2023.07.23

ពលរដ្ឋមួយចំនួនលើកឡើងថា ពួកគាត់ត្រូវបង្ខំចិត្ត ទៅបោះឆ្នោត ដោយសារតែរងសម្ពាធពីកន្លែងការងារ ដែលតម្រូវឱ្យពួកគាត់ត្រូវតែមាន ទឹកខ្មៅ ជ្រលក់ម្រាមដៃ។ ទោះជាយ៉ាងណាក៏ដោយ ពួកគាត់បញ្ចាក់ថា ពួកគាត់គ្រាន់តែ ទៅគូសខ្វែងលើ សន្លឹកឆ្នោត ប៉ុណ្ណោះ ដោយសារការ បោះឆ្នោតអាណត្តិនេះ ពុំមានគណបក្ស ដែលពួកគាត់ ពេញចិត្តចូលរួមការបោះឆ្នោត។
ពលរដ្ឋម្នាក់ទៀតរស់នៅរាជធានីភ្នំពេញ បានដកដង្ហើមធំ នៅពេលបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងតែធ្លាក់ដុនដាបកាន់តែខ្លាំង និងមានការរំលោភបំពាន សិទ្ធិមនុស្ស ស្ទើរនៅគ្រប់ទីកន្លែង ជាពិសេស ការរំលោភដីធ្លី ពលរដ្ឋ។ លោកស្រីបញ្ជាក់ថា លោកស្រីនឹងទៅបោះឆ្នោតឱ្យគណបក្សណាមួយ ដែលលោកស្រីគិតថា នឹងអាចជួយស្ដារ លទ្ធិប្រជាធិបតេយ្យឡើងវិញ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បង្ហាញសន្លឹកឆ្នោតដែលលោកអះអាងថា ពលរដ្ឋគូសខ្វែង និងថតផ្ញើឱ្យលោក ពីមណ្ឌលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៣ កក្កដា ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយាបាន ទៅបោះឆ្នោតរួចរាល់នៅមណ្ឌលខេត្តកណ្ដាល នៃក្រុងតាខ្មៅ។
ព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ រៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រងការរិះគន់ថា ស្ថិតក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាច ហើយក៏ជាការបោះឆ្នោតដែលអន្តរជាតិចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយ បន្ទាប់ពី គជប ផាត់ចោលគណបក្សប្រឆាំងដ៏មានឥទ្ធិពល គឺគណបក្សភ្លើងទៀន។ សង្គមស៊ីវិលថា សហគមន៍អន្តរជាតិនឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតដែលមានគ្មានលទ្ធិប្រជាធិបតេយ្យនោះទេ៕
No comments:
Post a Comment