Friday, 9 June 2023

បទវិភាគ៖ តើចលនានយោបាយ សម រង្ស៊ីនិយម ដល់​ទីបញ្ចប់ ឬ​នៅបន្ត?

 

ដោយ ជុន ច័ន្ទបុត្រ
2023.06.07
 
បទវិភាគ៖ តើចលនានយោបាយ សម រង្ស៊ីនិយម ដល់​ទីបញ្ចប់ ឬ​នៅបន្ត?  
លោក សម រង្សី ប្រធានស្ដីទីគណបក្សសង្គ្រោះ​ជាតិ
រូប៖ ហ្វេសប៊ុក
 

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ព្យាយាម​កម្ចាត់​បន្ទាយ​ចុង​ក្រោយ​របស់​ចលនា សម រង្ស៊ី​និយម ដែល​កំពុង​ជ្រក​ក្រោម​ស្លាក​គណបក្ស​ភ្លើង​ទៀន​ចេញ​ពី​សង្វៀន​នយោបាយ​នៅ​កម្ពុជា។

ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្ទួនៗ និង​ជា​ស៊េរី​មក​លើ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន ចាប់​ផ្ដើម​តាំង​ពី​ចុង​ឆ្នាំ២០២២ ត្រូវ​បាន​មហាជន​មើល​ឃើញ​ថា គឺជា​ផែនការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​តាម​កម្ចាត់​កម្លាំង​នយោបាយ សម រង្ស៊ីនិយម ដែល​កំពុង​ជ្រក​ក្រោម​ស្លាក​គណបក្ស​ភ្លើង​ទៀន។

លើស​ពី​ទៅទៀត គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់ (..) និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​ជា​អាជ្ញា​កណ្ដាល ក៏បាន​សម្រេច​ទាត់​ចោល​បណ្ដឹង និង​បដិសេធ​គណបក្ស​ភ្លើង​ទៀន​មិន​ឲ្យ​ចូលរួម​ការបោះឆ្នោត​ជា​សាកល​អណត្តិទី៧ ឆ្នាំ២០២៣​នេះ​ទេ។ តើ​វាសនា​ចលនា​នយោបាយ​សម រង្ស៊ី​និយម​ដែល​បាន​តស៊ូ​លើ​សង្វៀន​នយោបាយ​កម្ពុជា​ជិត ៣ទសវត្ស​ពិតជា​មកដល់​ទី​បញ្ចប់​មែន​ដែរ​ឬទេ?

សូម​លោក​អ្នកនាង​ស្ដាប់​បទ​វិភាគ​លោក​របស់​លោក ជុន ច័ន្ទបុត្រ អំពី​រឿង​នេះ​៖

ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​អាយុ​សាមសិប (៣០) ឆ្នាំ​ហើយ​បើ​គិត​ចាប់​ពី​ការ​បោះ​ឆ្នោត​ជា​សាកល​លើក​ទី១ រៀបចំ​ដោយ (UNTAC) ឆ្នាំ១៩៩៣។

រយៈពេល ៣០ឆ្នាំ​នេះ កម្ពុជា​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ចំនួន៦ អាណត្តិ​រួច​មក​ហើយ។ ហើយ​កម្ពុជា​ក៏​នឹង​កំពុង​ត្រៀម​រៀបចំ​ការបោះឆ្នោត​អាណត្តិ​ទី៧ នៅ​ខែ​កក្កដា​ឆ្នាំ២០២៣ នា​ពេល​ឆាប់ៗ ខាង​មុខ​នេះ​ដែរ។

 

គណបក្ស​ភ្លើង​ទៀន ដែល​ជា​ក្ដី​សង្ឃឹម និង​ជា​បន្ទាយ​ចុងក្រោយ​របស់​អ្នក​ប្រជាធិបតេយ្យ ដែល​អ្នកគាំទ្រ​ចាត់​ទុក​ថា ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាងគេ អាច​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​បាន ហើយ​អាច​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​សក្ដិសម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ។ ក៏​ប៉ុន្តែ​គណបក្ស​នេះ​បែរជា​បាត់​ឱកាស​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៧ នេះ​ទៅវិញ ដោយសារ​តែ​អាជ្ញាកណ្ដាល(..) បាន​បដិសេធ​គណបក្ស​មិន​ឲ្យ​សង្វៀន​ប្រកួត​ ក្រោម​ហេតុផល​មិន​បាន​បំពេញ​តម្រូវការ​នីតិវិធី​រដ្ឋបាល។

បើ​ក្រឡេក​មើល ប្រវត្តិ​គណបក្ស​នយោបាយ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​គណបក្ស និង​ចលនា​នយោបាយ​ធំៗ ចំនួន ៤ហើយ ដែល​ត្រូវ​បាន​កម្ទេច ដោយ​គណបក្ស​ខ្លះ​បាន​ដាច់​ឫស​គល់​នយោបាយ ខ្លះ​បាត់បង់​ការ​គាំទ្រ និង​ខ្លះ​ទៀត​បាន​ស្លាប់​ជីវិត​នយោបាយ​ទាំងស្រុង​តែ​ម្ដង ក្នុង​នោះ​រួមមាន៖ គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធ​សាសនា​ដឹកនាំ​ដោយ​លោកតា សឺន សាន ភាគី​ខ្មែរ​ក្រហម ដឹកនាំ​ដោយ​លោក ខៀវ សំផន គណបក្ស​ហ៊្វុនស៊ីនប៉ិច ដឹកនាំ​ដោយ​ស្ដេច​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិ និង​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា ជាដើម។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ ក្នុង​ចំណោម​គណបក្ស និង​ចលនា​នយោបាយ​ទាំង៤ នេះ មាន​គណបក្ស និង​ចលនា​នយោបាយ​ចំនួន៣ សុទ្ធតែ​ជា​សមាជិក​ភាគី​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ឆ្នាំ១៩៩១។ ដូច្នេះ​យើង​អាច​សន្និដ្ឋាន​បាន​ថា ការ​កម្ចាត់​ដៃគូ​ប្រកួតប្រជែង​នយោបាយ​ឲ្យ​ចេញ​ពី​សង្វៀន​នយោបាយ​មិនមែន​ជា​រឿង​កើត​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ ព្រោះ​ភាគី​ហត្ថលេខី​ទាំង៣ មាន​វាសនា​នយោបាយ​ស្ទើរ​តែ​ដូច​គ្នា​ទាំង​ស្រុង។

ដោយ​ឡែក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កើត​ចេញ​ពី​ចលនា​នយោបាយ​សម រង្ស៊ី​និយម និង កឹម សុខា​និយម ក៏​ត្រូវ​បាន​រំលាយ​ផង​ដែរ​កាល​ពី​ចុង​ឆ្នាំ២០១៧។ ក្រៅពី​រំលាយ​រួចរាល់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបាន​បណ្ដោយ​ឲ្យ​មន្ត្រី​ជាន់ខ្ពស់ និង​តំណាងរាស្ត្រ​មាន​សេរីភាព និង​រស់នៅ​បានសុខ​ឡើយ។ តុលាការ​ដែល​គេ​ឯង​ដឹង​ជាទូទៅ​ថា​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើការ​យ៉ាង​សកម្ម​ ទាំង​យប់​ទាំង​ថ្ងៃ​កាត់ទោស​ថ្នាក់ដឹកនាំ​កំពូលៗ​មួយ​ចំនួន​របស់​គណបក្ស​នេះ​ឲ្យ​ជាប់​ទោស​ក្រោម​បទ​ចោទ​ញុះញង់ ឬ​បង្ក​អសន្តិសុខ​សង្គម និង​ក្បត់ជាតិ។

ជាក់​ស្ដែង លោក កឹម សុខា ត្រូវ​បាន​អាជ្ញា​ធម៌​ចាប់ខ្លួន​ទាំង​កណ្ដាល​អាធ្រាត្រ​ដាក់​ពន្ធនាគារ​ក្រោម​បទ​រួម​គំនិត​ក្បត់ ខណៈ​មេដឹកនាំ​សំខាន់ៗ ផ្សេង​ទៀត​សម្រេច​ចិត្ត​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដើម្បី​សុវត្ថិភាព និង​ជាប់​ពន្ធនាគារ។ អ្វី​ដែល​គួរ​ឲ្យ​ហួស​ចិត្ត និង​មិន​ដែល​កើតមាន​ក្នុង​ប្រវត្តិ​សាស្ត្រ​នយោបាយ​សម័យ​ទំនើប​នោះ​គឺ៖ អាសនៈ​តំណាង​រាស្ត្រ​ចំនួន ៥៥ និង​ឃុំ-សង្កាត់​ចំនួន​ជាង ៥.០០០ ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ច្បាម​យក​មក​ចែក​គ្នា ហើយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចំនួន ១១៨រូប​ត្រូវ​បាន​បិទ​សិទ្ធិ​ធ្វើ​នយោបាយ​ចំនួន ៥ឆ្នាំ​ក្នុង​ម្នាក់ៗ ទៀត​ផង។

ក្រៅពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ ការ​តស៊ូ​របស់​លោក សម រង្សី ជិត​៣ទសវត្ស​កន្លង​មក​នេះ បាន​ជួប​ឧបសគ្គ និង​គ្រោះកាច​ធំៗ ជា​ច្រើន​លើក​ច្រើន​សារ​ រហូត​ដល់​ពេលខ្លះ​ជិត​នឹង​បាត់បង់​ជីវិត​ផង​ក៏​មាន ឧទាហរណ៍​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​នៅ​មុខ​រដ្ឋសភា ឆ្នាំ១៩៩៧ គឺ​ត្រូវ​បាន​មតិ​ជាតិ និង​អន្តរជាតិ​សន្និដ្ឋាន​ដូចគ្នា​ថា គឺ​ជា​ចេតនា​ផ្ដាច់​ជីវិត​លោក សម រង្សី តែ​ម្ដង។ របាយការណ៍ FBI របស់​សហរដ្ឋ​អាមេរិក​រក​ឃើញ​ថា ការ​គប់​គ្រាប់​បែក​នេះ គឺ​រៀបចំ​ឡើង​ដោយ​មេ​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង។

ប៉ុន្តែ​ជា​សំណាង​ល្អ​លោក សម រង្ស៊ី បាន​រួច​ផុត​ជីវិត ដោយសារ​កង​អង្គរក្ស​របស់​លោក​យក​ខ្លួន​មក​ពាំង​ជំនួស។ ក្នុង​ព្រឹត្តិការណ៍​នោះ​បាន​ឆក់​យក​ជីវិត​ជន​ស៊ីវិល​ចំនួន ១៦នាក់ និង ១៥០នាក់​ផ្សេង​ទៀត​បាន​រង​បួស។

ទោះ​បី​លោក សម រង្ស៊ី ត្រូវ​បាន​ធាក់​ចេញ​ពី​សង្វៀន​នយោបាយ​កម្ពុជា​ជា​ច្រើន​ឆ្នាំ​ហើយ​ក៏ដោយ ក៏​ព្រលឹង​នៃ​ចលនា សម រង្ស៊ី​និយម នៅ​មិន​ទាន់​ស្លាប់ ឬ​ដាច់​ឫសគល់​នយោបាយ​នៅ​ឡើយ​ទេ។ ថ្មីៗ នេះ ព្រលឹង​នយោបាយ សម រង្សី​និយម បាន​ជ្រក​ក្រោម​ស្លាក​គណបក្ស​ភ្លើង​ទៀន ដែល​មាន​រចនាសម្ព័ន្ធ​ដឹកនាំ​ថ្មី​មួយ ហើយ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ២០២៣ នេះ តែ​ជា​អកុសល ចាប់​តាំងពី​ដើម​ឆ្នាំ​មក តុលាការ​របប​ក្រុង​ភ្នំពេញ បាន​ស្ទុះស្ទា​ញាប់​ដៃ​ញាប់​ជើង​ចាត់ការ​ទៅលើ​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​របស់​គណបក្ស​ភ្លើង​ទៀន​ជា​បន្ត​បន្ទាប់ ហើយ​ចុង​ក្រោយ គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត (..) និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​បិទ​វាំងនន​ចុង​ក្រោយ​គឺ​បញ្ចប់​សិទ្ធិ​ចូលរួម​ការបោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​តែ​ម្ដង។

សៀវភៅ​មួយ​ដែល​មាន​ចំណងជើង​ថា (អំណាច​និង​ការដឹកនាំ) និពន្ធ​ដោយ​លោក ចូសេហ្វ យ៉េ (Joseph S. Nye) សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកលវិទ្យាល័យ អុក​ហ្វត (Oxford University) ចក្រភពអង់គ្លេស បោះពុម្ព​ក្នុង​ឆ្នាំ២០០៨ បាន​សរសេរ​អំពី​បុគ្គលិកលក្ខណៈ​មេដឹកនាំ​ផ្ដាច់ការ ឬ​អ្នកដឹកនាំ​តាម​បែប​អត្ថា​និយម​ថា៖ ពួកគេ​មាន​ភាព​បត់បែន​ខ្ពស់ ចេះ​រស់​ជាមួយ​នឹង​ទណ្ឌកម្ម​ផ្សេងៗ ហើយ​ស៊ាំ​នឹង​ការប្រែប្រួល​នយោបាយ​បាន​យ៉ាង​ល្អ ក្រោយ​ពី​ពួកគេ​បាន​ស៊ាំ​នឹង​បរិយាកាស​នយោបាយ​ថ្មី​ហើយ ពួកគេ​ក៏​ចាប់​ផ្ដើម​រក​គន្លឹះ​បំផ្លាញ​ប្រព័ន្ធ​ដឹកនាំ​ថ្មី​ទាំងនោះ ម្ដង​បន្តិចៗ រហូត​ដល់​ពួកគេ​អាច​យក​វា​មក​ប្រើ​ជា​ឧបករណ៍​អំណាច​របស់​ពួកគេ​តែ​ម្ដង។ លើស​ពី​នេះ​ទៀត ពួកគេ​តែងតែ​ប្រើប្រាស់​មធ្យោបាយ និង​យុទ្ធសាស្ត្រ​ស្មោកគ្រោក ក្នុង​ការ​កម្ចាត់​ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន​ជា​ប្រចាំ។

