Wednesday, 21 June 2023

លោក ហ៊ុន សែន គ្រោង​បង្កើត​សួន​​នយោបាយ​ឈ្នះ​ឈ្នះ​តាម​ខេត្ត


ដោយ ថា ថៃ
2023.06.20
 
លោក ហ៊ុន សែន គ្រោង​បង្កើត​សួន​​នយោបាយ​ឈ្នះ​ឈ្នះ​តាម​ខេត្ត  
(រូបអង្គុយខាងមុខ) លោក ទៀ បាញ់ ពេល​ចុះ​ពិនិ​ការដ្ឋានសាងសង់​ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ (រូប​គ្រោងសំណង់នៅខាង​ក្រោយ) ដែល​កំពុងសាងសង់​នៅ​ខេត្តកោះកុង កាល​ពី​ថ្ងៃ​ទី២៣ ខែមីនា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកលោក ទៀ បាញ់
 
 

មេដឹកនាំ​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន យល់ស្រប​តាម​ការ​ស្នើសុំ​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ ក្នុង​ការ​រៀប​ចំ​បង្កើត​សួន​តេជោ​សន្តិភាព​​នៅ​តាម​បណ្ដា​ខេត្ត ដើម្បី​បង្ហាញ​ពី​នយោបាយ​ឈ្នះ-ឈ្នះ​របស់​លោក ដែល​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា។ ប៉ុន្តែ​មន្ត្រី​បក្ស​ជំទាស់ និង​អ្នក​ឃ្លាំមើល​ចាត់​ទុក​គម្រោង​នេះ​ថា ជា​ការ​បង្ហិន​ថវិកា​ជាតិ ដើម្បី​បំភ្លៃ​ប្រវត្តិសាស្ត្រ​ពិត​សម្រាប់​កេង​ចំណេញ​នយោបាយ​ផ្ទាល់​ខ្លួន​របស់​លោក ហ៊ុន សែន។

ការ​បង្កើត​សួន​ច្បារ​​នៅ​តាម​បណ្ដា​​ខេត្ត​ទូទាំង​ប្រទេស ដើម្បី​កេង​ចំណេញ​នយោបាយ​សម្រាប់​ក្រុម​គ្រួសារ​របស់​លោក ហ៊ុន សែន នឹង​លេច​ចេញ​ជា​រូបរាង​ជា​បន្ត​បន្ទាប់។

001_Win-Win_Monument_Park_TB_FB_032723_2.jpg
ស្លាកគម្រោងសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ រូបពីហ្វេសប៊ុកលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ

\

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ស្លៀកពាក់​ខោអាវ​យោធា​ថ្លែង​នៅ​ក្នុង​ពិធី​អបអរ​ខួប​លើក​ទី៤៦ ទិវា​នៃ​ការ​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ នៅ​ក្រសួង​ការពារ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី២០ មិថុនា​ថា លោក ​ពេញ​ចិត្ត​ចំពោះ​ការ​ផ្ដួចផ្ដើម​ឲ្យ​មាន​ការ​សាងសង់​សួន​តេជោ​សន្តិភាព​នៅ​តាម​ខេត្ត​នានា។ អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រូប​នេះ អះអាង​ថា ការ​ស្ថាបនា​សួនច្បារ​សាធារណៈ ដើម្បី​បង្ហាញ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ដោយ​យក​លំនាំ​តាម​វិមាន​ឈ្នះ​ឈ្នះ ដែល​បាន​ចំណាយ​លុយ​សាង​សង​អស់ ១២លាន​ដុល្លារ នៅ​ខាង​ជើង​រាជធានី​ភ្នំពេញ​នេះ ក៏​មាន​ប្រយោជន៍​សម្រាប់​ឲ្យ​ពលរដ្ឋ​ទៅ​កម្សាន្ត​និង​ហាត់ប្រាណ​ដែរ។

លោក ហ៊ុន សែន៖ «ការ​សុំ​អនុសាសន៍​ចំពោះ​សួន​ប្រវត្តិ​កាល​នៃ​វិមាន​ឈ្នះ​ឈ្នះ សម្រាប់​ផ្ដល់​ជូន​បណ្ដា​ខេត្ត ត្រូវ​ការ​សាងសង់ យើង​អាច​ធ្វើ​បាន។ខេត្ត​នី​មួយៗ គប្បី​គួរ​ធ្វើ ព្រោះ​វា​ជាទី​កន្លែង​កម្សាន្ត​សម្រាក​សប្បាយ​របស់​ប្រជាពលរដ្ឋ ហើយ​ក៏​វា​មិន​ថ្លៃ​ហួស​ទៅ​ដល់​ដែល​យើង​មិន​អាច នឹង​ធ្វើ​កើត​នោះ​ទេ គឺ​ជា​តំបន់​ហាត់ប្រាណ និង​ជា​តំបន់​ដែល​ប្រជាជន នាំ​កូន​ចៅ​ទៅ​លេង​នៅ​ទីនោះ»

ក្រៅ​ពី​នេះ លោក ហ៊ុន សែន ណែនាំ​ឱ្យ​សិក្សា​លម្អិត​ជាមួយ​អ្នកច្បាប់​ចំពោះ​គម្រោង​បង្កើត​ច្បាប់​ស្តី​ពី​ប្រវត្តិ​សាស្ត្រ​យោធា។

ការ​លើកឡើង​របស់​លោក ហ៊ុន សែន​នេះ គឺ​តប​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង ការពារ​ជាតិ លោក ទៀ បាញ់ ដែល​ចង់​ឲ្យ​ក្រសួង​ស្ថាប័ន​និង​អង្គភាព​នានា សាងសង់​សួន​តេជោ​សន្តិភាព​ក្នុង​គោល​បំណង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ ចងចាំ​ និង​ដឹងគុណ​ដល់​ស្នាដៃ​របស់​លោក ហ៊ុន សែន។

លោក ទៀ បាញ់៖ «និយាយ​ម៉ា​បែប​ខ្លី​ថា​ សន្តិភាព​បាន​ពីណា? អ្នកណា​ធ្វើ​ឱ្យ​មាន​សន្តិភាព? នេះ​ជា​បញ្ហា​ដែល​ស្នូល​បំផុត​ដែល​យើង​ចង់​ក​សាង​សួន​តេជោ​សន្តិភាព​នេះ គឺ​សំដៅ​ថា សន្តិភាព​ដែល​យើង​ឲ្យ​តម្លៃ​ធំធេង​របៀប​នេះ តើ​យើង​បាន​ពី​ណា

ទោះជាយ៉ាងណា​ទាំង​លោក ហ៊ុន ​សែន និង​លោក ទៀ បាញ់ មិន​បាន​បញ្ជាក់​ទេ​ថា តើ​ពួកគេ នឹង​ប្រើប្រាស់​ថវិកាជាតិ ឬ​ថវិកា​បក្ស​ដើម្បី​សាង​សួន​លើក​តម្កើង​ លោក​ហ៊ុន សែន នេះ។ ទាក់​ទង​នឹង​រឿង​ថវិកា​ចំណាយ​នេះ​ ប្រធាន​អង្គភាព​អ្នកនាំ ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក សុខ ឥសាន បញ្ជាក់​ថា ប្រសិន​បើ​រដ្ឋាភិបាល ត្រូវការ​ប្រើប្រាស់​កញ្ចប់​លុយ​ថវិកាជាតិ​នោះ ក៏​មិន​ចាំ​បាច់​ឆ្លង ការ​ជជែក​ដេញ​ដោល​នៅ​ក្នុង​រដ្ឋសភា​ដែរ។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ​លោក រ៉ុង ឈុន ថ្លែង​ថា ប្រសិនបើ​រដ្ឋាភិបាល ចង់​យក​ថវិកា​ជាតិ ដើម្បី​សាង​សង​លើ​គម្រោង​ធំៗ បែប​នេះ គួរតែ​​ជជែក​ដេញ​ដោល​នៅ​ក្នុង​រដ្ឋសភា​ឲ្យ​បាន​ទូលំទូលាយ។ លោក កត់​សម្គាល់​ថា កន្លង​មក គម្រោង​ចំណាយ​ធំៗ របស់​រដ្ឋាភិបាល គ្មាន​មាន​ការ​ជជែក​​គ្នា​ឡើយ ខណៈ​រដ្ឋសភា​ជា​សភា​ឯក​បក្ស។

លោក រ៉ុង ឈុន៖ «យើង​មើល​តាម​ច្បាប់ គឺ​ត្រូវតែ​មាន​ឆ្លង​កាត់​ការ​សួរ​ដេញដោល​ដើម្បី​រក​ការ​ឯកភាព​រួម មិនមែន​តែ​ស្ថាប័ន​នីតិ​ប្រតិបត្តិ គ្រាន់តែ​ជជែក​គ្នា​យើង ហើយ​យើង​ធ្វើ​ដោយ​មិន​មាន​ឆ្លងកាត់​ស្ថាប័ន​នីតិ​បញ្ញត្តិ​ទេ។ យើង​មាន​វិមាន​ឯករាជ្យ​មួយ​ហើយ​ជា​ប្រវត្តិសាស្ត្រ ប៉ុន្តែ មកដល់​រជ្ជកាល​ដឹកនាំ​ពេល​នេះ ទៅ​បង្កើត​វិមាន​ឈ្នះ​ឈ្នះ​មួយ​ទៀត តែ​បើ​យើង​និយាយ​ពាក្យ​ឈ្នះ​ឈ្នះ ទាល់តែ​ឈ្នះ​សម្រាប់​ពលរដ្ឋ​ទាំង​អស់​គ្នា។ តែ​បើ​យើង​គ្រាន់តែ​ឈ្នះ​ក្រុម​មួយ មក​លើ​ក្រុម​មួយ ហើយ​ក្រុម​មួយ​ទៀត ​រង​ភាព​អយុត្តិធម៌ គួរ​តែ​យើង​គិត​មើល​ឡើងវិញ»

កាល​ពី​អាណត្តិ​ទី​៤ មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ចង់​សាងសង់​រូប​សំណាក​របស់​លោក​ហ៊ុន សែន តម្កល់​នៅ​តាម​ទីស្ដីការ​ក្រសួង​នានា ប៉ុន្តែ​គំនិត​នេះ​បាន​បរាជ័យ​ដោយ​សារ​តែ​សាធារណជន​ទូទៅ​រិះគន់​ខ្លាំងក្លា​ពេក។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក ហ៊ុន សែន និង​មន្ត្រី​របស់​​លោក ​បាន​ចាប់​ផ្ដើម​សង់​វិមាន​ឈ្នះ​ឈ្នះ​អស់ ១២លាន​ដុល្លារ លើ​ផ្ទៃ​ដី ៨ហិកតារ នៅ​ខណ្ឌ​ជ្រោយ​ចង្វារ ព្រមទាំង​ចំណាយ​ថវិកាជាតិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​សាង​សង​ស្តូប​វិមាន​ឈ្នះ​ឈ្នះ​តាម​ខេត្ត​ក្រុង​នានា ដែល​អ្នក​ឃ្លាំ​មើល រិះគន់​ថា ការ​ដឹង​គុណ​វៀតណាម​ដែល​លើក​បន្តុប​លោក ហ៊ុន សែន ឲ្យ​កាន់​អំណាច​។រីឯ​គម្រោង​បង្កើត​សួន​តេជោ​សន្តិភាព​នៅ​ពេល​នេះ​វិញ អ្នកឃ្លាំមើល ​យល់ថា ​លោក ហ៊ុន សែន ​ធ្វើ​ដើម្បី​កេង​ចំណេញ​នយោបាយ​ប៉ុណ្ណោះ​ ព្រោះ​កន្លងមក រដ្ឋាភិបាល​របស់​លោក មិន​ដែល​​ផ្តល់​តម្លៃ​លើ​បង្កើត​និង​ថែទាំ​សួន​សាធារណៈ​ដើម្បី​សុខ​មាល​ភាព​ប្រជាជន​ឡើយ សូម្បីតែ​ដី​សួន​ច្បារ​សាធារណៈ​ទំហំ​៨ពាន់​(.០០០)​ម៉ែត្រ​ក្រឡា​នៅ​ជិត​កាស៊ីណូ​ណាហ្គាវើលដ៍ ក៏​រដ្ឋាភិបាល ​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ ដែល​ជា​អ្នក​ជំនួញ​ស្និទ្ធ​នឹង​គ្រួសារ​លោក ហ៊ុន សែន គ្រប់​គ្រង​ដែរ។បន្ថែម​ពី​នេះ ​ទីតាំង​សំខាន់ៗ មួយ​ចំនួន​ដែល​អំណោយផល​​ឲ្យ​ពលរដ្ឋ​លំហែ​កាយ​ដូចជា​នៅ​តំបន់​បឹង​តា​មោក និង​ឧទ្យាន​ជាតិ​ធំៗ ក៏​រដ្ឋាភិបាល ពុះ​លក់​ឲ្យ​ក្រុម​អ្នក​មាន​លុយ​មានអំណាច​ក្ដោបក្ដាប់​ជា​បន្តបន្ទាប់។

ប្រធាន​សមាគម​ខ្មែរ​រដ្ឋ​វិចតូរីយ៉ា (Victoria) លោក ជា យូហ៊ន ថ្លែង​ថា គម្រោង​របស់​លោក ហ៊ុន សែន គឺ​ជា​ការ​​ខ្ជះខ្ជាយ​លុយ​ជាតិ​ដើម្បី​បំភ្លៃ​ប្រវត្តិ​សាស្ត្រ​​សម្រាប់​កេង ចំណេញ​នយោបាយ​ផ្ទាល់ខ្លួន​ នៅ​មុន​ការ​បោះឆ្នោត​ជាតិ។ លោក បន្ត​ថា នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន មិន​ខុស​ពី​នយោបាយ​ខ្មែរ​ក្រហម​ឡើយ ព្រោះ​លោក ​កម្ទេច​គណបក្ស​ជំទាស់ និង​រារាំង​បក្ស​ភ្លើង​ទៀន​មិន​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​តាម​ប្រជាធិបតេយ្យ ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​ការ​ធ្វើទុក្ខ​បុក​ម្នេញ​គ្រប់​បែប​យ៉ាង​លើ​អ្នក​រិះគន់។

លោក ជា យូរហ៊ន៖ «លោក ហ៊ុន សែន ធ្វើ​របៀប​ពួក​ខ្មែរ​ក្រហម​អ៊ីចឹង អំណាច​ផ្ដាច់ការ​ធ្វើ​អី​ស្រេច​តែ​ចិត្ត។ ខ្ញុំ​សូម​បញ្ជាក់​ថា មិនមែន​ជា​ស្នាដៃ​របស់​លោក ហ៊ុន សែន តែ​ម្នាក់​ឯង​ទេ គឺ​មែនទែន​ទៅ ​មាន​ខាង​គណបក្ស​លោក ស៊ឺន សាន គណបក្ស​ព្រះ​ករុណា ទ្រង់ រណឫទ្ធិ ជាពិសេស ក្រុម​ខ្មែរ​ក្រហម គេ​យល់​ព្រម​ទាំង អស់​គ្នា​នោះ​ផង បាន​វា​បាន​សន្តិភាព​ហ្នឹង។ ឥឡូវនេះ លោក ហ៊ុន សែន យក​សន្តិភាព មក​ចាប់​គេ​ដាក់គុក ឲ្យ​តែ​អ្នកណា​គណបក្សប្រឆាំង ចាប់​គេ​ដាក់​គុក។ បើ​មិន​ចឹង​ទេ អ្នកណា​ដែល​ប្រឆាំង ត្រូវ​តែ​បាញ់​គេ​ចោល សម្លាប់​ចោល​ដូចជា បណ្ឌិត កែម ឡី លោក ជា វិជ្ជា ព្រះតេជព្រះគុណ សំ ប៊ុនធឿន»

លោក ហ៊ុន សែន តែង​​អះអាង​ថា នយោបាយ ឈ្នះ-ឈ្នះ ត្រូវ​បាន​ដាក់​ចេញ​តាំង​ពី​ឆ្នាំ១៩៨៧ ក្នុង​ពេល​ដែល​លោក​ស្វែង​រក​កិច្ច​ចរចា​ជាមួយ​នឹង​សម្ដេច​ក្រុម​ព្រះ នរោត្តម សីហនុ ហើយ​លោក​បញ្ជាក់​ថា មាន​តែ​នយោបាយ ឈ្នះ-ឈ្នះ តែ​មួយ​គត់ ដែល​ធ្វើ​ឲ្យ​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​ខ្មែរ​ក្រហម​រលំរលាយ​ទាំង​ស្រុង​នៅ​ចុង​ទសវត្ស​ទី៩០។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​ជំនាញ​ផ្នែក​នយោបាយ​លើក​ឡើង​ថា ខ្មែរក្រហម​រលំរលាយ​ដោយសារ​កត្តា​សំខាន់ៗ មួយ​ចំនួន រួមមាន កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នាំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឆ្នាំ១៩៩៣ ការ​ដាក់​ខ្មែរ​ក្រហម​ឲ្យ​នៅ​ក្រៅ​ច្បាប់ នយោបាយ​ឈ្នះ-ឈ្នះ​របស់​លោក ហ៊ុន សែន ថៃ​ឈប់​ផ្ដល់​ទឹកដី​ឲ្យ​ជ្រក​កោន ប្រទេស​ចិន ឈប់​ផ្ដល់​ជំនួយ​ជា​អាវុធ ប្រជាពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​ផ្សេង​ទៀត​លែង​គាំទ្រ​ជាដើម៕

1 comment:

Anonymous said...

Hun Sen should keep this project to do in hell. His stomach is going to explode anytime.