Sunday, 2 July 2023

អ្នក​ឃ្លាំ​មើល​ថា ការ​បណ្ដេញ​តំណាង​ហ្វេសប៊ុក​ពី​កម្ពុជា គឺជា​ការ​សង​សឹក​របស់​លោក ហ៊ុន សែន

 

ដោយ ម៉ៅ សុធានី
2023.07.02
 
អ្នក​ឃ្លាំ​មើល​ថា ការ​បណ្ដេញ​តំណាង​ហ្វេសប៊ុក​ពី​កម្ពុជា គឺជា​ការ​សង​សឹក​របស់​លោក ហ៊ុន សែន 
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​កាលពីថ្ងៃទី២៩ មិថុនា ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
 
 

ទោះបី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា នឹង​មិន​បិទ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នៅក្នុង​ប្រទេស​កម្ពុជា​ក៏​ពិតមែន តែ​រដ្ឋាភិបាល​របស់​លោក​បាន​បណ្ដេញ​ការិយាល័យ​តំណាង​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ចេញពី​ទឹកដី​ប្រទេស​កម្ពុជា។ សកម្មជន​សិទ្ធិមនុស្ស និង​អ្នកវិភាគ​ចាត់ទុកថា នេះ​ជា​ការ​ខាតបង់​សម្រាប់​កម្ពុជា ខណៈ​ក្រុមហ៊ុន​មួយ​នេះ​បាន​ចូលរួម​អភិវឌ្ឍ​ចំណេះដឹង​ផ្នែក​ប្រព័ន្ធ​ឌីជីថល​នៅក្នុង​ប្រទេស​នេះ។

សកម្មជន​សិទ្ធិមនុស្ស និង​អ្នកឃ្លាំមើល ចាត់ទុក​ការ​បណ្ដេញ​តំណាង​ក្រុមហ៊ុន​ហ្វេសប៊ុក​ចេញ​ពី​ប្រទេស​កម្ពុជា គឺជា​ការ​សង​សឹក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពី​ក្រុមហ៊ុន​មួយ​នេះ​សម្រេច​ផ្អាក​ដំណើរការ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​រយៈពេល ៦​ខែ។

សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន លោក សាន់ ម៉ាឡា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១ កក្កដា ថា ការ​ចោទប្រកាន់​របស់​លោក ហ៊ុន សែន លើ​ក្រុមហ៊ុន​ហ្វេសប៊ុក ថា មាន​ភាព​លម្អៀង និង​មាន​ចេតនា​នយោបាយ គឺជា​ការយល់​ខុស ដោយសារ​ក្រុមហ៊ុន​មួយ​នេះ​ក៏​ធ្លាប់​ផ្អាក និង​បញ្ឈប់​សកម្មភាព ឬ​ការ​បញ្ចេញមតិ របស់​ក្រុម​សកម្មជន និង​អង្គការ​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​ផង​ដែរ​។ លោក​ថា នេះ​ជា​ការ​អនុវត្ត​គោលការណ៍​តាម​ស្តង់ដារ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក ដែល​បិទ និង​ផ្អាក​សកម្មភាព ពាក្យសម្ដី​ទាំងឡាយ​ណា មាន​ចេតនា​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា និង​ការ​គំរាមកំហែង​។ ជាមួយគ្នា​នេះ លោក​​ចាត់ទុក​ការ​បណ្ដេញ​តំណាង​ក្រុមហ៊ុន​ហ្វេសប៊ុក ចេញ​ពី​ប្រទេស​កម្ពុជា គឺជា​ការ​ខាតបង់​សម្រាប់​កម្ពុជា ទាំង​ផ្នែក​សេដ្ឋកិច្ច ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា និង​មុខមាត់​ប្រទេស​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។

លោក សាន់ ម៉ាឡា៖ «ប៉ុន្តែ​យ៉ាងណាក៏ដោយ យើង​អបអរសាទរ និង​សប្បាយចិត្ត​ដែរ ដែល​រដ្ឋាភិបាល​ចាត់វិធានការ​ត្រឹមតែ​បណ្ដេញ​ការិយាល័យ​តំណាង មិន​ធ្វើ​ការ​បិទ ឬ​រាំង​ខ្ទប់​បណ្ដាញ​សង្គម​មួយ​នេះ​ទាំងស្រុង​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​តទៅ​ថ្ងៃមុខ​ខ្ញុំ​សង្ឃឹមថា នឹង​មានការ​សម្របសម្រួល​រវាង​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ជាមួយនឹង​រដ្ឋាភិបាល ហើយ​ថ្ងៃ​ណាមួយ​ការិយាល័យ​តំណាង​នេះ​ប្រាកដជា​អាច​បើក​សាជាថ្មី​ឡើងវិញ​នៅ​លើ​ប្រទេស​កម្ពុជា​របស់​យើង»

 

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស នៅ​ថ្ងៃទី​១ កក្កដា ដោយ​សម្រេច​បណ្ដេញ​តំណាង​ក្រុមហ៊ុន​ហ្វេសប៊ុក ចេញ​ពី​កម្ពុជា និង​បញ្ឈប់​រាល់​សកម្មភាព ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល និង​កិច្ចសហការ​ដៃគូ​ក្នុង​វិស័យ​ឯកជន​នៅ​កម្ពុជា។ ក្រសួង​អះអាង​ថា បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​សេវា​ក្រុមហ៊ុន​ហ្វេសប៊ុក សម្រាប់​អ្នកប្រើប្រាស់​នៅ​កម្ពុជា រួមមាន​ការបង្កើត​គណនី​ក្លែងបន្លំ ហានិភ័យ និង​ការ​ប្រមូល​ទិន្នន័យ​ឯកជន ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ កង្វះ​គណនេយ្យភាព និង​តម្លាភាព ហើយ​និង​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​នយោបាយ​របស់​កម្ពុជា។

កាលពី​យប់​ថ្ងៃទី​៣០ មិថុនា លោក ហ៊ុន សែន ចេញ​សារ​ជា​សំឡេង​បន្ទាន់​មួយ​ប្រកាស​ថា លោក​មិន​បិទ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​កម្ពុជា​នោះ​ទេ ក្រោយ​លោក​បាន​ប្រកាស​បិទ​គណ​នី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក និង​បាន​គំរាម​បិទ​ដំណើរការ​ហ្វេសប៊ុក​នៅ​កម្ពុជា​ប្រសិនបើ​ក្រុម​អ្នកនយោបាយ​ប្រឆាំង​បន្ត​ឌឺដង​ចំពោះ​ការ​បិទ​ហ្វេសប៊ុក​របស់​លោក​ដោយ​ក្រុមហ៊ុនមេតា (Meta)​។ លោក​បញ្ជាក់​បន្ថែម​ថា ទោះ​លោក​មិន​ប្រើ​ហ្វេសប៊ុក ក៏​លោក​មាន​បណ្ដាញ​សង្គម​ផ្សេងទៀត​ដូចជា​តេឡេក្រាម (Telegram) និង​តិកតុក (TikTok) ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូចជា​ទូរទស្សន៍ និង​វិទ្យុ ចាំ​ផ្សាយ​ពី​លោក​ស្រេច​រួច​​ទៅ​ហើយ។

លោក ហ៊ុន សែន៖ «ដូច្នេះ​គ្មាន​ហេតុផល​អ្វី ដែល​ខ្ញុំ​មានការ​ចាំបាច់​ដើម្បី​ប្រើ​ហ្វេសប៊ុក នាំ​ចង្រៃ​ខ្លួន​នោះ​ទេ ហើយ​ម្យ៉ាងទៀត ហ្វេសប៊ុក​ក៏​ទទួលផល​ប្រយោជន៍​ពី​កម្ពុជា​ច្រើនណាស់​។ យើង​អាច​មាន​វិធានការ​ត្រឹម​កម្រិត​មិន​ឱ្យ​មាន​តំណាង​ក្រុមហ៊ុន​ហ្វេសប៊ុក​នៅ​កម្ពុជា​តែប៉ុណ្ណោះ»

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក មាស ប៉ូ ដើម្បី​សុំ​ការ​បកស្រាយ​បានទេ នៅ​ថ្ងៃទី​១ កក្កដា។ ចំណែក​តំណាង​ក្រុមហ៊ុនមេតា (Meta) ប្រចាំ​នៅ​កម្ពុជា ក៏​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​នោះ​ទេ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត សង្កេត​ឃើញ​ថា ការ​បណ្ដេញ​តំណាង​ហ្វេសប៊ុក​ចេញពី​កម្ពុជា​ដោយ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ គឺជា​ចេតនា​សងសឹក​របស់​លោក ហ៊ុន សែន ទៅលើ ក្រុមហ៊ុនមេតា (Meta)។ លោក​យល់ថា សេចក្ដីប្រកាស​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​ចោទប្រកាន់​លើ​ក្រុមហ៊ុន​ហ្វេសប៊ុក គឺ​ពុំ​មាន​ហេតុផល​សមរម្យ​នោះ​ទេ​។ លោក ម៉ែន ណាត លើកឡើង​ថា ប្រសិនបើ​ក្រសួង​ប្រៃសណីយ៍ គិត​ពី​បញ្ហា​លួច​ទិន្នន័យ​ឯកជន​មែន​នោះ​ក្រសួង​គួរតែ​បិទ​បណ្ដាញ​សង្គម​តិកតុក​(TikTok)​ជាមុន​សិន ព្រោះ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​បរទេស បណ្ដាញ​សង្គម​មួយ​នេះ បាន​ចូល​លួច​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​រាប់​លាន​នាក់ ក្នុង​នោះ​រដ្ឋាភិបាល​អាមេរិក​(USA) កាណាដា​(Canada) គណៈកម្មការ​អឺរ៉ុប​(Europe) ចេញ​បញ្ជា​ហាម មិន​ឱ្យ​ប្រើប្រាស់​កម្មវិធី តិកតុក នៅ​លើ​ប្រព័ន្ធ​អេឡិចត្រូនិក​រដ្ឋ​ទៀត​ផង។

