Thursday, 22 June 2023

កម្ពុជា គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​ពង្រីក​មូលដ្ឋាន​ទ័ព និង​បណ្ដាញ​គាំទ្រ​ភស្តុភារ​របស់​យោធា​ចិន​នៅ​លើ​ពិភពលោក


ដោយ មាន ឫទ្ធិ
2023.06.21
 
កម្ពុជា គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​ពង្រីក​មូលដ្ឋាន​ទ័ព និង​បណ្ដាញ​គាំទ្រ​ភស្តុភារ​របស់​យោធា​ចិន​នៅ​លើ​ពិភពលោក  
(រូបឯកសារ) នាវាកងទ័ព​ជើង​ទឹក​កម្ពុជា និង​នាវាចិន (ធំ) នៅ​កំពង់ផែ​រាម កាល​ពី​ពេល​បើក​ការដ្ឋាន​សាងសង់​រោង​ជាង​ជួសជុល​នាវា​ផែសំចត និង​ស្ដារ​ឃ្លង ក្នុង​មជ្ឈមណ្ឌល​ទំនើបកម្ម​មូលដ្ឋានសមុទ្ររាម ក្រោម​ជំនួយ​របស់​ចិន កាល​ពី​ថ្ងៃ​ទី៨ ខែមិថុនា ឆ្នាំ២០២២។
 
រូប៖ ហ្វេសប៊ុកលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ
 
 

កម្ពុជា​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​ពង្រីក​មូលដ្ឋាន​ទ័ព និង​បណ្ដាញ​គាំទ្រ​ភស្តុភារ​របស់​យោធា​ចិន​នៅ​លើ​ពិភពលោក។ នេះ​បើ​យោង​តាម​ការ​បន្ត​លាតត្រដាង​ឱ្យ​ដឹង​របស់​កាសែត​អាមេរិក ស្រប​ពេល​ដែល​កម្ពុជា​កំពុង​អនុញ្ញាត​ឱ្យ​ចិន​អភិវឌ្ឍន៍​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​ក្នុង​ខេត្តព្រះសីហនុ ក្រោម​ហេតុផល​ថា​ដើម្បី​ធ្វើ​«ទំនើបកម្ម»​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន ។

រឿងរ៉ាវ​កម្ពុជា​ឱ្យ​ចិន​អភិវឌ្ឍន៍​កំពង់ផែ​រាម​នៅ​មិន​ទាន់​ដាច់​ស្រឡះ​នៅ​ឡើយ​ទេ ខណៈ​កាសែត​បរទេស​បន្ត​លាតត្រដាង​ពី​មហិច្ឆតា​ពង្រីក​មូលដ្ឋាន​ទ័ព​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​លើ​ពិភពលោក។ និន្នាការ​នេះ​កំពុង​បង្ក​ឱ្យ​មាន​ក្តី​ព្រួយ​បារម្ភ​ក្នុងចំណោម​ក្រុម​ប្រទេស​លោក​ខាង​លិច ជាពិសេស​សហរដ្ឋអាមេរិក។

«គម្រោង១៤១» Project 141 គឺជា​ផែនការ​សម្ងាត់​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) ដើម្បី​ពង្រីក​មូលដ្ឋាន​ទ័ព និង​បណ្ដាញ​គាំទ្រ​ភស្តុភារ​យោធា​របស់​ចិន​នៅ​លើ​ពិភពលោក។ នេះ​បើ​យោង​តាម​ការ​លាត​ត្រដាង​ឱ្យ​ដឹង​ចុងក្រោយ​របស់​កាសែត​ល្បីឈ្មោះ​របស់​អាមេរិក ឌឹ វ៉លស្ទ្រីត ជ័រណល (The Wall Street Journal)។ កាសែត​នេះ រាយការណ៍​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី២០ មិថុនា​ថា កម្ពុជា​គឺជា​ផ្នែក​មួយ នៃ «គម្រោង១៤១» ដែល​ត្រូវ​បាន​កងទ័ព​រំដោះ​ប្រជាជន​ចិន​ជ្រើសរើស​យក​តាមរយៈ​កិច្ចព្រមព្រៀង​យោធា​សម្ងាត់​ដើម្បី​បង្កើត​ជា​ប៉ុស្តិ៍​ជួរមុខ​សម្រាប់​បម្រើ​ឱ្យ​កងទ័ព​ជើងទឹក​របស់​ខ្លួន។

