2023.05.28
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករលោក ថេង សាវឿន និងសហការីរបស់លោកពីរនាក់ទៀតគឺឈ្មោះ ញ៉ិល ភាព និង ឈ្មោះថាន់ ហាច បានសរសេរលិខិតដោយដៃរួមគ្នាសុំទោស លោក ហ៊ុន សែន និងលោក ស ខេង ព្រមទាំងទទួលកំហុសដូចការចោទប្រកាន់ពីសមត្ថកិច្ចដើម្បីជាថ្នូររួចពីការឃុំខ្លួន។
ក្រៅពីលិខិតក៏មានរូបភាពជាវីដេអូថ្លែងសុំទោសដូចគ្នាដែរ ដែលលិខិត និងវីដេអូជិត៣នាទីនោះលោក ថេង សាវឿន ថ្លែងចេញកន្លែងពន្ធនាគារខេត្តរតនគិរី ហើយប្រព័ន្ធឃោសនារបស់លោកហ៊ុន សែន គឺអង្គភាពសារព័ត៌មាន ហ្វ្រេសញូវ (Fresh News) យកមកផ្សព្វផ្សាយនៅយប់ថ្ងៃទី២៧ ឧសភា។
ក្នុងលិខិតនិងវីដេអូសុំទោសនោះលោក ថេង សាវឿន បានអះអាងថា កន្លងទៅលោកបានជឿតាមការចង្អុលរបស់បរទេសមួយចំនួននិងក្រុមនយោបាយប្រឆាំងមួយចំនួនក្នុងរូបភាពញុះញង់បង្កចលាចលធ្វើឲ្យបាត់បង់ និងប៉ះពាល់សណ្ដាប់ធ្នាប់សង្គម និងសាធារណៈប្រមូលផ្ដុំសមាជិកក្នុងគោលបំណងផ្ដួលរលំរដ្ឋាភិបាលដោយមិនដឹងខ្លួន។
ការសុំទោសនេះធ្វើឡើងភ្លាមៗក្រោយពីលោក ហ៊ុន សែន ថ្លែងចោទប្រកាន់មកលើប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន ថា បង្កើតបដិវត្តន៍កសិករដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់លោក។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) នៅថ្ងៃទី២៧ ឧសភា លោក ហ៊ុន សែន បានគំរាមថា លោកនឹងមិនលើកលែងដាច់ខាតចំពោះបុគ្គល ឬក្រុមណាដែលមានបំណងធ្វើបដិវត្តដើម្បីដណ្ដើមអំណាចរបស់លោក។
គណបក្សប្រឆាំង និងសង្គមស៊ីវិល សង្កេតឃើញថា ការដែលមន្ត្រីបក្សប្រឆាំងនិងសង្គមស៊ីវិលដែលកំពុងជាប់ឃុំខ្លួននៅពន្ធនាគារប្រកាសចុះចូលជាមួយបក្សកាន់អំណាច និងព្រមសារភាពកំហុសទាំងខ្លួនគ្មានកំហុសសោះនោះ ដោយសារស្ថានភាពនយោបាយតានតឹងខ្លាំង និងមានការគំរាមកំហែងព្រមទាំងមានការដាក់សំពាធធ្ងន់ធ្ងរដល់ក្រុមគ្រួសាររបស់ពួកគេថែមទៀតផង។
សមត្ថកិច្ចខេត្តក្រចេះ បានឃាត់ខ្លួនលោក ថេង សាវឿន ជាមួយបុគ្គលិក របស់លោករាប់សិបនាក់ទៀត ក្នុងពេលធ្វើដំណើរទៅភ្នំពេញ កាលពីថ្ងៃ១៧ ឧសភា ក្រោយចូលរួមកម្មវិធីនៅឯខេត្តរតនគិរី៕
1 comment:
Under Samdach PORNG Hun Sen, Khmer nationalists became Khmer traitors and vice versa.
Post a Comment