Friday, 11 August 2023

លោក ហ៊ុន សែន មិន​ហ៊ាន​ឱ្យ លោក ស ខេង ធ្វើ​ជា​ប្រធាន​សភា​ថ្មី​ទេ


ដោយ ទីន ហ្សាការីយ៉ា
2023.08.10


លោក ហ៊ុន សែន មិន​ហ៊ាន​ឱ្យ លោក ស ខេង ធ្វើ​ជា​ប្រធាន​សភា​ថ្មី​ទេ 

(ឆ្វេង) លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី
រូប៖ ហ្វេសប៊ុកលោកទាំងពីរ



នៅ​ទី​បំផុត​លោក ហ៊ុន សែន មិន​អាច​លាក់​បាំង​ប្រធាន​សភា​ថ្មី​នីតិ​កាល​ទី៧ នេះ​បាន​ទៀត​ទេ។ កាល​ពី​យប់​មិញ​នេះ លោក ហ៊ុន សែន បាន​បញ្ចេញ​សារ​សំឡេង​​ភ្លាមៗ ថា ប្រធាន​សភា​ថ្មី​ ដែល​នឹង​មក​ជំនួស​លោក ហេង សំរិន នោះ គឺ​មិនមែន​ជា​លោក ស ខេង នោះ​ទេ​ តែ​គឺ​ជា​អ្នកស្រី​ ឃួន សុដារី ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​ទី២ រដ្ឋ​សភា។

អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា​ នៅ​បំផុត លោក ហ៊ុន សែន បាន​សម្រេច​មិន​យក​លោក ស ខេង ជា​ប្រធាន​សភា​ជា​ប្រធាន​សភា​នីតិ​កាល​ទី៧ នេះ​ទេ ដោយ​សារ​តែ​លោក ស ខេង ជា​មនុស្ស​មាន​ឥទ្ធិពល​នៅ​ក្នុង​បក្ស ដែល​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អំណាច​គ្រួសារ​ត្រកូល​ហ៊ុន។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ថ្លែង​ឲ្យ​ដឹង​កាល​ពី​យប់​ថ្ងៃ​ទី៩ សីហា​ថា លោក ហ៊ុន សែន សម្រេច​ជ្រើស​រើស​យក​អ្នកស្រី ឃួន សុដារី នេះ ធ្វើ​ជា​ប្រធាន​រដ្ឋសភា​សម្រាប់​អាណត្តិ​ទី៧ នេះ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ។ លោក​បញ្ជាក់​ថា លោក​ ហ៊ុន សែន​ មើល​ឃើញ​ច្បាស់​ថា​ អ្នកស្រី​ ឃួន សុដារី ជា​មនុស្ស​មិន​សូវ​មាន​ឥទ្ធិពល និង​កម្លាំង​នៅ​ក្នុង​ដៃ ខុស​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ផ្សេង​ទៀត ដូចជា លោក ស ខេង លោក ទៀ បាញ់​ជាដើម។



លោក គឹម សុខ៖ «តំណែង​ប្រធាន​សភា​នេះ​បើ​អាច​ធ្វើ​ខ្លួន​គាត់ (ហ៊ុន សែន) បាន​គឺ​ធ្វើ​ហើយ​តែ​គាត់​ធ្វើ​មិនកើត​ដោយសារ​តែ​គាត់​ធ្វើ​ជា​ប្រធាន​សភា និង​ប្រធាន​ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ។ ហើយ​អ្នកស្រី​ឃួន សុដារី​នេះ​ក៏​លោក​ហ៊ុន សែន​មិន​ចង់​ដាក់​ដែរ តែ​ដោយសារ​តែ​អ្នកស្រី​ ស្និទ្ធ​នឹង​ភរិយា​លោក​ហ៊ុន សែន»។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​នេះ នៅ​ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​លោក ហ៊ុន សែន ដេក​មិន​លក់​អំពី​ការ​រិះគន់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​តែ​បែក​បាក់​ផ្ទៃ​ក្នុង ឬ​មិន​ទាន់​ចរ​ចារ​ត្រូវរ៉ូវ​គ្នា​ អំពី​អ្នក​ដែល​មក​ធ្វើ​ជា​ប្រធាន​សភា​ថ្មី។ ខុស​ពី​ស្ថាប័ន​ជាតិ​ផ្សេងៗ​ទៀត ដែល​លោក ហ៊ុន សែន​ បាន​រៀប​រាប់​ឈ្មោះ​អំពី​ការ​ផ្លាស់​ប្ដូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​នោះ។

លោក​ ហ៊ុន សែន​កាល​ពី​យប់​ថ្ងៃ​ទី៩ សីហា បាន​បញ្ចេញ​សារ​ប្រតិកម្ម​ចំពោះ​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី ជុំវិញ​ការ​ប្រេះ​ឆា​ដណ្ដើម​អំណាច និង​មិន​ទុក​ចិត្ត​គ្នា ក្នុង​ចំណោម​មេៗ​គណបក្ស​ប្រជាជន​កម្ពុជា​ និង ការ​រៀបចំ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋ​សភា​នេះ។ លោក​ អះអាង​ថា ប្រធាន​សភា​ថ្មី គឺ​គេ​បាន​ជ្រើស​រើស​យូរ​ហើយ​ គឺ​អ្នកស្រី ឃួន សុដារី។

    លោក ហ៊ុន សែន៖ «សូម​វិទ្យុ​អាស៊ី​សេរី​កុំ​ភ្លើ​ពេក​​ កុំ​ល្ងង់​ពេក​កុំ​ឆ្កឹះឆ្កៀល​ខ្លាំង​ពេក។ ចំណុច​ទី២ ទាក់ទិន​ប្រធាន​រដ្ឋ​សភា​បេក្ខជន​រដ្ឋ​សភា​ខ្ញុំ​បាន​រៀបចំ​តាំង​ពី​ឆ្នាំ២០២១ មក​ម្ល៉េះ»។

កាល​ពី​ថ្ងៃ​ទី២៦ កក្កដា លោក ហ៊ុន សែន បាន​ប្រកាស​អំពី​សមាស​ភាព​ដឹកនាំ​រដ្ឋាភិបាល​ថ្មី អាណត្តិ​ទី៧ ដែល​កូន​ប្រុស​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋ​មន្រ្តី។ ហើយ​លោក​ ហ៊ុន សែន​ នឹង​ធ្វើ​ជា​ប្រធាន​ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ និង​ប្រធាន​ព្រឹទ្ធសភា ជំនួស​លោក សាយ ឈុំ ដែល​ត្រូវ​ចូល​និវត្តន៍។ រីឯ​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បី​រួប​ទៀត​ គឺ​អ្នកស្រី​ ម៉ែន សំអន លោក ទៀ បាញ់ និង លោក ស ខេង នឹង​ធ្វើ​ជា​សមាជិក​ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះ​មហាក្សត្រ។ ដោយ​ឡែក​សម្រាប់​តួនាទី​ប្រធាន​ សភា​គឺ​នៅ​ទំនេរ​ចោល​នៅឡើយ។

ក្រោយ​ពី​លោក ហ៊ុន សែន ប្រកាស​អំពី​សមាសភាព​ដឹក​នាំ​រដ្ឋាភិបាល​ថ្មី​នេះ សាធារណជន​រួម​ទាំង​អ្នក​វិភាគ​ផង​ថា​ អ្នក​ដែល ​សក្ដិសម ធ្វើ​​ជា​ប្រធាន​សភា​នោះ​ គឺ​លោក ស ខេង។

ទាក់ទង​នឹង​បញ្ហា​នេះ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ អះអាង​ថា លោក ហ៊ុន សែន មិន​ទុក​ចិត្ត​លោក ស ខេង ឡើយ ដោយសារ​តែ​លោក ហ៊ុន សែន មើល​ឃើញ​ថា លោក ស ខេង ជា​មនុស្ស​គ្រោះ​ដល់​ថ្នាក់​ដល់​អំណាច​ត្រកូល ហ៊ុន។

    លោក សម រង្ស៊ី៖ «(ប្រធាន​សភា​ហ្នឹង​រសើប​ណាស់ ទោះ​ជា ហ៊ុន សែន បាន​សន្យា​ថា ឲ្យ​លោក ស ខេង តែ​ឥឡូវ​គាត់​ដូរ​ចិត្ត​ហើយ ព្រោះ​លោក ហ៊ុន សែន ខ្លាច លោក ស ខេង បោះ​ឆ្នោត​ទម្លាក់​លោក ហ៊ុន ម៉ាណែត។ ដូច្នេះ​ហើយ ទើប​លោក ហ៊ុន សែន ប្ដូរ​ចិត្ត»។

អ្នកស្រី ឃួន សុដារី មាន​អាយុ ៧១ឆ្នាំ។ អ្នកស្រី​ ជា​បេក្ខជន​តំណាង​រាស្ត្រ​អាណត្តិ​ទី៧ មណ្ឌល​ខែត្រ​កណ្ដាល។ បច្ចុប្បន្ន​អ្នកស្រី ជា​អនុ​ប្រធាន​ទី២ រដ្ឋ​សភា​តាំង​ពី​អាណត្តិ​ទី៦ មក។ រយៈ​ពេល​ចុង​ក្រោយ​នេះ អ្នកស្រី ឃួន សុដារី តែងតែ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ក្រៅ​ ប្រទេស​ តំណាង​ឲ្យ​សភា​កម្ពុជា​ ទាំង​កិច្ច​ប្រជុំ​ជា​លក្ខណៈ​តំបន់ និង​អន្តរជាតិ មាន​ដូច​ជា​កិច្ច​ប្រជុំ​អន្តរ​សភា​អាស៊ាន (AIPA) និង​កិច្ច​ប្រជុំ​សហភាព​អន្តរសភា (IPU) ជា​ដើម។

