Khmer Circle:
Unfortunately, it is not as simple as staying home to boycott the election. The CPP still practises authoritarian methods in forcing people to do things they otherwise would not want to do willingly. Most employers and companies in the country are directly or indirectly answerable to the ruling party whose political agendas and pressure cannot be ignored.
^^^
2023.06.08
![គណបក្សភ្លើងទៀនថា ពលរដ្ឋមានសិទ្ធិបោះឆ្នោត ឬមិនបោះឆ្នោត ខណៈលោក ហ៊ុន សែន ស្នើពលរដ្ឋឱ្យទៅបោះឆ្នោត គណបក្សភ្លើងទៀនថា ពលរដ្ឋមានសិទ្ធិបោះឆ្នោត ឬមិនបោះឆ្នោត ខណៈលោក ហ៊ុន សែន ស្នើពលរដ្ឋឱ្យទៅបោះឆ្នោត](https://www.rfa.org/khmer/news/politics/candlelight-party-says-people-have-rights-to-vote-or-not-amid-hun-sen-calling-on-people-to-vote-06082023124511.html/@@images/194b3319-11d3-4b7c-8265-7b95ef66a22a.jpeg)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែអំពាវនាវឱ្យពលរដ្ឋគ្រប់អាយុបោះឆ្នោតទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដាខាងមុខ។ ប៉ុន្តែ គណបក្សភ្លើងទៀន លើកឡើងថា ពលរដ្ឋចង់ទៅបោះឆ្នោត ឬមិនចង់ទៅបោះឆ្នោតគឺ សិទ្ធិសម្រេចរបស់ពលរដ្ឋគ្មានអ្នកណាអាចបង្ខិតបង្ខំបានទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់ថ្លែងទាំងមិនបានមើលច្បាប់ថា ការបោះឆ្នោតជាកាតព្វកិច្ចដែលរបស់ពលរដ្ឋ។ លោក ហ៊ុន សែន ក៏ឆ្លៀតឃោសនាមុនច្បាប់អនុញ្ញាតទាំងមិនខ្លាចរអា ដោយលោកជំរុញទៅពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង ថ្ងៃទី៨ ខែមិថុនា ប្រធានគណបក្សកាន់អំណាចរូបនេះហាក់ដឹងលទ្ធផលឆ្នោតមុខថ្ងៃបោះឆ្នោត ដោយលោករំពឹងថា គណបក្សរបស់លោកនឹងបន្តដឹកនាំប្រទេសក្រោយបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា។
លោក ហ៊ុន សែន៖ «សូមកុំភ្លេចទៅបំពេញកាតព្វកិច្ច ៥ឆ្នាំម្ដង យើងមានគណបក្សនយោបាយ១៨ ចូលរួមប្រកួតប្រជែងសុំទៅបោះឆ្នោតសម្រាប់ការជ្រើសរើសការអនុវត្តប្រជាធិបតេយ្យដ៏ទៀងទាត់របស់កម្ពុជា។ យ៉ាងណាក៏ដោយ ជឿជាក់ថា ទេវតានឹងនៅជាមួយប្រជាជនកម្ពុជានិច្ច»។
លោក ហ៊ុន សែន ដែលមានកេរ្តិ៍ឈ្មោះមិនល្អក្នុងការរៀបចំការបោះឆ្នោត ដោយការផ្ដួលដៃគូកាលពីឆ្នាំ២០១៨ ហើយពេលនេះលោកនៅតែប្រើស្នៀតដដែល បិទមិនឱ្យគណបក្សភ្លើងទៀន អាចចូលរួមប្រកួតប្រជែងជាមួយគណបក្សរបស់លោកដដែល។ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ដែលអ្នកវិភាគថាស្ថិតក្រោមឥទ្ធិពលរបស់លោក ហ៊ុន សែន បានរារាំងមិនឱ្យគណបក្សភ្លើងទៀន ដែលពលរដ្ឋគាំទ្រជិត ២លាននាក់ ចូលរួមប្រកួតក្នុងការបោះឆ្នោតខាងមុខបានទេ។