លោក ម៉ែន ណាត៖ «លោក ហ៊ុន សែន ហ្នឹង​ធ្លាក់ខ្លួន​ទៅលេង​តិកតុក ហើយ​អា​ល្បែង​តិកតុក​ហ្នឹង​សម្រាប់​កូនក្មេង​តើ។ ហើយ​ប្រសិនបើ​អ្នកនយោបាយ​កំពូល​ទទួលរង​ភាព​អាម៉ាស់ ពី​ការ​ពិន័យ ពី​ការ​រឹតត្បិត​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក នៅ​លើ​សារព័ត៌មាន​ល្បីៗ​នៅ​លើ​ពិភពលោក​គេ​ចុះផ្សាយ​ឡើង​ព្រោងព្រាត នោះ​គឺជា​ភាព​អាម៉ាស់​ធំ​ណាស់ ហើយ​គាត់​ទៅ​លាក់​គេ​ម្ដេច​បាន ហើយ​ក្រសួង​ប្រៃសណីយ៍ ទៅ​បង្វែរ​សាច់រឿង​ម្ដេច​បាន។ ប្រជាពលរដ្ឋ​អ្នក​ប្រើ​បណ្ដាញ​សង្គម​ខ្មែរ​គាត់​ដឹង​តើ​! ទោះបីជា​ក្រសួង​ប្រៃសណីយ៍ សរសេរ​យ៉ាងម៉េច ក៏​ប្រជាពលរដ្ឋ​ខ្មែរ​ដឹង​ដែរ»

ក្រោយ​បិទ​ទំព័រ​ហ្វេសប៊ុក​ដែល​មាន​អ្នកតាមដាន​ជាង ១៤​លាន​នាក់ លោក ហ៊ុន សែន បាន​អូសទាញ​ឱ្យ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ងាក​មក​ប្រើ​ប្រព័ន្ធ​តេឡេក្រាម (Telegram) និង​តិកតុក​(Tiktok) ដូច​លោក​វិញ ប៉ុន្តែ​អ្នក​ហែហម ទាំងនោះ​ហាក់​នៅ​ស្ទាក់ស្ទើរ​បោះបង់ចោល​បណ្ដាញ​សង្គម​ដ៏​ពេញនិយម​នេះ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា រួមមាន​ថ្នាក់ដឹកនាំ និង​កូនចៅ​របស់​លោក ហ៊ុន សែន នៅតែ​ប្រើប្រាស់​ហ្វេសប៊ុក​សម្រាប់​ការ​ចែករំលែក​សារ​របស់​គេ និង​ការ​ឃោសនា​បោះឆ្នោត​។​

អ្នកឃ្លាំមើល និង​សកម្មជន លើកឡើង​ថា ប្រសិនបើ​លោក ហ៊ុន សែន នៅតែ​ឈ្លោះ​ជាមួយ​ក្រុមហ៊ុន​ហ្វេសប៊ុក ដោយ​យក​រឿង​បុគ្គល​ផ្ទាល់ខ្លួន ទៅ​ផ្សារភ្ជាប់​ជាមួយនឹង​រឿង​នយោបាយ កិច្ចការ​ជាតិ នោះ​នឹង​ធ្វើ​ឱ្យ​លោក​រឹតតែ​ទទួលរង​ភាព​អាម៉ាស់ និង​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​សង្គម៕

1 comment:

Anonymous said...

This devil Hun Sen kept committing crime after crime, but he got away with it.

Sooner or later, a spontaneous explosion from people would take him to hell and offer an opportunity for the evil Vietnam to intervene in Cambodia one more time and put another puppet to serve Vietnam.

For the future of Cambodia, this devil Hun Sen must make the general election an absolute free and fair election so that the transfer of power will be accepted by Khmer people. And the evil Vietnam will not have any pretext to meddle in Cambodia's affair again.