Sunday, 25 June 2023

បក្ស​កាន់អំណាច​ធ្វើ​យុទ្ធនាការ​ចែក​អំណោយ​ដល់​ពលរដ្ឋ​ដើម្បី​កេង​ចំណេញ​នយោបាយ

 

ដោយ យ៉ង ចាន់តារា
2023.06.25
 
បក្ស​កាន់អំណាច​ធ្វើ​យុទ្ធនាការ​ចែក​អំណោយ​ដល់​ពលរដ្ឋ​ដើម្បី​កេង​ចំណេញ​នយោបាយ  
អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន។
AFP
 

គណបក្ស​កាន់អំណាច​កំពុង​សម្រុង​ចែក​អំណោយ​ឱ្យ​ប្រជាពលរដ្ឋ​មុន​រដូវកាល ឃោសនា​បោះឆ្នោត​ដើម្បី​ទិញ​សន្លឹកឆ្នោត ខណៈ​មន្ត្រី​បក្ស​មួយ​ចំនួន​ប្រើប្រាស់​ធនធាន​រដ្ឋ​បម្រើ​ប្រយោជន៍​នយោបាយ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដំណើរ​ប្រកួតប្រជែង​ដោយ​ស្មើភាព។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ទង្វើ​នេះ​រំលោភ​ច្បាប់​ស្ដីពី​ការបោះឆ្នោត។

ការ​ឃោសនា​មុន​រដូវ​កាល​បោះឆ្នោត​គឺ​ស្ទើរតែ​ក្លាយជា​វប្បធម៌​របស់​លោក ហ៊ុន សែន និង​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ទៅ​ហើយ ដែល​កំពុង​មមាញឹក​ដើរ​ចែក​អំណោយ​បង្កើន​ប្រជាប្រិយភាព​ពី​ពលរដ្ឋ ដែល​ស្ទើរតែ​ភ្លេច​គិត​ពី​តួនាទី​របស់​ខ្លួន​នៅក្នុង​ស្ថាប័នរដ្ឋ។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ លោកស្រី សឿន ស្រីសុត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៤ មិថុនា ថា លោកស្រី​ទទួល​បាន​ថវិកា​២​ម៉ឺន​រៀល ពី​មន្ត្រី​គណបក្ស​ប្រជាជន​ដោយសារ លោកស្រី​មានឈ្មោះ​នៅក្នុង​បក្ស និង​បាន​ចុះ​ឈ្មោះ​ទៅ​បោះឆ្នោត។ លោកស្រី​បន្ត​ថា លោកស្រី​មិន​ចង់​ទទួល​ថវិកា ២​ម៉ឺន​រៀល​នោះ​ទេ ប៉ុន្តែ​ដោយសារ​ជីវភាព​ខ្វះខាត ប្ដី​ក៏​ទៅ​ចំណាកស្រុក​ដូច្នេះ​លោកស្រី​ក៏​ទទួលយក។

លោកស្រី សឿន ស្រីសុត៖ «ចង់​និយាយ​ថា លុយ​ដែល​គេ​ឱ្យ​បក្ស ឈ្មោះ​សមាជិក​បក្ស​ខ្ញុំ​ត្រូវតែ​ទទួលយក​ព្រោះ​អី​លុយ ២​ម៉ឺន​វា​មិន​ច្រើន​ទេ ដោយសារ​ខ្ញុំ​ខ្វះ​ថវិកា​ផ្គត់ផ្គង់​ឱ្យ​កូន​រៀន​ដូច​ប្ដី​ខ្ញុំ​អី​គាត់​ទៅ​ចំណាកស្រុក​នៅ​ខេត្ត​កំពង់ចាម​ដើម្បី ទៅ​អាស្រ័យ​ផល​ប្រកបមុខរបរ​នៅ​ទន្លេ និង​បឹង​នៅ​ហ្នឹង ឥឡូវ​ទន្លេ​បឹង​នៅ​ហ្នឹង បែរជា​រីង​បន្ត​ទៀត​ដល់​ធ្វើ​គ្រួសារ​ខ្ញុំ​កាន់តែ​ពិបាក​ខ្លាំង​និយាយ​រួម​ទៅ»

 

