Thursday, 11 May 2023

គណបក្ស​ភ្លើង​ទៀន​សម្រេច​ដក​លោក រ៉ុង ឈុន ចេញ​ពី​បេក្ខជន​តំណាងរាស្ត្រ​តាម​ការ​ទាមទារ​ពី គ.ជ.ប.


ដោយ មាន ឫទ្ធិ
2023.05.10
គណបក្ស​ភ្លើង​ទៀន​សម្រេច​ដក​លោក រ៉ុង ឈុន ចេញ​ពី​បេក្ខជន​តំណាងរាស្ត្រ​តាម​ការ​ទាមទារ​ពី គ.ជ.ប.  
លោក រ៉ុង ឈុន អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន
 

គណបក្ស​ភ្លើង​ទៀន សម្រេច​ធ្វើ​តាម​ការ​ទាមទារ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​..ប​) ដែល​តម្រូវ​ឱ្យ​ដក​លោក រ៉ុង ឈុន ចេញ​ពី​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​តំណាងរាស្ត្រ​។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​មួយ​នេះ នៅ​ប្រឈម​បញ្ហា​ធំ​មួយ​ទៀត​ជាមួយ គ..ប ដែល​អាច​ធ្វើ​ឱ្យ​បាត់បង់​ឱកាស​ចូលរួម​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​នេះ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​លើកឡើង​ថា ក្នុង​ចំណោម​ចំណុច​ខ្វះខាត​ចំនួន​៣ ដែល គ..ប អះអាង​ថា គណបក្ស​ភ្លើង​ទៀន មិន​ទាន់​បំពេញ​បាន​ត្រឹមត្រូវ​ស្របតាម​លក្ខខណ្ឌ​ក្នុង​ការ​ចុះបញ្ជី​គណបក្ស និង​បេក្ខជន​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃ​ទី​២៣​កក្កដា គឺ​គណបក្ស​បាន​ដោះស្រាយ​២​ចំណុច​ហើយ។

អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន​លោក គីមសួរ ភីរិទ្ធ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១០​ ឧសភា​ថា លោក​មិន​យល់​ពី​បំណង​របស់ គ..ប នៅ​ពេល​ស្ថាប័ន​នេះ បន្ត​ទាមទារ​ឱ្យ​គណបក្ស​ភ្លើង​ទៀន បំពេញ​ចំណុច​ខ្វះខាត​មួយ​ទៀត នោះ​គឺ​ត្រូវ​ទៅ​សុំ​ការ​បញ្ជាក់​ភាព​ស្របច្បាប់​បន្ថែម ពី​អាជ្ញាធរ​រាជធានី បើ​ទោះ​បី​ជា​ក្រសួង​មហា​ផ្ទៃ បាន​ចេញ​លិខិត​កាល​ពី​ថ្ងៃ​ទី​៥​ឧសភា ទទួល​ស្គាល់​ថា គណបក្ស​ភ្លើង​ទៀន ជា​គណបក្ស​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ទាមទារ​ពី​ដំបូង​របស់ គ..ប ដែល​តម្រូវ​ឱ្យ​គណបក្ស​ដាក់​ឯកសារ​ដើម​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ចុះ​ឈ្មោះ​ក្ដី។

លោក​ថា​៖​«​ព្រោះ​លិខិត​នោះ មិន​មែន​បញ្ជាក់​ពី​ភ្លើង​ទៀន​ទេ គឺ​បញ្ជាក់​ពី​ការ​ចុះ​បញ្ជី​ផ្លូវការ​ទទួល​ស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ របស់​គណបក្ស សម រង្ស៊ី។ ប៉ុន្តែ អា​រឿង​កែ​ឈ្មោះ​ពី សម រង្ស៊ី មក​ភ្លើង​ទៀន យើង​មាន​លិខិត​មួយ​ទៀត លេខ​២០២៤ យើង​បាន​បញ្ជាក់​ពី​ក្រសួង​មហាផ្ទៃ​ដែល​ចេញ​ឱ្យ​ដែរ​។ ហើយ​ថ្មី​ៗ នេះ ក្រសួង​ក៏​បាន​បញ្ជាក់​ហើយ​ដែរ គណបក្ស​ភ្លើង​ទៀន ជា​គណបក្ស​បាន​ចុះបញ្ជី​ផ្លូវការ​ហើយ​។ អ៊ីចឹង​! មិន​ដឹង​គាត់ ​(​..ប​) ចង់​បាន​អី​ទៀត»

 

ការ​លើកឡើង​ពី​មន្ត្រី​បក្ស​ប្រឆាំង​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​អគ្គ​លេខាធិការ​ គ..ប លោក ទេព នីថា ចេញ​លិខិត កាល​ពី​ថ្ងៃ​ទី​៩​ឧសភា តម្រូវ​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ត្រូវ​បំពេញ​ចំណុច​ខ្វះខាត​៣​ចំណុច ក្នុង​នោះ​ត្រូវ​ដាក់​សេចក្ដី​ចម្លង​លិខិត​បញ្ជាក់​ការ​ចុះ​បញ្ជី​គណបក្ស​នៅ​ក្រសួង​មហា​ផ្ទៃ ដែល​មាន​ការ​បញ្ជាក់​នីត្យានុកូលកម្ម​ឬ​ភាព​ស្រប​ច្បាប់​បន្ថែម ពី​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន​១​ច្បាប់​ទៀត​។ ចំណុច​ពីរ​ទៀត គឺ​ទាមទារ​ឱ្យ​ផ្លាស់ប្ដូរ​លោក រ៉ុង ឈុន ចេញ​ពី​បេក្ខជន​ឈរ​ឈ្មោះ និង​ត្រូវ​ដាក់​បង្កាន់​ដៃ​បង់​ប្រាក់​១៥​លាន​រៀល ដែល​ចេញ​ដោយ​នាយកដ្ឋាន​រតនាគារ​ជាតិ។

ប៉ុន្តែ​លោក គីមសួរ ភីរិទ្ធ បញ្ជាក់​ថា ច្បាប់​ស្ដីពី​ការ​បោះឆ្នោត មិន​បាន​ចែង​លម្អិត ដូច​នៅ​ក្នុង​សេចក្ដី​ណែនាំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឡើយ ដូច្នេះ សេចក្ដី​ណែនាំ​របស់ គ..ប គឺ​ខុស​ទៅ​នឹង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត ហើយ​វា​មិន​អាច​ធំ​ជាង​ច្បាប់​និង​នីតិវិធី​ឡើយ។

ទោះជាយ៉ាងណាក៏ដោយ លោក​លើកឡើង​ថា ចំណុច​ចំនួន​២ គណបក្ស​បាន​ដោះស្រាយ​តាម​ការ​ចង់​បាន​ពី គ..ប គឺ​ការ​ឱ្យ​តម្រូវ​ភ្ជាប់​នូវ​បង្កាន់​ដៃ​បង់​ប្រាក់​១៥​លាន​រៀល និង​ការ​តម្រូវ​ឱ្យ​ផ្លាស់ប្ដូរ​បេក្ខជន​។ លោក គីមសួរ ភីរិទ្ធ ថ្លែង​ថា អនុ​ប្រធាន​គណបក្ស​លោក រ៉ុង ឈុន សម្រេច​ឈប់​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ និង​ដាក់​លោក ចាន់ ចេង ប្រធាន​ក្រុម​ការងារ​គណបក្ស​ខេត្ត​កណ្ដាល ឱ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ​លេខ​រៀង​ទី​១​ជំនួស​លោក​វិញ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​លោក ហង្ស ពុទ្ធា ឆ្លើយតប​ថា គ..ប មិន​បាន​បង្ក​ភាព​ស្មុគស្មាញ​ដល់​គណបក្ស​ភ្លើង​ទៀន​ឡើយ ហើយ​លក្ខខណ្ឌ​តម្រូវ​នេះ បាន​អនុវត្ត​លើ​គណបក្ស​ទូទៅ​ទាំង​ជាង​២០ ដែល​បាន​សុំ​ចុះ​បញ្ជី​ចូលរួម​ការ​បោះឆ្នោត​ខាង​មុខ​។ លោក​បន្ត​ថា គណបក្ស​ភ្លើង​ទៀន គ្រាន់​តែ​យក​លិខិត​ចម្លង​ពី​ច្បាប់​ដើម​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ ទៅ​បញ្ជាក់​ភាព​ស្របច្បាប់​បន្ថែម​ពី​អាជ្ញាធរ​រាជធានី ប៉ុណ្ណោះ គឺ គ..ប អាច​ទទួល​យក​បាន​ហើយ។

លោក ហង្ស ពុទ្ធា ព្រមាន​ថា ប្រសិន​បើ​ក្នុង​រយៈពេល​៥​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៩​ឧសភា ដល់​ថ្ងៃ​ទី​១៤​ឧសភា គណបក្ស​ភ្លើង​ទៀន មិន​អាច​បំពេញ​ចំណុច​ខ្វះខាត​តាម​លក្ខខណ្ឌ​ទាមទារ នោះ គ..ប អាច​បដិសេធ​ការ​ចុះ​បញ្ជី​ចូលរួម​បោះឆ្នោត​ពី​គណបក្ស​នេះ។

លោក​ថា​៖​ «​បើ​សិន​ជា​រហូត​ដល់​៥​ថ្ងៃ​ហើយ គណបក្ស​មិន​អាច​បំពេញ​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន​បាន គ..ប នឹង​ធ្វើ​ការ​បដិសេធ​។ ប៉ុន្តែ​គណបក្ស​អាច​មាន​ហេតុផល​របស់​ខ្លួន ប្ដឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បន្ត​ទៀត យ៉ាង​យូរ​បំផុត នៅ​ពេល គ..ប ឆ្លើយ​ថា មិន​អាច​ទទួល​យក​ការ​បញ្ជី​បាន គឺ​យ៉ាង​យូរ​៥​ថ្ងៃ គាត់​ត្រូវ​ប្ដឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ»

ជុំវិញ​ការ​បដិសេធ​មិន​ឱ្យ​លោក រ៉ុង ឈុន ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​វិញ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ ក៏​បាន​ចេញ​លិខិត​មួយ​កាល​ពី​ថ្ងៃ​ទី​៨​ឧសភា ឆ្លើយតប​ទៅ​លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថា លោក រ៉ុង ឈុន ពុំ​ទាន់​មាន​នីតិសម្បទា​ឡើង​វិញ​ពេញ​លក្ខណៈ​ច្បាប់​ឡើយ ដរាបណា​លោក​មិន​ទាន់​ផុត​រយៈពេល​៥​ឆ្នាំ​គិត​ចាប់​តាំង​ពី​ការ​អនុវត្ត​ទោស​រួច។

លោក រ៉ុង ឈុន ត្រូវ​បាន​តុលាការ​ដោះលែង​ពី​ពន្ធនាគារ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០២១ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​ជាង​១៥​ខែ​តាម​ការ​កំណត់ ក្នុង​ការ​ផ្ដន្ទាទោស​ឱ្យ​លោក​ជាប់​ពន្ធនាគារ​២​ឆ្នាំ ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​នឹង​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​ជុំវិញ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម ប៉ុន្តែ​តុលាការ​បាន​សម្រេច​ព្យួរ​ទោស​លោក​ដែល​នៅ​សល់​កំណត់​ចំនួន​៣​ឆ្នាំ​ទៀត។ ទោះជាយ៉ាងណាក៏ដោយ អង្គការ​សិទ្ធិមនុស្ស​ជាតិ​និង​អន្តរជាតិ ចាត់​ទុក​ការ​ឃុំ​ខ្លួន​លោក រ៉ុង ឈុន ថា​ជា​រឿង​អយុត្តិធម៌ គ្មាន​មូលដ្ឋាន​ច្បាប់ និង​ដើម្បី​បំបាក់​ស្មារតី​សំឡេង​រិះគន់​ប៉ុណ្ណោះ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​(​Adhoc)​ លោក នី សុខា លើកឡើង​ថា អ្វី​ដែល​លោក រ៉ុង ឈុន លើកឡើង​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កន្លង​ទៅ វា​គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ ដែល​ត្រូវ​ឈឺឆ្អាល​ចូលរួម​ចំណែក​ការពារ​ប្រទេស​ជាតិ​របស់​ខ្លួន ស្រប​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ និង​មិន​គួរ​មាន​ការ​ចាប់ចង​លោក រហូត​ធ្វើ​ឱ្យ​ប៉ះពាល់​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ខាង​នយោបាយ​របស់​លោក​នៅ​ពេល​នេះ​ទេ​។ ប៉ុន្តែ​លោក​បញ្ជាក់​ថា នៅ​ក្នុង​សាលក្រម​របស់​តុលាការ ដែល​ផ្ដន្ទាទោស​លើ​លោក រ៉ុង ឈុន ពាក់ព័ន្ធ​នឹង​ការ​សម្ដែង​មតិ​ពី​បញ្ហា​ព្រំដែន​នោះ មិន​បាន​ភ្ជាប់​លក្ខខណ្ឌ​ណា​មួយ មិន​ឱ្យ​លោក​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត ដូច​ជា​ករណី​តុលាការ​ដែល​បាន​ភ្ជាប់​លក្ខខណ្ឌ​រឹតត្បិត​សិទ្ធិ​សេរីភាព​ខាង​នយោបាយ​លើ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ។

លោក​ថា​៖​ «​ការ​ប្រកួតប្រជែង​នយោបាយ វា​ត្រូវ​បើក​លទ្ធភាព​ឱ្យ អ្នក​នយោបាយ​ទាំង​អស់ មាន​សេរីភាព​ឱ្យ​បាន​ពេញលេញ ឱ្យ​បាន​ស្មើ​ភាព​គ្នា ក្នុង​ការ​ធ្វើ​នយោបាយ ចៀសវាង​កុំ​ឱ្យ​មាន​ការ​ដាក់​សម្ពាធ ឬ​ក៏​ការ​ដាក់​ឱ្យ​ជាប់​បម្រាម ឬ​ក៏​លក្ខខណ្ឌ​ណា​មួយ​ទៅ​ដល់​អ្នក​នយោបាយ​។ វា​អាច​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់ ទៅ​ដល់​លំហ​សេរីភាព ក្នុង​ការ​ធ្វើ​នយោបាយ មិន​បាន​ពេញលេញ​ហើយ​មិន​សមភាព​គ្នា រវាង​គណបក្ស​នយោបាយ​មួយ​ទៅ​គណបក្ស​នយោបាយ​មួយ អា​នេះ​ជា​ការ​ព្រួយ​បារម្ភ​របស់​យើង»

លោក រ៉ុន ឈុន ចាត់​ទុក​ការ​តម្រូវ​ពី គ..ប ឱ្យ​ដក​ឈ្មោះ​ចេញ​ពី​បេក្ខជន​ឈ្មោះ​តំណាងរាស្ត្រ ថា​ជា​ការ​អនុវត្ត​ខុស​ពី​រដ្ឋធម្មនុញ្ញ ដោយ​លោក​សំអាង​ថា លោក​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​របស់ គ..ប និង​ធ្លាប់​បាន​បោះឆ្នោត​ឃុំ សង្កាត់​កាល​ពី​ខែ​មិថុនា​ឆ្នាំ២០២២។ ដូច្នេះ តាម​រដ្ឋធម្មនុញ្ញ នៅ​ពេល​លោក​មាន​សិទ្ធិ​បោះឆ្នោត លោក​ក៏​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​វិញ​ដែរ។

កាល​ពី​ថ្ងៃ​ទី៩ ឧសភា លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​សារ​ជំរុញ​សហគមន៍​អន្តរជាតិ មិន​ត្រូវ​ទទួល​ស្គាល់​ការ​បោះឆ្នោត​ដ៏​អាក្រក់​បំផុត​នៅ​កម្ពុជា​ខាង​មុខ​នេះ​ទេ ហើយ​ក៏​មិន​ត្រូវ​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី ដែល​កើត​ចេញ​មក​ពី​ការ​បោះឆ្នោត​ក្លែងក្លាយ​នោះ​ដែរ​។ លោក​បញ្ជាក់​ថា ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៧ ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ នឹង​មាន​ការ​ក្លែងបន្លំ​ដូច​រាល់​ដង ព្រោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ធានា​ពី​ជ័យជំនះ​ដោយ​គ្មាន​ហានិភ័យ​សម្រាប់​លោក ហ៊ុន សែន៕

 

1 comment:

Anonymous said...

Samdach PORNG Hun Sen is afraid of everything that moves.