2023.06.24
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដាក់ចេញគោលការណ៍រឹតត្បិតលើអ្នកសារព័ត៌មាន មុនចូលទៅថត ឬយកព័ត៌មាននៅតាមការិយាល័យបោះឆ្នោត ដោយតម្រូវឱ្យពួកគេត្រូវស្នើសុំការអនុញ្ញាតពីប្រធានការិយាល័យបោះឆ្នោតជាមុន។ អ្នកជំនាញយល់ឃើញថា គ.ជ.ប មិនគួរបង្កបញ្ហាស្មុគស្មាញដល់អ្នកសារព័ត៌មានឡើយ ព្រោះវាធ្វើឱ្យប៉ះពាល់បន្ថែមទៀតលើការអនុវត្តសេរីភាពសារព័ត៌មាននៅកម្ពុជា។
គ.ជ.បតម្រូវឲ្យអ្នកសារព័ត៌មានស្នើសុំការអនុញ្ញាតដោយផ្ទាល់មាត់ ឬតាមលិខិតជាលាយលក្ខណ៍អក្សរ ពីប្រធានការិយាល័យបោះឆ្នោតសិន ទើបពួកគេអាចចូលទៅយកព័ត៌មាន ឬថតរូបនៅក្នុងការិយាល័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៣ ខែកក្កដា បាន។
អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៣ មិថុនា ថា ប្រធានការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស មានឆន្ទានុសិទ្ធិខ្ពស់ ក្នុងការសម្រេចនិងចាត់ចែងការងារការបោះឆ្នោតមួយថ្ងៃពេញ ដំណើរការដោយរលូន ហើយពួកគេមានសិទ្ធិសម្រេចអនុញ្ញាត ឬមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មាន ចូលទៅយកព័ត៌មាននៅក្នុងការិយាល័យបោះឆ្នោត ទោះបីជា គ.ជ.ប ចេញកាតសម្គាល់ខ្លួនឲ្យអ្នកសារព័ត៌មានក្តី។
លោក ហង្ស ពុទ្ធា៖ «ខ្ញុំមិនលើកឡើងពីការកំណត់ ថាត្រូវ(ស្នើសុំ)ជាលាយល័ក្ខណ៍អក្សរនោះទេ ពីព្រោះថា នៅថ្នាក់ជាតិ (គ.ជ.ប) នេះ បានដាក់ស្នើសុំធ្វើជាអ្នកយកព័ត៌មានថ្នាក់ជាតិរួចហើយ។ គ្រាន់តែថា ពេលទៅដល់ការិយាល័យបោះឆ្នោត គឺត្រូវតែស្នើសុំទៅប្រធានការិយាល័យទៀត បានអាចចូលទៅយកព័ត៌មានក្នុងការិយាល័យបាន»។
មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះព្រមានថា ប្រសិនបើអ្នកសារព័ត៌មាន ទៅយកព័ត៌មាន ឬទៅថតរូបភាពនៅតាមការិយាល័យបោះឆ្នោត ធ្វើឱ្យរំលោភលើការសម្ងាត់និងទំនុកចិត្តរបស់ពលរដ្ឋដែលទៅបោះឆ្នោត និងត្រូវប្រឈមការផាកពិន័យ និងទោសព្រហ្មទណ្ឌផ្សេងទៀត។
ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៧បញ្ជាក់ថា ជនដែលធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោតជាសម្ងាត់ នឹងត្រូវប្រឈមការផាកពិន័យពី៥លានរៀល ទៅ ២០លានរៀល និងប្រឈមទោសព្រហ្មទណ្ឌផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ ការតម្រូវឱ្យអ្នកសារព័ត៌មានត្រូវស្នើសុំការអនុញ្ញាតជាមុនពីប្រធានការិយាល័យបោះឆ្នោត ពុំមានចែងនៅក្នុងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះទេ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅខែកក្កដាខាងមុននេះ ត្រូវបានសហគមន៍អន្តរជាតិនិងជាតិចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយ និងមិនស្របតាមគន្លងលទ្ធិប្រជាធិបតេយ្យ បន្ទាប់លោក ហ៊ុន សែន បានរារាំងមិនឱ្យគណបក្សភ្លើងទៀន ដែលមានពលរដ្ឋគាំទ្រជិតពីរលាននាក់ ចូលរួមការបោះឆ្នោត។
នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា (CamboJA) លោក ណុប វី យល់ឃើញថា នៅក្នុងករណីមិនមានការកំណត់នៅក្នុងច្បាប់ គ.ជ.ប មិនគួរផ្ដល់ការណែនាំបន្ថែម ធ្វើឱ្យមានបញ្ហាកាន់តែស្មុគស្មាញដល់ការចុះយកព័ត៌មានរបស់ក្រុមអ្នកសារព័ត៌មាននោះទេ។ លោកបន្តថា លើសពីនេះ ប្រធានការិយាល័យបោះឆ្នោត អាចនឹងអនុវត្តលើសពីអ្វីដែលគ.ជ.ប បានណែនាំទៅទៀត។
លោក ណុប វី៖ «វានឹងធ្វើឱ្យមានផលប៉ះពាល់ជាអវិជ្ជមាន ទៅដល់ស្ថានភាពនៃដំណើរការបោះឆ្នោត ប្រកបដោយសេរី ហើយត្រឹមត្រូវ ទី១។ ហើយ ទី២ នឹងធ្វើឱ្យមានផលប៉ះពាល់ទៅដល់តម្លាភាព នៃការយកព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន។ ហើយបើនិយាយដាច់ដោយឡែក វាប៉ះពាល់ទៅដល់សេរីភាពអ្នកសារព័ត៌មាន គឺនឹងធ្វើឱ្យមានផលប៉ះពាល់មួយផ្នែកទៀត ទៅដល់ការអនុវត្តសេរីភាពសារព័ត៌មាន»។
អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវង្ស ព្រួយបារម្ភថា ការតម្រូវរបស់គ.ជ.ប នេះ អាចធ្វើឱ្យអ្នកសារព័ត៌មាន ប្រឈមនឹងការមិនអនុញ្ញាតឱ្យផ្ដិតរូបភាព ឬយកព័ត៌មាននៅក្នុងការិយាល័យបោះឆ្នោត ឬពីដំណើរការរាប់សន្លឹកឆ្នោត ដើម្បីផ្សាយទៅកាន់ពលរដ្ឋ។ បច្ចុប្បន្ន គ.ជ.ប មិនឲ្យភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍របស់អង្គការសង្គមស៊ីវិល ថតរូបនៅការិយាល័យបោះឆ្នោតឡើយ។
លោក កន សាវង្ស៖ «ការផ្ដល់ឱ្យក្នុងកម្រិតណា? ឧទាហរណ៍ គាត់(ប្រធានការិយាល័យ) មិនសប្បាយចិត្ត ជាអារម្មណ៍ មិនមែនជាគោលការណ៍ ស្រាប់តែពេលអ្នកកាសែតនិងសារព័ត៌មានស្នើសុំ ជាអារម្មណ៍របស់គាត់ គាត់មិនសូវសប្បាយចិត្ត គាត់ខឹងអីមួយ គាត់មិនអនុញ្ញាតឱ្យ។ អាហ្នឹងជាបញ្ហាមួយធំណាស់ ដែល គ.ជ.ប ត្រូវណែនាំឱ្យមានភាពច្បាស់លាស់នៃការសុំហ្នឹងថា គ្រាន់តែប្រាប់ជាព័ត៌មាន វាមិនមែនទាល់មើលផ្ចិតផ្ចង់ សម្រេចថាឱ្យឬមិនឱ្យទេ ពីព្រោះច្បាប់ ឥតមានចែងឱ្យច្បាស់លាស់នៅត្រង់ហ្នឹង»។
អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders) បានដាក់ចំណាត់ថ្នាក់កម្ពុជាក្នុងលេខរៀងទី១៤២ ក្នុងចំណោមប្រទេស១៨០ នៅក្នុងរបាយការណ៍ស្ដីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកសម្រាប់ឆ្នាំ២០២២ ដែលជាចំណាត់ថ្នាក់កាន់តែអាក្រក់។ លើសពីនេះ លំហសេរីភាពសារព័ត៌មាន ត្រូវបានគេមើលឃើញថា កាន់តែរួមតូច បន្ទាប់ពីលោក ហ៊ុន សែន បញ្ជាឱ្យបិទវិទ្យុ វីអូឌី(VOD) កាលពីខែកុម្ភៈ៕
1 comment:
The NEC will change everything according to its plan at the end of the election day. For example, the crossed ballot will be changed to selecting the CPP's ballot.
Post a Comment