Sunday, 9 July 2023

Freedom House ថា ការ​បោះឆ្នោត​ធ្វើ​ឡើង​ដើម្បី​ធានា​ផែនការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន

 

ដោយ មាន ឫទ្ធិ
2023.07.09
 
Freedom House ថា ការ​បោះឆ្នោត​ធ្វើ​ឡើង​ដើម្បី​ធានា​ផែនការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន  
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ប្រគល់ទង់គណបក្សប្រជាជន​កម្ពុជា ទៅកូនប្រុស​ច្បង​គឺ​លោក ហ៊ុន ម៉ាណែត នៅថ្ងៃឃោសនា​ដំបូង កាលពីថ្ងៃទី១ កក្កដា ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
 

អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក (Freedom House) ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ថ្មី​ម្តង​ទៀត បង្កើត​នូវ​បរិយាកាស​អរិភាព​នៅ​មុន​ការបោះឆ្នោត​ជាតិ ថ្ងៃទី២៣ ខែកក្កដា រាប់​ចាប់តាំង​ពី​ការ​យាយី​ទៅលើ​គណបក្ស​ប្រឆាំង រហូត​ដល់​ការ​រឹតត្បិត​នៅ​លើ​អនឡាញ។

អង្គការ​អន្តរជាតិ​នេះ កាលពី​ថ្ងៃទី០៧ ខែកក្កដា ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​ឱ្យ​ជាប់​ពិន្ទុ២៩ ក្នុង​សន្ទស្សន៍​ភាព​ងាយ​រងគ្រោះ​នៃ​ការបោះឆ្នោត​ ដែល​ជា​ពិន្ទុ​ទាប​មួយ​បើ​ធៀប​ទៅ​នឹង​ប្រទេស​ដទៃទៀត ដែល​ត្រៀម​រៀបចំ​ការបោះឆ្នោត​នៅក្នុង​ឆ្នាំ២០២៣ និង​ឆ្នាំ២០២៤​ខាងមុខ។ ពិន្ទុ ១០០ មាន​ន័យ​ថា ការ​បោះឆ្នោត ​មាន​ភាព​ងាយ​រងគ្រោះ​តិចតួច​បំផុត។

 

បើ​តាម​អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក ចំណាត់​ថ្នាក់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​នេះ ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ទិដ្ឋភាព​នយោបាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ត្រូវ​បាន​រឹត​បន្តឹង​យ៉ាង​តឹងរ៉ឹង ខណៈ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ជួប​ប្រជុំ​ត្រូវ​បាន​គាបសង្កត់​យ៉ាងធ្ងន់ធ្ងរ ទាំង​នៅ​លើ​អ៊ីនធឺណិត និង​នៅ​ក្នុង​សង្គម។ លើស​ពី​នេះ​ទៀត ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សង្គម​ស៊ីវិល ជារឿយៗ​ត្រូវ​បាន​កំណត់​គោលដៅ​បង្ក្រាប​ដោយសារ​តែ​ការរិះគន់​ចំពោះ​អ្នកមាន​អំណាច។

Freedom House កត់សម្គាល់​ពី​ការ​ជ្រៀតជ្រែក​​ឌីជីថល​ដែល​ចាំបាច់​ត្រូវ​ឃ្លាំមើល​នៅ​មុន​ថ្ងៃ​បោះឆ្នោត។ ក្នុង​នោះ មាន​ដូចជា ការ​ចាប់ខ្លួន និង​ផ្ដន្ទាទោស​ដោយសារ​សកម្មភាព​រិះគន់​លើ​អនឡាញ ការ​បិទ​ខ្ទប់​គេហទំព័រ​ព័ត៌មាន ការ​លុបចោល​ខ្លឹមសារ​នៅ​លើ​អនឡាញ និង​ប្រតិបត្តិការ​ចែក​រំលែក​ព័ត៌មាន​ក្លែងក្លាយ​នៅ​លើ​អនឡាញ​ជាដើម។

អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក Freedom House វាយតម្លៃ​ថា ការ​បោះឆ្នោត​ជាតិ​ថ្ងៃទី២៣ ខែ​កក្កដា ខាងមុខ​នេះ ដែល​ត្រូវ​បាន​គេ​គ្រប់គ្រង​យ៉ាង​ប្រុងប្រយ័ត្ន​នោះ ធ្វើឡើង​ដើម្បី​ធានា​នូវ​ផែនការ​ផ្ទេរអំណាច​តពូជ​របស់​លោក ហ៊ុន សែន៕

No comments: