2023.06.22
ថ្នាក់ដឹកនាំ និងក្រុមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលហាក់នៅតែមិនមានជំនឿលើប្រព័ន្ធសុខាភិបាលក្នុងស្រុក ដោយពួកគេបន្តជ្រើសរើសទៅពិនិត្យសុខភាព និងព្យាបាលជំងឺធ្ងន់ស្រាល ឬការសម្រាលកូននៅក្រៅប្រទេស។ អ្នកជំនាញថា មន្ត្រីរដ្ឋាភិបាលគួរធ្វើគំរូ ព្រោះខ្លួនធ្លាប់អំពាវនាវឱ្យពលរដ្ឋងាកមកទទួលសេវាព្យាបាលនៅក្នុងស្រុក ព្រោះមានស្ដង់ដារខ្ពស់មិនចាញ់ប្រទេសជិតខាង។
អ្នកជំនាញខាងវិស័យសុខាភិបាលមើលឃើញថា មូលហេតុដែលនៅតែមានការបញ្ជូនអ្នកជំងឺទៅរកការព្យាបាលនៅក្រៅប្រទេស ជាពិសេសនៅក្នុងប្រទេសថៃ អាចដោយសារសាច់ញាតិភ័យស្លន់ស្លោ ឬអ្នកជំងឺខ្លួនផ្ទាល់ មិនមានជំនឿចិត្តលើប្រព័ន្ធសុខាភិបាលនៅក្នុងស្រុក។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជាលោក អ៊ូច វុទ្ធី ប្រាប់អាស៊ីសេរីថា ស្របពេលមន្ត្រីរដ្ឋាភិបាលមិនបានបង្ហាញភាពគំរូទៅដល់ពលរដ្ឋ នៅមានបញ្ហាជាច្រើនទៀត ដែលធ្វើឱ្យពលរដ្ឋមិនសូវមានជំនឿលើការព្យាបាលនៅក្នុងស្រុក។ លោកបញ្ជាក់ថា បញ្ហាទាំងនោះ រួមមាន គ្រូពេទ្យមួយចំនួន គិតលុយធំជាងការជួយសង្គ្រោះជីវិតមនុស្ស គ្រូពេទ្យមួយចំនួនប្រើប្រាស់ពាក្យសម្ដីគ្មានសីលធម៌ ឱសថខ្វះគុណភាពឬឱសថក្លែងក្លាយនៅតែត្រូវបាននាំចូល និងនៅតាមមន្ទីរពេទ្យរដ្ឋខ្លះ ប្រើប្រាស់គ្រូពេទ្យមិនទាន់មានជំនាញច្បាស់លាស់ ព្យាបាលធ្វើឱ្យអ្នកជំងឺគ្រោះថ្នាក់ជាដើម។
លោក អ៊ូច វុទ្ធី ដែលធ្លាប់ជាមន្ត្រីពេទ្យក្នុងក្របខណ្ឌរដ្ឋ អះអាងថា នៅកម្ពុជា ក៏មានគ្រូពេទ្យមានចំណេះជំនាញ ដែលបញ្ចប់ការសិក្សាផ្នែកពេទ្យមកពីប្រទេសបារាំង និងអាមេរិក ហើយដែលមានសមត្ថភាពមិនចាញ់គ្រូពេទ្យនៅតាមប្រទេសជិតខាងឡើយ។ ប៉ុន្តែលោកយល់ថា ដើម្បីឱ្យគ្រូពេទ្យទាំងនោះ បំពេញការងារឱ្យបានពេញលេញ ដោយមិនបើកពេទ្យនៅខាងក្រៅ ឬលួចធ្វើការងារឯកជនក្រៅ រដ្ឋាភិបាលត្រូវផ្ដល់ប្រាក់ខែសមរម្យដល់ពួកគាត់។ «»
ពាក់ព័ន្ធរឿងនេះដែរ អ្នកជំនាញផ្នែកសុខភាព លោកវេជ្ជបណ្ឌិត គួច ម៉េងលី មើលឃើញថា មូលហេតុដែលមន្ទីរពេទ្យនៅប្រទេសជិតខាង នៅតែស្រូបទាញអ្នកជំងឺពីកម្ពុជា ដោយសារគ្រូពេទ្យនៅក្រៅប្រទេស ផ្ដល់សេវាកម្មបែបទន់ភ្លន់ រួសរាយ ប្រើប្រាស់សម្ភារៈទំនើប និងមានអនាម័យ រួមទាំងមានបច្ចេកទេសព្យាបាលច្បាស់លាស់។
