2023.08.07
មន្ត្រីបក្សប្រឆាំងថា កម្ពុជាកំពុងក្លាយជាប្រទេសចាស់ទុំខាងផ្ដាច់ការ ហើយប្រទេសផ្ដាច់ការ តែងរត់រកការជួយពឹងពាក់ពីក្រុមប្រទេសកុម្មុយនិស្ត។ ការលើកឡើងនេះ បន្ទាប់ពីលោក ហ៊ុន សែន និយាយទូរស័ព្ទប្រាប់ទៅប្រធានបក្សកុម្មុយនិស្តវៀតណាមថា ទោះបីជាកូនប្រុសរបស់លោកឡើងធ្វើជានាយករដ្ឋមន្ត្រីជំនួសពីលោក ក៏កម្ពុជានៅតែបន្តធ្វើទំនាក់ទំនងល្អជាមួយវៀតណាម។
ការណ៍ដែលលោក ហ៊ុន សែន បន្តខិតខំស្វែងរកការគាំទ្រពីក្រុមប្រទេសកុម្មុយនិស្តឱ្យជួយទទួលស្គាល់លទ្ធផលបោះឆ្នោត ដែលសហគមន៍ជាតិ និងអន្តរជាតិមើលឃើញថា ជាការបោះឆ្នោតបង្គ្រប់កិច្ច ដើម្បីផ្ទេរអំណាចតពូជទៅកូនប្រុសនោះ ត្រូវបានគេមើលឃើញថា មិនអាចធ្វើឱ្យកម្ពុជាមានកិត្តិយសលើឆាកអន្តរជាតិឡើយ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ែន សុថាវរិន្ទ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៦សីហាថា ជាធម្មតា ប្រទេសផ្ដាច់ការ និងប្រទេសកុម្មុយនិស្ត តែងរក្សាទំនាក់ទំនងល្អនឹងគ្នា ដើម្បីជួយពឹងពាក់គ្នាទៅវិញទៅមក ស្របពេលប្រជាជនកាន់តែច្រើនឡើងនៅក្នុងពិភពលោក ស្អប់ការដឹកនាំបែបផ្ដាច់ការ និងចង់បានលទ្ធិប្រជាធិបតេយ្យ ដែលមានសិទ្ធិសេរីភាពពេញលេញ មានការគោរពសិទ្ធិមនុស្ស និងរស់នៅដោយស្មើភាពគ្នា គ្មានការជិះជាន់ពីអ្នកមានអំណាច និងគ្មានអំពើពុករលួយជាដើម។
លោក ម៉ែន សុថាវរិន្ទ៖ «ជាធម្មតាទេ ពីព្រោះប្រទេសកុម្មុយនិស្ត និងប្រទេសផ្ដាច់ការ មានទំនាក់ទំនងគ្នាល្អ ដើម្បីជួយការពារគ្នា ប៉ុន្តែ ពិភពលោកយើងនេះ ប្រទេសដែលកុម្មុយនិស្ត និងផ្ដាច់ការអត់សូវច្រើនទេ ពីព្រោះ ប្រជាពលរដ្ឋនៅទូទាំងពិភពលោកចង់បានរបបប្រជាធិបតេយ្យ»។
ការលើកឡើងពីមន្ត្រីបក្សប្រឆាំងនេះ បានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាតាមទូរស័ព្ទជាមួយអគ្គលេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាមលោក ង្វៀន ហ្វ៊ូចុង (Nguyen Phu Trong) កាលពីថ្ងៃទី៥ សីហា ដើម្បីអរគុណប្រទេសវៀតណាម ដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក។ លោក ហ៊ុន សែន ក៏ប្រាប់ទៅប្រធានបក្សកុម្មុយនិស្តវៀតណាមថា នៅពេលកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ឡើងធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ចាប់ពីថ្ងៃទី២២ សីហា ខាងមុខនេះ ទំនាក់ទំនងល្អជាប្រពៃណីរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ នឹងនៅតែបន្តថែរក្សាឱ្យឈានដល់កម្រិតខ្ពស់បន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម វី.អ៊ិន.អេ (VNA) និងសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា។
ប្រភពដដែលបន្តថា នៅក្នុងជំនួបតាមទូរស័ព្ទនោះ មេដឹកនាំកំពូលនៃគណបក្សកុម្មុយនិស្តវៀតណាម ក៏បានអបអរលោក ហ៊ុន សែន ក្នុងអ្វីមួយដែលលោកថា បន្ត «ឈ្នះ» ការបោះឆ្នោតជាតិនីតិកាលទី៧។ ដូចគ្នាទៅនឹងមេដឹកនាំចិនកុម្មុយនិស្តដែរ គឺប្រធានគណបក្សកុម្មុយនិស្តវៀតណាមលោក ង្វៀន ហ៊្វុចុង (Nguyen Phu Trong) ក៏បានចាត់ទុកការបោះឆ្នោតជាតិកាលពីថ្ងៃទី២៣ កក្កដា ធ្វើឡើងដោយស្របតាមរបបលទ្ធិប្រជាធិបតេយ្យ សេរី និងយុត្តិធម៌។
ការលើកឡើងពីក្រុមមេដឹកនាំប្រទេសកុម្មុយនិស្តទាំងនេះ ស្របគ្នានឹងក្រុមមន្ត្រីលោក ហ៊ុន សែន ដែលខំបកស្រាយនៅក្រោយការបោះឆ្នោតថា កម្ពុជាកំពុងក្លាយជាប្រទេសចាស់ទុំខាងលទ្ធិប្រជាធិបតេយ្យ។ ទោះជាយ៉ាងណាក៏ដោយ ការលើកឡើងទាំងនោះ គឺខុសទាំងស្រុងពីការមើលឃើញរបស់ក្រុមប្រទេសកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដូចជាសហរដ្ឋអាមេរិក(U.S.A)សហភាពអឺរ៉ុប(EU) និងអូស្ត្រាលី(Australia) រួមទាំងអង្គការសហប្រជាជាតិ ដែលចាត់ទុកការបោះឆ្នោតនៅកម្ពុជា ថាធ្វើឡើងខុសពីស្តង់ដារលទ្ធិប្រជាធិបតេយ្យ និងច្បាប់អន្តរជាតិ និងថា ជាការបោះឆ្នោតមិនសេរី និងមិនយុត្តិធម៌។
ជុំវិញរឿងនេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ែន សុថាវរិន្ទ យល់ឃើញថា កម្ពុជាមិនមែនជាប្រទេសចាស់ទុំខាងគោរពតាមលទ្ធិប្រជាធិបតេយ្យឡើយ ប៉ុន្តែគ្រាន់តែជាប្រទេសចាស់ទុំខាងដឹកនាំតាមបែបផ្ដាច់ការ និងគ្រួសារនិយមសម្រាប់លោក ហ៊ុន សែន ប៉ុណ្ណោះ។ លោកបន្តថា អ្វីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិ ដែលតម្រូវឱ្យកម្ពុជា ត្រូវដើរតាមលំនាំលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គោរពសិទ្ធិមនុស្ស និងត្រូវធ្វើទំនាក់ទំនងការទូតល្អជាមួយប្រទេសទាំងអស់នៅក្នុងពិភពលោកនោះ គ្រាន់តែជាពាក្យសម្ដីរបស់ក្រុមលោក ហ៊ុន សែន យកសូត្រឱ្យបរទេសស្ដាប់ប៉ុណ្ណោះ ហើយគ្មានការអនុវត្តជាក់ស្ដែងឡើយ។
ចំណែកប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ លើកឡើងថា វាមិនមែនជាកិត្តិយសសម្រាប់កម្ពុជានៅលើឆាកអន្តរជាតិនោះទេ នៅពេលដែលក្រុមប្រទេសដែលចាត់ទុកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៣ កក្កដា ថា ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របពេលប្រទេសទាំងនោះ មិនមែនជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ និងជាមិនគោរពសិទ្ធិមនុស្សផងនោះ។
លោក កើត សារ៉ាយ៖ «យើងចង់ទទួលបានកិត្តិនាមពិតប្រាកដ ការអបអរសាទរពិតប្រាកដ អាហ្នឹង ត្រូវតែទទួលបានពីមនុស្សដែលល្អៗ ពីប្រទេសដែលត្រឹមត្រូវ អានោះ ទើបទទួលបានការសាទរ ដែលល្អពិតប្រាកដមែន។ ប្រសិនបើយើងទទួលបានពីប្រទេសមួយចំនួន មិនសូវគោរពសិទ្ធិមនុស្ស ហើយមកនិយាយពីសិទ្ធិមនុស្ស មិនដែលបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌ ហើយបែរជាមកនិយាយពីភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ អាហ្នឹង សាធារណជនអាចពិចារណាដោយខ្លួនឯងហើយថា តើវាជារឿងត្រឹមត្រូវអត់?»។
លោក កើត សារ៉ាយ បន្តថា កម្ពុជាគួរតែស្វែងរកភាពស្និទ្ធស្នាលជាមួយក្រុមប្រទេសដែលឈានមុខខាងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ឱ្យដូចគ្នាទៅនឹងការស្វែងរកភាពស្និទ្ធស្នាលជាមួយប្រទេសចិន និងវៀតណាម។ លោកបន្ថែមថា ម្យ៉ាងទៀត ប្រទេសដែលផ្ដល់ប្រយោជន៍ច្រើនបំផុតសម្រាប់សេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជា គឺសហរដ្ឋអាមេរិក និងក្រុមប្រទេសលោកសេរី។
ការលើកឡើងនេះ ស្របពេល សហរដ្ឋអាមេរិកកំពុងឈានមុនគេ ក្នុងចំណោមប្រទេសប្រជាធិបតេយ្យ ដើម្បីដាក់ទណ្ឌកម្មជាជំហានលើកម្ពុជាបន្ថែមទៀត បន្ទាប់ពីការបោះឆ្នោតនៅថ្ងៃទី២៣ កក្កដា គ្មានគណបក្សប្រឆាំងដ៏មានឥទ្ធិពលចូលរួមការបោះឆ្នោត។ ទណ្ឌកម្មទាំងនោះ រួមមានការកាត់ផ្ដាច់ជំនួយក្នុងកម្មវិធីអភិវឌ្ឍចំនួន ១៨លានដុល្លារ ក្នុងឆ្នាំ២០២៣ និងអាចបន្តទៅឆ្នាំក្រោយទៀត រួមទាំងការរឹតត្បិតទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលលោក ហ៊ុន សែន មួយចំនួន។
នៅក្រោយការដាក់ទណ្ឌកម្មជាជំហាននេះ ក្រុមតំណាងរាស្ត្រសហរដ្ឋអាមេរិកមួយក្រុមមានគ្នា៨នាក់ បានធ្វើដំណើរទស្សនកិច្ចមកកម្ពុជានៅដើមខែសីហានេះ ដោយមិនបានប្រកាសឱ្យដឹងជាមុន ខណៈអ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងចាត់ទុកថា ជាដំណើរទស្សនកិច្ចមកប្រាប់រដ្ឋាភិបាលលោក ហ៊ុន សែន ជាចុងក្រោយ ឱ្យស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ មុនពេលសហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មធ្ងន់ធ្ងរបន្ថែមទៀត៕
No comments:
Post a Comment