Thursday, 8 June 2023

លោក ហ៊ុន សែន ស្នើ​ចៅហ្វាយ​ចាស់​វៀតណាម​ឱ្យ​ចាប់​លោក សម រង្ស៊ី បើ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ប្រើ​ទឹក​ដី​វៀតណាម​ចូល​មក​កម្ពុជា

 

ដោយ សេក បណ្ឌិត
2023.06.07
 
លោក ហ៊ុន សែន ស្នើ​ចៅហ្វាយ​ចាស់​វៀតណាម​ឱ្យ​ចាប់​លោក សម រង្ស៊ី បើ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ប្រើ​ទឹក​ដី​វៀតណាម​ចូល​មក​កម្ពុជា  
(ឆ្វេង) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត និង​​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ និង​ផ្លូវ​តភ្ជាប់​ក្បាល​ស្ពាន នៅ​ខេត្ត​កណ្ដាល ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ទៅ​ចៅហ្វាយ​ចាស់​របស់​លោក គឺ​មេដឹកនាំ​ប្រទេស​វៀតណាម ឱ្យ​ចាប់​លោក សម រង្ស៊ី បើ​លោក​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ប្រើ​ទឹកដី​វៀតណាម​ដើម្បី​ចូល​មក​កម្ពុជា​វិញ។ មន្ត្រី​សង្គម​ស៊ីវិល លើក​ទឹក​ចិត្ត​ទៅ​រដ្ឋាភិបាល លោក ហ៊ុន សែន គួរ​ក្លាហាន​បើក​ឱ្យ​លោក សម រង្ស៊ី អាច​ចូល​ស្រុក រួច​សឹម​យក​លោក សម រង្ស៊ី ទៅ​អនុវត្ត​ទោស​ជា​ជាង​ការ​ដើរ​ពឹង​ប្រទេស​ជិត​ខាង​រាំង​ខ្ទប់​មិន​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​បាន។

លោក ហ៊ុន សែន នៅតែ​មិន​ចិត្ត​សឿង បើក​ផ្លូវ​ឱ្យ​លោក សម រង្ស៊ី អាច​វិល​ស្រុក​វិញ​បាន​នៅឡើយ​ទេ ដោយ​លោក​នៅតែ​ពឹង​ពាក់​ប្រទេស​ក្បែរ​ខាង​កម្ពុជា ​ឱ្យ​ជួយ​រារាំង​មិន​លោក សម រង្ស៊ី ប្រើ​ទឹកដី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ដើម្បី​ឆ្លង​ចូល​ប្រទេស​កម្ពុជា។ ទោះ​យ៉ាង​ណា​ក្ដី ពេល​នេះ លោក ហ៊ុន សែន ថ្លែង​ដោយ​ប្រយ័ត្ន​ជាង​មុន ក្នុង​ការ​ទប់​ស្កាត់​មិន​ឱ្យ​លោក សម រង្ស៊ី ចូល​ស្រុក​វិញ​នេះ ដោយ​លោក​មិន​ព្រមាន​បាញ់​សម្លាប់​លោក សម រង្ស៊ី ទៀត​ទេ តែ​លោក​ត្រឹម​ស្នើ​ទៅ​មេ​ដឹកនាំ​ប្រទេស​វៀតណាម​ចាប់​ខ្លួន​លោក សម រង្ស៊ី បើ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ធ្វើ​ដំណើរ​ចូល​​ប្រទេស​វៀតណាម ដើម្បី​ឆ្លង​កាត់​ប្រទេស​នេះ​ចូល​មក​កម្ពុជា។ លោក ហ៊ុន សែន អះអាង​ថា មនុស្ស​ក្បែរ​ខ្លួន​របស់​លោក សម រង្ស៊ី លោក​លួច​ផ្ដល់​ដំណឹង​ឱ្យ​លោក​ដឹង​ថា លោក សម រង្ស៊ី គ្រោង​ប្រើ​លិខិត​ឆ្លងដែន ឬ​ប៉ាស្ទ័រ​សញ្ជាតិ​បារាំង​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​វៀតណាម ដើម្បី​ឆ្លង​ចូល​ប្រទេស​កម្ពុជា។ លោក ហ៊ុន សែន ប្រាប់​ទៅ​អគ្គរដ្ឋទូត​ប្រទេស​វៀតណាម​ថា បើ​លោក សម រង្ស៊ី ទៅ​ដល់​ប្រទេស​វៀតណាម​ពេល​ណា​ឱ្យ​ចាប់​លោក សម រង្ស៊ី ភ្លាមៗ ព្រោះ​មេ​បក្ស​ប្រឆាំង​រូប​នេះ ជា​ទណ្ឌិត​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ជា​ច្រើន។

លោក ហ៊ុន សែន៖ «គេ (លោក សម រង្ស៊ី) នឹង​រក​វិធី​ចូល​ប្រទេស​វៀតណាម​ហើយ​បើសិន​ចូល ខ្ញុំ​សុំ​ស្នើ​ចាប់​ឱ្យ​ខ្ញុំ ព្រោះ​មាន​ដីកា​ចាប់​ខ្លួន ហើយ​អ៊ីចឹង​ បើ​ចូល​វៀតណាម វៀតណាម​មិន​ព្រម​ចាប់​ឱ្យ​យើង​មាន​បញ្ហា​ជាមួយ​គ្នា​ហើយ ហើយ​សុំ​បញ្ជាក់​ឯកឧត្ដម​អគ្គរដ្ឋទូត​វៀតណាម​ផង ប្រយ័ត្ន​អា​មួយ​គ្រឿង​នោះ (លោក សម រង្ស៊ី) ប្រើ​ប៉ាសស្ព័រ​បារាំង​បន្លំ​ចូល​ សុំ​ជម្រាប​ជូន​ឱ្យ​ហើយ យើង​មាន​ទំនាក់ទំនង​សច្ចាប័ន​មែនទេ? សហការ​ប្រតិបត្តិ​ការណ៍​ខាង​ផ្លូវ​ច្បាប់​មែនទេ?​បើ​អ៊ីចឹង​អា​ចង្រៃ​ហ្នឹង​ចូល​មក​សុំ​ចាប់​ឱ្យ​ខ្ញុំ»

 

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត និង​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ និង​ផ្លូវ​តភ្ជាប់​ក្បាល​ស្ពាន ថ្ងៃ​ទី៧ ខែ​មិថុនា នៅ​ខេត្ត​កណ្ដាលលោក ហ៊ុន សែន លើក​ឡើង​បែប​នេះ ក្រោយ​ពេល​ព្រមាន​ប្រើ​កាំភ្លើង​ធំ បេ២១ បាញ់​សម្លាប់​លោក សម រង្ស៊ី បើ​លោក សម រង្ស៊ី ហ៊ាន​ចូល​កម្ពុជា តាម​ទឹកដី​ថៃ តែ​ពេល​នេះ លោក ហ៊ុន សែន ត្រឹម​ស្នើ​ទៅ​ចៅហ្វាយ​ចាស់​របស់​លោក គឺ​ប្រទេស​វៀតណាម ឱ្យ​ជួយ​ចាប់​លោក សម រង្ស៊ី បើ​មេ​បក្ស​ប្រឆាំង​រូប​នេះ ចូល​កម្ពុជា​តាម​ប្រទេស​វៀតណាម​វិញ​ម្ដង។ មន្ត្រី​សិទ្ធិមនុស្ស សង្កេត​ឃើញ​ថា ការ​ប្ដូរ​ឥរិយាបថ​របស់​លោក ហ៊ុន សែន ពី​ការ​ព្រមាន​សម្លាប់​លោក សម រង្ស៊ី មក​ត្រឹម​ចាប់​ខ្លួន​លោក សម រង្ស៊ី ព្រោះ​សារ​ព្រមាន​បាញ់​សម្លាប់​លោក សម រង្ស៊ី របស់​លោក​ ហ៊ុន សែន ធ្វើ​ឱ្យ​សហគមន៍​ជាតិ​និង​អន្តរជាតិ រិះគន់​លោក ហ៊ុន សែន ដែល​ប្រើ​ច្បាប់​ព្រៃ​សម្លាប់​ខ្មែរ​គ្នា​ឯង ខណៈ​ច្បាប់​កម្ពុជា​គ្មាន​ឡើយ​ទោស​ប្រហារ​ជីវិត។

ប្រធាន​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់​ថា បើ​ទោះ​ជា​ប្រទេស​វៀតណាម ​គឺ​ជា​មិត្ត​ចាស់​របស់​លោក ហ៊ុន សែន ក្ដី ប៉ុន្តែ នៅ​រយៈ​ពេល​ចុង​ក្រោយ វៀតណាម​បាន​ប្ដូរ​ជំហរ​នយោបាយ​ដោយ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក។ លោក​បន្ត​ទៀត​ថា បើ​ផ្អែក​លើ​រឿង​ផល​ប្រយោជន៍ គេ​ពិបាក​ប៉ាន់ស្មាន​ថា ប្រទេស​វៀតណាម​យល់​ព្រម​ធ្វើ​តាម​សំណើ​របស់​លោក ហ៊ុន សែន ណាស់។ លោក រស់ សុដ្ឋា សង្កេត​ឃើញ​ទៀត​ថា លោក សម រង្ស៊ី នៅ​ពេល​នេះ ហាក់​មាន​ឱកាស​ច្រើន​ក្នុង​ការ​វិល​ស្រុក​វិញ​ ព្រោះ​ពេល​នេះ ក្រៅ​ពី​ប្រទេស​វៀតណាម លោក សម រង្ស៊ី អាច​មាន​លទ្ធភាព​អាច​ចូល​ប្រទេស​កម្ពុជា តាម​ប្រទេស​ថៃ ប្រសិន​ប្រទេស​នេះ​ត្រូវ​បាន​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ដឹកនាំ​ប្រទេស​វិញ​ម្ដង ។

លោក រស់ សុដ្ឋា៖ «ទី១ យើង​ដឹង​ហើយ ថា គម្លាត​នយោបាយ​រវាង​កម្ពុជា និង​វៀតណាម លទ្ធភាព​មួយ​ស្ថិត​ក្នុង​ការ​សង្ស័យ​ទី២ គឺ​ការ​ផ្លាស់ប្ដូរ​នយោបាយ​ក្នុង​ប្រទេស​ថៃ ដូច​យើង​ដឹង​ទាំង​អស់​គ្នា​ខាង​និយម​ភាព​ត្រឹមត្រូវ​ខាង​ប្រជាធិបតេយ្យ​ឡើង​កាន់​អំណាច បើសិន​ជា​ពួក​គាត់​ឡើង​កាន់អំណាច​លទ្ធភាព​នៃ​ការ​យល់​ពី​ច្បាប់​អន្តរជាតិ​សិទ្ធិ​នយោបាយ​សម្ពន្ធភាព​ប្រជាធិបតេយ្យ​អាច​ថា លោក សម រង្ស៊ី ​នឹង​មាន​លទ្ធភាព​ចេញ​ចូល​ពី​ច្រក​ថៃ​ថែម​ទៀត»

លោក សម រង្ស៊ី បាន​បង្ហាញ​ភាព​ភ្ញាក់ផ្អើល​មួយ ដែល​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ភ័យ​ស្ទើរ​ដេក​មិន​លក់ ដោយ​លោក​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​ម៉ាឡេស៊ី និង​បាន​ជួប​សមាជិក​សភា​ប្រទេស​នេះ កាល​ពី​ចុង​ខែ​ឧសភា។ នៅ​ពេល​ឃើញ​លោក សម រង្ស៊ី អាច​មក​ជាន់​ទឹកដី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​នេះ លោក ហ៊ុន​ សែន បាន​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​ថា រដ្ឋាភិបាល ​ប្រទេស​ម៉ាឡេស៊ី បណ្ដេញ​លោក សម រង្ស៊ី ចេញ​ពី​ប្រទេស​នេះ។

ជុំវិញ​សារ​របស់​លោក ហ៊ុន សែន ពេល​នេះ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង យល់​ថា នៅ​ពេល​ដែល​លោក ហ៊ុន សែន ងាក​ទៅ​ចិន​ខ្លាំង​ពេក គឺ​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ​បារម្ភ​ខ្លាច​មេដឹកនាំ​វៀតណាម ​មិន​សប្បាយ​ចិត្ត​ហើយ​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី ឆ្លង​កាត់​ប្រទេស​វៀតណាម ដើម្បី​ចូល​មក​កម្ពុជា។ លោក អេង ឆៃអ៊ាង មិន​ទាន់​អាច​បញ្ជាក់​ថា លោក សម រង្ស៊ី ​នឹង​វិល​ចូល​ស្រុក​វិញ​ពេល​ណា​នៅឡើយ​ទេ ប៉ុន្តែ លោក​ថា ប្រសិន​ប្រទេស​ជាប់​ព្រំដែន​កម្ពុជា​ណា​មួយ​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី ឆ្លង​កាត់​ គឺ​លោក សម រង្ស៊ី នឹង​វិល​ចូល​កម្ពុជា​ភ្លាម។

លោក អេង ឆៃអ៊ាង៖ «ធម្មតា​នយោបាយ​ការបរទេស​តែងតែ​មានការ​ប្រែប្រួល​តែងតែ​មាន​ផ្លាស់ប្ដូរ​ ទៅ​តាម​ស្ថានភាព​នៃ​ប្រទេស​នីមួយៗ​ការ​ប្ដូរ​រដ្ឋាភិបាល​ថ្មី​ អ៊ីចឹង​ដូច​យើង​ដឹង​ហើយ​ថា នៅ​ប្រទេស​ម៉ាឡេស៊ី ក្រោយ​ពី​មាន​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ថ្មី លោក អាន់វ៉ា​ ឡើង​ដឹកនាំ​ប្រទេស​ទៅ​ លោក សម រង្ស៊ី ចូល​បាន​ទៅ​ហើយ​នៅ​ប្រទេស​ថៃ យើង​សង្ឃឹម​ថា មាន​រដ្ឋាភិបាល​ថ្មី​ហ្នឹង​នឹង​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល ហើយ​វៀតណាម ក៏​យើង​សង្ឃឹម​ថា វៀតណាម​អាច​មាន​ជំហរ​នយោបាយ​ផ្សេង​ យើង​មាន​សង្ឃឹម​ខ្លះៗ​ដែរ យើង​មិន​មែន​អត់​ទេ»

នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ លោក សម រង្ស៊ី ប្រកាស​ថា លោក​នឹង​វិល​ទៅ​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ នេះ។ លោក​អះអាង​ថា លោក​អាច​វិល​ទៅ​កម្ពុជា​វិញ​បាន​ឆាប់ ឬ​យ៉ាង​ណា​នោះ ក៏​អាស្រ័យ​លើ​រដ្ឋាភិបាល​ថ្មី​របស់​ថៃ ដែល​នឹង​បង្កើត​ឡើង នៅ​ពេល​ខាង​មុខ​នេះ​ដែរ។ អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ យល់​ថា អ្វី​ដែល​ធ្វើ​ឱ្យ​លោក ហ៊ុន សែន មិន​ចង់​ឃើញ​លោក សម រង្ស៊ី ​ចូល​ស្រុក​វិញ ព្រោះ​តែ​លោក សម រង្ស៊ី ជា​អ្នក​ប្រឆាំង​ជាន់​ខ្ពស់​ហ៊ាន​លះបង់​ស្ទើរ​គ្រប់​បែប​យ៉ាង​ដើម្បី​កម្ពុជា ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា និង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​នៅតែ​ចាប់​អារម្មណ៍​លោក សម រង្ស៊ី៕

1 comment:

Anonymous said...

Ah Yuon's slave Hun Sen talked tough toward Vietnam. But a few minutes later, Vietnam yelled at him, and poop came out of Ah Kwak Hun Sen's pant along with urine.

Ah Chkuot Hun Sen has been behaved crazily against Khmer people, he forgot that he is still a Yuon's slave.