លោកយល់ឃើញថា ដើម្បីឱ្យការព្យាបាលនៅក្នុងស្រុក មានជំនឿទុកចិត្តពីពលរដ្ឋ គឺត្រូវការពេលច្រើនបន្ថែមទៀត ទាំងការអប់រំ និងការសាងសង់ឱ្យមានហេដ្ឋារចនាសម្ព័ន្ធឬមន្ទីរពេទ្យដែលមានបំពាក់ឧបករណ៍ទំនើប។
លោក គួច ម៉េងលី លើកឡើងទៀតថា កម្ពុជាត្រូវអប់រំកែប្រែផ្នត់គំនិតគ្រូពេទ្យជំនាន់ក្រោយ ឱ្យឈប់អាត្មានិយម និងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន តែត្រូវគិតពីប្រយោជន៍ជាតិទាំងមូល។ ម្យ៉ាងវិញទៀត ការរៀនធ្វើជាគ្រូពេទ្យ ធ្វើឡើងតាមចំណង់ចំណូលចិត្ត និងចិត្តសប្បុរសធម៌ក្នុងការជួយសង្គ្រោះជីវិត និងមិនមែនធ្វើពេទ្យដើម្បីតែលុយនោះទេ។ «»
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺរឿងនេះពីអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានទេ កាលពីថ្ងៃទី២២ ខែមិថុនា។
ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជារឿយៗ តែងអំពាវនាវដល់ប្រជាពលរដ្ឋមានជំងឺប្រចាំកាយ ចូលរួមទទួលសេវាសុខាភិបាលនៅក្នុងប្រទេស ដោយអះអាងថា បច្ចុប្បន្ន កម្ពុជាមានមន្ទីរពេទ្យឯកទេសកើនឡើងជាបន្តបន្ទាប់សម្រាប់បម្រើសេវាកម្មព្យាបាលជំងឺ ស្របតាមស្តង់ដារខ្ពស់ មិនចាញ់មន្ទីរពេទ្យនៅតាមបណ្តាប្រទេសដទៃនោះទេ។
ផ្ទុយពីការធានាអះអាងពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ហ៊ុន សែន នេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល នៅតែមិនទាន់ទុកចិត្តចំពោះវិស័យសុខាភិបាលក្នុងស្រុក ហើយនៅពេលពួកគេឈឺល្មមៗ ឬត្រូវសម្រាលកូន តែងរត់ទៅទទួលសេវាព្យាបាលនិងថែទាំសុខភាពនៅក្រៅប្រទេស ដូចជាប្រទេសថៃ វៀតណាម និងប្រទេសសិង្ហបុរីជាដើម។ ជាឧទាហរណ៍ កាលពីពាក់កណ្ដាលឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានធ្វើដំណើរទៅពិនិត្យសុខភាព និងព្យាបាលជំងឺនៅប្រទេសបារាំង តាមការណាត់របស់វេជ្ជបណ្ឌិតបារាំង។
ចំណែកលោក ហ៊ុន សែន ដែលតែងចំអកឱ្យក្រុមប្រទេសលោកខាងលិចដែលមានប្រព័ន្ធវិស័យសុខាភិបាលជឿនលឿនថា មិនអាចគ្រប់គ្រងការរាតត្បាតកូវីដ១៩ ដូចនៅកម្ពុជានោះ កាលពីខែឧសភាឆ្នាំ២០២៣នេះ លោកបានទម្លាយថា កាលពីប្រហែល៦ឆ្នាំមុន លោកបានលួចទៅវះកាត់ចង្កេះនៅមន្ទីរពេទ្យនៅក្នុងប្រទេសសិង្ហបុរី។ ជាងនេះទៅទៀត សមាជិកមួយចំនួននៃក្រុមគ្រួសារលោក ហ៊ុន សែន ក៏ស្វែងរកការព្យាបាល និងសំរាលកូននៅបរទេសដែរ៕
No comments:
Post a Comment