2023.07.04

រដ្ឋាភិបាលកម្ពុជាបានហាមប្រាមមនុស្ស២២នាក់ ដែលជាសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ នៃក្រុមហ៊ុនហ្វេសប៊ុកមិនឱ្យចូលកម្ពុជា ហើយបើអ្នកទាំងនោះកំពុងនៅក្នុងប្រទេសកម្ពុជាក៏ត្រូវចាកចេញជាបន្ទាន់ក្នុងរយៈពេល ៤៨ម៉ោង។
ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីប្រកាសមួយនៅល្ងាចថ្ងៃអង្គារ ទី៤ ខែកក្កដានេះ ដោយចាត់ទុកសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនមេត្តា (Meta) ដែលគ្រប់គ្រងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) សរុបចំនួន២២នាក់ ដោយបញ្ជាក់ថា ពួកគេគឺជាបុគ្គលដែលមិនអាចទទួលយកបាន និងបណ្ដេញឱ្យពួកគេចាកចេញពីទឹកដីកម្ពុជា ក្នុងរយៈពេល៤៨ម៉ោង គិតចាប់ត្រឹមពីម៉ោង៤ល្ងាច ថ្ងៃទី៤ ខែកក្កដា នេះ។ ក្រសួងការបរទេសចោទថា អនុសាសន៍របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន មេត្តា ផ្លេតស្វម (Meta Platforms) ដែលស្នើឱ្យបិទបណ្ដោះអាសន្ននូវហ្វេសប៊ុកផេករបស់លោក ហ៊ុន សែន គឺមានលក្ខណៈនយោបាយ និងមានចេតនារារាំងមិនឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពីថ្នាក់ដឹកនាំប្រទេស។
ជុំវិញរឿងនេះ សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន លោក សាន ម៉ាឡា យល់ឃើញថា ការបណ្ដេញសមាជិកក្រុមប្រឹក្សាភិបាលទាំងនេះ និងមិនឱ្យពួកគេត្រឡប់មកកម្ពុជាវិញនោះ នឹងមិនមានផលចំណេញអ្វីនោះឡើយ ព្រោះក្រុមហ៊ុនមេត្តា បានដើរតួនាទីសំខាន់ក្នុងការផ្ដល់ការអប់រំអំពី ការប្រើប្រាស់បណ្ដាញសង្គមដោយសុវត្ថិភាព ដោយមិនគិតថ្លៃកាលពីពេលកន្លងទៅនេះ។
លោក សាន ម៉ាឡា៖ «សម្រាប់រដ្ឋាភិបាល យល់ឃើញថាមេត្តាអាចនឹងអនុវត្តទៅតាមគោលការណ៍ដែលមានលក្ខណៈនយោបាយ ប៉ុន្តែសម្រាប់ខ្ញុំក្នុងនាមជាអ្នកប្រើប្រាស់បណ្ដាញសង្គមនេះ រយៈពេលជាង១០ឆ្នាំ ខ្ញុំមើលឃើញថា ក្រុមហ៊ុនមេត្តា ក្រុមហ៊ុនហ្វេសប៊ុកហ្នឹង គឺតែងតែអនុវត្តទៅតាមច្បាប់របស់ខ្លួន ដោយស្មើភាពគ្នា ដោយមិនលំអៀងទេ។ មានអ្នកកាសែត មានមន្ត្រីអង្គការសង្គមស៊ីវិល និងសកម្មជនជាច្រើនណាស់ដែលរងការពិន័យពីក្រុមហ៊ុនមេត្តា»។
ដោយឡែក នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត យល់ឃើញថា ការបណ្ដេញសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន មេត្តា ផ្លេតស្វម ត្រឹមតែរយៈពេល៤៨ម៉ោងដូច្នេះ អាចនឹងធ្វើឱ្យពួកគេរៀបចំខ្លួនមិនទាន់ ប្រសិនបើពួកគេកំពុងមានវត្តមាននៅកម្ពុជា ហើយរដ្ឋាភិបាលកម្ពុជា ក៏នឹងបន្តទទួលការរិះគន់ពីអន្តរជាតិបន្ថែមទៀតដែរចំពោះចំណាត់ការនេះ។
លោក អំ សំអាត ៖ «វាអាចនាំឱ្យមានការរិះគន់ទៀតចំពោះបញ្ហានេះ ដោយសារការបណ្ដេញចេញនេះ ហាក់ដូចជាប្រញាប់ ហើយមានរយៈពេលខ្លីពេក អ៊ីចឹងហើយខ្ញុំយល់ថា គួរតែពិចារណាដែរទាក់ទងការបណ្ដេញចេញ ហើយរយៈពេលដែលទុកឱ្យគេរៀបចំខ្លួនឱ្យបានសមរម្យ»។
ជុំវិញវិធានការណ៍ឆ្លើយតបរបស់លោក ហ៊ុន សែន ចំពោះតំណាងក្រុមហ៊ុនហ្វេសប៊ុកនេះ អ្នកវិភាគនយោបាយលើកឡើងថា លោក ហ៊ុន សែន គឺជាមេដឹកនាំបែប ខឹងគោវាយរទេះ ដោយមិនព្រមទទួលស្គាល់កំហុសខ្លួនឯង ដែលបានរំលោភគោលការណ៍ក្រុមហ៊ុន ហ្វេសប៊ុក តាមរយៈការប្រើប្រាស់សម្ដីហិង្សា និងគំរាមកំហែងទៅលើដៃគូរប្រកួតប្រជែងនយោបាយ ដែលធ្វើឱ្យក្រុមហ៊ុននេះព្រមានបិទហ្វេសប៊ុករបស់លោក តែបែរជាលោកចេញវិធានការសងសឹកគេទៅវិញ៕
No comments:
Post a Comment