2023.07.02
ទោះបីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា នឹងមិនបិទបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នៅក្នុងប្រទេសកម្ពុជាក៏ពិតមែន តែរដ្ឋាភិបាលរបស់លោកបានបណ្ដេញការិយាល័យតំណាងក្រុមហ៊ុនហ្វេសប៊ុក (Facebook) ចេញពីទឹកដីប្រទេសកម្ពុជា។ សកម្មជនសិទ្ធិមនុស្ស និងអ្នកវិភាគចាត់ទុកថា នេះជាការខាតបង់សម្រាប់កម្ពុជា ខណៈក្រុមហ៊ុនមួយនេះបានចូលរួមអភិវឌ្ឍចំណេះដឹងផ្នែកប្រព័ន្ធឌីជីថលនៅក្នុងប្រទេសនេះ។
សកម្មជនសិទ្ធិមនុស្ស និងអ្នកឃ្លាំមើល ចាត់ទុកការបណ្ដេញតំណាងក្រុមហ៊ុនហ្វេសប៊ុកចេញពីប្រទេសកម្ពុជា គឺជាការសងសឹករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីក្រុមហ៊ុនមួយនេះសម្រេចផ្អាកដំណើរការទំព័រហ្វេសប៊ុករបស់លោករយៈពេល ៦ខែ។
សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន លោក សាន់ ម៉ាឡា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១ កក្កដា ថា ការចោទប្រកាន់របស់លោក ហ៊ុន សែន លើក្រុមហ៊ុនហ្វេសប៊ុក ថា មានភាពលម្អៀង និងមានចេតនានយោបាយ គឺជាការយល់ខុស ដោយសារក្រុមហ៊ុនមួយនេះក៏ធ្លាប់ផ្អាក និងបញ្ឈប់សកម្មភាព ឬការបញ្ចេញមតិ របស់ក្រុមសកម្មជន និងអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាលមួយចំនួនផងដែរ។ លោកថា នេះជាការអនុវត្តគោលការណ៍តាមស្តង់ដាររបស់ក្រុមហ៊ុនហ្វេសប៊ុក ដែលបិទ និងផ្អាកសកម្មភាព ពាក្យសម្ដីទាំងឡាយណា មានចេតនាបង្កឱ្យមានអំពើហិង្សា និងការគំរាមកំហែង។ ជាមួយគ្នានេះ លោកចាត់ទុកការបណ្ដេញតំណាងក្រុមហ៊ុនហ្វេសប៊ុក ចេញពីប្រទេសកម្ពុជា គឺជាការខាតបង់សម្រាប់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច ចំណេះដឹងផ្នែកបច្ចេកវិទ្យា និងមុខមាត់ប្រទេសលើឆាកអន្តរជាតិផងដែរ។
លោក សាន់ ម៉ាឡា៖ «ប៉ុន្តែយ៉ាងណាក៏ដោយ យើងអបអរសាទរ និងសប្បាយចិត្តដែរ ដែលរដ្ឋាភិបាលចាត់វិធានការត្រឹមតែបណ្ដេញការិយាល័យតំណាង មិនធ្វើការបិទ ឬរាំងខ្ទប់បណ្ដាញសង្គមមួយនេះទាំងស្រុងនៅក្នុងប្រទេសកម្ពុជា ហើយតទៅថ្ងៃមុខខ្ញុំសង្ឃឹមថា នឹងមានការសម្របសម្រួលរវាងក្រុមហ៊ុនហ្វេសប៊ុក (Facebook) ជាមួយនឹងរដ្ឋាភិបាល ហើយថ្ងៃណាមួយការិយាល័យតំណាងនេះប្រាកដជាអាចបើកសាជាថ្មីឡើងវិញនៅលើប្រទេសកម្ពុជារបស់យើង»។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានចេញសេចក្ដីប្រកាស នៅថ្ងៃទី១ កក្កដា ដោយសម្រេចបណ្ដេញតំណាងក្រុមហ៊ុនហ្វេសប៊ុក ចេញពីកម្ពុជា និងបញ្ឈប់រាល់សកម្មភាព ទំនាក់ទំនងជាមួយរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជននៅកម្ពុជា។ ក្រសួងអះអាងថា បានរកឃើញភាពមិនប្រក្រតីនៃសេវាក្រុមហ៊ុនហ្វេសប៊ុក សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា រួមមានការបង្កើតគណនីក្លែងបន្លំ ហានិភ័យ និងការប្រមូលទិន្នន័យឯកជន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ កង្វះគណនេយ្យភាព និងតម្លាភាព ហើយនិងការជ្រៀតជ្រែកចូលកិច្ចការនយោបាយរបស់កម្ពុជា។
កាលពីយប់ថ្ងៃទី៣០ មិថុនា លោក ហ៊ុន សែន ចេញសារជាសំឡេងបន្ទាន់មួយប្រកាសថា លោកមិនបិទបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជានោះទេ ក្រោយលោកបានប្រកាសបិទគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក និងបានគំរាមបិទដំណើរការហ្វេសប៊ុកនៅកម្ពុជាប្រសិនបើក្រុមអ្នកនយោបាយប្រឆាំងបន្តឌឺដងចំពោះការបិទហ្វេសប៊ុករបស់លោកដោយក្រុមហ៊ុនមេតា (Meta)។ លោកបញ្ជាក់បន្ថែមថា ទោះលោកមិនប្រើហ្វេសប៊ុក ក៏លោកមានបណ្ដាញសង្គមផ្សេងទៀតដូចជាតេឡេក្រាម (Telegram) និងតិកតុក (TikTok) ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយដូចជាទូរទស្សន៍ និងវិទ្យុ ចាំផ្សាយពីលោកស្រេចរួចទៅហើយ។
លោក ហ៊ុន សែន៖ «ដូច្នេះគ្មានហេតុផលអ្វី ដែលខ្ញុំមានការចាំបាច់ដើម្បីប្រើហ្វេសប៊ុក នាំចង្រៃខ្លួននោះទេ ហើយម្យ៉ាងទៀត ហ្វេសប៊ុកក៏ទទួលផលប្រយោជន៍ពីកម្ពុជាច្រើនណាស់។ យើងអាចមានវិធានការត្រឹមកម្រិតមិនឱ្យមានតំណាងក្រុមហ៊ុនហ្វេសប៊ុកនៅកម្ពុជាតែប៉ុណ្ណោះ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក មាស ប៉ូ ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី១ កក្កដា។ ចំណែកតំណាងក្រុមហ៊ុនមេតា (Meta) ប្រចាំនៅកម្ពុជា ក៏មិនទាន់មានប្រតិកម្មអ្វីនោះទេ។
ទាក់ទងនឹងបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត សង្កេតឃើញថា ការបណ្ដេញតំណាងហ្វេសប៊ុកចេញពីកម្ពុជាដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺជាចេតនាសងសឹករបស់លោក ហ៊ុន សែន ទៅលើ ក្រុមហ៊ុនមេតា (Meta)។ លោកយល់ថា សេចក្ដីប្រកាសរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលចោទប្រកាន់លើក្រុមហ៊ុនហ្វេសប៊ុក គឺពុំមានហេតុផលសមរម្យនោះទេ។ លោក ម៉ែន ណាត លើកឡើងថា ប្រសិនបើក្រសួងប្រៃសណីយ៍ គិតពីបញ្ហាលួចទិន្នន័យឯកជនមែននោះក្រសួងគួរតែបិទបណ្ដាញសង្គមតិកតុក(TikTok)ជាមុនសិន ព្រោះតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស បណ្ដាញសង្គមមួយនេះ បានចូលលួចទិន្នន័យរបស់អ្នកប្រើប្រាស់រាប់លាននាក់ ក្នុងនោះរដ្ឋាភិបាលអាមេរិក(USA) កាណាដា(Canada) គណៈកម្មការអឺរ៉ុប(Europe) ចេញបញ្ជាហាម មិនឱ្យប្រើប្រាស់កម្មវិធី តិកតុក នៅលើប្រព័ន្ធអេឡិចត្រូនិករដ្ឋទៀតផង។
លោក ម៉ែន ណាត៖ «លោក ហ៊ុន សែន ហ្នឹងធ្លាក់ខ្លួនទៅលេងតិកតុក ហើយអាល្បែងតិកតុកហ្នឹងសម្រាប់កូនក្មេងតើ។ ហើយប្រសិនបើអ្នកនយោបាយកំពូលទទួលរងភាពអាម៉ាស់ ពីការពិន័យ ពីការរឹតត្បិតរបស់ក្រុមហ៊ុនហ្វេសប៊ុក នៅលើសារព័ត៌មានល្បីៗនៅលើពិភពលោកគេចុះផ្សាយឡើងព្រោងព្រាត នោះគឺជាភាពអាម៉ាស់ធំណាស់ ហើយគាត់ទៅលាក់គេម្ដេចបាន ហើយក្រសួងប្រៃសណីយ៍ ទៅបង្វែរសាច់រឿងម្ដេចបាន។ ប្រជាពលរដ្ឋអ្នកប្រើបណ្ដាញសង្គមខ្មែរគាត់ដឹងតើ! ទោះបីជាក្រសួងប្រៃសណីយ៍ សរសេរយ៉ាងម៉េច ក៏ប្រជាពលរដ្ឋខ្មែរដឹងដែរ»។
ក្រោយបិទទំព័រហ្វេសប៊ុកដែលមានអ្នកតាមដានជាង ១៤លាននាក់ លោក ហ៊ុន សែន បានអូសទាញឱ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋ ងាកមកប្រើប្រព័ន្ធតេឡេក្រាម (Telegram) និងតិកតុក(Tiktok) ដូចលោកវិញ ប៉ុន្តែអ្នកហែហម ទាំងនោះហាក់នៅស្ទាក់ស្ទើរបោះបង់ចោលបណ្ដាញសង្គមដ៏ពេញនិយមនេះ ហើយគណបក្សប្រជាជនកម្ពុជា រួមមានថ្នាក់ដឹកនាំ និងកូនចៅរបស់លោក ហ៊ុន សែន នៅតែប្រើប្រាស់ហ្វេសប៊ុកសម្រាប់ការចែករំលែកសាររបស់គេ និងការឃោសនាបោះឆ្នោត។
អ្នកឃ្លាំមើល និងសកម្មជន លើកឡើងថា ប្រសិនបើលោក ហ៊ុន សែន នៅតែឈ្លោះជាមួយក្រុមហ៊ុនហ្វេសប៊ុក ដោយយករឿងបុគ្គលផ្ទាល់ខ្លួន ទៅផ្សារភ្ជាប់ជាមួយនឹងរឿងនយោបាយ កិច្ចការជាតិ នោះនឹងធ្វើឱ្យលោករឹតតែទទួលរងភាពអាម៉ាស់ និងប៉ះពាល់ដល់ផលប្រយោជន៍សង្គម៕
1 comment:
This devil Hun Sen kept committing crime after crime, but he got away with it.
Sooner or later, a spontaneous explosion from people would take him to hell and offer an opportunity for the evil Vietnam to intervene in Cambodia one more time and put another puppet to serve Vietnam.
For the future of Cambodia, this devil Hun Sen must make the general election an absolute free and fair election so that the transfer of power will be accepted by Khmer people. And the evil Vietnam will not have any pretext to meddle in Cambodia's affair again.
Post a Comment