
អ្នកវិភាគនយោបាយ និងមន្ត្រីបក្សប្រឆាំងលើកឡើងថា ២៦ឆ្នាំ ក្រោយរដ្ឋប្រហារដណ្ដើមអំណាចពីសម្ដេចក្រុមព្រះ គឺលោក ហ៊ុន សែន នៅតែក្ដោបក្ដាប់អំណាចដោយសារការបង្ក្រាបគូប្រកួតរបស់ខ្លួនដោយហិង្សា និងគ្មានការបោះឆ្នោតត្រឹមត្រូវ។ ទោះយ៉ាងណាក្ដី មន្ត្រីបក្សកាន់អំណាចអួតអាងថា ប្រសិនបើគ្មានព្រឹត្តិការបង្ហូរឈាមថ្ងៃទី៥ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ទេ ប្រទេសកម្ពុជា អាចនឹងធ្លាក់ចូលក្រោមការត្រួតត្រានៃរបបខ្មែរក្រហមជាថ្មីឡើងវិញ។
ថ្ងៃនេះ កាលពី ២៦ឆ្នាំមុន ក្រុមយោធា របស់លោក ហ៊ុន សែន កំពុងប្រយុទ្ធដណ្ដើមអំណាចពី សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឈាមដាបទីក្រុងភ្នំពេញ។ អ្នកឃ្លាំមើលនយោបាយថា លោក ហ៊ុន សែន អាចគ្រប់គ្រងអំណាច មកដល់សព្វថ្ងៃនេះ ព្រោះដោយការធ្វើរដ្ឋប្រហារដណ្ដើមអំណាចនេះឯង។
អ្នកវិភាគនយោបាយ លោក គឹម សុខ ថ្លែងថា រដ្ឋប្រហារឆ្នាំ១៩៩៧ គឺជាគន្លឹះរដ្ឋប្រហារ ដែលលោកហ៊ុន សែន ដែលនាំ ដែលឱ្យលោក ហ៊ុន សែន ធ្វើរដ្ឋប្រហារជាអចិន្ត្រៃយ៍គ្រប់គ្រងប្រទេសកម្ពុជាមកដល់សព្វថ្ងៃ។ លោកបន្តទៀតថា រយៈពេល២៦ឆ្នាំមកនេះ លោក ហ៊ុន សែន នៅតែប្រើអាវុធ អំពើហិង្សា ការបង្ហូរឈាមខ្មែរគ្នាឯង ដើម្បីរក្សាអំណាចរបស់លោក។ លោក គឹម សុខ លើកឧទាហរណ៍ជាក់ស្ដែង ដូចជា ករណីលោក ហ៊ុន សែន បង្ក្រាបការតវ៉ាក្រោយការបោះឆ្នោតឆ្នាំ១៩៩៨ រៀបចំឱ្យមានការបាញ់សម្លាប់ព្រះសង្ឃ សកម្មជននយោបាយ និងអ្នកការពារសិទ្ធិកម្មករ និងជនល្បីមួយចំនួនទៀត។
កាលពីនៅថ្ងៃទី៥ ថ្ងៃទី៦ កក្កដា ឆ្នាំ១៩៩៧ មានការផ្ទុះអាវុធ នៅក្នុង និងនៅជុំវិញទីក្រុងភ្នំពេញ បង្កឡើងដោយកងទ័ពស្មោះត្រង់នឹងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ និងកងទ័ពស្មោះត្រង់នឹងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា កងទ័ពរដ្ឋាភិបាលកំពុងបង្ក្រាបក្រុមជ្រុលនិយម និងកងទ័ពខ្មែរក្រហម។ ទាហាន និងមន្ត្រីយោធានៃគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចរាប់សិបនាក់ ត្រូវបានប្រហារជីវិតក្រៅច្បាប់។ គេហទំព័ររបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា (cambodia.ohchr.org) រាយការណ៍ថា មនុស្សប្រមាណ ៦០នាក់ ត្រូវបានសម្លាប់ក្រៅច្បាប់ នៅក្នុងអំឡុងពេលរដ្ឋប្រហារគិតចាប់ពីថ្ងៃទី២ កក្កដា ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៩៧។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា ការផ្ទុះអាវុធបង្ហូរឈាមកណ្ដាលទីក្រុងភ្នំពេញកាលពី ២៦ឆ្នាំមុន មិនមែនរដ្ឋប្រហារ តែជាការទប់ស្កាត់កងទ័ពខ្មែរក្រហមមិនឱ្យចូលទីក្រុងភ្នំពេញ តាមរយៈកងកម្លាំង គណបក្សហ៊្វុនស៊ិនប៉ិច ដែលលួចបញ្ជូនចូលមក។ លោក សុខ ឥសាន អះអាងថា ប្រសិនបើគ្មានព្រឹត្តិការណ៍ថ្ងៃទី៥ ថ្ងៃទី៦ ខែកក្កដាឆ្នាំ១៩៩៧ ទេ កងទ័ពខ្មែរក្រហមនឹងគ្រប់គ្រងប្រទេសកម្ពុជា ជាថ្មីទៀត ដែលធ្វើឱ្យមានរបបវាលពិឃាដវិលត្រឡប់មកវិញ។
បើទោះជាមន្ត្រីគណបក្សកាន់អំណាចអះអាងបែបនេះក្ដី ប៉ុន្តែ មន្ត្រីបក្សប្រាំងហៅព្រឹត្តិការណ៍ថ្ងៃទី៥ ថ្ងៃទី៦ កក្កដា ឆ្នាំ១៩៩៧ ថា ជាពេលវេលាអាក្រក់បំផុត និងបានធ្វើឱ្យប្រទេសកម្ពុជា បាត់បង់ឱកាសរើខ្លួនចេញពីការគ្រប់គ្រងរបស់កុម្មុយនិស្តផ្ដាច់ការ។ អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន លើកឡើងថា ការបង្កើតព្រឹត្តិការណ៍រដ្ឋប្រហារនេះ ព្រោះតែលោក ហ៊ុន សែន ដឹងខ្លួនថា នឹងខ្លួនចាញ់ឆ្នោតក្នុងការបោះឆ្នោតឆ្នាំ១៩៩៨ ទើបលោកហ៊ុន សែន ធ្វើរដ្ឋប្រហារកម្ទេចដៃគូប្រកួតប្រជែងខ្លួនចោលមុនការបោះឆ្នោតដូច្នេះ។ លោកបន្តទៀត ក្រោយការធ្វើរដ្ឋប្រហារនេះ លោក ហ៊ុន សែន បានបំបែកកម្លាំងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ជាច្រើនចម្រៀក ហើយទីបំផុត លោក ហ៊ុន សែន ក៏ឈ្នះឆ្នោតដូចការគ្រោងទុក។
លោក អ៊ុំ សំអាន បន្តទៀតថា លោក ហ៊ុន សែន តែងតែប្រើល្បិចដដែលៗ នេះ គឺបំផ្លាញគណបក្សនយោបាយ ដែលគូប្រកួតប្រជែងរបស់ខ្លួនមុនការបោះឆ្នោតជានិច្ច ដូចជាមុនការបោះឆ្នោតឆ្នាំ២០១៨ គឺការរំលាយគណបក្សសង្គ្រោះជាតិ និងការបោះឆ្នោតឆ្នាំ២០២៣ នេះ គឺការបិទមិនគណបក្សភ្លើងទៀន ចូលរួមការបោះឆ្នោត។ បើទោះជាលោក ហ៊ុន សែន អាចនឹងឈ្នះឆ្នោតក្រោយថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ដូចការប៉ុនប៉ងរបស់លោកក្ដី តែមន្ត្រីបក្សប្រឆាំង និងអ្នកវិភាគនយោបាយថា ការគ្រប់គ្រងអំណាចតាមរបៀបលោក ហ៊ុន សែន នេះមិនអាចស្ថិតស្ថេរយូរអង្វែងបានឡើយ ពួកគេលើកឧទាហរណ៍ថា មេដឹកនាំផ្ដាច់ការលើលោក មិនអាចដឹកនាំប្រទេសលើសពី ពីរជំនាន់បានឡើយ៕
1 comment:
Samdach PORNG Hun Sen,
How about cancelling the election and amend the constitution by stipulating that only Hun Sen and his family can hold the supreme power in Cambodia. And nobody can do anything to you Ah Roleuy Hun Sen.
Post a Comment