 

វិទ្យុអាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​ការ​បន្ត​លាតត្រដាង​របស់​កាសែត​អាមេរិក​នេះ​នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី២១ ខែមិថុនា។

ទោះ​យ៉ាង​ណា​ក្ដី នៅ​ចំពោះ​មុខ​ក្រុម​មេ​ដឹកនាំ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​មកពី​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) នៅ​ឯ​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី២០ ឬ​ហៅ​ថា​កិច្ចសន្ទនា​សាំងហ្គ្រីឡា (Shangri-La Dialogue) ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​សិង្ហបុរី (Singapore) កាលពី​ថ្ងៃ​ទី៤ ខែមិថុនា ប្រមុខ​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ថ្លែង​អះអាង​សាជាថ្មី​បញ្ជាក់​អំពី​រឿង​ធានា​តម្លាភាព​នៃ​ការ​អភិវឌ្ឍ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម។

លោក ទៀ បាញ់៖ «កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​កំពង់ផែ​កងទ័ព​ជើង​ទឹករាម​នេះ។ ប្រាកដ​ណាស់ យើង​នឹង​ផ្ដល់​នូវ​តម្លាភាព​អំពី​សកម្មភាព​របស់​យើង​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ការ​យល់​ខុស។ ក្នុង​ន័យ​នេះ កម្ពុជា​បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា យើង​គោរព​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​របស់​យើង។ ទន្ទឹម​គ្នា​នេះ គេ​គ្រប់​គ្នា ក៏​គួរ​យល់​អំពី​តម្រូវការ​របស់​ប្រទេស​នីមួយៗ ដូចជា​ភាព​ចាំបាច់​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​វិស័យ​យោធា ដើម្បី​បម្រើ​ឱ្យ​ផលប្រយោជន៍​របស់​ខ្លួន ព្រមទាំង​ដើម្បី​អាច​ចូលរួម​ក្នុង​ការ​លើកកម្ពស់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​ផង​ដែរ»

កាលនោះ លោក ទៀ បាញ់ មិនបាន​ពន្យល់​លម្អិត​ថា តើ​តម្លាភាព​ដែល​កម្ពុជា​ធានា​អះអាង​ជុំវិញ​រឿង​អភិវឌ្ឍ​កំពង់ផែ​រាម​នេះ​ធ្វើឡើង​ជា​លក្ខណៈ​បែប​ណា​ឡើយ។ លោក​គ្រាន់តែ​គូស​បញ្ជាក់​ថា ការអភិវឌ្ឍ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​នេះ​នឹង​មិន​បង្ក​ការ​ប៉ះពាល់​ដល់​សន្តិសុខ​ក្នុង​តំបន់​ឡើយ និង​ថា​កម្ពុជា​ត្រូវការ​មាន​មូលដ្ឋាន​សមស្រប​មួយ​ដើម្បី​មាន​ឱកាស​អភិវឌ្ឍ​កងទ័ព​ជើងទឹក​របស់​ខ្លួន​ដែល​លោក​ថា ដើម្បី «ការពារ​អធិបតេយ្យ» របស់​ខ្លួន។