លោកស្រី សឿន ស្រីសុត បញ្ជាក់​ថា លោកស្រី​នឹង​សម្រេចចិត្ត​ម្ដង​ទៀត​ថា គួរតែ​ទៅ​បោះឆ្នោត​ឬក៏​អត់ ពីព្រោះ លោក ហ៊ុន សែន ធ្លាប់​សន្យា​ថា នឹង​កាត់​ដី​ដែល​ពលរដ្ឋ​អាស្រ័យ​ផល​យូរ​ឆ្នាំ​ឱ្យ​លោកស្រី ប៉ុន្តែ​មក​ទល់​ពេល​នេះ លោក ហ៊ុន សែន នៅតែ​មិន​ធ្វើ​តាម​ការសន្យា ដែល​លោកស្រី​គ្មាន​ជំនឿ​លើ លោក ហ៊ុន សែន ទៀត​នោះ​ទេ។

ការបោះឆ្នោត​ជិត​មកដល់​ម្ដងៗ តំណាង​គណបក្ស​តាម​មូលដ្ឋាន ឬ​មេឃុំ ចៅសង្កាត់ តែងតែ​ចែក​អំណោយ ដូចជា សារុង ប៊ីចេង អង្ករ ឬ​ចែក​លុយ​ដល់​ពលរដ្ឋ និង​សមាជិក​បក្ស ដើម្បី​ជា​ថ្នូរ​នឹង​សន្លឹក​ឆ្នោត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពេលខ្លះ​តំណាង​គណបក្ស​នយោបាយ​ដើរ​តាម​ផ្ទះ​យក​សន្លឹកឆ្នោត​សិប្បនិម្មិត​ឱ្យ​ពលរដ្ឋ​គូស ប៉ុន្តែ​បើ​ពលរដ្ឋ​ណា​ម្នាក់​មិន​គូស ឬ​មិន​ធ្វើតាម គេ​ចោទប្រកាន់​ពលរដ្ឋ​នោះ​ថា មិន​គាំទ្រ​បក្ស​របស់​ខ្លួន ហើយ​តាម​គំរាមកំហែង ឬ​បំភិតបំភ័យ​ក៏​មាន​។ លើស​នេះ​លោក ហ៊ុន សែន ក៏​បាន​ចាត់​ឱ្យ​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​តំណាង​លោក ដើម្បី​ចុះ​ជួប​ពលរដ្ឋ​នៅ​តាម​ទី​វត្ត​អារាម និង​នៅ​តាម​ខេត្ត​មួយចំនួន​ផង​ដែរ ដើម្បី​ផ្ដល់​ឱកាស​ឱ្យ លោក ហ៊ុន ម៉ាណែត ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​។ ក្រៅ​ពី​នេះ មន្ត្រី​គ្រាក់ៗ​ដែល​ស្និត​នឹង​លោក ហ៊ុន ម៉ាណែត ដូចជា លោក គឹម សន្តិភាព និង ហេង សួរ ជាដើម ក៏​កំពុង​ខិតខំ​កៀរគរ​រក​សន្លឹកឆ្នោត ឱ្យ​គណបក្ស​ប្រជាជន​ដែរ។

ឆ្លើយតប​រឿង​នេះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា មន្ត្រី​គណបក្ស​ប្រជាជន​មិនបាន​យក​អំណោយ​ទៅ​ចែក​ដល់​ពលរដ្ឋ​ដើម្បី​រក​សំឡេងឆ្នោត​នោះ​ទេ តែ​នេះ​ការ​លើកទឹកចិត្ត​ពលរដ្ឋ​នៅពេល​ចូលរួម​ប្រជុំ​បក្ស​។ លោក​បន្ត​មន្ត្រី​គណបក្ស​ប្រជាជន​ក៏​មិនបាន​យក​ម៉ោង​ធ្វើការ​ក្នុង​ស្ថាប័នរដ្ឋ ទៅ​ធ្វើ​ការឃោសនា​រក​សន្លឹក​ឆ្នោត​នោះ​ដែរ។

លោក សុខ ឥសាន៖ «ការ​យក​ថា​ចែក​សម្ភារៈ ឬ​ថា​ថវិកា​ទៅដល់​ប្រជាជន​អត់​មាន​ចែក​ប្រជាជន​គឺ​យើង​ចែក​តែ​សមាជិក​សមាជិកា​របស់​គណបក្ស​ខ្លួន​តែប៉ុណ្ណោះ​ទេ ដូច្នេះហើយ​គ្មាន​ច្បាប់​ហាម​មិន​ឱ្យ​ចែក​សម្ភារៈ​ជា​វត្ថុ​អនុស្សាវរីយ៍ នូវ​ថវិកា​ដែល​អញ្ជើញ​គេ​ឱ្យមក​ប្រជុំ​ឱ្យ​គេ​ចាក់​សាំង​មួយ​លីត្រ ពីរ​លីត្រ គឺ​អត់​មានច្បាប់​ហាម​ទេ​អ៊ីចឹង ឱ្យ​បងប្អូន​លោកអ្នក​ដែល​មាត់​ដាច កុំ​ចេះតែ​និយាយ​ចោទ​ដោយ​គ្មាន​មូលដ្ឋាន»

ច្បាប់​ស្ដីពី​ការ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ មាត្រា​៨០ ចែងថា ហាម​ប្រើប្រាស់​ថវិកា សម្ភារៈ មធ្យោបាយ​ដឹកជញ្ជូន ដែល​ជា​សម្បត្តិ​រដ្ឋ ដើម្បី​ធ្វើ​សកម្មភាព​ឃោសនា​បោះឆ្នោត​ឱ្យ គណបក្ស​នយោបាយ​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់​នោះ​ទេ។

ជុំវិញ​រឿង​នេះ​អ្នក​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា ការ​យក​ធនធាន​រដ្ឋ​យក​ទៅ​បម្រើ​ការ​ឱ្យ​គណបក្ស​នយោបាយ​គឺជា​រឿង​មិន​ត្រឹមត្រូវ និង​ជា​រឿង​លំអៀង​ផ្នែក​នយោបាយ​គ្មាន​តម្លាភាព​។ លោក​បន្ត​ថា ស្ថាប័ន​រដ្ឋ​គួរតែ​មាន​វិធានការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ ហើយ​បើ​រក​ឃើញ​ថា មន្ត្រីរាជការ​ការប្រើប្រាស់​ធនធាន​រដ្ឋ​ខុសពី​គោលការណ៍​រដ្ឋមន្ត្រី​ក្នុង​ក្រសួង​នីមួយៗ​ត្រូវតែ​ដាក់​ទោស​ពួកគេ។

លោក កន សាវាង្ស៖ «រឿង​សំខាន់​ជាងគេ​របស់​ភាគី​នីមួយៗ​គឺ​ត្រូវ​មាន​គោលការណ៍​តម្លាភាព​សម្រាប់​ទៅលើ​ការប្រើប្រាស់​ផ្នែក​ធនធាន​រដ្ឋ ឬ​ហៅថា​ស្មើភាព​ផ្នែក​នយោបាយ​ការ​ស្មើភាព តម្លាភាព​នៅពេល​ប្រើប្រាស់​ធនធាន​រដ្ឋ ឬក៏​សម្រាប់​កិច្ចការ​ការងារ​បោះឆ្នោត​អី​នេះ​គឺថា​គណបក្ស​នីមួយៗ​ត្រូវ​មាន​កាតព្វកិច្ច​ក្នុង​ការ​គោរព​តាម​គោលការណ៍ ជាពិសេស​គណបក្សកាន់អំណាច​តែម្ដង​ដែល​ត្រូវ​ពិនិត្យមើល​នៅក្នុង​គោលការណ៍​ទាំងអស់​ហ្នឹង»

បើ​ទោះ​ជា លោក ហ៊ុន សែន និង​មន្ត្រី​គ្រាក់ៗ​របស់​លោក ខិតខំ​បង្កើន​ការ ការ​ចុះ​ជួប​កម្មករ និង​ប្រជា​ពលរដ្ឋ ដើម្បី​ចង់​ចំណេញ​សន្លឹកឆ្នោត​ក្ដី ក៏​ក្រុម​ប្រជាពលរដ្ឋ​មួយចំនួន​អះអាង​ថា ពួកគេ​នឹង​មិន​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខនេះ​ទេ ដោយសារតែ​ពុំ​មាន​គណបក្ស​ដែល​ពួកគាត់​ស្រលាញ់ ។ ពួកគាត់​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន ឈប់​គំរាមកំហែង និង​ប្រើ​អំណោយ​ទិញ​ទឹកចិត្ត​ពលរដ្ឋ​តទៅ​ពីព្រោះ​ទង្វើ​បែបនេះ គ្មាន​លែង​សូវ​មាន​ឥទ្ធិពល​ដល់​ម្ចាស់​ឆ្នោត​ត​ទៀត​ហើយ៕

No comments: