ដោយ សេក បណ្ឌិត
2023.08.12
(ពីឆ្វេង) ភរិយា លោក ស សុខា អ្នកស្រី កែ សួនសុភី លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងភរិយាលោក ស ខេង ជួបជុំថ្ងៃខួបកំណើត កាលពីថ្ងៃទី១៥ មករា២០២២។
រូប៖ ហ្វេសប៊ុកលោក ស សុខា
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដែលសហគមន៍ជាតិ និងអន្តរជាតិមើលឃើញថា ជាការបោះឆ្នោតក្លែងក្លាយទើបតែកន្លងផុតទៅ ខណៈរដ្ឋាភិបាលអាណត្តិថ្មីនេះនឹងកើតឡើងឆាប់ៗខាងមុខនេះ។ រដ្ឋាភិបាលថ្មីនេះភាគច្រើនជាយុវជនបន្តវេន ដែលជាប់សែស្រឡាយមេដឹកនាំគ្រាក់ៗនៃរដ្ឋាភិបាលលោក ហ៊ុន សែន មានជាអាទិ៍កូនប្រុសច្បងរបស់ លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីថ្មី ហើយកូនលោក ទៀ បាញ់ គឺលោក ទៀ សីហា ធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិ និង កូនប្រុសរបស់លោក ស ខេង គឺលោក ស សុខា ធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាដើម។ តើលោក ស សុខា ជានរណា និងមានប្រវត្តិការងារយ៉ាងណាខ្លះ?
លោក ស សុខា ជាកូនប្រុសច្បងរបស់លោក ស ខេង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោកកើតនៅឆ្នាំ១៩៨១ នៅខេត្តព្រៃវែង ហើយរៀបការជាមួយអ្នកស្រី កែ សួនសុភី មានកូន៤នាក់ក្នុងនោះកូនប្រុស២នាក់ និងស្រី២នាក់។
ប្រពន្ធរបស់លោក ស សុខា ជាកូនស្រីពៅរបស់នាយឧត្ដមសេនីយ៍ កែ គឹម យ៉ាន ដែលជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយអ្នកស្រី ម៉ៅ ម៉ាឡៃ កែ គឹមយ៉ាន ដែលជាបុគ្គលដ៏មានឥទ្ធិពលម្នាក់នៅខេត្តភាគពាយព្យ ដែលជាប់ពាក់ព័ន្ធក្នុងរឿងច្បាមយកដីពលរដ្ឋនៅតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ។
កន្លងមកមានពលរដ្ឋរាប់រយគ្រួសារដែលមានទំនាស់ដីធ្លី ជាមួយអ្នកស្រីពួកគេតែងតែតវ៉ា និងប្ដឹងទៅអាជ្ញាធរតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ ប៉ុន្តែពុំមានអាជ្ញាធរណាហ៊ានដោះស្រាយជូនពួកគេឡើយ ហើយថែមទាំងចាប់ពលរដ្ឋមួយចំនួនដាក់ពន្ធនាគារទៀតផង។
ប្រវត្តិសិក្សារបស់លោក ស សុខា។ ចំពោះប្រវត្តិសិក្សារបស់អនាគតរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោក ស សុខា បានទៅសិក្សានៅប្រទេសសេរីលោកខាងលិច គឺប្រទេសបារាំង (France) តាំងពីលោកវ័យ១៣ឆ្នាំ និងទទួលបានសញ្ញាប័ត្របណ្ឌិត។ ទោះជាយ៉ាងណាពុំមានឯកសារណាបញ្ជាក់ថា លោករៀនចប់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិតជំនាញអ្វីច្បាស់លាស់នោះទេ ដោយគ្រាន់តែបញ្ជាក់ថា លោកបានសិក្សាផ្នែកអភិវឌ្ឍន៍ជនបទ វិទ្យាសាស្ត្រអប់រំ គ្រប់គ្រង ច្បាប់ស៊ីវិល គ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ នគរបាល និងជំនាញយោធា ហើយចេះភាសាបារាំង និងអង់គ្លេស។ ក្រៅពីនេះ លោកក៏បានទៅសិក្សានៅប្រទេសអាល្លឺម៉ង់(Germany) សាធារណរដ្ឋឆេក (Czech) និងប្រទេសសិង្ហបុរី (Singapore) ដែរ ប៉ុន្តែក៏ពុំមានឯកសារបង្ហាញថា លោកសិក្សាជំនាញអ្វីដែរ។
លោក ស សុខា ក្នុងវ័យ៤២ឆ្នាំ ថ្វីត្បិតជាកូនមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលលោក ហ៊ុន សែន ក្ដី ក៏លោកទើបលេចមុខជាសាធារណៈប្រមាណ ១០ឆ្នាំចុងក្រោយមកនេះទេ។ ក្នុងរយៈពេលជាង១០ឆ្នាំ មកនេះ លោកធ្លាប់ធ្វើជានគរបាលក្របខ័ណ្ឌក្រសួងមហាផ្ទៃ ជាជំនួយការឪពុករបស់លោក គឺ លោក ស ខេង ជាស្នងការរងនគរបាលរាជធានីភ្នំពេញទទួលបន្ទុកសណ្ដាប់ធ្នាប់ ជារដ្ឋលេខាធិការក្រសួងអប់រំ។ ក្រៅពីនេះ លោកត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ជាតិមានជ័យ ក្នុងខេត្តបន្ទាយមានជ័យ សាកលវិទ្យាល័យជាតិបាត់ដំបងក្នុងខេត្តបាត់ដំបង និងសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង។ បន្ថែមពីនេះលោក ស សុខា ក៏ត្រូវបាន តែងតាំងធ្វើជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក របស់គណបក្សកាន់អំណាចខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យដែរ។ យុវជនរបស់ស.ស.យ.កនេះ ជាទូទៅធ្វើការងារបម្រើផលប្រយោជន៍ឱ្យគណបក្សកាន់អំណាច មានដូចជាចុះសង្កេតការណ៍បោះឆ្នោតជាដើម។
លោក ស សុខា ថ្វីបើបានទៅរៀននៅប្រទេសសេរីក្ដី តែលោកហាក់ជាមនុស្សមានចិត្តចង្អៀតចង្អល់លើការសម្ដែងមតិរបស់ពលរដ្ឋ។ លោកធ្លាប់អះអាងថា ពលរដ្ឋកម្ពុជាមានសិទ្ធិសេរីភាពច្រើនហួសពេកទៅហើយ ដូច្នេះតើពលរដ្ឋចង់បានប៉ុណ្ណាទៀត។
លោក ស សុខា៖ «មិនដឹងថាសិទ្ធិអីទេ បើតាំងពីសម័យ ប៉ុល ពត មក សិទ្ធិយើងស្នើនឹងសូន្យ បើឥឡូវសិទ្ធិយើងដល់ប៉ុណ្ណឹង មិនដឹងរកសិទ្ធិអីទៀតឥឡូវ។ អង្គការសង្គមស៊ីវិលនិងសារព័ត៌មាននៅកម្ពុជាដែលចុះឈ្មោះនៅក្រសួងមហាផ្ទៃ មានចង់៥០០អង្គការហើយ សួរថា យើងអត់មានសិទ្ធិសេរីភាពមែន? ។ សូមបញ្ជាក់ផងថា នៅប្រទេសឡាវមិនអត់ដល់១០ទេ ប្រជាពលរដ្ឋរបស់គាត់តែ៨លាននាក់ទេ។ ចំណែកយើងមាន ១៦លាននាក់ ហើយមានដល់ទៅ៥០០អង្គការ តើយើងមានសិទ្ធិសេរីភាពប៉ុណ្ណា ក្នុងការបញ្ចេញមតិ។ ធម្មតាបញ្ចេញមតិកុំឱ្យតែប៉ះពាល់គេបានហើយ បើសិទ្ធិរបស់គេមិនអាចប៉ះពាល់បានទេ»។
ងាកមកមកមើលការងារជាតំណាងរាស្ត្រវិញម្ដង លោក ស សុខា ធ្វើជាតំណាងរាស្ត្របក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែងរយៈពេល ២អាណត្តិ ហើយការបោះឆ្នោតជាតិថ្មីៗនេះលោកក៏ជាប់ឆ្នោតជាតំណាងរាស្ត្រខេត្តព្រៃវែងដែរ។
បើទោះបីជាបេក្ខជនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្តវេនដែលស៊ីកេរ្តិ៍ពីឪពុករូបនេះ បានរៀនសូត្រចេះដឹងពីបរទេសក្ដី ក៏ក្នុងអំឡុងពេលធ្វើជាតំណាងរាស្ត្រ២អាណត្តិមកនេះ លោកមិនដែលបានជួយដោះស្រាយក្ដីកង្វល់របស់ពលរដ្ឋ ដែលរងគ្រោះដោយសារបញ្ហាផ្សេងៗ ក្នុងតួនាទីជាតំណាងរាស្ត្រទៅតាមច្បាប់ឡើយ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) ប្រចាំខេត្តព្រៃវែង អ្នកស្រី អៀង គឹមលី មានប្រសាសន៍ថា កន្លងមកប្រជាពលរដ្ឋមួយចំនួនបានតវ៉ានៅមុខសាលាខេត្តផង និងនៅមុខសាលាដំបូងខេត្តព្រៃវែងផង ដើម្បីទាមទារឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហារបស់ពួកគេ ក៏ប៉ុន្តែពុំដែលឃើញលោក ស សុខា ជួយអន្តរាគមន៍ដល់ពួកគាត់ម្ដងណាឡើយ។
អ្នកស្រី អៀង គឹមលី៖ «ដែលខ្ញុំឃើញមានមុខមាត់គាត់រាងធំ នឹងភាគច្រើនដូចជារៀបចំកម្មវិធីទូកវែងអីហ្នឹង អាហ្នឹងថា គាត់រៀបចំឡើងគាត់ធ្វើអីចឹងទៅ ក្រោមការដឹកនាំរបស់គាត់អី ឬក៏កម្មវិធីប្រកួតកីឡា។ ដូចកាលថ្មីៗនេះ មានកីឡាស៊ីហ្គេមអីចឹងទៅគាត់ដាក់បញ្ចាំងស្លាយដើម្បីឱ្យប្រជាពលរដ្ឋបានចូលរួម។ ប៉ុន្តែបើកការងារផ្សេងពីនឹងទៀតខ្ញុំដូចជាមិនបានទទួលព័ត៌មានអីថា គាត់ធ្វើអីបានជាដុំកំភួនទេ»។
ការងារលេចធ្លោមួយរបស់លោក ស សុខា គឺការបំផុសឱ្យអាជ្ញាធររៀបចំសង្ក្រាន្តនៅខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាអ្នកផ្ដួចផ្ដើមឱ្យមានការផលិតទូកងវែងជាងគេ នៅពិភពលោក នៅខេត្តព្រៃវែង ដែលពុំសូវមានប្រយោជន៍ដល់សង្គមជាតិឡើយ។
លោក ស សុខា ជាមនុស្សមិនសូវហ៊ឺហានោះទេ។ រូបថតនៅលើបណ្ដាញសង្គមហ្វេស៊ុករបស់លោក បង្ហាញថា លោកតែងតែនាំប្រពន្ធរបស់លោក គឺ អ្នកស្រី កែ សួនសុភី អមដំណើរលោកស្ទើរតែគ្រប់កម្មវិធីសំខាន់ៗ ដូចជាចុះជួបក្រុមយុវជនស.ស.យ.ក ក្នុងវិធីប្រកួតកីឡា និងចុះតាមមូលដ្ឋានជាដើម។
ក្នុងកម្មវិធីទាំងនោះបេក្ខជនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ តែងតែអប់រំប្រៀនប្រដៅដល់មន្ត្រីរាជការនិងក្រុមយុវជនស.ស.យ.ក ថា មិនត្រូវគេចវេះក្នុងការដោះស្រាយបញ្ហានោះទេ ពោលគឺបើទោះបីជាបញ្ហាស្មុគស្មាញយ៉ាងណាក៏ដោយក៏ត្រូវតែដោះស្រាយឱ្យបានដែរ។
លោក ស សុខា៖ «អ៊ីចឹងហើយអានេះយើងដូចគ្នាដែរ យើងត្រូវតែរឹងប៉ឹងខ្លួនឯង ។ ហើយជាពិសេសប្រជុំមិនមែនប្រជុំពាក់មុខដាក់គ្នានោះទេ ប្រជុំលើកបញ្ហាដែលមាន រកដំណោះស្រាយដែលមាន។ បើយើងដោះស្រាយថ្ងៃហ្នឹងមិនបាន យើងខំប្រឹងប្រែងបន្តដោះស្រាយកុំឱ្យដោះមិនបានទុកយូរៗទៅដូចខ្ញុំត្រឡប់មកវិញមកលងយើងវិញ»
ប្រជាពលរដ្ឋដែលអះអាងថា ជាជនរងគ្រោះចាញ់បោកក្រុមហ៊ុន GFX Investment តវ៉ានៅមុខទីស្នាក់ការក្រុមហ៊ុនដែលស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ រូប៖ ផ្ដល់ឱ្យ
លោក ស សុខា ពូកែខាងអប់រំគេ ប៉ុន្តែលោកប្រហែលជាមិនពូកែខាងអប់រំគ្រួសាររបស់ខ្លួនឯងទេ។ ប្រពន្ធរបស់លោក ស សុខា គឺអ្នកស្រី កែ សួន សុភី មានរឿងអាស្រូវជាប់ពាក់ព័ន្ធការឆបោកប្រាក់ពលរដ្ឋ។ អ្នកស្រី កែ សួនសុភី មានជាប់ពាក់ព័ន្ធនឹងការបង្កើតក្រុមហ៊ុនវិនិយោគហិរញ្ញវត្ថុហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (Gold FX investment co., LTD) ដែលជាប់ចោទឆបោកប្រាក់ពលរដ្ឋជិត៣០លានដុល្លារ កាលពីឆ្នាំ២០២១ ដែលអ្នកស្រី ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនមួយនេះ។ អ្នកវិនិយោគ ដែលរងគ្រោះបាត់លុយជាមួយក្រុមហ៊ុននេះប្រមាណ ៦ពាន់នាក់ (៦.០០០) ហើយទំហំទឹកប្រាក់ដែលបាត់បង់មានប្រមាណ ២៧លានដុល្លារអាមេរិក។ ជនរងគ្រោះមួយចំនួនធំ គឺជាអ្នកជំនួញ ជាមន្ត្រីរាជការ និងជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា។ វិធីបោកប្រាស់របស់ក្រុមហ៊ុននេះ គឺលួងលោមឲ្យដាក់វិនិយោគជាមួយក្រុមហ៊ុននេះជាថ្នូរនឹងការទទួលបានអត្រាការប្រាក់ខ្ពស់ ជាងដាក់ប្រាក់នៅតាមធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ នៅដើមខែដំបូង ពួកគាត់ អាចទទួលបានការប្រាក់ចំណេញប្រមាណ ១០ភាគរយ ប៉ុន្តែនៅខែបន្តបន្ទាប់មកទៀតចំនួនទឹកប្រាក់បានធ្លាក់ចុះ និងបាត់លុយចេញពីគណនីតែម្តង។
