណបក្សស្របច្បាប់នៅក្រសួងមហាផ្ទៃ ដោយមានបញ្ជាក់នីត្យានុកូលកម្មពីអាជ្ញាធររាជធានីភ្នំពេញ។ ប៉ុន្តែយោងតាមច្បាប់ស្ដីពីការបោះឆ្នោត គឺតម្រូវឱ្យដាក់តែសេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃប៉ុណ្ណោះ ហើយមិនបានបញ្ជាក់ថា ទាល់តែមានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានី ដូចសេចក្ដីណែនាំថ្មីរបស់គ.ជ.បឡើយ។ ហើយបើតាមឋានានុក្រមនៃច្បាប់ ច្បាប់ស្ដីពីការបោះឆ្នោតដែលអនុម័តដោយរដ្ឋសភា គឺមានអនុភាពផ្លូវច្បាប់ខ្ពស់ជាសេចក្ដីណែនាំរបស់គ.ជ.ប ឬក្រសួងមន្ទីរ។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបកស្រាយពីក្រុមអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំង៣រូប រួមមានលោក ហង្ស ពុទ្ធា លោក ឌឹម សុវណ្ណារុំ និងលោក ខន កែវមនោ រួមទាំងអគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានទេ នៅថ្ងៃទី១៤ឧសភា។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី១៤ ឧសភានេះ គ.ជ.ប បានចេញសេចក្ដីបំភ្លឺមួយថា ខ្លួនមិនបានអនុវត្តស្តង់ដារពីរឡើយ ហើយការតម្រូវឱ្យគណបក្សនយោបាយត្រូវភ្ជាប់សេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយអាជ្ញាធររាជធានីនោះ គឺអនុវត្តតាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦។
ជុំវិញបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការណ៍ដែលគណបក្សភ្លើងទៀនមិនអាចចុះឈ្មោះចូលរួមការបោះឆ្នោតបាន គឺជាកំហុសថ្នាក់ដឹកនាំគណបក្សនេះផ្ទាល់ មិនមែនកំហុសស្ថាប័នរៀបចំការបោះឆ្នោតឡើយ។ លោកថែមទាំងព្រមានអ្នកគាំទ្រនិងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ថាអាចប្រឈមនឹងការស្លាប់ និងជាប់គុក ប្រសិនបើហ៊ានចេញធ្វើបាតុកម្មអហិង្សា ដើម្បីដាក់សម្ពាធលើស្ថាប័នគ.ជ.ប។
បន្ទាប់ពីចេញសារព្រមានមិនឱ្យគណបក្សភ្លើងទៀនធ្វើបាតុកម្មអហិង្សាខាងមុខ ដែលលោក ហ៊ុន សែន ចាត់ទុកថា ជាសារព្រមានបង្កចលាចលនោះ ក៏បានបង្ហោះសារបន្ថែមនៅក្នុងប្រព័ន្ធតេឡេក្រាម កាលពីថ្ងៃទី១៣ ឧសភា ថា លោកនឹងជួបជាមួយក្រុមថ្នាក់ដឹកនាំគណបក្សភ្លើងទៀនតាមការស្នើសុំនៅវិមានសន្តិភាព នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដាខាងមុខនេះ។
មន្ត្រីគណបក្សភ្លើងទៀន ហាក់មិនហ៊ានបដិសេធចំពោះការទម្លាក់កំហុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើថ្នាក់ដឹកនាំរបស់ខ្លួននេះទេ។ អ្នកនាំពាក្យគណបក្សភ្លើងទៀនលោក គីមសួរ ភីរិទ្ធ លើកឡើងថា ពួកលោកសុខចិត្តទទួលយកកំហុសតាមការលើកឡើងរបស់លោក ហ៊ុន សែន ទៅចុះ បើទោះជាច្បាប់ដើមនៃសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃលេខ១៩៣ចុះឆ្នាំ១៩៩៨ ស្ដីពីការទទួលស្គាល់គណបក្សភ្លើងទៀន ជាគណបក្សស្របច្បាប់ ត្រូវបានបាត់ដោយសារអាជ្ញាធររដ្ឋាភិបាល លួចឆ្មក់ចូលបិទទីស្នាក់ការ ដែលប្រើប្រាស់រួមគ្នារវាងគណបក្សភ្លើងទៀន និងគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ក្ដី។
លោក គីមសួរ ភីរិទ្ធ បន្តថា ទោះជាយ៉ាងណាក៏ដោយ ការចុះឈ្មោះចូលរួមការបោះឆ្នោតកន្លងទៅ គ.ជ.ប គ្រាន់តែយកឯកសារចម្លងលេខ១៩៣ សខ្មៅ និងបានអនុញ្ញាតឱ្យគណបក្សភ្លើងទៀន ចូលរួមការបោះឆ្នោតជាបន្តបន្ទាប់ ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតក្រុមប្រឹក្សាក្រុងអរិយក្សត្រទើបបង្កើតថ្មីនៅក្នុងឆ្នាំ២០២៣នេះ ប៉ុន្តែលើកនេះ ហាក់ជារឿងចម្លែកមួយ ដែល គ.ជ.ប ចេញលក្ខខណ្ឌថ្មីតម្រូវឱ្យដាក់ឯកសារដើមលេខ១៩៣ដែលមានបញ្ជាក់នីត្យានុកូលកម្មពីអាជ្ញាធររាជធានី ខុសពីការអនុវត្តកន្លងទៅ។
លោក គីមសួរ ភីរិទ្ធ៖ «វា(សេចក្ដីចម្លងពីច្បាប់ដើមនៃសេចក្ដីប្រកាសចុះបញ្ជីគណបក្ស ដែលមានបញ្ជាក់នីត្យានុកូលកម្ម) អត់ធំជាង នីតិវិធីនិងច្បាប់ទេ បើគិតពីតម្លៃ និងឋានានុក្រមនីតិវិធីនិងច្បាប់។ អ៊ីចឹង! ច្បាប់អត់មានតម្រូវថា យកច្បាប់ដើម១៩៣ ចុះធ្វើនីត្យានុកូលកម្មទេ គឺគ្រាន់តែបញ្ជាក់ថា គណបក្សហ្នឹងចុះបញ្ជីជាផ្លូវការត្រឹមត្រូវតាមច្បាប់នយោបាយតម្កល់នៅក្រសួងមហាផ្ទៃរួចហើយ អ៊ីចឹង! យើងបានធ្វើតាមអស់ហ្នឹងហើយ។ អ៊ីចឹង! បើបញ្ជាក់ពីខ្លឹមសារនៅលិខិតក្រសួងមហាផ្ទៃ(កាលពីថ្ងៃទី៥ឧសភា) គឺវាបញ្ជាក់គ្រប់គ្រាន់ ប៉ុន្តែប្រសិនជា គ.ជ.ប មានចេតនាចាំបាច់តែអាណុង គឺវាពិបាកហើយ»។
អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស លើកឡើងថា គ.ជ.ប មិនគួរបង្អាក់គណបក្សភ្លើងទៀនចុះបញ្ជីចូលរួមការបោះឆ្នោតឡើយ ពីព្រោះលក្ខខណ្ឌដែលស្ថាប័នគ.ជ.បកំពុងទាមទារនោះ គ្រាន់តែចង់ដឹងថា គណបក្សភ្លើងទៀន ជាគណបក្សស្របច្បាប់នៅក្រសួងមហាផ្ទៃឬអត់។ លោកបន្តថា គ.ជ.បគួរទទួលស្គាល់ការស្នើសុំចុះបញ្ជីពីគណបក្សភ្លើងទៀន នៅពេលដែលក្រសួងមហាផ្ទៃដែលជាអាណាព្យាបាលនិងជាស្ថាប័នរដ្ឋាភិបាលទទួលខុសត្រូវគ្រប់គ្រងគណបក្សនយោបាយ បានប្រកាសទទួលស្គាល់គណបក្សនេះទៅហើយនោះ។
លោកបន្ថែមថា គ.ជ.ប គួរតែបកស្រាយឱ្យបានច្បាស់លាស់ដែរ ពីមូលហេតុដែលគណបក្សភ្លើងទៀន អាចចូលរួមការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២បាន ប៉ុន្តែមិនអាចចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខនេះ ខណៈគណបក្សនេះប្រើប្រាស់ឯកសារតែមួយ ដើម្បីស្នើសុំចុះឈ្មោះនៅស្ថាប័នរបស់ខ្លួន។
លោក កន សាវាង្ស៖ «រឿងអី ដែលស្ថាប័ន គ.ជ.ប ហ្នឹង ទៅជាបដិសេធនៅក្នុងដំណើរការ មិនទទួលស្គាល់ការប្រកាសរបស់ក្រសួងមហាផ្ទៃ។ កិច្ចការនេះ ហាក់បីដូចជា តម្លៃនៃការបញ្ជាក់របស់ក្រសួងមហាផ្ទៃ មិនមានភាពស្របច្បាប់អ៊ីចឹង ប្រសិនបើជា គ.ជ.ប អ៊ីចឹង»។
នៅថ្ងៃទី១៤ ឧសភា គណបក្សភ្លើងទៀន បានចេញសេចក្ដីថ្លែងការណ៍មួយទៀត ដោយសម្ដែងការសោកស្ដាយចំពោះសេចក្ដីប្រកាសគ្រោងធ្វើបាតុកម្មរបស់ខ្លួន ត្រូវបានយល់ច្រឡំថា គណបក្សនេះ គំរាមបង្កចលាចល និងបញ្ជាក់ថា ខ្លួនជាគណបក្សតែងប្រកាន់ខ្ជាប់នយោបាយអហិង្សា និងផ្សះផ្សាជាតិ។ ក្រៅពីនេះ គណបក្សភ្លើងទៀនក៏សង្ឃឹមថា គ.ជ.បនឹងសម្រេចទទួលស្គាល់ជាផ្លូវការពាក្យសុំចុះបញ្ជីចូលរួមការបោះឆ្នោតខាងមុខនេះ៕
No comments:
Post a Comment