2023.06.25
លោក ហ៊ុន សែន ប្រកាសជាថ្មីថាលោកមិនញញើតក្នុងការកម្ទេចក្រុមគណបក្សប្រឆាំងរាប់រយនាក់ដែលលោកអះអាងថា ពួកគេចង់បំផ្លាញសន្តិភាពទេ។ មន្ត្រីបក្សប្រឆាំង និងអ្នកវិភាគយល់ថា សម្ដីលោក ហ៊ុន សែន ក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រដែលលោកគំរាមមេដឹកនាំនៅក្នុងជួរគណបក្សកាន់អំណាចដែលចង់រារាំងដល់ការផ្ទេរអំណាចទៅឱ្យកូនប្រុសច្បងរបស់លោក។
លោក ហ៊ុន សែន ព្រមានសកម្មជនបក្សប្រឆាំងដែលទើបចេញក្រៅឃុំ ឬទទួលបានការដោះលែងទោស រួមទាំងសកម្មជនផ្សេងទៀតថា ពួកគេនឹងប្រឈមការចោទប្រកាន់ និងចាប់ខ្លួនពីសំណាក់អាជ្ញាធររបស់លោកវិញ បើសិនពួកគេធ្វើសកម្មភាពតាមការបញ្ជាមេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសតទៅទៀត។ លោក ហ៊ុន សែនថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមិថុនា ដោយចោទប្រកាន់ក្រុមគណបក្សប្រឆាំងថា ជាអ្នកចង់បង្កើតសង្គ្រាមដោយដាក់ផែនការចាប់ខ្លួនលោកជាដើម។ លោក ហ៊ុន សែន ដែលគេដឹងថា ជាមនុស្សបង្កើតព័ត៌មានក្លែងក្លាយ ក៏គំរាមទុកជាមុនថាលោកមិនខ្លាចបាត់បង់ក្រុមប្រឆាំង ១០០នាក់ ទៅ២០០នាក់ ដោយលោកអះអាងថា ដើម្បីការពារសន្តិភាពសម្រាប់ពលរដ្ឋរាប់លាននាក់នោះទេ។
លោក ហ៊ុន សែន៖ «រដ្ឋាភិបាលត្រូវមានវិធានការការពារប្រជាជន១៧លាននាក់ រឿងអ្វីយើងមិនខ្លាចធ្វើមនុស្ស ១០០នាក់ទៅ២០០នាក់ ខ្ញុំអត់ខ្លាចទេ ពូបានប្រកាសទុកជាមុនហើយថា មិនខ្លាចលះបង់ជាមួយមនុស្ស ១០០នាក់ ទៅ ២០០នាក់ ដើម្បីការពារប្រជាជន ការអ្វីដែលនៅក្នុងដៃកុំឱ្យវាត្រឡប់ទៅវិញ»។
ជុំវិញរឿងនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក ម៉ែន សុថាវរិន្ទ្រ ថ្លែងថា រយៈពេលជិត៤០ឆ្នាំដែលលោក ហ៊ុន សែន អាចក្តោបក្តាប់អំណាចបាន ដោយសារការធ្វើរដ្ឋប្រហារ រំលោភរដ្ឋធម្មនុញ្ញ ជាពិសេសប្រើអំណាចផ្ដាច់ការ គំរាមកំហែងបាញ់សម្លាប់ពូជសាសន៍ខ្លួនឯង។ លោកថា ប្រសិនបើកម្ពុជាជាប្រទេសនីតិរដ្ឋត្រឹមត្រូវមែននោះ ចំពោះលោក ហ៊ុន សែន នឹងត្រូវសមត្ថកិច្ចចាប់ខ្លួនយកទៅផ្ដន្ទាទោសហើយ។
លោក ម៉ែន សុថាវរិន្ទ្រ៖ «តាមមើលប្រហែលជាគាត់(ហ៊ុន សែន) ខឹងបញ្ហាផ្ទៃក្នុងរបស់គាត់មើលទៅ គាត់ធ្វើអ្វីមិនសម្រេចតាមគោលបំណងបានជាគាត់ខឹងដាក់តែគណបក្សប្រឆាំង គាត់និយាយទោសៈរាល់ពេលរាល់វេលាអ៊ីចឹងមានន័យថាជាបញ្ហាផ្ទៃក្នុងរបស់គាត់ដែលធ្វើប្រជាមតិទៅប្រជាពលរដ្ឋ មន្ត្រីរាជការអត់និយាយអ្វីទាំងអស់ប៉ុន្តែទុកក្នុងបេះដូងដល់ពេលបោះឆ្នោតឱ្យគណបក្សប្រជាជន ឬគូសសន្លឹកឆ្នោតចោលគឺបោះឆ្នោតឱ្យអ្នកប្រជាធិបតេយ្យ»។
ពាក់ព័ន្ធនឹងនេះដែរ អ្នកវិភាគនយោបាយលោក គឹម សុខ លើកឡើងថា សារតាមគំរាមកំហែង ឬកម្ទេចលើក្រុមគណបក្សប្រឆាំងរបស់លោក ហ៊ុន សែន មិនមែនជារឿងថ្មីនោះទេ ស្របពេលលោក ហ៊ុន សែន កំពុងអនុវត្តផែនការនេះស្រាប់។ លោកយល់ថា មូលហេតុសំខាន់បច្ចុប្បន្ន ដែលលោកគំរាមសម្លាប់មនុស្សនោះ គឺបញ្ហាទំនាស់កើតឡើងរវាងអ្នកមានឥទ្ធិពលនៅផ្ទៃក្នុងរបស់គណបក្សកាន់អំណាចដែលជាឧបសគ្គរារាំងដល់ផែនការផ្ទេរអំណាចតពូជរបស់លោក។
លោក គឹម សុខ៖ «ការរាំងស្ទះនៅក្នុងគណបក្សប្រជាជនគឺយើងដឹងហើយថា មានការតវ៉ាគ្នាខ្លាំងពីក្រុមនយោបាយដែលមានឥទ្ធិពល និងមានការលូកដៃពីកងទ័ពផង ដូច្នេះលោក ហ៊ុន សែន មានតែយកគណបក្សប្រឆាំង អ្នកប្រជាធិបតេយ្យធ្វើជាទិសដៅនៃការប្រើសារនយោបាយកម្ទេច។ ខ្ញុំមើលឃើញថា បំណងសំខាន់របស់គាត់នៅពេលនេះ គឺគាត់ចង់កម្ទេច និងបំផ្លាញផ្ទៃក្នុងគណបក្សប្រជាជនខ្លួនឯងដែលជាឧបសគ្គក្នុងការផ្ទេរអំណាច»។
នេះមិនមែនជាលើកទី១ ដែលលោក ហ៊ុន សែន គំរាមសម្លាប់អ្នកប្រឆាំងនឹងលោក។ កាលពីឆ្នាំ២០១៧ លោក ហ៊ុន សែន ថ្លែងថា ក្នុងករណីចាំបាច់លោកនឹងបាញ់សម្លាប់ក្រុមបក្សប្រឆាំង ២០០ ទៅ ៣០០នាក់ លុះដល់ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ហ៊ុន សែន ថា លោកស្ដាយដែលមិនបានសម្លាប់ពលរដ្ឋតវ៉ាលទ្ធផលការបោះឆ្នោតឆ្នាំ២០១៣។ លោក ហ៊ុន សែន កាលពីខែឧសភា ក៏គំរាមប្រើប្រាស់ គ្រាប់BM21បាញ់សម្លាប់ មេបក្សប្រឆាំង និងអ្នកគាំទ្រផ្សេងទៀត រួមទាំងអ្នកវិភាគ បណ្ឌិត សេង សារី ផង បើអ្នកទាំងនោះហ៊ានធ្វើដំណើរជាមួយលោក សម រង្ស៊ី វិលចូលប្រទេសកម្ពុជាវិញ។
ច្បាប់ចែងថា ការគំរាមសម្លាប់គឺជាបទឧក្រិដ្ឋដែលត្រូវមានទោស។ មាត្រា ៣២ នៃរដ្ឋធម្មនុញ្ញចែងថា ជនគ្រប់រូប មានសិទ្ធិរស់រានមានជីវិត មានសិទ្ធិសេរីភាព និងសន្តិសុខផ្ទាល់ខ្លួន។ ចំណែកមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌចែងថា ការគំរាមកំហែងថា នឹងសម្លាប់ បើការគំរាមកំហែងនេះធ្វើឡើងម្ដងហើយម្ដងទៀត ទោះបីសម្ដែងតាមលិខិត រូបភាព ឬវត្ថុអ្វីមួយក្តី ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានទៅ ៤លានរៀល៕
No comments:
Post a Comment