គិត​ត្រឹម​​ខែមិថុនា ឆ្នាំ២០២៣ នេះ កម្ពុជា​អនុញ្ញាត​ឱ្យ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ធ្វើ​ទំនើបកម្ម​កំពង់ផែ​កងទ័ព​ជើងទឹក​រាម បាន ១ឆ្នាំ​គត់។ គម្រោង​នេះ បាន​ចាប់​ផ្ដើម​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី៨ ខែមិថុនា ឆ្នាំ២០២២ ហើយ​គ្រោង​នឹង​បិទ​បញ្ចប់​ទៅវិញ​នៅ​ឆ្នាំ២០២៤ ខាងមុខ។ ទាំង​ភាគី​កម្ពុជា និង​ទាំង​ភាគី​ចិន​ពុំបាន​លាតត្រដាង​ឱ្យ​ដឹង​ពី​ចំនួន​ទឹកប្រាក់​ជាក់លាក់​នៃ​ជំនួយ​យោធា​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន​សម្រាប់​គម្រោង​នេះ​ឡើយ។ តាម​ផែនការ គម្រោង​នេះ​មាន​ដូចជា​ការសាងសង់​រោងជាង​ជួសជុល​នាវា ផែសំចត និង​ស្តា​ឃ្លង ជាដើម។

មន្ត្រីកំពូលៗ របស់​អាមេរិក​ កាលពី​ឆ្នាំ២០២២ រាប់​ចាប់​តាំង​ពី​រដ្ឋមន្ត្រី​ការបរទេស លោក អេនថូនី ប៊្លីងឃិន (Anthony Blinken) រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក ឡូយ អូស្ទីន (Lloyd Austin) និង​ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន (Joe Biden) សុទ្ធតែ​បាន​លើកឡើង​ពី​ក្តី​បារម្ភ​ជុំវិញ​​ស្ថានភាព​នៅ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម​នេះ ដែល​អាច​ប៉ះពាល់​ដល់​ស្ថិរភាព​ក្នុង​តំបន់ និង​ផលប្រយោជន៍​សន្តិសុខ​របស់​អាមេរិក។ ពួកគេ​បាន​គូស​បញ្ជាក់​ពី​សារសំខាន់​ដែល​កម្ពុជា​ត្រូវ​បង្ហាញ​តម្លាភាព​ពេញលេញ​អំពី​សកម្មភាព​របស់​យោធា​ចិន​នៅ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម និង​ជំរុញ​ឱ្យ​កម្ពុជា​ចាត់​នូវ​វិធានការ​នានា​ក្នុង​ការ​ការពារ​អធិបតេយ្យ​របស់​ខ្លួន។

សេចក្ដីរាយការណ៍​របស់​កាសែត​អាមេរិកាំង The Washington Post កាលពី​ដើម​ខែមិថុនា ឆ្នាំ២០២២ បាន​ស្រង់​សម្ដី​មន្ត្រី​យោធា​ប៉េកាំង (Beijing) មួយ​រូប ដែល​បាន​ទម្លាយ​ថា «ផ្នែក​មួយ​នៃ​កំពង់ផែ​នេះ» ស្ថិតនៅ​ភាគ​ខាង​ជើង នឹង​ត្រូវ​បាន​ប្រើប្រាស់ «ផ្ដាច់មុខ»ដោយ​យោធា​ចិន។ កាលពី​ខែកក្កដា ឆ្នាំ២០១៩ កាសែត ឌឹ វ៉លស្ទ្រីត ជ័រណល (The Wall Street Journal) បាន​ទម្លាយ​ព័ត៌មាន​មុនគេ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​លួច​ចុះ​កិច្ចព្រមព្រៀង​សម្ងាត់​ជាមួយ​សាធារណរដ្ឋ​ចិន ដែល​អនុញ្ញាត​ឱ្យ​កងទ័ព​ប្រទេស​នេះ​អាច​ប្រើប្រាស់​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម​ផ្ដាច់មុខ​រហូត​ដល់​ទៅ ៣០ឆ្នាំ ហើយ​កិច្ចព្រមព្រៀង​នេះ​អាច​បន្ត​រៀងរាល់ ១០ឆ្នាំ​ម្ដង។ ក៏ប៉ុន្តែ ទាំង​ភាគី​កម្ពុជា និង​ទាំង​ភាគី​ចិន សុទ្ធតែ​បាន​បដិសេធ​សេចក្ដីរាយការណ៍​ទាំងនេះ​ថា​ជា​ព័ត៌មាន​មិន​ពិត។

បើ​តាម​កាសែត​អាមេរិក​ដដែល​នេះ ក្រៅពី​កម្ពុជា ចិន​ក៏​មាន​មហិច្ឆតា​ចង់​អភិវឌ្ឍ​កំពង់ផែ​នៅ​ប្រទេស​អេមីរ៉ាត់ អារ៉ាប់​រួម (UAE) ហើយ​ចុងក្រោយ​នេះ​ចិន​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​គុយបា (Cuba) ដើម្បី​បង្កើត​បរិវេណ​បណ្ដុះបណ្ដាល​យោធា​រួមគ្នា​មួយ​នៅ​លើ​ដែន​កោះ​នៃ​ប្រទេស​នេះ​ដែល​មាន​ចំណាយ​ប្រមាណ​តែ​ជាង ១៥០គីឡូម៉ែត្រ​ពី​ឆ្នេរ​នៃ​រដ្ឋហ្វ្លរីដា (Florida) របស់​អាមេរិក។ ព័ត៌មាន​នេះ​កំពុង​ធ្វើ​ឱ្យ​អាមេរិក​ព្រួយបារម្ភ​ពី​ការណ៍​ដែល​ចិន​អាច​ដាក់មូលដ្ឋាន​ទ័ព​របស់​ខ្លួន និង​បង្កើត​ប្រតិបត្តិការ​ប្រមូល​ព័ត៌មាន​សម្ងាត់ និង​សន្តិសុខ​របស់​អាមេរិក។

បច្ចុប្បន្ន ចិន​មាន​មូលដ្ឋាន​ទ័ព​នៅ​ក្រៅ​ប្រទេស​តែមួយ​គត់​នៅ​លើ​ពិភពលោក គឺ​នៅ​ប្រទេស​ជីប៊ូទី (Djibouti) ស្ថិតនៅ​ភូមិភាគ​អាហ្វ្រិក​ខាងកើត ខណៈ របាយការណ៍ របស់​មន្ទីរ​បញ្ចកោណ​ ឬ​ក្រសួង​ការពារ​ជាតិ​អាមេរិក កាលពី​ឆ្នាំ២០២១ ឱ្យ​ដឹង​ថា ចិន​ទំនង​ជា​ពិចារណា​ដាក់​មូលដ្ឋាន​យោធា​នៅ​ក្នុង​ប្រទេស​ជាង១០ ក្នុង​នោះ ក៏រួមមាន​កម្ពុជា ថៃ សិង្ហបុរី និង​ឥណ្ឌូនេស៊ី ផង ដើម្បី​គាំទ្រ​ដល់​ការពង្រីក​អំណាច​ផ្លូវទឹក ផ្លូវអាកាស ព័ត៌មានវិទ្យា និង​លំហ​អាកាស​របស់​ខ្លួន។

ក្រៅពី​ព័ត៌មាន​នៃ​ការ​ព្យាយាម​ពង្រីក​មូលដ្ឋាន​ទ័ព​នៅ​ក្រៅ​ប្រទេស​ខ្លួន ក៏​មាន​ព័ត៌មាន​ពី​ការណ៍​ដែល​ចិន​បាន​លួច​បង្កើត​ប៉ុស្តិ៍​ប៉ូលិស​សម្ងាត់​របស់​ខ្លួន ជាង ១០០កន្លែង នៅ​ក្រៅ​ប្រទេស​នៅ​ទូទាំង​ពិភពលោក ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង ដើម្បី​តាមដាន ​យាយី​និង​រឹតត្បិត​សកម្មភាព​របស់​ប្រជាជន​ខ្លួន​ដែល​មាន​ចេតនា​ប្រឆាំង​នឹង​របប​កុម្មុយនីស្ត​ក្រុងប៉េកាំង ព្រមទាំង​ប្រើ​ឥទ្ធិពល​គាបសង្កត់​មកលើ​ប្រទេស​ម្ចាស់ផ្ទះ៕

No comments: