2023.05.28
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់មរតកនយោបាយកំសាកដល់ទាយាទស្នងតំណែងរបស់ គឺលោក ហ៊ុន ម៉ាណែត ជាបន្តបន្ទាប់ ដោយរៀបចំមិនឱ្យមានគូប្រកួតប្រជែងណាមួយអាចតតាំងជាមួយលោក ហ៊ុន ម៉ាណែត បានទេ ទាំងការប្រកួតផ្ទៃក្នុងបក្ស និងនៅក្រៅបក្ស។ អ្នកវិភាគរិះគន់ថា ការត្រួសត្រាយផ្លូវនយោបាយរបស់លោក ហ៊ុន សែន ឱ្យកូនប្រុសរបស់លោកបែបនេះ មិនបានធ្វើឱ្យលោក ហ៊ុន ម៉ាណែត អាចជាក្លាយជាមេដឹកនាំរឹងមាំបានទេ ហើយលោក ហ៊ុន ម៉ាណែត អាចបរាជ័យនៅពេលគ្មានឪពុករបស់ខ្លួនចាំជួយនៅពីក្រោយ។
ក្រុមអ្នកវិភាគនយោបាយលើកឡើងថា លោក ហ៊ុន សែន កំពុងប្រើប្រាស់អំណាច ឬឥទ្ធិពលរបស់ខ្លួន បិទមិនឱ្យមានគណបក្សនយោបាយ ណាមួយអាចប្រកួតប្រជែងជាមួយលោក ហ៊ុន ម៉ាណែត បានទេ។ ការលើកឡើងដូច្នេះ ក្រោយពេលគណបក្សភ្លើងទៀន ដែលជាគូប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា បានត្រូវរបបលោក ហ៊ុន សែន រារាំងមិនចូលរួមការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ខាងមុខបានឡើយ។
អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា ផែនការផ្ទេរអំណាចដែលលោក ហ៊ុន សែន កំពុងត្រួសត្រាយផ្លូវឱ្យកូនប្រុសរបស់ខ្លួនពេលនេះ គឺមិនបានធ្វើឱ្យលោក ហ៊ុន ម៉ាណែត ក្លាយជាមនុស្សរឹងមាំទេ ហើយមិនអាចដឹកនាំប្រទេសឱ្យរីកចម្រើនបានដែរ។ អ្នកវិភាគរូបនេះយល់ថា លោក ហ៊ុន ម៉ាណែត ដែលទទួលបានមរតកនយោបាយ ពីឪពុកបែបនេះ គឺជាមរតកនយោបាយកំសាក នឹងអាចឱ្យមានការបែកបាក់ជាតិកាន់តែធ្ងន់ធ្ងរនៅពេលខាងមុខ។
លោក គឹម សុខ៖ «គាត់ដឹងថា កូនគាត់មានតែសញ្ញាបត្រទេ គ្មានសមត្ថភាពនយោបាយក្នុងការទប់ស្ថានការណ៍ដ៏ច្របូកច្របល់ឡើយអ៊ីចឹងហើយមុនពេលលោក ហ៊ុន សែន រៀបចំផែនការផ្ទេរទៅឱ្យកូនប្រុសរបស់គាត់គាត់ព្យាយាមកម្ទេចកម្លាំងទាំងអស់ដែលគាត់មើលឃើញថា ខ្លាំងទាំងកម្លាំងនៅក្នុងផ្ទៃក្នុងគណបក្សប្រជាជន ដូចយុទ្ធសាស្ត្រដែលគាត់ប្រកាសអ៊ីចឹង ងើបមួយវាយមួយមានន័យថា កុំថាឡើយគណបក្សសង្គ្រោះជាតិដ៏ធំគណបក្សភ្លើងទៀនមកទៀតក៏គាត់កម្ទេចទៀត»។