ជុំវិញការថ្លែងរបស់លោក ហ៊ុន សែន ពេលនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយណាមួយពីអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានទេ នៅថ្ងៃទី៨ ខែមិថុនា។
ទាក់ទងរឿងបោះឆ្នោតនេះដែរ គណបក្សភ្លើងទៀន លើកឡើងថា តាមគោលការណ៍នៃការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ការបោះឆ្នោតគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ មិនមែនជាកាតព្វកិច្ចទេ។ សេចក្ដីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ចុះកាលពីថ្ងៃទី៧ ខែមិថុនា លើកឡើងទៀតថា ប្រជាពលរដ្ឋ មានសិទ្ធិពេញលេញ ស្របតាមច្បាប់ និងរដ្ឋធម្មនុញ្ញ ក្នុងការសម្រេចចិត្ត តាមឆន្ទៈ និងសតិសម្បជញ្ញៈពិតប្រាកដ របស់ខ្លួន ក្នុងការចូលរួម ឬមិនចូលរួម នៃការបោះឆ្នោតខាងមុខនេះ ដោយ មិនត្រូវបានស្ថិតនៅក្រោមការគាបសង្កត់ ការបង្ខិតបង្ខំ ការគំរាមកំហែង ឬការញុះញង់ពីសំណាក់បុគ្គល ឬគណបក្ស នយោបាយណាមួយនោះឡើយ។
ចំណែកក្រុមប្រជាពលរដ្ឋមួយចំនួនអះអាងថា ពួកគេនឹងមិនទៅចូលរួមបោះឆ្នោតនៅខែកក្ដដាខាងមុខនេះទេ ដោយសារតែគ្មានគណបក្សភ្លើងទៀន ដែលពួកគាត់ស្រឡាញ់។
ស្រដៀងគ្នានឹងការលើកឡើងរបស់គណបក្សភ្លើងទៀនដែរ អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស ថ្លែងថា ការបោះឆ្នោត គឺជាសិទ្ធិគឺជាការលើកឡើងត្រឹមត្រូវ ព្រោះផ្អែកតាមច្បាប់ ពលរដ្ឋអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនថា ទៅបោះឆ្នោតមិនទៅបោះឆ្នោត ព្រោះការបោះឆ្នោតមិនមែនជាកាតព្វកិច្ច ដែលពលរដ្ឋត្រូវតែបំពេញខានមិនបាននោះឡើយ។ ចំពោះអវត្តមានគណបក្សប្រឆាំងជាថ្មីគឺ គណបក្សភ្លើងទៀន មន្ត្រីសង្គមស៊ីវិលរូបនេះថាលោកសោកស្ដាយ ដែលពលរដ្ឋជិត ២លាននាក់បាត់បង់ជម្រើសរបស់ខ្លួន។
លោក កន សាវាង្ស៖ «អ៊ីចឹងប្រជាពលរដ្ឋអាចប្រើប្រាស់សិទ្ធិខ្លួនឯងចូលរួមក៏បាន ឬក៏សម្រេចចិត្តដោយប្រការណាមួយក៏បានអាស្រ័យទៅលើខ្លួនជាអ្នកសម្រេចបាទ។ ខ្ញុំក៏មិនដឹងថា តើការលើកឡើងអំពីរឿងទៅបោះឆ្នោតជាកាតព្វកិច្ច ខ្ញុំមិនដឹងទេ គ្រាន់តែខ្ញុំដឹងថា នៅក្នុងច្បាប់អត់បានចែងការបោះឆ្នោតជាកាតព្វកិច្ចទេ គឺចែងត្រឹមតែសិទ្ធិទេបាទ»។
កាលពីពេលថ្មីៗ នេះ ក្រុមអង្គការសង្គមស៊ីវិល បានចេញសេចក្ដីថ្លែងការណ៍បង្ហាញការខកចិត្តដែលគណបក្សភ្លើងទៀន បាត់បង់សិទ្ធិចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខ។ រីឯអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស បានលើកឡើងជាថ្មីម្ដងទៀតថា ភាពពហុបក្ស និងប្រការដែលអ្នកបោះឆ្នោតមានសិទ្ធិអាចជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត គឺមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យដំណើរការបោះឆ្នោតអាចទុកចិត្តបាន និងសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យត្រូវបានធានា៕
No comments:
Post a Comment