ស្រដៀងគ្នា​ទៅ​នឹង​អ្វី​ដែល​សាស្ត្រាចារ្យ ចូសេហ្វ យ៉េ (Joseph S. Nye) បាន​លើកឡើង បើ​ក្រឡេក​មើល​ប្រទេស​កម្ពុជា​ឯណេះ​វិញ លោក ហ៊ុន សែន ដែលគេ​ស្គាល់​ថា​ជា​ជន​កុម្មុយនិស្ត បាន​គ្រលាស់​ខ្លួន​មក​ជា​ជន​ផ្ដាច់ការ​សម័យ​ទំនើប​បាន​យ៉ាង​ប៉ិនប្រសព្វ និង​បាន​ឆក់​ឱកាស​បន្សាំ​ខ្លួន​ដោយ​ភាព​អត់ធ្មត់​ក្នុង​របប​ប្រជាធិបតេយ្យ ក្រោយ​មក​បាន​ចាប់​ផ្ដើម​ប្រើ​យុទ្ធសាស្ត្រ​ស្មោកគ្រោក​បន្តិច​ម្ដងៗ​ចាត់ការ​ទៅលើ​គូរ​ប្រកួតប្រជែង ដើម្បី​ធានា​ក្នុង​ការ​ក្រាញ​អំណាច​រយៈពេល​វែង​របស់​ខ្លួន។

ជាក់​ស្ដែង ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដែល​បាន​អនុវត្ត ៣០ឆ្នាំ​កន្លង​មក ត្រូវ​បាន​រំខាន​ជា​ប្រចាំ ស្ថាប័ន​ឯករាជ្យ​រដ្ឋ ដូចជា តុលាការ ដែល​ធ្វើការ​ធានា​ភាព​យុត្តិធម៌​សង្គម គ..ប ដែល​ធ្វើការ​ធានា​ការបោះឆ្នោត​ដោយសេរី និង​យុត្តិធម៌ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​ជា​អង្គការ​កំពូល​ធ្វើការ​បកស្រាយ​ច្បាប់​រដ្ឋធម្មនុញ្ញ កងកម្លាំង​ប្រដាប់​អាវុធ​ធ្វើការ​ធានា សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម បាន​ក្លាយ​ជា​ឧបករណ៍​អំណាច ហើយ​ធនធាន​ធម្មជាតិ និង​សម្បត្តិ​ជាតិ​បាន​ក្លាយ​ជា​របស់ជ័យភណ្ឌ​កាន់​ក្ដាប់​អំណាច​រដ្ឋ។

យុទ្ធសាស្ត្រ​មួយ​ដែល​លោក​នាយករដ្ឋមន្ត្រី​និយម​ប្រើ​ជាងគេ​ដើម្បី​រក្សា​អំណាច និង​ចាត់ការ​លើ​អ្នក​ចង់​មក​ដណ្ដើម​ពី​លោក​នោះ​គឺ យុទ្ធសាស្ត្រ​កម្ចាត់ ដែល​គេ​ស្គាល់​ជា​ភាសា​អង់គ្លេស​ថា (Defeat Strategy) និង​ក្រោយ​មក​ក្លាយ​ទៅជា​យុទ្ធសាស្ត្រ ទុកឲ្យ ឯក​ការ និង បញ្ចប់ ហៅ​ភាសា​អង់គ្លេស​ថា (IF Strategy)។ យុទ្ធសាស្ត្រ​នេះ​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន យក​មក​ឆ្នៃ​ប្រើ​ជាមួយ​បរិបទ​កម្ពុជា​ដែល​ដំណើរការ​ដោយ​យុទ្ធវិធី៥ គឺ៖ សម្លុត ទិញ ចរចា បំបែក និង កម្ទេច។ យុទ្ធសាស្ត្រ​ នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែន​ប្រើ​សម្រាប់​តែ​កម្ចាត់​ដៃគូ​ប្រកួតប្រជែង​នយោបាយ​ប៉ុណ្ណោះ​ទេ គេ​ក៏​ឃើញ​យុទ្ធសាស្ត្រ​បាន​ប្រើ​ជា​ញឹកញាប់​ជាមួយ​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​ខ្លួនឯង​ផង​ដែរ។

