ដោយ ជាតិ ចំណាន
2023.07.22
លោក ហ៊ុន ម៉ាណែត ទទួលទង់គណបក្សប្រជាជនកម្ពុជា ពីឪពុកលោក ហ៊ុន សែន កាលពីថ្ងៃទី១ កក្កដា ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
របបកាន់អំណាចតពូជនៅកម្ពុជា លេចចេញជារូបរាងបណ្ដើរៗហើយ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាយប្រាប់ទូរទស្សន៍ចិនថា ក្រោយការបោះឆ្នោតនៅថ្ងៃអាទិត្យ ពី៣ ទៅ៤ សប្ដាហ៍ លោក ហ៊ុន ម៉ាណែត ដែលមិនមានឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងបញ្ជីគ.ជ.ប អាចក្លាយជានាយករដ្ឋមន្ត្រី។
តើពលរដ្ឋ និងអ្នកតាមដានបញ្ហាសង្គមយល់ឃើញយ៉ាងណាខ្លះចំពោះភាពមិនប្រក្រតីនេះ?
ប្រជាពលរដ្ឋអ្នកតាមដានសង្គមភ្ញាក់ផ្អើល បន្ទាប់ពីបានឮលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់សារព័ត៌មានទូរទស្សន៍ចិនហ្វីនិច (phoenix) ថា កូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលអង្គុយតែពីក្រោយខ្នងឪពុក ដើម្បីរង់ចាំស៊ីកេរ្តិ៍ ដោយមិនបានធ្វើអ្វីសោះនោះ នឹងក្លាយជាមេដឹកនាំថ្មីរបស់ពួកគាត់ក្រោយការបោះឆ្នោតបង្គ្រប់កិច្ច ត្រឹមរយៈពេល ១ខែ។ ពួកគាត់បានប្រៀបធៀប លោក ហ៊ុន ម៉ាណែត ដែលជាអនាគតនាយករដ្ឋមន្ត្រីថ្មីរបស់ខ្លួន ទៅនឹងកូនក្មេងដែលមិនទាន់ចេះធ្វើការ និងចាំតែឪពុកជាអ្នករៀបចំឱ្យ។
ពលរដ្ឋនៅភូមិបាក់ព្រា ខេត្តបាត់ដំបង លោក ជា សុផាត លើកឡើងថា លោកហាក់មិនចម្លែកក្នុងចិត្តនោះទេ ដែលលោក ហ៊ុន ម៉ាណែត នឹងឡើងអង្គុយលើកៅអីនាយករដ្ឋមន្ត្រីជំនួសឪពុកលោកឡើយ ប៉ុន្តែអ្វីដែលលោកភ្ញាក់ផ្អើលនោះ គឺលោក ហ៊ុន សែន បាននិយាយថា នឹងផ្ទេរអំណាចឱ្យកូននៅមុនការបោះឆ្នោតដូច្នេះ។ លោកយល់ថា ការលើកឡើងរបស់លោក ហ៊ុន សែន បែបនេះ គឺជាការលាតត្រដាងថា ការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ គឺជាការបោះឆ្នោតបង្គ្រប់ទឹក ដែលលោក ហ៊ុន សែន ឈរឈ្មោះជំនួសកូនប្រុសប៉ុណ្ណោះ។
លោក ជា សុផាត៖ «ទោះបីមានសមត្ថភាព ឬគ្មានសមត្ថភាព ក៏រចនាសម្ព័ន្ធគេរៀបចំឱ្យហើយ។ ដូចនេះការគ្រប់គ្រងរបស់គាត់ហ្នឹងវាចេះតែបានហើយ ទោះបី៨០ ឬ៦០ភាគរយក៏ដោយ វាត្រូវតែធ្វើទៅបាន។ បើយើងនិយាយថា សមវាមិនសមទេ ព្រោះអ្នកចាស់គេតស៊ូមុនយើងច្រើនណាស់ ហើយគេមានបទពិសោធន៍ជាងយើង។ យើងអត់មានបទពិសោធន៍ទេ! ទើបតែកើតថ្មី។ ក៏ប៉ុន្តែពាក្យផ្ទេរអំណាចពីឪពុកទៅហើយ ទោះបីយ៉ាងណាក៏យើងអាចថាគេធ្វើទៅរលូនដែរ»។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានទូរទស្សន៍ចិនហ្វីនិច (phoenix) ដែលចាក់បញ្ចាំងកាលពីថ្ងៃទី២០ កក្កដា លោក ហ៊ុន សែន បង្ហើបឱ្យដឹងថា នៅតែត្រឹម ៣ ឬ ៤សប្ដាហ៍ទៀតកូនប្រុសលោក គឺលោក ហ៊ុន ម៉ាណែត អាចក្លាយជានាយករដ្ឋមន្ត្រីបន្តវេនពីលោក។ លោក ហ៊ុន សែន បញ្ជាក់ពីគោលជំហរបែបទុទ្ទិដ្ឋិនិយមថា លោកមិនខ្វល់ពីមតិរិះគន់របស់សាធារណជន ជាតិ និងអន្តរជាតិឡើយ សំខាន់កូនរបស់លោកបានក្លាយជានាយករដ្ឋមន្ត្រី និងដឹកនាំកម្ពុជាបានល្អជាងលោក។
លោក ហ៊ុន សែន៖ «បេក្ខជនមានដល់ទៅពីរ តែបេក្ខជន ហ៊ុន សែន ផង ហ៊ុន ម៉ាណែត ផង។ ចាំមើលប្រជាជនបោះឆ្នោតប៉ុន្មាន។ ត្រង់ហ្នឹងប្រជាជនអាចដឹង ហើយថា មិនត្រូវនៅតែត្រឹមបី បួនអាទិត្យទៀត ហ៊ុន ម៉ាណែត អាចក្លាយជានាយករដ្ឋមន្ត្រីក៏ថាបាន ហើយចាំមើលអ្នកដទៃថាម៉េច។ ស៊ីសងបន្ទាប់ពីនោះទៅ គឺ ហ៊ុន ម៉ាណែត ធ្វើការបាន។ ខ្ញុំជឿថា ម៉ាណែត មានលទ្ធភាពខ្ពស់ជាងហ្នឹង»។
ការលើកឡើងរបស់លោក ហ៊ុន សែន នេះ បានបង្ហាញពីជ័យជម្នះទុកមុន ដែលគណបក្សកាន់អំណាច នឹងឈ្នះការបោះឆ្នោតទាំងស្រុង ព្រោះគ្មានវត្តមានគណបក្សភ្លើងទៀន ដែលជាគូប្រកួតប្រជែងដ៏មានឥទ្ធិពលចូលរួមប្រកួតនោះទេ។
កសិករនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ លោក សោម សុមិត្រ យល់ឃើញថា មូលហេតុដែលលោក ហ៊ុន សែន ប្រញាប់ប្រគល់កៅអីនាយករដ្ឋមន្ត្រីឱ្យកូនបែបនេះ ដោយសារលោកមិនទុកចិត្តសមត្ថភាពលោក ហ៊ុន ម៉ាណែត ដែលការផ្ទេរអំណាចនេះ លោក ហ៊ុន សែន បានដឹងជាមុនហើយថា អាចនឹងមានការប្រឆាំងចេញពីមន្ត្រីជាន់ខ្ពស់ក្នុងជួរគណបក្សប្រជាជនកម្ពុជា។ ទន្ទឹមគ្នានេះ លោកលើកឡើងថា បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីហើយ លោក ហ៊ុន សែន នឹងក្លាយជាគ្រូបង្រៀនផង និងអង្គរក្សផង ដែលចាំជួយបង្ហាត់ការងារកូនប្រុស និងការពារការជ្រៀតជ្រែកការងារពីមន្ត្រីក្នុងជួរបក្ស។
លោក សោម សុមិត្រ៖ «រឿងតែងតាំងហ្នឹងទោះបីយ៉ាងណាក៏គាត់ត្រួសត្រាយផ្លូវអស់ហើយហ្នឹង។ អត់មានអីជាបញ្ហា អត់មានអីជាឧបសគ្គទេ។ អ៊ីចឹងមានពុកនៅពីក្រោយ គាត់អាចទៅរួចហើយ មិនអត់ទេ»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ លោកស្រី ស៊ាង អ៊ី យល់ឃើញថា បើទោះបីលោក ហ៊ុន សែន លើកបីកូនប្រុស ឱ្យអង្គុយលើកៅអីនាយករដ្ឋមន្ត្រីពិតមែន ប៉ុន្តែអំណាចទាំងអស់ នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន ដដែល។ លោកស្រីលើកឡើងថា ការផ្ទេរអំណាចនេះ និងធ្វើឱ្យរង្គោះរង្គើដល់ផ្ទៃក្នុងបក្សកាន់អំណាច ព្រោះមន្ត្រីចាស់វស្សា ដែលមានទាំងបទពិសោធន៍ ស្នាដៃ គុណសម្បត្តិ នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា នឹងមិនសុខចិត្តនោះទេ ក្នុងការដែលលោក ហ៊ុន សែន ឈរឈ្មោះបោះឆ្នោតយកអំណាចឱ្យកូនបែបនេះ។
លោកស្រី ស៊ាង អ៊ី៖ «បើយើងគិតតាមច្បាប់ទម្លាប់ក្រឹត្យក្រម ច្បាប់វាដូចជាមិនត្រូវចាត់ចែងមនុស្សទៅតាមមាត់ ដូច ហ៊ុន សែន កំពុងតែធ្វើទេ។ ខ្ញុំថាវាអត់អាច តែ ហ៊ុន សែន ត្រូវតែធ្វើ។ បើតាមតែខ្ញុំគិត ខ្ញុំគិតថាក្នុងគណបក្សប្រជាជនហ្នឹង មិនមែនស្រួលបួលប៉ុន្មានទេ ដែលឱ្យគ្រួសារមួយលើកបន្តុបស្រេចតែចិត្តអ៊ីចឹងនោះ»។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត មានប្រសាសន៍ថា ប្រសិនបើលោក លោក ហ៊ុន សែន ពិតជាផ្ទេរអំណាចឱ្យកូនក្រោយបោះឆ្នោតបានមួយខែមែននោះ លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីមិនពេញលក្ខណៈ ដែលមានឪពុកជាអ្នកឈរឈ្មោះជំនួសទៅវិញ។ លោក ម៉ែន ណាត កត់សម្គាល់ថា នៅពេលដែលលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី បរិបទនយោបាយនៅកម្ពុជា នឹងមិនមានការផ្លាស់ប្ដូរច្រើននោះទេ ព្រោះកិច្ចការជាតិសំខាន់ៗ នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន ដដែល។ លោកបន្ថែមថា លោក ហ៊ុន ម៉ាណែត នឹងប្រើរូបមន្តនយោបាយតាមឪពុករបស់លោក ដែលដឹកនាំប្រទេសតាមបែបផ្ដាច់ការ ដោយពឹងផ្អែកលើអំណាចកងទ័ពជាស្នូល និងមានការជួយជ្រោមជ្រែងពីប្រទេសកុម្មុយនិស្ត។
លោក ម៉ែន ណាត៖ «នាយករដ្ឋមន្ត្រី ដែលពេញលក្ខណៈច្បាប់បាន លុះត្រាតែនាយករដ្ឋមន្ត្រីឈរឈ្មោះឱ្យគេបោះឆ្នោតក្នុងនាមធ្វើបេក្ខជននាយករដ្ឋមន្ត្រី។ ហ៊ុន ម៉ាណែត ហ្នឹង ត្រូវ ហ៊ុន សែន ដឹកទៅតាមតិឡិៗ ដើរតាម ហ៊ុន សែន ហ្នឹងទៅស្រុកយួន ស្រុកចិន នៅតែ ហ៊ុន ម៉ាណែត ហ្នឹង គ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដឹកនាំខ្លួនឯងឱ្យវាមានកម្លាំងពេញលេញក្នុងកិច្ចការនយោបាយ»។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋលើកឡើងថា ពួកគាត់នឹងមិនទទួលស្គាល់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីស្របច្បាប់នោះទេ ព្រោះអំណាច និងតួនាទីរបស់លោក បានមកពីការបោះឆ្នោតបង្គ្រប់កិច្ច ដែលឪពុករបស់លោកជាអ្នករៀបចំ និងឈរឈ្មោះជំនួសលោក៕
No comments:
Post a Comment