ទាក់ទងរឿងនេះដែរ អ្នកសិក្សាការអភិវឌ្ឍសង្គមបណ្ឌិត សេង សារី សង្កេតឃើញថា របៀបផ្ទេរមរតកនយោបាយពីឪពុកទៅកូន ដែលលោក ហ៊ុន សែន កំពុងតែធ្វើនេះច្រើនតែកើតឡើងក្នុងប្រទេសដែលដឹកនាំដោយជនផ្ដាច់ការ ប៉ុណ្ណោះ ប៉ុន្តែពេលនេះបែរជាកើតមាននៅប្រទេសកម្ពុជាដែលជាប្រទេសប្រជាធិបតេយ្យ។ លោក សេង សារី យល់ថា ការខិតខំរបស់លោក ហ៊ុន សែន បែបនេះព្រោះលោក ហ៊ុន សែន ស្រលាញ់កូនជ្រុលពេក ទើបធ្វើឱ្យលោក ហ៊ុន សែន ហ៊ានវាតទីនយោបាយទាំងបំពានដើម្បីក្រាលព្រំក្រហមឱ្យកូនរបស់ខ្លួនដើរ។
បណ្ឌិត សេង សារី៖ «គេហៅថា ក្រាលព្រំនៅលើសង្វៀននយោបាយដើម្បីឱ្យកូនដើរចូលប្រកួតដោយឡែកផ្ទុយពីអ្នកដែលចង់ចូលប្រកួតជាមួយនឹងកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ្នឹងផ្លូវសុទ្ធតែបន្លាសុទ្ធតែអំបែងដបអ្វីដែលជាការផ្ទេរមរតកនយោបាយពីឪពុកទៅកូននេះ គឺជាកំហុសដែលខ្ញុំសង្កេតឃើញថា ដែលគិតអំណាចនយោបាយឬក៏តួនាទីនយោបាយគឺជាមរតកផ្ទាល់ខ្លួនឬក៏មរតកគ្រួសារ ហើយជនផ្ដាច់ការ ឬជនអាត្មានិយមតែងតែគិតថា អំណាចនយោបាយឬក៏តួនាទីនយោបាយគឺជាមរតកផ្ទាល់ខ្លួននិងមរតកគ្រួសារ ប៉ុន្តែតែងតែបរាជ័យនៅក្នុងជំនាន់កូនរបស់ខ្លួនហ្នឹងឯង»។
បេក្ខជននាយករដ្ឋមន្ត្រីអនាគតរបស់គណបក្សប្រជាជនកម្ពុជា គឺលោក ហ៊ុន ម៉ាណែត ដែលមានឪពុករបស់ខ្លួនចាំជួយពីក្រោយ តែងទទួលជោគជ័យដោយគ្មានគូប្រកួតប្រជែង ស្ទើរគ្រប់សមរភូមិសំខាន់ៗ។ កាលពីខែធ្នូ ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសរើស លោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីអនាគតរបស់គណបក្សនេះ ដោយលោក ហ៊ុន សែន បានរៀបចំមិនឱ្យមានអ្នកណាម្នាក់មានឈ្មោះជាគូចូលរួមប្រកួតប្រជែងជាមួយ ហ៊ុន ម៉ាណែត ទេ។ មិនត្រឹមប៉ុណ្ណោះ ការបោះឆ្នោត ផ្ទៃក្នុងបក្សនោះទៀតសោត គឺជាបោះឆ្នោតដោយការលើកដៃ ដូច្នេះទោះចង់មិនចង់ តើមន្ត្រីក្នុងបក្សកាន់អំណាចនេះ ត្រូវបង្ខំចិត្តលើកដៃគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត។ ក្រោយឈ្នះការប្រកួតក្នុងបក្សរួចហើយ នៅឆ្នាំ២០២៣ នេះគឺជាការប្រកួតក្រៅបក្សវិញម្ដង រវៀងគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន។ ការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ លោក ហ៊ុន សែន បានដាក់ឱ្យលោក ហ៊ុន ម៉ាណែត ឈរជាបេក្ខជនលេខរៀងទី១ នៅមណ្ឌលភ្នំពេញ។ ទោះយ៉ាងណា មុនរយៈពេល២ខែនៃការប្រកួតមកដល់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ដែលស្ថិតក្នុងឥទ្ធិពលរបស់លោក ហ៊ុន សែន សម្រេចបិទផ្លូវមិនឱ្យគណបក្សភ្លើងទៀន អាចចូលរួមបោះឆ្នោតនេះបានទេ ដោយចោទប្រកាន់ថា គណបក្សភ្លើងទៀនគ្មានឯកសារច្បាប់ដើមនៃការចុះបញ្ជីគណបក្ស ឬលោក ហ៊ុន សែន ហៅថា សំបុត្រកំណើតនោះ។
ក្រុមអ្នកវិភាគនយោបាយលើកឡើងដូច្នេះ ខណៈលោក ហ៊ុន សែន កំពុងព្យាយាមឡង់សេ លោក ហ៊ុន ម៉ាណែត ដោយអនុញ្ញាតឱ្យលោក ហ៊ុន ម៉ាណែត ចុះជួបពលរដ្ឋ និងអ្នកជំនួញ នៅតាមវេទិកានានាស្ទើររាល់ថ្ងៃ។ ទោះយ៉ាងណា លោក ហ៊ុន ម៉ាណែត ហាក់គ្មានថ្វីមាត់ដូចឪពុករបស់លោក ឬអ្នកនយោបាយជើងចាស់មួយចំនួនទៀតនោះទេ។
ពេលថ្លែងសារនយោបាយម្ដងៗ លោក ហ៊ុន ម៉ាណែត មិនហ៊ានឱ្យគេផ្សាយផ្ទាល់នូវសំដីទាំងស្រុងរបស់លោកទេ គឺត្រឹមកាត់វីដេអូខ្លីៗ ពីរបីនាទី ឬច្រើនបំផុតជាង១០នាទី យកមកបង្ហោះតាមទំព័រហ្វេសប៊ុកប៉ុណ្ណោះ។ ភាគច្រើននៃវីដេអូនោះ លោក ហ៊ុន ម៉ាណែត មិនបានបង្ហាញទស្សនៈថ្មីគួរឱ្យកត់សម្គាល់ឡើយ តែលោកបានត្រឹមអួតសរសើរស្នាដៃនៃការដឹកនាំប្រទេសឪពុករបស់ខ្លួនប៉ុណ្ណោះ។
លោក ហ៊ុន ម៉ាណែត៖ «ឯកឧត្តមមើលឡានងាកទៅខាងនោះស្ទះចរាចរណ៍ឡានជិះដោយគ្មានការភិតភ័យហ្នឹង ហើយកេរដំណែលរបស់សម្ដេចតេជោគឺសុខសន្តិភាពដែលឯកឧត្តម អង្គុយរាល់ថ្ងៃនេះក៏អត់ចាប់អារម្មណ៍ផង ប៉ុន្តែហ្នឹងហើយកេរដំណែលរបស់សម្ដេចតេជោ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា ជារឿងធម្មតាទេ ដែលអ្នករិះគន់គណបក្សកាន់អំណាច មើលមិនឃើញចំណុចខ្លាំងរបស់លោក ហ៊ុន ម៉ាណែត។ លោក សុខ ឥសាន អះអាងទៀតថា ការដែលលោក ហ៊ុន ម៉ាណែត គ្មានគូប្រកួតប្រជែងក្នុងបក្ស កន្លងមក ព្រោះសមាជិកគណៈកម្មាធិការកណ្ដាលរបស់គណបក្សនេះជាង៨០០នាក់ បានព្រមព្រៀងគ្នារួចហើយថា យកលោក ហ៊ុន ម៉ាណែត តែម្នាក់ជាបេក្ខជននាយករដ្ឋមន្ត្រីអនាគតរបស់គណបក្សប្រជាជនកម្ពុជា។ លោកបន្តទៀតថា ចំពោះអវត្តមានគណបក្សភ្លើងទៀន ដែលមិនអាចចូលរួមការបោះឆ្នោតនាពេលខាងមុខគឺ លោក ហ៊ុន ម៉ាណែត គ្មានសិទ្ធិឬតួនាទីរារាំងគណបក្សនេះទេ ប៉ុន្តែមកពីគណបក្សភ្លើងទៀន ខ្វះឯកសារបំពេញបែបបទនៅគ.ជ.ប ដោយខ្លួនឯង។
លោក សុខ ឥសាន៖ «អ្នកដែលប្រឆាំងមិនដែលនិយាយល្អពីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាឬក៏បេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាទេ មិនបាច់ឆ្ងល់ហើយក៏មិនបាច់បកស្រាយច្រើនដែរ»។
ពាក់ព័ន្ធរឿងលោក ហ៊ុន ម៉ាណែត នេះដែរ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី លើកឡើងក្នុងវេទិកាវិទ្យុអាស៊ីសេរី កាលពីយប់ទី២៦ ឧសភា ថា លោក ហ៊ុន ម៉ាណែត គ្មានសមត្ថភាពឡើងកាន់អំណាចដោយការប្រើសមត្ថភាពរបស់ខ្លួនទេ តែត្រឹមអាចឡើងកាន់អំណាចតោងតាមជើងខោឪពុករបស់ខ្លួនប៉ុណ្ណោះ។ លោក សម រង្ស៊ី ព្រមានថា គណបក្សកាន់អំណាចនឹងជួបគ្រោះធំ នៅពេលលោក ហ៊ុន ម៉ាណែត ដឹកនាំប្រទេស ហើយពេលនោះក៏ជាឱកាសដែលលោកអាចវិលចូលស្រុកវិញផងដែរ។
លោក សម រង្ស៊ី៖ «អ៊ីចឹង ហ៊ុន ម៉ាណែត គាត់អន់តាំងពីដើមទី គាត់អត់មានមូលដ្ឋានច្បាប់ គ្មានការបោះឆ្នោតជាមូលដ្ឋានផ្ដល់ភាពស្របច្បាប់ឱ្យគាត់ វាអត់កូនគាត់មិនអាចឈរជាប់ទេ ពីព្រោះមូលដ្ឋានគាត់ឈរការបោះឆ្នោតក្លែងក្លាយខ្សោយ»។
តាមរយៈការជួយជ្រោមជ្រែងពីលោក ហ៊ុន សែន ដែលជាឪពុកជាច្រើនឆ្នាំមក ធ្វើឱ្យលោក ហ៊ុន ម៉ាណែត ដែលមានវ័យត្រឹម៤៥ ឆ្នាំ មានសញ្ញាបត្រពីសាលាបណ្ឌិតសភាយោធាអាមេរិក (West Point) របស់សហរដ្ឋអាមេរិកនិង សញ្ញាបត្របណ្ឌិតសេដ្ឋកិច្ចពីប្រទេសអង់គ្លេសផងដែរ កំពុងក្ដោបក្ដាប់តំណែង គ្រាក់ៗនៅក្នុងជួរកងទ័ព និងក្នុងជួរបក្ស។ លោកគឺជានាយឧត្តមសេនីយ៍ផ្កាយ៤ កាន់តួនាទីជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងកងអង្គរក្សលោក ហ៊ុន សែន។ រីឯក្នុងជួរបក្ស លោក ហ៊ុន ម៉ាណែត ជា ប្រធានចលនាយុវជន និងជាសមាជិកគណៈអចិន្ត្រៃយ៍ ស្ថិតក្នុងចំណោមមនុស្ស ៣៤នាក់ ដែលជាក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សកាន់អំណាច ហើយពេលនេះលោកបានក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់គណបក្សប្រជាជនកម្ពុជាថែមទៀត។ ទោះបីលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីមែនពិត ប៉ុន្តែ លោក ហ៊ុន សែន មិនទាន់ជឿជាក់សមត្ថភាពកូនរបស់លោកនៅឡើយទេ គឺលោក ហ៊ុន សែន បន្តឃោសនាសម្រាប់គណបក្សហើយផ្ទេរអំណាចឱ្យកូនលោកនៅពេលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតតែប៉ុណ្ណោះ៕
No comments:
Post a Comment