ទន្ទឹម​នឹង​ការ​ក្រសោប​យក​ស្ថាប័ន​ជាតិ​សំខាន់ៗ​មក​កាន់កាប់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​មិន​បាន​បន្ធូរដៃ​ក្នុង​ការ​ធ្វើ​ទុក​បុក​ម្នេញ និង​កម្ចាត់​ដៃគូ​នយោបាយ​ដែល​ប្រកួតប្រជែង​ក្នុង​ចេតនា​ដណ្ដើម​អំណាច​ពី​ខ្លួន​ឡើយ។ គណបក្ស​ភ្លើង​ទៀន​ដែល​ជា​ខ្នែង​នយោបាយ​ជំនាន់ទី៤ បន្ទាប់ពី​គណបក្ស​ជាតិខ្មែរ គណបក្ស សម រង្សី និង​គណបក្ស​សង្គ្រោះ​ជាតិ និង​បាន​ដុះ​ចេញ​ជា​ពន្លក​កាល​ពី​២៨ឆ្នាំ​មុន ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​លោក សម រង្ស៊ី បាន​កសាង​កម្លាំង​នយោបាយ​របស់​ខ្លួន​បន្តិច​ម្ដងៗ រហូត​បាន​ក្លាយ​ជា​ចលនា​នយោបាយ​ដ៏​ធំ​មួយ។ ដោយសារ​ការ​ធ្វើទុក្ខ​បុក​ម្នេញ និង​តាម​យាយី ចលនា​នយោបាយ​មួយ​នេះ​បាន​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ជាច្រើន​ទម្រង់ និង​ដូរ​ឈ្មោះ​គណបក្ស​ជាច្រើន​លើក។ តែ​ទោះបី​យ៉ាងណា​ក៏ដោយ​ គណបក្ស​នេះ​បាន​ស្លាប់​តែ​ឈ្មោះ​ប៉ុណ្ណោះ ដោយ​ព្រលឹង​គណបក្ស ឬ​ចលនា សម រង្ស៊ី​និយម​នេះ​បាន​រស់​រាយប៉ាយ​ទូទាំង​ប្រទេស​នៅ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ព្រលឹង​នេះ​កំពុង​តែ​តាម​បំភ័យ និង​តាម​យាយី​អំណាច​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រចាំ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

ទំនង​ជា​បែប​នេះ​ហើយ ទើប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ដែល​ភ្លេច​តាម​កម្ចាត់​ព្រលឹង សម រង្ស៊ី​និយម តាម​គ្រប់​រូបភាព​ទោះ​ទៅ​ជ្រក​ក្រោម​គណបក្ស​ណា​ក៏ដោយ។ ហើយ​ថ្មីៗ​នេះ លោក សម រង្ស៊ី ដែល​ជា​ម្ចាស់​ព្រលឹង ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​ប្រើ​កាំជ្រួច​ហ្វូង​ប្រភេទ​រ៉ុកកែត​ប្រតិកម្ម ១២២ មិល្លីម៉ែត្រ BM21 បើ​សិន​ជា​ហ៊ាន​ចូល​ស្រុក​តាម​ប្រទេស​ថៃ។

នេះ​ស​បញ្ជាក់​ថា លោក ហ៊ុន សែន ទោះបី​ជា​តាម​ព្យាបាទ និង​តែងតែ​អួតអាង​ថា​លោក​មាន​ជ័យជំនះ លើ​លោក សម រង្ស៊ី និង​អ្នក​គាំទ្រ​លោក សម រង្ស៊ី ក៏ដោយ ឈ្មោះ​លោក សម រង្ស៊ី រូប​ថត​លោក សម រង្ស៊ី សំឡេង​លោក សម រង្ស៊ី វត្តមាន​លោក សម រង្ស៊ី នៅ​តែ​ធ្វើ​អោយ​លោក ហ៊ុន សែន ភ័យ​ស្លន់ស្លោ​គ្មាន​ទី​បញ្ចប់៕

No comments: