2023.07.03

ទឹកភ្លៀងធ្លាក់ខ្លាំងរយៈពេលជាងមួយម៉ោង នៅល្ងាចថ្ងៃទី៣ ខែកក្កដានេះ បណ្ដាលឱ្យលិចលង់តំបន់មួយចំនួន នៅខណ្ឌចំនួន៥ នៅតំបន់កណ្ដាលក្រុងភ្នំពេញ ដែលរួមមាន ខណ្ឌសែនសុខ មានជ័យ ច្បារអំពៅ ពោធិ៍សែនជ័យ ។
ជាមួយគ្នានេះ ទឹកភ្លៀងក៏បានធ្វើឱ្យតំបន់ជាច្រើនទៀតជន់លិចដែរ ដោយសារតែទឹកហូរមិនទាន់។
ពលរដ្ឋរស់ក្នុងខណ្ឌបឹងកេងកង ដែលទឹកកំពុងជន់លិចចូលក្នុងផ្ទះ អះអាងថា ពេលនេះពលរដ្ឋមួយចំនួនមិនទាន់ហ៊ានចូលក្នុងផ្ទះនៅឡើយទេ ដោយបារម្ភខ្លាចមានករណីឆ្លងចរន្តអគ្គិសនី ព្រោះទឹកលិចចូលក្នុងផ្ទះមានជម្រៅជ្រៅ ដែលអាចប៉ះពាល់ដល់ខ្សែភ្លើងនៅក្នុងផ្ទះ។
មន្ទីរសាធារណការរាជធានីភ្នំពេញ ឱ្យដឹងតាមរយៈសារនៅលើហ្វេសប៊ុកថា ទឹកភ្លៀងនៅល្ងាចនេះមានកម្ពស់រហូតដល់ ១៥៣មម (វាស់នៅស្ថានីយបឹងត្របែក) ដែលជាកម្ពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។
ទោះជាយ៉ាងនេះក្ដី មន្ទីរសាធារណការក្រុងអះអាងថា ប្រសិទ្ធភាពនៃកំណើន ៣ដង នៃការបូមទឹកថ្មីនៃស្ថានីយបូមទឹកទាំង ១៤កន្លែង ព្រមទាំងការខិតខំប្រឹងប្រែងរបស់បុគ្គលិក កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ ទឹកកំពុងស្រកវិញ។
មន្ទីរសាធារណការក៏សុំការសូមការយោគយល់អធ្យាស្រ័យពីពលរដ្ឋ និងស្នើពលរដ្ឋឱ្យចូលរួមក្នុងកាយសំរាមស្ទះទឹកនៅមុខចម្រឹងអណ្ដូងលូ ស្ថិតនៅមុខលំនៅឋានរៀងៗ ខ្លួន។
ទោះជាយ៉ាងនេះក្ដី នៅពេលមានជំនន់ទឹកភ្លៀងម្ដងៗ នៅរាជធានីភ្នំពេញនេះទាំងពលរដ្ឋ ទាំងអ្នកការពារបរិស្ថានតែងតែរិះគន់ថា បញ្ហានេះកើតឡើងដោយសាររដ្ឋាភិបាលមិនបានយកចិត្តទឹកដាក់ការពារប្រព័ន្ធរំដោះទឹក ព្រមទាំងបានលុបបឹងធំៗ សំខាន់ជាច្រើននៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យភ្នំពេញបាត់បង់អាងស្តុកទឹកស្ទើរទាំងស្រុង៕
1 comment:
Thank you peace and thank you Samdach POUK and Samdach PORNG.
Post a Comment