Friday, 26 May 2023

លោក រ៉ុង ឈុន អំពាវនាវ​ដល់​អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន កុំ​ឱ្យ​តក់ស្លុត ឬ​រាថយ ទោះជា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​ឱ្យ​គណបក្ស​នេះ​ចូលរួម​ការ​បោះឆ្នោត​ខាង​ម


ដោយ ទីន ហ្សាការីយ៉ា
2023.05.25
លោក រ៉ុង ឈុន អំពាវនាវ​ដល់​អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន កុំ​ឱ្យ​តក់ស្លុត ឬ​រាថយ ទោះជា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​ឱ្យ​គណបក្ស​នេះ​ចូលរួម​ការ​បោះឆ្នោត​ខាង​មុខ
 
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន
 

មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន ស្នើ​អ្នក​គាំទ្រ​របស់​ខ្លួន​កុំ​តក់ស្លុត កុំ​រាថយ​ បើ​ទោះជា​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​​កំពូល​ចុងក្រោយ​សម្រេច​មិន​ឱ្យ​គណបក្ស​នេះ​ចូលរួម​ក្នុង​ការបោះឆ្នោត​ខាង​មុខ​នេះ​ក្ដី។ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន រិះគន់​ថា សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មាន​ចរិត​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។

ប្រតិកម្ម​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ក្រុមប្រឹក្សា​ធម្មនុញ្ញ ​ច្រាន​ចោល​បណ្ដឹង​របស់​បក្ស​ភ្លើង​ទៀន ដែល​ប្ដឹង​តវ៉ា​នឹង​សេចក្ដី​សម្រេច​ របស់​គ..ប ដែល​មិន​​​ចុះ​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ក្នុង​​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ អាណត្តិ​ទី៧ ខាង​មុខ។

ការបោះឆ្នោត​ថ្នាក់​ជាតិ​ថ្ងៃ​ទី២៣ ខែ​កក្កដា​ខាង​មុខ​នេះ នឹង​គ្មាន​វត្តមាន​គណបក្ស​ភ្លើងទៀន ចូលរួម​ប្រកួតប្រជែង​​ទេ។ សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ចុះ​ថ្ងៃ​ទី២៥ ខែ​ឧសភា ចាត់​ទុក​ពាក្យ​បណ្ដឹង​គណបក្ស​ភ្លើង​ទៀន ថា​ត្រឹមត្រូវ​តាម​ទម្រង់​ច្បាប់​ ប៉ុន្តែ​បដិសេធ​ចោល​ដោយ​លើកឡើង​ថា ​ខុស​នឹង​គតិ​ច្បាប់។ ការ​សម្រេច​ដូច្នេះ ធ្វើ​ឡើង​ក្រោយ​ពេល​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទាំង​៩​រូប ជួប​ប្រជុំ​ដែល​ដឹកនាំ​ប្រធាន​ស្ថាប័ន​នេះ គឺ​លោក អ៊ឹម ឈុនលឹម កាល​ពី​ព្រឹក​ថ្ងៃ​ទី២៥ ខែ​ឧសភា។ 

 

អគ្គលេខាធិការ​រង និង​ជា​អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា ឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ក្រោយ​ចប់​កិច្ចប្រជុំ​នោះ​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ទាត់​ចោល​បណ្ដឹង​គណបក្ស​ភ្លើង​ទៀន ពេល​នេះ ព្រោះ​ស្ថាប័ន​កំពូល​មួយ​នេះ រក​ឃើញ​ថា សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (..) មិន​ចុះ​បញ្ជី​ឈរ​ឈ្មោះ​ឱ្យ​គណបក្ស​​ភ្លើង​ទៀន​គឺ​ត្រឹមត្រូវ​តាម​ច្បាប់។

លោក ព្រហ្ម វិចិត្រអក្ខរា៖ «ក្នុង​ការ​ផ្ទៀងផ្ទាត់​នេះ​ឃើញ​ថា ការអនុវត្ត​របស់ គ..ប គឺ​អនុវត្ត​ទៅតាម​មាត្រា២៧ និង​មាត្រា៣១ នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​​អ៊ីចឹង​បើ​ការអនុវត្ត​នេះ​ត្រឹមត្រូវ​ហើយ​ស្រប​តាម​ស្មារតី​មាត្រា​នេះ​ហើយ​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​គឺ​ពិនិត្យ​លើ​លក្ខខណ្ឌ​ទម្រង់​ច្បាប់​ហ្នឹង​គឺ​កំណត់​ថា ជា​បណ្ដឹង​មួយ​ដែល​ផ្ទុយ​នឹង​ច្បាប់។ »)

គណបក្ស​ភ្លើង​ទៀន បាន​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​កាលពី​ថ្ងៃ​ទី១៩ ឧសភា ប្រឆាំង​សម្រេច​របស់​គ..ប​ដែល​មិន​ចុះ​បញ្ជី​​ឈ្មោះ​ឱ្យ​គណបក្ស​នេះ​​អាច​ចូលរួម​ប្រកួត​បោះឆ្នោត​នៅ​ខែ​កក្កដា​ពេល​ខាងមុខ។ គ..ប បដិសេធ​ការ​ចុះ​បញ្ជី​របស់​គណបក្ស​ភ្លើង​ទៀន ដោយ​លើក​ហេតុផល​ថា​ព្រោះ​​គណបក្ស​នេះ​គ្មាន​ឯកសារ​​ច្បាប់​ដើម​នៃ​ការ​ចុះ​បញ្ជី​គណបក្ស​នៅ​ក្រសួង​មហាផ្ទៃ​ដែល​​បញ្ជាក់​នីត្យានុកូលកម្ម ដោយ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ​ឱ្យ​បាន​ត្រឹមត្រូវ​​តាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន លើកឡើង​ថា ការ​សម្រេច​បែប​នេះ របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយក្រោយ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​បាត់បង់​ជម្រើស​របស់​ខ្លួន​សម្រាប់​បោះឆ្នោត​ថ្ងៃ​ទី២៣ ខែកក្កដា​ ខាង​មុខ។ លោក រ៉ុង ឈុន បន្ត​ទៀត​ថា ជំហរ​ផ្ទាល់​អះអាង​ថា ជំហរ​របស់​លោក នៅតែ​គោរព​ស្មារតី​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​ភ្លើង​ទៀន ចុះ​កាល​ពី​ថ្ងៃ​ទី១២ ខែ​ឧសភា គឺ​ការ​តស៊ូ​មតិ​ដោយ​អហិង្សា​។ ទោះ​យ៉ាង​ណា​ក្ដី លោក​ថា នៅ​ពេល​នេះ​លោក​រង់ចាំ​មើល​ការ​សម្រេច​ជា​ផ្លូវការ​របស់​គណបក្ស​ភ្លើង​ទៀន សិន​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​នឹង​កោះ​ប្រជុំ​បន្ទាន់​មួយ​ដើម្បី​ឆ្លើយតប​នឹង​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ។

លោក រ៉ុង ឈុន៖ «ជំហរ​ខ្ញុំ​នៅតែ​ដូច​ពីដើម​អ៊ីចឹង​ មិន​ប្រែប្រួល​ទេ ប៉ុន្តែ អ្វី​ដែល​ធ្វើ​ការងារ​ពេល​នេះ​មិនមែន​ដូច​ខ្ញុំ​ធ្វើ​ការងារ​នៅ​សង្គម​ស៊ីវិល​ពីព្រោះ​យើង​ត្រូវ​គោរព​ទៅតាម​សំឡេង​ភាគច្រើន​ព្រោះ​ថា បើ​អង្គប្រជុំ​សំឡេង​ភាគច្រើន​សម្រេច​ថា ដកថយ យើង​នឹង​ពិចារណា ប៉ុន្តែ​ជំហរ​ខ្ញុំ​នៅតែ​តស៊ូ​មតិ​ក្នុង​ក្រុម​យ៉ាង​ស្អិត​រលួត បើសិន​ជា​យើង​ធ្វើ​អ្វីៗ​យើង​មិន​ទាមទារ​មិនដែល​គេ​ដាក់​ជើងពាន​ឱ្យ​យើង​ទេ។​​ »)

គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី២៥ ខែ​ឧសភា គណបក្ស​ភ្លើង​ទៀន មិន​ទាន់​ចេញ​សេចក្ដីថ្លែងការណ៍​ឆ្លើយតប​នឹង​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​នេះ​ចូលរួម​ការបោះឆ្នោត។

