ដោយ ម៉ៅ សុធានី
2023.07.08
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន និងអ្នកធ្វើការងារសង្គមមួយចំនួនទៀត គ្រោងទៅគោរពវិញ្ញាណក្ខន្ធលោក បណ្ឌិត កែម ឡី ក្នុងខួប៧ឆ្នាំនៃការបាត់បង់លោកបណ្ឌិត នៅខេត្តតាកែវ នៅថ្ងៃទី១០ ខែកក្កដា ខាងមុខ។ អ្នកគោរពស្រលាញ់ បណ្ឌិត កែម ឡី នៅតែទទូចទៅរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យស្វែងរកឃាតកពិត ដែលសម្លាប់លោកបណ្ឌិត យកមកផ្ដន្ទាទោស។
អ្នកនយោបាយ និងអ្នកធ្វើការងារសង្គម ដែលគោរពស្រលាញ់ បណ្ឌិត កែម ឡី នៅតែបង្ហាញការគោរពនូវវីរភាពរបស់អ្នកអត្ថាធិប្បាយបញ្ហាសង្គមរូបនេះ។ អ្នកខ្លះនឹងធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធលោក បណ្ឌិត កែម ឡី ដល់ខេត្តតាកែវ ទីតម្កល់សពលោកបណ្ឌិត ហើយអ្នកខ្លះទៀត គ្រោងកោរសក់ ដើម្បីបង្ហាញការគោរព និងដឹងគុណចំពោះបណ្ឌិត កែម ឡី ដែលបានលះបង់ជីវិតដើម្បីជាតិ។
អនុប្រធានគណបក្សភ្លើងទៀនលោក រ៉ុង ឈុន ប្រាប់ថា នៅថ្ងៃទី១០ ខែកក្កដា ខាងមុខ លោកនិងអ្នកធ្វើការងារសង្គមផ្សេងទៀត គ្រោងទៅដាក់កំរងផ្កាដើម្បីគោរពវិញ្ញាណក្ខន្ធលោក បណ្ឌិត កែម ឡី នៅកន្លែងឃាតកបាញ់សម្លាប់បណ្ឌិត កែម ឡី នៅការ៉ាស់សាំងកាលតិច (Caltex)ស្ដុបបូកគោ ហើយលោកក៏នឹងធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធលោក បណ្ឌិត កែម ឡី ទីតម្កល់សពបណ្ឌិត កែម ឡី នៅស្រុកត្រាំកក់ ខេត្តតាកែវផងដែរ។ លោក រ៉ុង ឈុន ឱ្យដឹងទៀតថា លោកនៅតែចងចាំ វីរភាពលោកបណ្ឌិត កែម ឡី។
លោក រ៉ុង ឈុន៖ «កម្មវិធីខ្ញុំទៅដាក់(ដាក់កម្រងឬកម្រងផ្កា) ជារៀងរាល់ឆ្នាំតែងតែដាក់បាច់ផ្កាឬកម្រងផ្កាក្នុងការរំឭក ទៅដល់វីរភាពក៏ដូចជាវិញ្ញាណក្ខន្ធជាពិសេសជាការក្រើនរំឭកទៅដល់អាជ្ញាធរ ដើម្បីឱ្យវែកមុខរកឃាតកពិតនិងអ្នកនៅក្រោយខ្នងឃាតកយកមកផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់»។
ស្រដៀងគ្នានេះដែរ យុវជនខ្មែរថាវរៈ និងយុវជនមួយចំនួនទៀត គ្រោងកោរសក់
ដើម្បីរំឭកគុណ នៃការលះបង់របស់លោកបណ្ឌិត កែម ឡី ចំពោះប្រទេសជាតិ និងដើម្បីជាសារដាស់ស្មារតីដល់យុវជន និងពលរដ្ឋ ផ្សេងទៀត ឱ្យមានឆន្ទៈក្លាហានដើម្បីបម្រើប្រយោជន៍ជាតិ។
យុវជនធ្វើការងារសង្គម និងជាសមាជិកក្រុមយុវជនខ្មែរថាវរៈ លោកស្រី ឈឿន ដារ៉ាវី ឱ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី៨ ខែកក្កដា ថា នៅថ្ងៃទី០៩ ខែកក្កដា ខាងមុខនេះ លោកស្រី នឹងយុវជនមួយចំនួនទៀត នឹងនាំគ្នាកោរសក់ ដើម្បីបង្ហាញពីការគោរព វីរភាពបណ្ឌិត កែម ឡី ដែលបានលះបង់ជីវិតដើម្បីប្រយោជន៍ជាតិ។។ លោកស្រីឱ្យដឹងដែរថា នៅថ្ងៃទី១០ ខែកក្កដា ដែលជាថ្ងៃប្រារព្ធខួប៧ឆ្នាំនៃការស្លាប់បណ្ឌិត កែម ឡី លោកស្រីនឹងទៅចូលរួមពិធីបុណ្យលោក បណ្ឌិត កែម ឡី នៅខេត្តតាកែវ។ យុវជនរូបនេះ ចង់ឃើញយុវជនផ្សេងទៀត រួមគ្នាបន្តភារកិច្ចរបស់បណ្ឌិត កែម ឡី និង ក្លាហានហ៊ានចូលរួមធ្វើការងារសង្គម។
លោកស្រី ឈឿន ដារ៉ាវី៖ «ឆ្នាំហ្នឹងពួកខ្ញុំកោរសក់ហើយទៅចូលរួមបុណ្យនៅផ្ទះលោក បណ្ឌិត អត់មានធ្វើអីដូចឆ្នាំមុនៗទេ ខ្ញុំក៏ចង់ឱកាសថ្ងៃបុណ្យលោកបណ្ឌិត កែម ឡី នេះ ដាស់ស្មារតីយុវជនយើងផង ពលរដ្ឋយើងផងត្រូវតែមានសង្ឃឹមលើភាពត្រឹមត្រូវ ហើយមានឆន្ទៈរឹងមាំក្នុងការចូលរួមការពារជាតិឈឺឆ្អាលរឿងជាតិ»។
បណ្ឌិត កែម ឡី ជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្បែរស្តុបបូកគោ រាជធានីភ្នំពេញ ក្នុងពេលលោកកំពុងអង្គុយផឹកកាហ្វេ។
រយៈពេល៧ឆ្នាំមកនេះ តុលាការនៃរបបក្រុងភ្នំពេញរកឃើញតែមនុស្សម្នាក់គត់ គឺឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ក្នុងរឿងឃាតកម្មដ៏កក្រើកមួយនេះ។ ទោះជាយ៉ាងណា មហាជនទូទៅសង្ស័យថា ជួប សម្លាប់ គ្រាន់តែជាឃាតកសិប្បនិម្មិត ហើយគិតថា ឃាតកម្មនេះមានការរៀបចំផែនការ និងពាក់ព័ន្ធនឹងមនុស្សច្រើននាក់។ អឿត អាង ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ស្នើដោយទទូចទៅស្ថាប័នអនុវត្តច្បាប់ ស្វែងឃាតកពិតដែលសម្លាប់បណ្ឌិត កែម ឡី យកមកផ្ដន្ទាទោស ព្រោះអ្នកស្រី មិនជឿថា បុគ្គល អឿត អាង ហៅឈ្មោះខ្លួនឯងថា ជួបសម្លាប់នោះជាឃាតកពិតឡើយ។
អ្នកស្រី អ៊ុក ឆាយ៉ាវី៖ «កុំឱ្យជារូបភាពអាក្រក់បែបហ្នឹងសម្រាប់ពលរដ្ឋខ្មែរតទៅទៀត បើសិនជាអ្នកសម្លាប់រួចខ្លួនបានន័យថា នេះជារូបភាពមួយដែលធ្វើឱ្យសង្គមខ្មែរបច្ចុប្បន្នហ្នឹងលែងជឿជាក់ទៅលើប្រព័ន្ធតុលាការ ទៅលើច្បាប់ផ្សេងៗហើយព្រោះអីអ្វីដែលពិតប្រាកដរួចខ្លួន អ្នកដែលស៊ីឈ្នួលត្រូវបានជាប់ពន្ធនាគារអ៊ីចឹងណា»។
ជុំវិញរឿងនេះដែរ ក្រុមគ្រួសារ និងសាច់ញាតិបណ្ឌិត កែម ឡី ក៏ត្អូញត្អែរដែរថា ពួកគាត់មិនទាន់ទទួលបានយុត្តិធម៌ករណីឃាតកម្មលើបណ្ឌិត កែម ឡី នៅឡើយទេ។
ទាក់ទងការទាមទាររកយុត្តិធម៌ជូនបណ្ឌិត កែម ឡី នេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបកស្រាយពីប្រធានតុលាការក្រុងភ្នំពេញ លោក តាំង ស៊ុនឡាយ បានទេ នៅថ្ងៃទី៨ ខែកក្កដា។
ទោះយ៉ាងណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា សំណុំរឿងនេះស្ថិតក្នុងដៃតុលាការ ដូច្នេះ រដ្ឋាភិបាលមិនអាចលូកដៃបានទេ។
សាច់ញាតិបណ្ឌិត កែម ឡី នៅប្រទេសកម្ពុជា និងប្រពន្ធកូនលោកបណ្ឌិត ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី (Australia) គ្រោងរៀបចំធ្វើពិធីបុណ្យរំឭកខួបជូនបណ្ឌិត កែម ឡី នៅឆ្នាំនេះ ធំជាងរៀងរាល់ឆ្នាំ។ ម្ដាយ និងបងប្អូនបណ្ឌិត កែម ឡី គ្រោង ធ្វើពិធីបុណ្យរំឭកខួប៧ឆ្នាំនេះ ឱ្យបានធំ។ ចំណែក ភរិយាបណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា និងសមាគមខ្មែរនៅប្រទេសអូស្ត្រាលី ក៏គ្រោងរៀបចំធ្វើពិធីបុណ្យរំឭកខួបជូនបណ្ឌិត កែម ឡី នៅថ្ងៃទី០៩ ខែកក្កដា នេះដែរ។ ពួកគាត់អំពាវនាវប្រជាពលរដ្ឋនៅគ្រប់ទិសទីចូលរួមក្នុងពិធីបុណ្យគម្រប់ខួបលើកនេះឱ្យបានច្រើនកុះករ៕
No comments:
Post a Comment