ដោយ សុជីវី
2023.07.23
ពលរដ្ឋឈរតម្រង់ជួរចូលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ថ្ងៃទី២៣ កក្កដា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ក្រុមយុវជន និងអង្គការសង្គមស៊ីវិលមួយចំនួនមិនចូលរួមសង្កេតការណ៍បោះឆ្នោតនៅថ្ងៃអាទិត្យនេះទេ ដោយសារតែពួកគេយល់ថា ការបោះឆ្នោតនេះ មិនសេរី មិនយុត្តិធម៌ និងមិនស្មើភាពគ្នា។ ពួកគេថា ក្រៅតែពីការធ្វើទុក្ខបុកម្នេញ និងប្រើអំពើហិង្សាលើសកម្មជនបក្សប្រឆាំង បញ្ហាធំជាងគេហើយនោះ លោក ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច ដែលមិនហ៊ានប្រកួតជាមួយគណបក្សភ្លើងទៀន បានរកលេសផាត់គណបក្សដែលមានប្រជាប្រិយនេះ មិនឱ្យចូលរួមបោះឆ្នោត។
ក្រុមយុវជន និងអង្គការសង្គមស៊ីវិលលើកឡើងថា ការបោះឆ្នោតនៅអាណត្តិទី៧ គឺគ្មានភាពស្របច្បាប់នោះទេ ពោលពុំមានអង្គការសង្គមស៊ីវិលឯករាជ្យ និងប្រទេសលោកសេរីចូលរួមសង្កេតការណ៍ឡើយ។ ពួកគាត់អះអាងថា ការបោះឆ្នោតនេះគឺគ្រាន់តែជាការបោះឆ្នោតបង្គ្រប់កិច្ចប៉ុណ្ណោះ ពីព្រោះគ្មានគណបក្សប្រឆាំងជាគូប្រជែងចូលរួម។
ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ហៅកាត់ថា KSILA លោក កើត សារ៉ាយ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២២ កក្កដា ថា សមាគមរបស់លោកមិនចូលរួមសង្កេតការណ៍បោះឆ្នោតនោះទេ ពីព្រោះការរៀបចំរបស់ គ.ជ.ប គ្មានឯករាជ្យ ដោយសារផាត់ចោលគណបក្សភ្លើងទៀនចេញពីការបោះឆ្នោត។ លោកកត់ថា ការបោះឆ្នោតខាងមុខនេះហាក់មិនបើកទូលាយឱ្យពលរដ្ឋមានសិទ្ធិសម្រេចចិត្តក្នុងការបោះឆ្នោត និងគ្មានអ្នកសង្កេតការណ៍មកពីបណ្ដាប្រទេសលោកសេរីដែលអាចទទួលស្គាល់ភាពស្របច្បាប់នៃការបោះឆ្នោតនេះឡើយ។
លោក កើត សារ៉ាយ៖ «វាមិនអាចទៅរួចទេពីព្រោះវាមិនគ្រប់ចំនួននៃការិយាល័យនៃការបោះឆ្នោត ហើយយើងឃើញហើយប្រទេសធំៗគឺមិនបានបញ្ជូនអ្នកសង្កេតការណ៍មកទេ នេះជាមូលហេតុយើងមើលឃើញថា មានការមិនពេញចិត្តខ្លាំងចំពោះការបោះឆ្នោតនៅកម្ពុជានៃនីតិកាលទី៧នេះ ប៉ុន្តែអ្វីដែលយើងត្រូវកត់សំគាល់ជាសំខាន់នោះតើប្រទេសដែលមានរបបប្រជាធិបតេយ្យដែលកម្ពុជាបានស្នើឱ្យប្រទេសទាំងនោះដាក់អ្នកសង្កេតការណ៍តើគេបានដាក់អ្នកសង្កេតការណ៍មកអត់»។
យុវតីសិក្សាផ្នែកច្បាប់ម្នាក់ទៀត គឺ កញ្ញា ហេង គឹមសួ ថ្លែងថា កញ្ញាមិនបានចូលរួមសង្កេតការណ៍នោះទេ ក្រោយ គ.ជ.ប បដិសេធគណបក្សភ្លើងទៀនមិនឱ្យចូលរួមការបោះឆ្នោត ។ កញ្ញាបន្តថា ការបោះឆ្នោតនេះគឺគ្មានន័យចំពោះកញ្ញានោះឡើយ ពីព្រោះមន្ត្រីជាប់ឆ្នោតទាំងនោះមិនបានយកតួនាទីមកបម្រើពលរដ្ឋ និងជួយដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋឡើយ។ កញ្ញា ហេង គឹមសួ ព្រួយបារម្ភថា ក្រោយការបោះឆ្នោតចប់កម្ពុជានឹងរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតពីសហគមន៍អន្តរជាតិ។
កញ្ញា ហេង គឹមសួ៖ «ការបោះឆ្នោតនេះគឺមិនយុត្តិធម៌ស្រាប់ទៅហើយតាំងពីថ្ងៃដែលគាត់បានបដិសេធមិនឱ្យគណបក្សប្រឆាំងដ៏ធំមួយ បានចូលរួមបោះឆ្នោត អ៊ីចឹងទោះបីជាមានអ្នកសង្កេតការណ៍ ឬមានអ្នកសង្កេតការណ៍មកពីណាទៀតក៏ដោយ ក៏ខ្ញុំមើលថាការបោះឆ្នោតហ្នឹងគឺវាមិនសុក្រឹតមិនយុត្តិធម៌ស្រាប់ទៅហើយ ពីព្រោះដៃគូររបស់គាត់ដែលជាដៃគូប្រកួតរបស់គាត់គឺគាត់បានដកចេញបាត់ទៅហើយអ៊ីចឹង ទោះបីប្រកួតឬមិនប្រកួតក៏គាត់នៅតែឈ្នះ»។
ឆ្លើយតបរឿងនេះអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ចាត់ទុកការលើកឡើងរបស់ក្រុមយុវជនថា ជារឿងគ្មានបានការ មិនបង្កឱ្យមានភាពរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ។
លោក ហង្ស ពុទ្ធា៖ «គាត់មិនយល់អំពីនីតិវិធី ហើយការលើកឡើងរបស់គាត់នេះគឺគ្រាន់តែជាការបំពងសំឡេងទេមែនទែនទៅ គ.ជ.ប ទទួលការចុះឈ្មោះគណបក្សចំនួន២០ ប៉ុន្តែដោយសារតែគណបក្ស២មិនមែនតែគណបក្សភ្លើងទៀនទេ គឺមានគណបក្សមួយទៀតដែលលោកមិនបានបំពេញគ្រប់លក្ខខណ្ឌមានន័យថា គាត់អត់មានសេចក្ដីប្រកាសស្ដីពីការចុះឈ្មោះនៅក្រសួងមហាផ្ទៃ ច្បាប់ដើមយកទៅធ្វើនីត្យានុកូលកម្ម»។
អ្នកនាំពាក្យគ.ជ.ប រូបនេះបញ្ជាក់ថាបោះឆ្នោតនេះមានអ្នកសង្កេតការណ៍មកពីបណ្ដាប្រទេសនិយាយភាសាបារាំង ក្រៅពីនោះអ្នកសង្កេតការណ៍អន្តរជាតិ ក៏មានអ្នកសង្កេតជាតិ ជិត ៩ម៉ឺននាក់ (៨៩.០០០) តំណាងឱ្យសមាគមមិនមែនរដ្ឋាភិបាលជាង ១៣០ស្ថាប័នក៏ដែលពួកគេនឹងបង្ហាញខ្លួន ក្នុងថ្ងៃបោះឆ្នោត។
ជុំវិញបញ្ហានេះអ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា ការចូលរួមសង្កេតការណ៍បោះឆ្នោតគឺសិទ្ធិសេរីភាពរបស់ពលរដ្ឋដោយគ្មានការបង្ខិតបង្ខំពីបុគ្គលណាម្នាក់។ ប៉ុន្តែលោកថា ការណ៍ដែលមានអ្នកសង្កេតការណ៍មកពីស្ថាប័នឯករាជ្យ និងបណ្ដាប្រទេសប្រជាធិបតេយ្យបន្ថែមទៀតនោះនឹងធ្វើការបោះឆ្នោតនៅកម្ពុជាមានការទទួលស្គាល់ពីអន្តរជាតិ។
លោក កន សាវាង្ស៖ «កាលណាបើមានអន្តរជាតិចូលរួមច្រើនហាក់ដូចជាគេមកពិនិត្យធ្វើជាសាក្សីនៅក្នុងការតាមដាននៅក្នុងដំណើរការនៃការបោះឆ្នោតអ៊ីចឹងវាអាចជាការវាយតម្លៃការយល់ឃើញអ៊ីចឹងទៅ សំខាន់គឺចូលរួមជាមតិយោបល់នៅការដឹងលឺហ្នឹង ប៉ុន្តែគ្រាន់តែថាបើគេចូលរួមគឺគ្រាន់តែថាវាអត់មានសាក្សីជាអន្តរជាតិ ជាដៃគូរមុខជាអន្តរជាតិហ្នឹងគឺថាវាមានការចូលរួមពិនិត្យតាមដានហ្នឹងទេ»។
ក្រៅពីអង្គការមួយចំនួនដែលមានឯកទេសខាងបោះឆ្នោត និងធ្លាប់បានចូលរួមសង្កេតការណ៍បោះឆ្នោតជាច្រើនអាណត្តិរួចមកហើយនោះ គឺគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានដាក់អ្នកសង្កេតការណ៍បោះឆ្នោតជាង៤ពាន់នាក់ ( ៤.០០៤) ។ បើទោះជាយ៉ាងណាអ្នកសង្កេតការណ៍បោះឆ្នោតភាគច្រើនមកពីគណបក្សកាន់អំណាច ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជាហៅកាត់ថា ស.ស.យ.ក ដែលគ្រប់គ្រងដោយលោក ហ៊ុន ម៉ានី ជាកូនប្រុសរបស់ លោក ហ៊ុន សែន ដែលបានដាក់ពង្រាយអ្នកសង្កេតការណ៍ច្រើនជាងគេ គឺចំនួនជាង ជិត៤ម៉ឺននាក់ (៣៦.៦៥២) ។ ដោយឡែក អង្គការឃ្លាំមើលការបោះឆ្នោតឯករាជ្យមួយចំនួន រួមទាំង ក្រុមប្រទេសប្រជាធិបតេយ្យលោកខាងលិច ដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ប្រទេសជប៉ុន ជាដើម មិនបានប្រកាសបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួន មកឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជា ដោយសារបរិយាកាសនយោបាយមិនល្អ។
អ្នកឃ្លាំមើល យល់ឃើញថាបើទោះជាមានអ្នកចូលរួមសង្កេតការណ៍អន្តរជាតិ និងជាតិចូលរួមច្រើនក្ដីក៏អ្នកទាំងនោះភាគច្រើនគ្មានជំនាញរឿងបោះឆ្នោតនោះទេ ម្យ៉ាងវិញទៀតក៏គ្មានគណបក្សប្រឆាំងចូលរួមប្រកួតប្រជែងដើម្បីធានា ឱ្យមានការប្រកួតដោយសេរី យុត្តិធម៌ និងត្រឹមត្រូវដែរ៕
No comments:
Post a Comment