ទាក់ទង​រឿង​នេះ​ដែរ កាលពី​គ..ប សម្រេច​មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ការបោះឆ្នោត​ខាង​មុខ​នេះ គណបក្ស​ភ្លើង​ទៀន ​ព្រមាន​ថា នឹង​ប្រមូល​ផ្តុំ​ថ្នាក់​ដឹកនាំ សមាជិក​ សកម្មជន​ និង​អ្នកគាំទ្រ ទូទាំង​ប្រទេស​ ដើម្បី​តស៊ូ​មតិ​ដោយ​សន្តិវិធី។

ជុំវិញ​រឿង​នេះ អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត សេង សារី យល់​ថា នៅ​ពេល​នេះ​មានតែ​កម្លាំង​ពីរ​ដែល​អាច​ជំរុញ​ឱ្យ​គណបក្ស​ភ្លើង​ទៀន អាច​ចូលរួម​ក្នុង​ការបោះឆ្នោត​បាន​គឺ​ការ​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ និង​ភាព​ក្លាហាន​របស់​លោក សម រង្ស៊ី ក្នុង​

ការ​វិល​ចូល​ស្រុក​វិញ។

លោក សេង សារី៖ «ខ្ញុំ​មើល​ទៅ​កម្លាំង​ដែល​ភ្លើង​ទៀន​អាច​ហៅ​ឱ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ក៏​តិចតួច​ដែរ ប៉ុន្តែ​បើ​លោក សម រង្ស៊ី ត្រឡប់​ចូល​ស្រុក​វិញ​កម្លាំង​ងើប​ច្រើន​ធំ​ដូច​ខ្ញុំ​លើកឡើង​អ៊ីចឹង​ថា​ គណបក្ស​ភ្លើង​ទៀន អត់មាន​ទ្រព្យ​នយោបាយ​ទេ ខ្ញុំ​និយាយ​ក្នុង​រចនាសម្ព័ន្ធ​ណា អ្វី​ដែល​សំខាន់​គឺ​កម្លាំង​នយោបាយ​ជា​កម្លាំង​គាំទ្រ​លោក សម រង្ស៊ី តែ​ប៉ុណ្ណោះ បើសិន​ជា​លោក សម រង្ស៊ី មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ខ្ញុំ​គិត​ថា កម្លាំង​មាន​ច្រើន​ជាង​ហ្នឹង»

ទាក់ទង​ការ​លើក​ឡើង​របស់​បណ្ឌិត សេង សារី នេះ​ដែរ លោក សម រង្ស៊ី ដែល​ជា​ស្ថាបនិក​គណបក្ស​ភ្លើង​ទៀន ប្រកាស​ថា លោក​នឹង​វិល​ចូល​ស្រុក​វិញ តែ​លោក​មិន​ទាន់​បញ្ជាក់​ពេល​វេលា​ជាក់លាក់​នៅ​ឡើយ​ទេ។

មុន​ពេល​គ.,ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ សម្រេច​មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ក្នុង ការបោះឆ្នោត​ខាង​មុខ​នេះ រដ្ឋាភិបាល លោក ហ៊ុន សែន និង​ប្រព័ន្ធ​តុលាការ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​លោក ហ៊ុន សែន បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​មេដឹកនាំ​សំខាន់ៗ​របស់​គណបក្ស​ភ្លើង​ទៀន ក្នុង​នោះ​រួម​មាន​៖ ការ​ដកហូត​ដី​ផ្ទះ​ឧត្ដម​ទីប្រឹក្សា​គណបក្ស​នេះ​គឺ​លោក គង់ គាំ សមត្ថកិច្ច​ចាប់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា និង​មន្ត្រី​ដទៃ​នៃ​គណបក្ស​នេះ​មួយ​ចំនួន​ដាក់​ពន្ធនាគារ​។ ចំណែក អនុប្រធាន​គណបក្ស​នេះ​មួយ​រូប​ទៀត​គឺ​លោក សុន ឆ័យ ចាញ់ក្ដី​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ត្រូវ​បង់​សំណង​ជំងឺចិត្ត​ទៅ​គណបក្ស​នេះ​​ជា​ប្រាក់​ចំនួន​១លាន​ដុល្លារ៕

1 comment:

Anonymous said...

Samdach PORNG Hun Sen has never hesitated to do anything to keep his power.

"Khmer Oss Ey Oss Touv, Kom Oy Teh Anh Oss Amnach"

Cambodia is so unlucky that the evil Vietnam found a devil named Hun Sen to execute Yuon's plan to Vietnamize Cambodia.