Saturday, 24 June 2023

មតិ​ទូទៅ​របស់​ប្រជាពលរដ្ឋ​ជុំវិញ​សេចក្ដីព្រាង​វិសោធនកម្ម​ច្បាប់​បោះឆ្នោត

 

ដោយ ​នៅ វណ្ណារិន
2023.06.24
 
មតិ​ទូទៅ​របស់​ប្រជាពលរដ្ឋ​ជុំវិញ​សេចក្ដីព្រាង​វិសោធនកម្ម​ច្បាប់​បោះឆ្នោត  
កិច្ចប្រជុំ​របស់រដ្ឋសភា​កាលពីថ្ងៃទី២៣ មិថុនា​ ២០២៣។
រូប៖ ហ្វេសប៊ុករដ្ឋសភា
 

ប្រជាពលរដ្ឋ​មើល​ឃើញ​ថា ការ​អនុម័ត​លើ​សេចក្ដីព្រាង​វិសោធនកម្ម ច្បាប់បោះឆ្នោត​ថ្មី របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា​ការរំលោភ​សិទ្ធិ​ពួកគេ និង​គោលការណ៍​រដ្ឋធម្មនុញ្ញ​។ អ្នកជំនាញ​ផ្នែក​ច្បាប់​ថា​ការ​ធ្វើ​វិសោធនកម្ម​កែប្រែ ច្បាប់​ត្រូវធ្វើ ប្រជាមតិ និង​ឆ្លងកាត់​ការពិនិត្យ និង​អនុម័ត​ពី​ស្ថាប័ន​ពាក់ព័ន្ធ មិនមែន​សម្រេច​ទៅលើ​មនុស្ស​តែមួយ​ក្រុម​នោះ​ឡើយ។

ប្រជាពលរដ្ឋ និង​អ្នក​សិក្សា​ផ្នែក​ច្បាប់​មួយចំនួន​ចាត់ទុក​មាត្រា​ថ្មីៗ​ក្នុង​សេចក្តី​ព្រាង​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ដែល​រដ្ឋសភា​ឯក​បក្ស​ទើប​លើកដៃ​អនុម័ត ថា​ជា​ការ​បិទផ្លូវ និង​គាបសង្កត់​សិទ្ធិ​ធ្វើ​នយោបាយ​មក​លើ​គណបក្ស​ប្រឆាំង ដែល​ផ្ទុយ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។

កសិករ​នៅ​ស្រុក​ព្រះនេត្រព្រះ​ខេត្ត​បន្ទាយមានជ័យ​លោក សោម សុមិត្រ យល់​ឃើញ​ថា ការ​អនុម័ត​ច្បាប់បោះឆ្នោត​ថ្មី​នេះ ឆ្លុះ​បង្ហាញ​ពី​ចរិត​អ្នកនយោបាយ​ទុច្ចរិត​ដែល​តែងតែ​បង្កើត​ច្បាប់​តាម​អំពើ​ចិត្ត ដើម្បី​យកឈ្នះ​គូប្រកួត​ដែល​ឈរ​នៅ​ក្រៅ​សង្វៀន​។ លោក​បន្ត​ថា គណបក្សកាន់អំណាច​ទំនងជា​កើត​ជម្ងឺ​បាក់ស្បាត ដោយសារ​ខ្លាច​វត្តមាន​គណបក្សប្រឆាំង​ហើយ ទើប​ប្រញាប់​រៀបចំ​និពន្ធ​ច្បាប់​យ៉ាង​តក់ក្រហល់​ដើម្បី​បិទផ្លូវ​គណបក្ស​ប្រឆាំង​ដូច្នេះ។

លោក សោម សុមិត្រ៖ «តាម​ពិត​ទៅ​គាត់ (​លោក ហ៊ុន សែន​) ចង់​ធ្វើ​យ៉ាងម៉េច​ក៏បាន​។ ចង់​ធ្វើ​វិសោធនកម្ម​យ៉ាងម៉េច​ចង់​ស្នើ​យ៉ាងម៉េច​បាន​ដូច​ចិត្ត​ទាំងអស់»

 

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​នៅ​ខេត្តសៀមរាប​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា​មាន​តែ​ប្រទេស​ផ្ដាច់ការ​ប៉ុណ្ណោះ​ដែល​បង្កើត​ច្បាប់​បែប​នេះ​ឡើយ។ លោក​យល់​ថា ការ​កែប្រែ​ច្បាប់​ថ្មី​នេះ​គឺ​ដើម្បី​គាប់​សង្កត់ រឹតត្បិត​អ្នក​នយោបាយ ដែល​ជា​គូប្រជែង​របស់​គណបក្ស​កាន់​អំណាច ហើយ​ថែមទាំង​រំលោភសិទ្ធិ​ពលរដ្ឋ​ទៀត​ផង។

«ព្រោះ​ពលរដ្ឋ ឬក៏​អ្នកនយោបាយ​គ្រប់រូប​មាន​សិទ្ធិ​ក្នុង​ការ​សម្រេចចិត្ត​គ្រប់សព្វ​បែបយ៉ាង​ថា ខ្លួន​ទៅ​បោះឆ្នោត ឬ​មិន​ទៅ​បោះឆ្នោត។ កន្លែង​នេះ​ខ្ញុំ​គិតថា ប្រសិន​បើ​ពលរដ្ឋ ចេញទៅ​បោះឆ្នោត សួរ​ថា​ទៅ​បោះ​ឆ្នោតឱ្យ​អ្នកណា​? បោះ​ឆ្នោតឱ្យ​បក្ស​ណា​? ប្រសិនបើ​គ្មាន​បក្សនយោបាយ​ណាមួយ​ដែល​គាត់​ស្រឡាញ់​។ អ៊ីចឹង​គាត់​អត់​បាច់​ទៅ​បោះឆ្នោត​ក៏​បាន​ដែរ»

រដ្ឋសភា​ឯក​បក្ស​បាន​កោះ​ប្រជុំ​ទាំង​ខុស​កាល​យ៉ាង​តក់ក្រហល់​នៅ​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ដែល​មាន​សមាជិកសភា ១១១​រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​បាន​បោះឆ្នោត​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់បោះឆ្នោត​ថ្មី​នេះ មុន​បញ្ជូន​ទៅ​ព្រឹទ្ធសភា និង​ក្រុមប្រឹក្សាធម្មនុញ្ញ​អនុម័ត​បន្ត​ទៀត។

ពលរដ្ឋ​រស់នៅ​ខេត្ត​ប៉ៃលិន​លោក ហ៊ុល សៅ លើក​ឡើង​ថា លោក​ហាក់​គ្មាន​ការ​ភ្ញាក់ផ្អើល​អ្វី​នោះ​ទេ ពី​ការ​អនុម័ត​ច្បាប់​ដែល​សមាជិក​រដ្ឋសភា​ឯក​បក្ស​ចាំតែ​លើកដៃ​គាំទ្រ​តាម​ទំនើងចិត្ត​របស់​លោក ហ៊ុន សែន ដោយ​មិនបាន​ពិចារណា​ពី​ភាព​មិន​ប្រក្រតី​នោះ​ឡើយ​។ លោក​លើកឡើង​ទៀត​ថា លោក​ចាត់ទុក​ច្បាប់បោះឆ្នោត​ថ្មី​នេះ ថា​ជា​ច្បាប់​នីតិ​មាត់​ចាប់តាំងពី​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​ពី​បំណង​របស់​លោក ក្នុង​ការ​ធ្វើ​វិសោធន​កម្ម​នេះ​មក​ម្ល៉េះ ដោយ​រង់ចាំ​តែ​សមាជិក​រដ្ឋសភា​ឯក​បក្ស​របស់​លោក​លើក​ដៃ​បង្គ្រប់កិច្ច​តែប៉ុណ្ណោះ។

លោក ហ៊ុល សៅ៖ «ខ្ញុំ​យល់​ឃើញ​ថា កាលដែល​ធ្វើ​ឱ្យ​មាន​ការបង្កើត​ច្បាប់​ថ្មី​នេះ គឺ​ច្បាប់​នេះ​បង្កើត​ឡើង​សម្រាប់​តែ​បន្សាប​ឥទ្ធិពល​របស់​គណបក្ស​ប្រឆាំង​។ មើល​តែ​គណបក្ស​នយោបាយ​ណា ដែល​មាន​សំឡេង​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន គឺ​លោក ហ៊ុន សែន បង្កើត​ច្បាប់​ដើម្បី​ទៅ​បំបាត់ ឬក៏​បង្ក្រាប​សំឡេង​អ្នកគាំទ្រ ឬក៏​តំណាង​ឈរឈ្មោះ​ឱ្យ​គណបក្ស​នយោបាយ​ណាមួយ​ដែល​ប្រជាពលរដ្ឋ​ពេញចិត្ត»

និស្សិត​ផ្នែក​ច្បាប់​លោក លី ចាន់ដារ៉ាវុធ លើកឡើង​ថា ការ​អនុម័ត​ច្បាប់​របស់​រដ្ឋសភា​នៅ​ពេល​នេះ​មាន​ភាព​តក់ក្រហល់ ខុសប្លែក​ពី​ការ​អនុម័ត​ច្បាប់​ផ្សេងៗ​បម្រើ​ប្រយោជន៍​សាធារណៈ​ដែល​ត្រូវ​ចំណាយពេល​រាប់​ឆ្នាំ​។ ជាមួយគ្នា​នេះ លោក​មើល​ឃើញ​ថា មាត្រា​ក្នុង​ច្បាប់​ថ្មី​នេះ​នៅ​មាន​ភាព​ស្រពេចស្រពិល​ដោយ​មិនបាន​បញ្ជាក់​ថា តើ​បុគ្គល​ដែល​មិន​បាន​ទៅ​បោះឆ្នោត នឹង​ត្រូវ​បាត់បង់​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​អស់​មួយ​ជីវិត​ឬ​យ៉ាងណា។

លោក លី ចាន់ដារ៉ាវុធ៖ «អ៊ីចឹង​ខ្ញុំ​យល់​ថា ការ​តាក់តែង​ច្បាប់​បែបនេះ​នឹង​មិន​តំណាង​ឱ្យ​ប្រយោជន៍​ប្រជាពលរដ្ឋ​ទេ។ យើងខ្ញុំ​យល់​ថា យើង​មិន​គួរ​ណា​កែប្រែ ច្បាប់បោះឆ្នោត​នៅ​កៀក​ថ្ងៃ​បោះឆ្នោត​អ៊ីចឹង​ទេ។ ព្រោះថា វា​មិនដែល​កីឡាប្រដាល់​ណា ដល់​ម៉ោង​ដាល់​ហើយ ទើប​មក​កែ​ច្បាប់​ថា​ដាល់​របៀប​ម៉េច​នោះ ខ្ញុំ​យល់​ថា វា​ប៉ះពាល់​ទៅ​ដល់​ការ​ប្រកួត​គ្នា​ដោយ​ស្មើភាព​ដែរ»

ជុំវិញ​រឿង​ដែរ​នេះ​ប្រធាន​ក្រុម​អ្នកច្បាប់​អមរិន្ទ​លោក​មេធាវី សុក សំអឿន មានប្រសាសន៍ថា ដើម្បី​ឱ្យ​ច្បាប់​មាន​ភាព​ល្អ​ប្រសើរ តុល្យភាព ក្នុង​ការ​ដាក់​ឱ្យ​ប្រើប្រាស់​លុះត្រា​សេចក្ដី​ព្រាងច្បាប់​នោះ​បាន​ឆ្លងកាត់​ការ​ប្រមូល​មតិយោបល់​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​ឆ្លុះ​បង្ហាញ​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ។

លោក សុក សំអឿន៖ «នៅក្នុង​រដ្ឋធម្មនុញ្ញ​ចែងថា​ទាំងអស់គ្នា​សុទ្ធ​តែ​មាន​សិទ្ធិ​ឈរឈ្មោះ ប៉ុន្តែ​នៅ​ពេល​ធ្វើ​ច្បាប់ ទៅជា​មាន​អ្នក​ដែល​មិន​អាច​ឈរឈ្មោះ​បាន អ៊ីចឹង​ពិបាក​ដែរ។ ប្រសិនបើជា​ច្បាប់​ធ្វើឡើង​មានតែ​គ្នា​ប៉ុន្មាន​នាក់ សម្រាប់​បញ្ជូន​ទៅ​សភា​ឱ្យ​សម្រេច​តែម្ដង​ទៅ អាហ្នឹង​មិនមែន​ជា​រូប​បែប​ប្រជាធិបតេយ្យ​នោះ​ទេ»

នេះ​មិនមែន​ជា​លើកដំបូង​ទេ ដែល​លោក ហ៊ុន សែន កែ​ច្បាប់​តាម​ទំនើងចិត្ត​ដើម្បី​ធានា​បាន​នូវ​ជ័យជម្នះ​ទុកជាមុន និង​ជា​ការ​ក្រាល​កម្រាលព្រំ​ឱ្យ​កូនប្រុស​របស់​លោក​ដែល​រង់ចាំ​ស៊ី​កេរ្តិ៍​គឺ​លោក ហ៊ុន ម៉ាណែត អាច​ធ្វើ​បន្ត​អំណាច​ពី​លោក​បាន​ដោយ​គ្មាន​ឧបសគ្គ​។ ការ​កែប្រែ​ច្បាប់​ដែល​លោក ហ៊ុន សែន ធ្លាប់ធ្វើ​កន្លងមក​មាន​ដូចជា​ការ​កែប្រែ​ច្បាប់​សញ្ជាតិ​តែមួយ​សម្រាប់​បេក្ខជន​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី ច្បាប់​ជ្រើសតាំង​នាយករដ្ឋមន្ត្រី​ថ្មី នៅពេល​នាយករដ្ឋមន្ត្រី​ក្នុង​តួនាទី​អវត្តមាន​ដោយ​មិនបាច់​ឆ្លងកាត់​រដ្ឋសភា និង​ច្បាប់បោះឆ្នោត​ដែល​ដកហូត​សិទ្ធិ​អ្នកនយោបាយ​សមាជិក​គណបក្ស​ប្រឆាំង ដែល​មិន​បាន​ចូលរួម​បោះឆ្នោត​ថ្មី​នេះ​ជាដើម។

ប្រជាពលរដ្ឋ​លើកឡើង​ថា ច្បាប់បោះឆ្នោត​ដែល​ចេញពី​ការ​លើកដៃ​អនុម័ត​របស់​សភា​ឯក​បក្ស​នេះ នឹង​កែប្រែ​ការប្រកួតប្រជែង​ការបោះឆ្នោត​ទៅជា​ការសម្ដែង​ការបោះឆ្នោត​តាម​បែប​បង្គ្រប់កិច្ច ហើយ​បង្កើត​បាន​ជា​រដ្ឋាភិបាល​មួយ​ដែល​មិន​មិន​ឆ្លុះបញ្ចាំង​ពី​ការ​គាំទ្រ​របស់​ពលរដ្ឋ​នោះ​ទេ៕

No comments: