2023.06.07
![លោក ហ៊ុន សែន ស្នើចៅហ្វាយចាស់វៀតណាមឱ្យចាប់លោក សម រង្ស៊ី បើមេបក្សប្រឆាំងរូបនេះប្រើទឹកដីវៀតណាមចូលមកកម្ពុជា លោក ហ៊ុន សែន ស្នើចៅហ្វាយចាស់វៀតណាមឱ្យចាប់លោក សម រង្ស៊ី បើមេបក្សប្រឆាំងរូបនេះប្រើទឹកដីវៀតណាមចូលមកកម្ពុជា](https://www.rfa.org/khmer/news/politics/hun-sen-asks-vietnam-to-arrest-sam-rainsy-if-he-crosses-vietnam-into-cambodia-06072023111751.html/@@images/f6fb9160-3e80-447b-be24-ff3565b9f613.jpeg)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើទៅចៅហ្វាយចាស់របស់លោក គឺមេដឹកនាំប្រទេសវៀតណាម ឱ្យចាប់លោក សម រង្ស៊ី បើលោកប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះ ប្រើទឹកដីវៀតណាមដើម្បីចូលមកកម្ពុជាវិញ។ មន្ត្រីសង្គមស៊ីវិល លើកទឹកចិត្តទៅរដ្ឋាភិបាល លោក ហ៊ុន សែន គួរក្លាហានបើកឱ្យលោក សម រង្ស៊ី អាចចូលស្រុក រួចសឹមយកលោក សម រង្ស៊ី ទៅអនុវត្តទោសជាជាងការដើរពឹងប្រទេសជិតខាងរាំងខ្ទប់មិនឱ្យលោក សម រង្ស៊ី វិលចូលស្រុកវិញបាន។
លោក ហ៊ុន សែន នៅតែមិនចិត្តសឿង បើកផ្លូវឱ្យលោក សម រង្ស៊ី អាចវិលស្រុកវិញបាននៅឡើយទេ ដោយលោកនៅតែពឹងពាក់ប្រទេសក្បែរខាងកម្ពុជា ឱ្យជួយរារាំងមិនលោក សម រង្ស៊ី ប្រើទឹកដីប្រទេសវៀតណាម និងប្រទេសថៃ ដើម្បីឆ្លងចូលប្រទេសកម្ពុជា។ ទោះយ៉ាងណាក្ដី ពេលនេះ លោក ហ៊ុន សែន ថ្លែងដោយប្រយ័ត្នជាងមុន ក្នុងការទប់ស្កាត់មិនឱ្យលោក សម រង្ស៊ី ចូលស្រុកវិញនេះ ដោយលោកមិនព្រមានបាញ់សម្លាប់លោក សម រង្ស៊ី ទៀតទេ តែលោកត្រឹមស្នើទៅមេដឹកនាំប្រទេសវៀតណាមចាប់ខ្លួនលោក សម រង្ស៊ី បើប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះ ធ្វើដំណើរចូលប្រទេសវៀតណាម ដើម្បីឆ្លងកាត់ប្រទេសនេះចូលមកកម្ពុជា។ លោក ហ៊ុន សែន អះអាងថា មនុស្សក្បែរខ្លួនរបស់លោក សម រង្ស៊ី លោកលួចផ្ដល់ដំណឹងឱ្យលោកដឹងថា លោក សម រង្ស៊ី គ្រោងប្រើលិខិតឆ្លងដែន ឬប៉ាស្ទ័រសញ្ជាតិបារាំងធ្វើដំណើរចូលមកប្រទេសវៀតណាម ដើម្បីឆ្លងចូលប្រទេសកម្ពុជា។ លោក ហ៊ុន សែន ប្រាប់ទៅអគ្គរដ្ឋទូតប្រទេសវៀតណាមថា បើលោក សម រង្ស៊ី ទៅដល់ប្រទេសវៀតណាមពេលណាឱ្យចាប់លោក សម រង្ស៊ី ភ្លាមៗ ព្រោះមេបក្សប្រឆាំងរូបនេះ ជាទណ្ឌិតជាប់ពាក់ព័ន្ធនឹងបទល្មើសជាច្រើន។
លោក ហ៊ុន សែន៖ «គេ (លោក សម រង្ស៊ី) នឹងរកវិធីចូលប្រទេសវៀតណាមហើយបើសិនចូល ខ្ញុំសុំស្នើចាប់ឱ្យខ្ញុំ ព្រោះមានដីកាចាប់ខ្លួន ហើយអ៊ីចឹង បើចូលវៀតណាម វៀតណាមមិនព្រមចាប់ឱ្យយើងមានបញ្ហាជាមួយគ្នាហើយ ហើយសុំបញ្ជាក់ឯកឧត្ដមអគ្គរដ្ឋទូតវៀតណាមផង ប្រយ័ត្នអាមួយគ្រឿងនោះ (លោក សម រង្ស៊ី) ប្រើប៉ាសស្ព័របារាំងបន្លំចូល សុំជម្រាបជូនឱ្យហើយ យើងមានទំនាក់ទំនងសច្ចាប័នមែនទេ? សហការប្រតិបត្តិការណ៍ខាងផ្លូវច្បាប់មែនទេ?បើអ៊ីចឹងអាចង្រៃហ្នឹងចូលមកសុំចាប់ឱ្យខ្ញុំ»។
លោក ហ៊ុន សែន ថ្លែងដូច្នេះក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន ថ្ងៃទី៧ ខែមិថុនា នៅខេត្តកណ្ដាល។ លោក ហ៊ុន សែន លើកឡើងបែបនេះ ក្រោយពេលព្រមានប្រើកាំភ្លើងធំ បេ២១ បាញ់សម្លាប់លោក សម រង្ស៊ី បើលោក សម រង្ស៊ី ហ៊ានចូលកម្ពុជា តាមទឹកដីថៃ តែពេលនេះ លោក ហ៊ុន សែន ត្រឹមស្នើទៅចៅហ្វាយចាស់របស់លោក គឺប្រទេសវៀតណាម ឱ្យជួយចាប់លោក សម រង្ស៊ី បើមេបក្សប្រឆាំងរូបនេះ ចូលកម្ពុជាតាមប្រទេសវៀតណាមវិញម្ដង។ មន្ត្រីសិទ្ធិមនុស្ស សង្កេតឃើញថា ការប្ដូរឥរិយាបថរបស់លោក ហ៊ុន សែន ពីការព្រមានសម្លាប់លោក សម រង្ស៊ី មកត្រឹមចាប់ខ្លួនលោក សម រង្ស៊ី ព្រោះសារព្រមានបាញ់សម្លាប់លោក សម រង្ស៊ី របស់លោក ហ៊ុន សែន ធ្វើឱ្យសហគមន៍ជាតិនិងអន្តរជាតិ រិះគន់លោក ហ៊ុន សែន ដែលប្រើច្បាប់ព្រៃសម្លាប់ខ្មែរគ្នាឯង ខណៈច្បាប់កម្ពុជាគ្មានឡើយទោសប្រហារជីវិត។
ប្រធានអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ថា បើទោះជាប្រទេសវៀតណាម គឺជាមិត្តចាស់របស់លោក ហ៊ុន សែន ក្ដី ប៉ុន្តែ នៅរយៈពេលចុងក្រោយ វៀតណាមបានប្ដូរជំហរនយោបាយដោយមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក។ លោកបន្តទៀតថា បើផ្អែកលើរឿងផលប្រយោជន៍ គេពិបាកប៉ាន់ស្មានថា ប្រទេសវៀតណាមយល់ព្រមធ្វើតាមសំណើរបស់លោក ហ៊ុន សែន ណាស់។ លោក រស់ សុដ្ឋា សង្កេតឃើញទៀតថា លោក សម រង្ស៊ី នៅពេលនេះ ហាក់មានឱកាសច្រើនក្នុងការវិលស្រុកវិញ ព្រោះពេលនេះ ក្រៅពីប្រទេសវៀតណាម លោក សម រង្ស៊ី អាចមានលទ្ធភាពអាចចូលប្រទេសកម្ពុជា តាមប្រទេសថៃ ប្រសិនប្រទេសនេះត្រូវបានក្រុមអ្នកប្រជាធិបតេយ្យដឹកនាំប្រទេសវិញម្ដង ។
លោក រស់ សុដ្ឋា៖ «ទី១ យើងដឹងហើយ ថា គម្លាតនយោបាយរវាងកម្ពុជា និងវៀតណាម លទ្ធភាពមួយស្ថិតក្នុងការសង្ស័យទី២ គឺការផ្លាស់ប្ដូរនយោបាយក្នុងប្រទេសថៃ ដូចយើងដឹងទាំងអស់គ្នាខាងនិយមភាពត្រឹមត្រូវខាងប្រជាធិបតេយ្យឡើងកាន់អំណាច បើសិនជាពួកគាត់ឡើងកាន់អំណាចលទ្ធភាពនៃការយល់ពីច្បាប់អន្តរជាតិសិទ្ធិនយោបាយសម្ពន្ធភាពប្រជាធិបតេយ្យអាចថា លោក សម រង្ស៊ី នឹងមានលទ្ធភាពចេញចូលពីច្រកថៃថែមទៀត»។