ទោះជាយ៉ាងណា ដោយសារករណីនេះ ពាក់ព័ន្ធនឹងក្រុមហ៊ុនដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ត្រីកំពូលៗនៃបក្សកាន់អំណាចបែបនេះ ការដោះស្រាយ ទំនងជាធ្វើឡើងដោយស្ងាត់ៗ និងមិនចង់ឆ្លងកាត់តុលាការនោះទេ ព្រោះនេះជាករណីដ៏គួរឲ្យអាម៉ាស់សម្រាប់ក្រុមឥស្សរជននយោបាយនៃបក្សកាន់អំណាច និងអ្នកជំនួញ។ កាលពីដើមខែមេសាឆ្នាំ២០២១ ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីលោក ដួង តារា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា លោកបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋជាច្រើននាក់ដែលជាអ្នកដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុនមួយនេះ ដើម្បីស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយដោះស្រាយ។ លោកស្នើសុំឲ្យជនរងគ្រោះរក្សាភាពស្ងៀមស្ងាត់ និងចូលរួមរកដំណោះស្រាយដោយសន្តិវិធី។ លោកសង្ឃឹម ថា ករណីនេះ នឹងមានដំណោះស្រាយក្រៅប្រព័ន្ធតុលាការ។
កូនប្រុសលោក ស ខេង គឺលោក ស សុខា (ស្ដំាជួរមុខ) និងកូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត (ឆ្វេង)។ រូបថត កាលពីថ្ងៃទី១០ សីហា ២០២៣។ រូប៖ ហ្វេសប៊ុកលោក ស សុខា
តែយ៉ាងណាលោក ស សុខា នឹងក្លាយជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃរដ្ឋាភិបាលអាណត្តិថ្មីរបស់លោក ហ៊ុន ម៉ាណែត ក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ថ្មីៗនេះលោកបានចេញលិខិតអបអរសាទរលោក ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រចាត់តែងធ្វើនាយករដ្ឋមន្ត្រីថ្មី។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក ស សុខា ដើម្បីសាកសួរអំពីការឡើងកាន់តំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះបានទេ នៅថ្ងៃទី១០ សីហា។
ទោះជាយ៉ាងណាអ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា លោក ស សុខា អាចនឹងដើរតាមគន្លងឪពុករបស់លោក ដែលបណ្ដោយឱ្យអាជ្ញាធរថ្នាក់ក្រោម ធ្វើទុក្ខបុកម្នេញ ដល់ក្រុមអ្នកតវ៉ាស្វែងរកយុត្តិធម៌សង្គម និងរកដំណោះស្រាយបញ្ហាផ្សេងៗតាមអំពើចិត្តនោះ ប្រសិនបើលោកមិនយកចំណេះដឹង ដែលបានរៀនសូត្រពីប្រទេសសេរី មកប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមការសិក្សានោះ៕
1 comment:
There is friction among the CPP's members.
It is apparent that this story is written by Hun Manet's supporters. It is hard to believe what they describe here about Sar Sokha.
Post a Comment