លោក គឹម សុខ មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន កំពុង​បន្ថយ​អំណាច លោក ស ខេង អ្នកស្រី ម៉ែន សំអន លោក សាយ ឈុំ និង​លោក ទៀ បាញ់។ លោក​បញ្ជាក់​ថា​ អនុ​ប្រធាន​គណបក្ស​ទាំង​បី​រួប​នេះ​ នឹង​ក្លាយ​ជា​ទីងមោង​ នៅ​ក្រោយ​ពេល​ត្រកូល​ហ៊ុន​ និង​បក្ខពួក​របស់​លោក ហ៊ុន សែន ក្ដោប​ក្ដាប់​អំណាច​បាន​ទាំង​ស្រុង។

    លោក គឹម សុខ៖ «(ខ្សែ​លោក ស ខេង ម៉ែន សំអន ទៀ បាញ់ ប្រៀប​ដូចជា​ភាគី​ផ្សេង​ទៀត​ទៅ​សុំ​លោក ហ៊ុន សែន ចូល​បក្ស​ទៅ​ហើយ ពីព្រោះ​សមាសភាព​ដឹក​នាំ​រដ្ឋាភិបាល​ថ្មី​ជា​សែស្រឡាយ​កូន​ចៅ​របស់​លោក ហ៊ុន សែន»។

លោក ហ៊ុន សែន កំពុង​តែ​រៀបចំ​សេណារីយ៉ូ​ប្រមូល​ផ្ដុំ​អំណាច​ឲ្យ​ត្រកូល ហ៊ុន និង​បក្ខពួក​របស់​លោក​គ្រប់​គ្រង​ផ្ដាច់​មុខ។ ក្រៅពី​កូន​ប្រុស​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ជំនួស​រួប​លោក​នោះ គឺ​កូន​ចៅ សាច់​ញាតិ​របស់​លោក​ គ្រប់​គ្រង​ ស្ថាប័ន​ជាតិ​សំខាន់ៗ ជាច្រើន​ទៀត។ លើស​ពី​នេះ​ទៀត អ្នក​ជំនាញ​ផ្នែក​ច្បាប់​ពន្យល់​ថា លោក ហ៊ុន សែន ប្រកាស​ថា អ្នកស្រី ឃួន សុដារី ជា​ប្រធាន​សភា ហើយ​ព្រះ​មហា ក្សត្រ​ចាត់តាំង​លោក​ ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​នោះ គឺ​ខុស​ពី​រដ្ឋធម្មនុញ្ញ។

រដ្ឋ​ធម្មនុញ្ញ​មាត្រា ១១៩ថ្មី (ពីរ) និង​មាត្រា ៤ថ្មី (មួយ) ដែល​ចែង​ថា ការ​ជ្រើស​តាំង​ បេក្ខជន​នាយក​រដ្ឋ​មន្ត្រី គឺ​ជ្រើស​ចេញ​ពី​តំណាង​រាស្ត្រ​ចេញ​ ពី​គណ​បក្ស​មាន​អាសនៈ ច្រើន​ជាង​គេ​នៅ​ក្នុង​សភា។ ក្រោយ​ពី​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី២៣ កក្កដា​មក​ទល់​ពេល​នេះ សភា​មិន​ទាន់​កោះ​ប្រជុំ​ជា​លើក​ដំបូង និង​ចូល​ស្បថ​នៅ​ព្រះ​បរម​រាជវាំង​នៅ​ឡើយ។

ក្រុម​អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង ព្រមាន​ថា អាច​នឹង​មាន​ជម្លោះ​ផ្ទៃ​ក្នុង​ដណ្ដើម អំណាច​កាន់ តែ​ខ្លាំង​ឡើង​នៅ​ក្នុង​គណបក្ស​កាន់​អំណាច ដោយសារ​តែ​ការ​បែង​ចែក​អំណាច មិន​មាន​តុល្យភាព រវាង​ក្រុម​លោក ហ៊ុន សែន និង​ក្រុម​មេៗ គណបក្ស​ប្រជាជន​កម្ពុជា​ដទៃ​ទៀត ដូចជា លោក ស ខេង លោក ទៀ បាញ់ អ្នកស្រី ម៉ែន សំអន និង​លោក សាយ ឈុំ ជាដើម ខណៈ​ក្រុម​របស់​លោក ហ៊ុន សែន តែង​ចិញ្ចឹម​ចិត្ត​ចង់​គ្រប់​គ្រង​ផ្ដាច់​មុខ​ក្បាល​ម៉ាស៊ីន​ទាំង​ស្ថាប័ន​រដ្ឋាភិបាល រដ្ឋសភា និង​ព្រឹទ្ធ​សភា ព្រម​ទាំង​ស្ថាប័ន​ការពារ​ជាតិ៕

1 comment:

Anonymous said...

Ah Press Puos Hun Sen will smash anybody who stands on his path to keep his power.