2023.08.10

គណៈអចិន្ត្រយ៍របស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជជែកគ្នាជាមួយសមាជិកគណៈរដ្ឋមន្ត្រីចាស់ និងថ្មី នៅវិមាន៧មករា ថ្ងៃទី១០ សីហានេះ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ដឹកនាំរដ្ឋ។ ជំនួបនេះធ្វើឡើងស្របពេលមានការលើកឡើងថា គណបក្សប្រជាជនកម្ពុជាមានបញ្ហាផ្ទៃក្នុងបក្ស នៅពេលលោក ហ៊ុន សែន ផាត់ចោលមន្ត្រីសំខាន់ៗមួយចំនួនរបស់គណបក្សនេះ មិនឱ្យមានតួនាទីសំខាន់ៗក្នុងស្ថាប័នកំពូលរបស់ជាតិ។
ការជួបជជែករវាងគណៈអចិន្ត្រយ៍របស់គណបក្សប្រជាជនកម្ពុជា ជាមួយសមាជិកគណៈរដ្ឋមន្ត្រីថ្មី និងគណៈរដ្ឋមន្ត្រីចាស់ដែលកំពុងចាំផ្ទះ ខណៈដែលនៅសល់ពេលតែជាង ១០ថ្ងៃទៀតទេ កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត នឹងឡើងស្នងតំណែងនាយករដ្ឋមន្ត្រីជំនួសឪពុក។ ជំនួបនេះ ត្រូវបានលោក ហ៊ុន សែន ប្រាប់ឱ្យដឹងទាំងយប់នៅពេលលោក ហ៊ុន សែន បង្ហាញបេក្ខភាពប្រធានរដ្ឋសភាថ្មី ដ៏គួរឱ្យភ្ញាក់ផ្អើលគឺអ្នកស្រី ឃួន សុដារី ដែលនឹងឡើងមកជំនួសតំណែងលោក ហេង សំរិន។
ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន ហ្វ្រេសញូវ (Freshnews) ចុះផ្សាយថា ជំនួបនោះ គឺជាការសំណេះសំណាលរវាងលោក ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយសមាជិកគណៈរដ្ឋមន្ត្រីថ្មី និងគណៈរដ្ឋមន្ត្រីចាស់។ សារព័ត៌មានដែលស្និទ្ធជាមួយលោក ហ៊ុន សែន នេះមិនចុះផ្សាយពីខ្លឹមសារស៊ីជម្រៅនៃជំនួបនោះទេ ប៉ុន្តែ រូបថតនៃជំនួបនោះប៉ុន្មានសន្លឹកដែលត្រូវបានផ្សព្វផ្សាយបង្ហាញថា ក្រុមមេដឹកនាំចាស់វស្សារបស់គណបក្សប្រជាជនកម្ពុជា ដែលរួមមានលោក សាយ ឈុំ លោក ហេង សំរិន លោក ស ខេង លោក ទៀ បាញ់ និងអ្នកស្រី ម៉ែន សំអន មិនបានបង្ហាញទឹកមុខរីករាយនៅក្នុងជំនួបនោះទេ។ ទឹកមុខក្រៀមក្រំរបស់មន្ត្រីចាស់វស្សារបស់គណបក្សប្រជាជនកម្ពុជា ពេលនេះ ក្រោយពេលលោក ហ៊ុន សែន រៀបចំចាត់ចែងឱ្យពួកគេទៅអង្គុយផឹកតែនៅឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ។ ស្រដៀងគ្នានេះដែរ រដ្ឋមន្ត្រីចាស់ៗនៃគណៈរដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន ដែលនឹងត្រូវចាកចេញពីតួនាទីរបស់ខ្លួននាពេលខាងមុខដ៏ខ្លី ក៏មិនបានបង្ហាញទឹកមុខរីករាយដែរ។ ដោយឡែក ក្រុមសមាជិកគណៈរដ្ឋមន្ត្រីថ្មី ដែលដឹកនាំដោយអនាគតនាយករដ្ឋមន្ត្រីថ្មី គឺលោក ហ៊ុន ម៉ាណែត បានបង្ហាញទឹកមុខញញឹមរីករាយក្នុងជំនួបនោះ។
អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា ការបង្ហាញទឹកមុខក្រៀមក្រំរបស់មន្ត្រីកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា មួយចំនួន ព្រោះពួកគេដឹងថា នឹងត្រូវបាត់បង់តំណែងរបស់ខ្លួននាពេលខាងមុខដ៏ខ្លី។ លោកបន្តថា បើទោះជាអ្នកទាំងនោះមិនពេញចិត្តនឹងការរៀបចំចាត់ចែងអំណាចរបស់ពួកគេពីសំណាក់លោក ហ៊ុន សែន ប៉ុន្តែគ្មានអ្នកណាហ៊ានជំទាស់លោក ហ៊ុន សែន ក្នុងពេលនេះទេ។ លោក គឹម សុខ យល់ថា មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែលមកជួបជុំគ្នានៅពេលនេះ គឺមកទាំងបង្ខំចិត្ត និងស្ថិតក្រោមសម្ពាធពីលោក ហ៊ុន សែន។
លោក គឹម សុខ៖ «មួយរំពេចពួកគេអស់តំណែងទាំងអស់ ស ខេង ទៀ បាញ់ ម៉ែន សំអន ហេង សំរិន សាយ ឈុំ អ្នកណាសប្បាយចិត្តទៅរួចនៅពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញប្រកាសតែឯង សម្រេចតែឯងចង់ដាក់អ្នកណា ដកអ្នកណាស្រេចតែចិត្ត ហាក់ដូចជាគណបក្សប្រជាជនកម្ពុជាជាកម្មសិទ្ធិរបស់លោក ហ៊ុន សែន តែម្នាក់ឯងទៅហើយ»។
ទាក់ទងខ្លឹមសារនៃជំនួបនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេ នៅថ្ងៃទី១០ ខែសីហា។ ទោះយ៉ាងណា លោក សុខ ឥសាន ប្រាប់ថា សារព័ត៌មានក្នុងស្រុក(ដើមអម្ពិល)ថា ជំនួបនោះគឺជាការចែករំលែកបទពិសោធន៍ដឹកនាំរដ្ឋាភិបាល លោក ហ៊ុន សែន។
ជំនួបរបស់គណៈអចិន្ត្រយ៍របស់គណបក្សប្រជាជនកម្ពុជា ជាមួយសមាជិកគណៈរដ្ឋមន្ត្រីថ្មី និងគណៈរដ្ឋមន្ត្រីចាស់ដែលកំពុងចាំផ្ទះ នៅពេលនេះ ហាក់ធ្វើឡើងដោយតក់ក្រហល់ពីសំណាក់លោក ហ៊ុន សែន។ មេដឹកនាំគណបក្សកាន់អំណាចរូបនេះបានប្រតិកម្មនឹងការចុះផ្សាយអត្ថបទព័ត៌មានរបស់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៩ សីហា ទាក់ទងនឹងមតិរបស់អ្នកឃ្លាំមើលថា គណបក្សកាន់អំណាចនៅមានបញ្ហាផ្ទៃក្នុងនៅឡើយ ទើបមិនទាន់បង្ហាញបេក្ខភាពប្រធានរដ្ឋសភាថ្មី។ ភ្លាមៗនោះ លោក ហ៊ុន សែន បានបញ្ចេញឈ្មោះប្រធានសភាថ្មី គឺអ្នកស្រី ឃួន សុដារី ដែលនឹងឡើងកាន់តំណែងជាប្រធានរដ្ឋសភានាពេលខាងមុខនេះ។ អ្នកស្រី ឃួន សុដារី គឺជាមនុស្សជំនិតរបស់ភរិយាលោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី ។ អ្នកស្រី ឃួន សុដារី សព្វថ្ងៃគឺជាអនុប្រធានទី២នៃរដ្ឋសភាឯកបក្ស។ ចំណែកអនុប្រធានទី១ រដ្ឋសភា គឺលោក ជាម យៀប នៅតែគ្រប់គ្រងតំណែងនេះដដែល រីឯតំណែងអនុប្រធានទី២ រដ្ឋសភា បានទៅកូនប្រសារបស់លោក ហេង សំរិន គឺលោក វង សូត ដែលល្បីឈ្មោះដោយសារនិយាយយកគល់ឫស្សីវាយសំពងក្បាលពលរដ្ឋ។
ក្នុងសារសំឡេងលោក ហ៊ុន សែន រយៈពេលជាង៨នាទី មេដឹកនាំក្រាញអំណាចរូបនេះ ព្យាយាមអះអាងថា គណបក្សប្រជាជនកម្ពុជា គ្មានទម្លាប់ដណ្ដើមអំណាចគ្នាទេ បើទោះជាលោកកំពុងច្បាមយកតំណែងសំខាន់ៗរបស់ជាតិគ្របគ្រងស្ទើរផ្ដាច់មុខដោយក្រុមគ្រួសាររបស់លោកក្ដី។ លោក ហ៊ុន សែន លើកឡើងទៀតថា ការឯកភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ក៏នឹងបង្ហាញក្នុងជំនួបរវាងគណៈអចិន្ត្រយ៍របស់គណបក្សប្រជាជនកម្ពុជា ជាមួយគណៈរដ្ឋមន្ត្រីចាំផ្ទះរបស់លោក និងសមាសភាពគណៈរដ្ឋមន្ត្រីថ្មី បើទោះជាគណៈរដ្ឋមន្ត្រីថ្មីនេះមិនទាន់បានឆ្លងកាត់ការអនុម័តគាំទ្រពីរដ្ឋសភានៅឡើយក្ដី។