លោក សម រង្ស៊ី បានបង្ហាញភាពភ្ញាក់ផ្អើលមួយ ដែលធ្វើឱ្យលោក ហ៊ុន សែន ភ័យស្ទើរដេកមិនលក់ ដោយលោកបានធ្វើដំណើរមកប្រទេសម៉ាឡេស៊ី និងបានជួបសមាជិកសភាប្រទេសនេះ កាលពីចុងខែឧសភា។ នៅពេលឃើញលោក សម រង្ស៊ី អាចមកជាន់ទឹកដីប្រទេសក្នុងតំបន់អាស៊ានមួយនេះ លោក ហ៊ុន សែន បានប្រឌិតព័ត៌មានក្លែងក្លាយថា រដ្ឋាភិបាល ប្រទេសម៉ាឡេស៊ី បណ្ដេញលោក សម រង្ស៊ី ចេញពីប្រទេសនេះ។
ជុំវិញសាររបស់លោក ហ៊ុន សែន ពេលនេះអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង យល់ថា នៅពេលដែលលោក ហ៊ុន សែន ងាកទៅចិនខ្លាំងពេក គឺធ្វើឱ្យលោក ហ៊ុន សែន បារម្ភខ្លាចមេដឹកនាំវៀតណាម មិនសប្បាយចិត្តហើយអនុញ្ញាតឱ្យលោក សម រង្ស៊ី ឆ្លងកាត់ប្រទេសវៀតណាម ដើម្បីចូលមកកម្ពុជា។ លោក អេង ឆៃអ៊ាង មិនទាន់អាចបញ្ជាក់ថា លោក សម រង្ស៊ី នឹងវិលចូលស្រុកវិញពេលណានៅឡើយទេ ប៉ុន្តែ លោកថា ប្រសិនប្រទេសជាប់ព្រំដែនកម្ពុជាណាមួយអនុញ្ញាតឱ្យលោក សម រង្ស៊ី ឆ្លងកាត់ គឺលោក សម រង្ស៊ី នឹងវិលចូលកម្ពុជាភ្លាម។
លោក អេង ឆៃអ៊ាង៖ «ធម្មតានយោបាយការបរទេសតែងតែមានការប្រែប្រួលតែងតែមានផ្លាស់ប្ដូរ ទៅតាមស្ថានភាពនៃប្រទេសនីមួយៗការប្ដូររដ្ឋាភិបាលថ្មី អ៊ីចឹងដូចយើងដឹងហើយថា នៅប្រទេសម៉ាឡេស៊ី ក្រោយពីមានផ្លាស់ប្ដូររដ្ឋាភិបាលថ្មី លោក អាន់វ៉ា ឡើងដឹកនាំប្រទេសទៅ លោក សម រង្ស៊ី ចូលបានទៅហើយនៅប្រទេសថៃ យើងសង្ឃឹមថា មានរដ្ឋាភិបាលថ្មីហ្នឹងនឹងធ្វើឱ្យមានការប្រែប្រួល ហើយវៀតណាម ក៏យើងសង្ឃឹមថា វៀតណាមអាចមានជំហរនយោបាយផ្សេង យើងមានសង្ឃឹមខ្លះៗដែរ យើងមិនមែនអត់ទេ»។
នៅរយៈពេលចុងក្រោយនេះ លោក សម រង្ស៊ី ប្រកាសថា លោកនឹងវិលទៅកម្ពុជាវិញក្នុងពេលឆាប់ៗ នេះ។ លោកអះអាងថា លោកអាចវិលទៅកម្ពុជាវិញបានឆាប់ ឬយ៉ាងណានោះ ក៏អាស្រ័យលើរដ្ឋាភិបាលថ្មីរបស់ថៃ ដែលនឹងបង្កើតឡើង នៅពេលខាងមុខនេះដែរ។ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ យល់ថា អ្វីដែលធ្វើឱ្យលោក ហ៊ុន សែន មិនចង់ឃើញលោក សម រង្ស៊ី ចូលស្រុកវិញ ព្រោះតែលោក សម រង្ស៊ី ជាអ្នកប្រឆាំងជាន់ខ្ពស់ហ៊ានលះបង់ស្ទើរគ្រប់បែបយ៉ាងដើម្បីកម្ពុជា ដែលធ្វើឱ្យពលរដ្ឋកម្ពុជា និងក្រុមប្រទេសប្រជាធិបតេយ្យនៅតែចាប់អារម្មណ៍លោក សម រង្ស៊ី៕
1 comment:
Ah Yuon's slave Hun Sen talked tough toward Vietnam. But a few minutes later, Vietnam yelled at him, and poop came out of Ah Kwak Hun Sen's pant along with urine.
Ah Chkuot Hun Sen has been behaved crazily against Khmer people, he forgot that he is still a Yuon's slave.
Post a Comment