2023.05.25
មេដឹកនាំគណបក្សភ្លើងទៀន ស្នើអ្នកគាំទ្ររបស់ខ្លួនកុំតក់ស្លុត កុំរាថយ បើទោះជាក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូលចុងក្រោយសម្រេចមិនឱ្យគណបក្សនេះចូលរួមក្នុងការបោះឆ្នោតខាងមុខនេះក្ដី។ អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន រិះគន់ថា សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញមានចរិតនយោបាយច្រើនជាងការអនុវត្តច្បាប់។
ប្រតិកម្មនេះធ្វើឡើងក្រោយពេលក្រុមប្រឹក្សាធម្មនុញ្ញ ច្រានចោលបណ្ដឹងរបស់បក្សភ្លើងទៀន ដែលប្ដឹងតវ៉ានឹងសេចក្ដីសម្រេច របស់គ.ជ.ប ដែលមិនចុះបញ្ជីឈរឈ្មោះបោះឆ្នោតឱ្យគណបក្សភ្លើងទៀនក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ខាងមុខ។
ការបោះឆ្នោតថ្នាក់ជាតិថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ នឹងគ្មានវត្តមានគណបក្សភ្លើងទៀន ចូលរួមប្រកួតប្រជែងទេ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ចុះថ្ងៃទី២៥ ខែឧសភា ចាត់ទុកពាក្យបណ្ដឹងគណបក្សភ្លើងទៀន ថាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយលើកឡើងថា ខុសនឹងគតិច្បាប់។ ការសម្រេចដូច្នេះ ធ្វើឡើងក្រោយពេលសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំង៩រូប ជួបប្រជុំដែលដឹកនាំប្រធានស្ថាប័ននេះ គឺលោក អ៊ឹម ឈុនលឹម កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា។
អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា ឱ្យអ្នកសារព័ត៌មានដឹងក្រោយចប់កិច្ចប្រជុំនោះថា ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចទាត់ចោលបណ្ដឹងគណបក្សភ្លើងទៀន ពេលនេះ ព្រោះស្ថាប័នកំពូលមួយនេះ រកឃើញថា សេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនចុះបញ្ជីឈរឈ្មោះឱ្យគណបក្សភ្លើងទៀនគឺត្រឹមត្រូវតាមច្បាប់។
លោក ព្រហ្ម វិចិត្រអក្ខរា៖ «ក្នុងការផ្ទៀងផ្ទាត់នេះឃើញថា ការអនុវត្តរបស់ គ.ជ.ប គឺអនុវត្តទៅតាមមាត្រា២៧ និងមាត្រា៣១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអ៊ីចឹងបើការអនុវត្តនេះត្រឹមត្រូវហើយស្របតាមស្មារតីមាត្រានេះហើយ ក្រុមប្រឹក្សាធម្មនុញ្ញគឺពិនិត្យលើលក្ខខណ្ឌទម្រង់ច្បាប់ហ្នឹងគឺកំណត់ថា ជាបណ្ដឹងមួយដែលផ្ទុយនឹងច្បាប់។ »)
គណបក្សភ្លើងទៀន បានប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី១៩ ឧសភា ប្រឆាំងសម្រេចរបស់គ.ជ.បដែលមិនចុះបញ្ជីឈ្មោះឱ្យគណបក្សនេះអាចចូលរួមប្រកួតបោះឆ្នោតនៅខែកក្កដាពេលខាងមុខ។ គ.ជ.ប បដិសេធការចុះបញ្ជីរបស់គណបក្សភ្លើងទៀន ដោយលើកហេតុផលថាព្រោះគណបក្សនេះគ្មានឯកសារច្បាប់ដើមនៃការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃដែលបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឱ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន លើកឡើងថា ការសម្រេចបែបនេះ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ធ្វើឱ្យប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ និងធ្វើឱ្យពលរដ្ឋរាប់ម៉ឺននាក់បាត់បង់ជម្រើសរបស់ខ្លួនសម្រាប់បោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ខាងមុខ។ លោក រ៉ុង ឈុន បន្តទៀតថា ជំហរផ្ទាល់អះអាងថា ជំហររបស់លោក នៅតែគោរពស្មារតីសេចក្ដីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ចុះកាលពីថ្ងៃទី១២ ខែឧសភា គឺការតស៊ូមតិដោយអហិង្សា។ ទោះយ៉ាងណាក្ដី លោកថា នៅពេលនេះលោករង់ចាំមើលការសម្រេចជាផ្លូវការរបស់គណបក្សភ្លើងទៀន សិនដែលថ្នាក់ដឹកនាំគណបក្សនេះនឹងកោះប្រជុំបន្ទាន់មួយដើម្បីឆ្លើយតបនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។
លោក រ៉ុង ឈុន៖ «ជំហរខ្ញុំនៅតែដូចពីដើមអ៊ីចឹង មិនប្រែប្រួលទេ ប៉ុន្តែ អ្វីដែលធ្វើការងារពេលនេះមិនមែនដូចខ្ញុំធ្វើការងារនៅសង្គមស៊ីវិលពីព្រោះយើងត្រូវគោរពទៅតាមសំឡេងភាគច្រើនព្រោះថា បើអង្គប្រជុំសំឡេងភាគច្រើនសម្រេចថា ដកថយ យើងនឹងពិចារណា ប៉ុន្តែជំហរខ្ញុំនៅតែតស៊ូមតិក្នុងក្រុមយ៉ាងស្អិតរលួត បើសិនជាយើងធ្វើអ្វីៗយើងមិនទាមទារមិនដែលគេដាក់ជើងពានឱ្យយើងទេ។ »)
គិតត្រឹមល្ងាចថ្ងៃទី២៥ ខែឧសភា គណបក្សភ្លើងទៀន មិនទាន់ចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបនឹងការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលមិនអនុញ្ញាតឱ្យគណបក្សនេះចូលរួមការបោះឆ្នោត។
ទាក់ទងរឿងនេះដែរ កាលពីគ.ជ.ប សម្រេចមិនឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតខាងមុខនេះ គណបក្សភ្លើងទៀន ព្រមានថា នឹងប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក សកម្មជន និងអ្នកគាំទ្រ ទូទាំងប្រទេស ដើម្បីតស៊ូមតិដោយសន្តិវិធី។
ជុំវិញរឿងនេះ អ្នកសិក្សាការអភិវឌ្ឍសង្គមបណ្ឌិត សេង សារី យល់ថា នៅពេលនេះមានតែកម្លាំងពីរដែលអាចជំរុញឱ្យគណបក្សភ្លើងទៀន អាចចូលរួមក្នុងការបោះឆ្នោតបានគឺការអន្តរាគមន៍ពីសហគមន៍អន្តរជាតិ និងភាពក្លាហានរបស់លោក សម រង្ស៊ី ក្នុង
ការវិលចូលស្រុកវិញ។
លោក សេង សារី៖ «ខ្ញុំមើលទៅកម្លាំងដែលភ្លើងទៀនអាចហៅឱ្យមានការធ្វើបាតុកម្មក៏តិចតួចដែរ ប៉ុន្តែបើលោក សម រង្ស៊ី ត្រឡប់ចូលស្រុកវិញកម្លាំងងើបច្រើនធំដូចខ្ញុំលើកឡើងអ៊ីចឹងថា គណបក្សភ្លើងទៀន អត់មានទ្រព្យនយោបាយទេ ខ្ញុំនិយាយក្នុងរចនាសម្ព័ន្ធណា អ្វីដែលសំខាន់គឺកម្លាំងនយោបាយជាកម្លាំងគាំទ្រលោក សម រង្ស៊ី តែប៉ុណ្ណោះ បើសិនជាលោក សម រង្ស៊ី មានវត្តមាននៅក្នុងប្រទេសកម្ពុជា ខ្ញុំគិតថា កម្លាំងមានច្រើនជាងហ្នឹង»។
ទាក់ទងការលើកឡើងរបស់បណ្ឌិត សេង សារី នេះដែរ លោក សម រង្ស៊ី ដែលជាស្ថាបនិកគណបក្សភ្លើងទៀន ប្រកាសថា លោកនឹងវិលចូលស្រុកវិញ តែលោកមិនទាន់បញ្ជាក់ពេលវេលាជាក់លាក់នៅឡើយទេ។
មុនពេលគ.ជ,ប និងក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចមិនឱ្យគណបក្សភ្លើងទៀនចូលរួមក្នុង ការបោះឆ្នោតខាងមុខនេះ រដ្ឋាភិបាល លោក ហ៊ុន សែន និងប្រព័ន្ធតុលាការដែលស្ថិតក្រោមឥទ្ធិពលរបស់លោក ហ៊ុន សែន បានធ្វើទុក្ខបុកម្នេញលើមេដឹកនាំសំខាន់ៗរបស់គណបក្សភ្លើងទៀន ក្នុងនោះរួមមាន៖ ការដកហូតដីផ្ទះឧត្ដមទីប្រឹក្សាគណបក្សនេះគឺលោក គង់ គាំ សមត្ថកិច្ចចាប់អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា និងមន្ត្រីដទៃនៃគណបក្សនេះមួយចំនួនដាក់ពន្ធនាគារ។ ចំណែក អនុប្រធានគណបក្សនេះមួយរូបទៀតគឺលោក សុន ឆ័យ ចាញ់ក្ដីគណបក្សប្រជាជនកម្ពុជា នឹងត្រូវបង់សំណងជំងឺចិត្តទៅគណបក្សនេះជាប្រាក់ចំនួន១លានដុល្លារ៕
1 comment:
Samdach PORNG Hun Sen has never hesitated to do anything to keep his power.
"Khmer Oss Ey Oss Touv, Kom Oy Teh Anh Oss Amnach"
Cambodia is so unlucky that the evil Vietnam found a devil named Hun Sen to execute Yuon's plan to Vietnamize Cambodia.
Post a Comment