លោក ហ៊ុន សែន៖ «គណបក្សប្រជាជនគ្មានទំលាប់ឈ្លោះគ្នា ដណ្ដើមអំណាចគ្នា ដូចដែលពួកលោកធ្លាប់បាន និងកំពុងបានហើយឈានទៅដួលរលំដោយសារតែជម្លោះផ្ទៃក្នុងរបស់អស់លោកហើយខ្ញុំ ក៏សូមឱកាសនេះដើម្បីបញ្ជាក់ថា អស់លោកបើកភ្នែកឱ្យធំៗដើម្បីសង្កេតមើលគណបក្សប្រជាជន ហើយថ្ងៃស្អែកអស់លោកនឹងបានឃើញចំពោះសមាសភាពនៃគណៈរដ្ឋមន្ត្រីថ្មី»។
ទោះយ៉ាងណាមន្ត្រីបក្សប្រឆាំងយល់ថា ជំនួបរវាងគណៈអចិន្ត្រយ៍របស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន នេះទំនងលោក ហ៊ុន សែន ចាប់បង្ខំឱ្យមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាមួយចំនួនដែលមិនទាន់ចេញសារគាំទ្រលោក ហ៊ុន ម៉ាណែត ត្រៀមចេញសារគាំទ្រលោក ហ៊ុន ម៉ាណែត។ លោកយល់ថា ក្រោយជំនួបនេះ មេដឹកនាំមានឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជា មួយចំនួន រួមមាន លោក ហេង សំរិន លោក សាយ ឈុំ លោក ទៀ បាញ់ និងអ្នកស្រី ម៉ែន សំអន ចេញញត្តិគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងគាំទ្រ បេក្ខភាពប្រធានរដ្ឋសភាថ្មី។ លោកបន្តថា ការរៀបចំចាត់ចែងអំណាចរបស់លោក ហ៊ុន សែន ពេលនេះនឹងធ្វើឱ្យមន្ត្រីចាស់ៗទាំងនោះមិនពេញចិត្ត ហើយប្រសិនបើនៅពេលខាងមុខ មានរឿងអ្វីមួយកើតឡើងដែលនឹកស្មានមិនដល់ ឬលោក ហ៊ុន សែន មានបញ្ហាសុខភាពធ្ងន់ធ្ងរ នឹងធ្វើឱ្យផ្ទៃក្នុងគណបក្សកាន់អំណាចបែកប្រេះស្រាំ ឬបែកបាក់គ្នា។
លោក អ៊ុំ សំអាន៖ «ធម្មតាទេ ផ្ទៃក្នុងចេះតែទ្រាំទៅតែតឹងទ្រូងខ្លាំងអាចផ្ទុះចេញមកហើយ ប៉ុន្តែជួនកាលនេះដោយសារលោក ហ៊ុន សែន នៅមានអំណាចពេញដៃ គេអត់ទាន់ហ៊ានទេ ប៉ុន្តែ បើសិនលោក ហ៊ុន សែន គាត់ធ្លាក់ខ្លួនឈឺភ្លាមដេកនៅកន្ទេលណា ប្រាកដជាអាចផ្ទុះហើយលោក ស ខេង ឬក៏លោក ទៀ បាញ់ ហ្នឹងព្រោះគេអាក់អន់ចិត្តដែលលោក ហ៊ុន សែន ធ្វើស៊ីគេពេលនេះណា»។
អ្នកឃ្លាំមើលលើកឡើងថា ការរក្សាភាពស្ងៀមស្ងាត់របស់មេដឹកនាំគណបក្សប្រជាជនកម្ពុជា មួយចំនួន មិនទាន់បង្ហាញការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត និងការបញ្ឈរជើងជាសមាជិកឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ ជាការមិនពេញចិត្តនឹងការរៀបចំបែបនេះរបស់លោក ហ៊ុន សែន ប៉ុន្តែ ពួកគេមិនហ៊ានជំទាស់ជាសាធារណៈ ខណៈលោក ហ៊ុន សែន កំពុងក្ដោបក្ដាប់ អំណាចយោធា សេដ្ឋកិច្ច និងអំណាចនយោបាយពេញដៃ៕
1 comment:
Just hearing the word Hun's family alone would shorten Khmer people life span.
This is how sick Khmer people have toward Ah Hun Sen's family.
Post a Comment