Sunday, 9 July 2023

អ្នកវិភាគ​សង្ស័យ​ថា មន្ត្រី​រដ្ឋាភិបាល​អាច​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​អាវុធ​ឱ្យ​ជនជាតិ​ចិន​ប្រើប្រាស់


ដោយ យន់ សាមៀន
2023.07.07

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​លើកឡើង​ថា ជនជាតិ​ចិន​ដែល​មាន​កាំភ្លើង​ប្រើប្រាស់​នៅ​កម្ពុជា​អាច​នឹង​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​អ្នក​មាន​អំណាច​មួយចំនួន​ជួយ​សម្រួល​ពួកគេ​ក្នុង​ការ​ចរាចរ​អាវុធ​ខុសច្បាប់​សម្រាប់​ប្រើប្រាស់​នៅ​កម្ពុជា​។ ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​ជនជាតិ​ចិន​ម្នាក់​នៅ​រាជធានី​ភ្នំពេញ ផឹកស៊ី​ស្រវឹង​ដក​កាំភ្លើង​បាញ់​ជាច្រើន​គ្រាប់​នៅ​តាម​ទី​សាធារណៈ​កាល​ពី​ពេល​ថ្មីៗ​នេះ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​០៦ ខែ​កក្កដា​ថា អ្នកជំនួញ​ចិន​មួយចំនួន​ដែល​មាន​ឈ្មោះ​ជា​ឧក្រិដ្ឋជន​ចូល​មក​រកស៊ី​នៅ​កម្ពុជា ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ទទួល​ស្វាគមន៍​រហូត​អ្នកខ្លះ​ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​ផ្ទាល់​របស់​លោក ហ៊ុន សែន ថែម​ទៀត​ផង​។ លោក​ថា ចំណុច​នេះ​អាច​ជា ភស្តុតាង​មួយ​ដែល​ឆ្លុះបញ្ចាំង​ថា ជនជាតិ​ចិន​ដែល​មាន​កាំភ្លើង​ប្រើប្រាស់​កាន់កាប់​ក្នុង​ដៃ​មិន​ត្រឹមតែ​ទទួល​បាន​កិច្ច​គាំពារ​ពី​រដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​ក្រុម​ជន​ជាតិចិន​មួយចំនួន​ដែល​មក​រក​ស៊ី​បែប​លាងលុយកខ្វក់​នៅ​កម្ពុជា​ក៏​នឹង​ទទួល​បាន​កិច្ច​គាំពារ​ពិសេស​ពី​ក្រុម​មនុស្ស​ជិតស្និទ្ធ​នឹង​លោក ហ៊ុន សែន និង​ពី​រដ្ឋាភិបាល​របស់​លោក​ផ្ទាល់​ផង​ដែរ។



    លោក គឹម សុខ៖ «ហើយ​អ្នក​មានអំណាច​នៅ​ភ្នំពេញ​ហ្នឹង​សម្រួល​ឱ្យ​ជនជាតិ​ចិន​ទាំងនោះ​មាន​សញ្ជាតិ​ជា​ខ្មែរ ហើយ​ថែមទាំង​ផ្ដល់​ឱ្យ​ជនជាតិ​ចិន​ទាំងឡាយ​ណា​មាន​សក្ដានុពល​លុយ​ងងឹត​វាល់​លាន​ដុល្លារ​ក្លាយ​ទៅ​ជា​មន្ត្រី​យោធា​មាន​សិទ្ធិ​កាន់​អាវុធ​បាញ់បោះ​អនាធិបតេយ្យ​តាម​អំពើ​ចិត្ត។ គេ​មិន​ខ្លាច​ទេ ហើយ​អ្នកកាន់អំណាច​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់​ពួកគេ​ហ្នឹង ពួក​អ្នក​ជិតស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ ហ៊ុន និង​សមាជិក​ក្រុម​គ្រួសារ ហ៊ុន តែម្ដង»។

ប្រតិកម្ម​របស់​អ្នកឃ្លាំមើល​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​ជន​ជាតិចិន​មួយចំនួន​នៅ​កម្ពុជា​នៅតែ​មាន​កាំភ្លើង​ប្រើប្រាស់​បាញ់​បោះ​ដោយ​សេរី។ ជាក់ស្តែង​កាលពី​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃទី​៥ ខែ​កក្កដា ជនជាតិ​ចិន​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ស្រា​បាន​ដក​កាំភ្លើង​បាញ់រះ​ទៅលើ​មេឃ​ជាច្រើន​គ្រាប់ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី សង្កាត់​កាកាប​២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ ប៉ុន្តែ​ក្នុង​ហេតុការណ៍​នេះ​មិន​បណ្ដាល​ឱ្យ​មាន​អ្នកណា​រងគ្រោះ​ឡើយ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ លោក ម៉ន វុធី អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក កែវ វណ្ណថន និង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ ដើម្បី​សាកសួរ​អំពី​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​០៦ ខែកក្កដា។

កាលពី​ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​មេខ្លោង​ដែល​នាំចូល​អាវុធ​មក​កម្ពុជា​ចំនួន ៦​នាក់ និង​រឹបអូស​បាន​កាំភ្លើង​វែង​ខ្លី​សរុប​ចំនួន ៤២​ដើម អាវុធ​កែច្នៃ ព្រមទាំង​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់ និង​ឧបករណ៍​ជួសជុល​កាំភ្លើង​មួយ​ចំនួន​ធំ​។ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អាវុធ​មួយចំនួន​មាន​ឈ្មួញ​ទុច្ចរិត​ក្នុងស្រុក កុម្ម៉ង់​ទិញ​ពី​ជនខិលខូច​ដឹកជញ្ជូន​ឆ្លងដែន​តាម​ប្រទេសជិតខាង​ចូល​កម្ពុជា ខណៈ​ឈ្មួញ​ខ្លះទៀត​កុម្ម៉ង់​ទិញ​ពី​ជនខិលខូច​នៅក្នុង​ស្រុក៕

No comments: