Tuesday, 8 August 2023

ពលករ​ខ្មែរ​មួយ​ចំនួន​នៅ​ថៃ​សម្ដែង​មតិ​ប្រឆាំង​នឹង​ការ​ផ្ទេរ​តំណែង​ត​ពូជ​ឱ្យ​ទៅ​លោក ហ៊ុន ម៉ាណែត


ដោយ មាន ឫទ្ធិ
2023.08.07


ពលករ​ខ្មែរ​មួយ​ចំនួន​នៅ​ថៃ​សម្ដែង​មតិ​ប្រឆាំង​នឹង​ការ​ផ្ទេរ​តំណែង​ត​ពូជ​ឱ្យ​ទៅ​លោក ហ៊ុន ម៉ាណែត  
ទិដ្ឋភាពពលករខ្មែរធ្វើការនៅប្រទេសថៃ ​ជួបជុំគ្នា​ធ្វើរូបលោក ហ៊ុន សែន ដោយ​យក​ស្បែកជើង​វាយ និងដុត​ចោល​ ដើម្បី​បង្ហាញការមិនពេញចិត្ត កាលពីថ្ងៃទី៦ សីហា ២០២៣។
Photo Provided

ពលករ​ខ្មែរ​មួយចំនួន​ធ្វើការ​នៅ​ប្រទេស​ថៃ​(Thailand) នាំគ្នា​ដុត​ទីងមោង​រូបលោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ា​ណែ​ត បង្ហាញ​ពី​ការឈឺចាប់ និង​ប្រឆាំង​ការដឹកនាំ​ត​ពូជ​នៅ​កម្ពុជា​។ ពួកគេ​យល់ថា​បើសិន​លោក ហ៊ុន ម៉ា​ណែ​ត បាន​ដឹកនាំ​ប្រទេស​នឹង​ដើរ​តាម​គន្លង​ឪពុក​ដែល​ពលរដ្ឋ​រងទុក្ខ​វេទនា​បន្ត​ទៀត។

ក្រុម​ពលករ​ខ្មែរ​ប្រមាណ​២០​នាក់​បាន​ជួបជុំគ្នា​លើក​បដា​សម្តែង​មតិ​នៅ​ខេត្ត​សមុទ្រប្រាកាន (Samut Pakan) ប្រទេស​ថៃ នៅ​ថ្ងៃទី​០៦ ខែសីហា ដើម្បី​ប្រឆាំង​នឹង​ការផ្ទេរ​តំណែង​ត​វង្ស​ត្រកូល​ឱ្យ​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ថ្មី ក្រោយ​ពី​ការ​បោះឆ្នោត​ក្លែងក្លាយ​ដែល​រៀបចំ​ដោយ​ឪពុក​គឺ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា​។ កម្មវិធី​នោះ​ក្រុម​កម្មករ​ក៏បាន​យក​រូបថត​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត វាយ​នឹង​ស្បែកជើង​រួចហើយ​យក​ទៅ​ដុត​ចោល​បង្ហាញ​ពី​កំហឹង​របស់​ពួកគាត់​ដែល​មិន​ពេញចិត្ត​នឹង​របប​ដឹកនាំ​លោក ហ៊ុន សែន សម្លាប់​លទ្ធិប្រជាធិបតេយ្យ ជិះជាន់​និង​ធ្វើបាប​ពលរដ្ឋ​ខ្មែរ។

តំណាង​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ លោក ឆន សុខឿន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រុមការងារ​របស់​លោក​រៀបចំ​កម្មវិធី​ជួបជុំ​ជាមួយ​កម្មករ​នេះ​ឡើង​ចង់​ផ្ញើ​សារ​ទៅ​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​មិន​គាំទ្រ​ទង្វើ​របស់​លោក ហ៊ុន សែន ផ្ទេរ​តំណែង​នាយករដ្ឋមន្ត្រី​ឱ្យ​លោក ហ៊ុន ម៉ាណែត ដែល​គ្មាន​សមត្ថភាព​ការពារ​កម្មករ ឬ​ស្នាដៃ​ដឹកនាំ​ប្រទេស​នោះ​ទេ។ លោក​បញ្ជាក់​ថា ទឹកចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​ត្រូវការ​កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ពិតប្រាកដ​ស្របតាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដូច្នេះ​ការផ្ទេរ​តំណែង​ពី​ឪពុក​ដល់​កូន​បែបនេះ​ផ្ទុយ​ពី​ឆន្ទៈ​ពលរដ្ឋ​ដែល​ចង់​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ។ លោក ឆន សុខឿន ឱ្យ​ដឹង​ថា ពលករ​យល់​ឃើញ​ដូចៗ​គ្នា​ថា បើ​សិន​លោក ហ៊ុន ម៉ាណែត បាន​ដឹកនាំ​ប្រទេស​នឹង​ជៀស​មិន​ផុស​ពី​គន្លង​ផ្ដាច់ការ​ជាង​ឪពុក​នោះ​ទេ។

លោក ឆន សុខឿន៖ «ពលករ ក៏ដូចជា​បងប្អូន​ធ្វើការ និង​ស្នាក់នៅ​ប្រទេស​ថៃ​មើលឃើញ​ពី​ចំណុច​អវិជ្ជមាន​មិន​ខុសគ្នា​ទេ​ការ​ផ្ទេរ​អំណាច​ហ្នឹង​មិន​តាម​បែប​ប្រជាធិបតេយ្យ​ទេ​ចំពោះ​ការ​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន​នោះ កាលណា​ធ្វើ​អ៊ីចឹង​ហាក់ដូចជា​ប្រទេស​ហ្នឹង​ជា​ប្រទេស​របស់​ត្រកូល ហ៊ុន ទៅ​ហើយ អ៊ីចឹង​បានជា​យើង​គិតថា​វា​ជា​ការ​ផ្ទេរអំណាច​បន្ត​ពូជ​ដូច​នឹង​ប្រទេស​កូរ៉េខាងជើង​ដែរ»

 

ស្រដៀង​គ្នា​នេះ​ដែរ ពលករ​ម្នាក់​ទៀត​ដែល​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ចាម​លោក ឯម ពិសិដ្ឋ ថ្លែង​ថា លោក​បាន​សុំច្បាប់​ថៅកែ​ឈប់​សម្រាប់​មួយថ្ងៃ​ដើម្បី​ចូលរួម​យុទ្ធនាការ​នេះ ដោយសារតែ​លោក​ឈឺចាប់​នឹង​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ញាំញី​ដោយ​អំពើ​អយុត្តិធម៌ រឹតត្បិត​សិទ្ធិ​សេរីភាព ធ្វើបាប​ខ្មែរ​ស្លូតត្រង់ និង​អសមត្ថភាព​ដោះស្រាយ​បញ្ហា​ជីវភាព​ដែល​នាំ​ឱ្យ​ពលរដ្ឋ​រាប់​លាន​បង្ខំចិត្ត​ចំណាកស្រុក​ធ្វើការ​នៅ​ប្រទេស​ថៃ​។ ពលករ​រូប​នេះ​បញ្ជាក់​ថា លោក​មិន​គាំទ្រ​ការ​ផ្ទេរ​អំណាច​តាមរយៈ​គ្រួសារ និង​បក្ខពួក​និយម​ឡើយ។

លោក ឯម ពិសិដ្ឋ៖ «បើសិន​យើងខ្ញុំ​មិន​ធ្វើ​យុទ្ធនាការ​បែប​នេះ​ទេ គឺ​មិន​សមស្រប​នឹង​យើង​ជា​កូន​ខ្មែរ​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ យើង​ឃើញស្រាប់​ហើយ​ថា ប្រទេស​កម្ពុជា​ប្រើ​អំណាច​គាបសង្កត់​ប្រជារាស្ត្រ និង​គណបក្ស​ដទៃទៀត​ដែល​មិន​ឱ្យ​ចូលរួម​បោះឆ្នោត​ជាមួយ​ពួកគាត់​(​បក្ស​ប្រជាជន​កម្ពុជា​) អ៊ីចឹង​ខ្ញុំ​មាន​សិទ្ធិ​បញ្ចេញមតិ​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​ធ្វើ​ទង្វើ​មិន​គប្បី​ទៅលើ​ប្រជាពលរដ្ឋ​ខ្មែរ»

ការ​តវ៉ា​របស់​ពលករ​នេះ​ធ្វើឡើង​បន្ទាប់​លោក ហ៊ុន ម៉ាណែត ជា​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន និង​ជា​មេទ័ព​ពាក់​ផ្កាយ​៤ នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី នៅ​ថ្ងៃទី​២២ ខែ​សីហា ខាងមុខ​។ ចំណែក លោក ហ៊ុន សែន ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ជា មេដឹកនាំ​ផ្ដាច់ការ​គ្រួសារ​និយម និង​ពុករលួយ​នោះ​វិញ លោក​នឹង​ទៅ​ក្ដោប​យក​តួនាទី​សំខាន់ៗ​របស់​ជាតិ​ដូចជា​ប្រធាន​ឧត្ដមក្រុមប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ចាប់​ពី​ដើម​ឆ្នាំ​២០២៤ លោក​នឹង​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធសភា​ដែល​ជា​ប្រមុខ​រដ្ឋ​ស្តីទី​នៅ​ពេល​អវត្តមាន​នៃ​អង្គ​ព្រះ​មហាក្សត្រ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សាកសួរ​ជុំវិញ​រឿងនេះ​បន្ថែម​បាន​ទេ នៅ​ថ្ងៃទី៦ ខែ​សីហា។

ប៉ុន្តែ​លោក សុខ ឥសាន ធ្លាប់​អះអាង​ថា សកម្មភាព​របស់​ក្រុម​ពលករ​ទាំងនោះ​មិនអាច​រារាំង​ដល់​ដំណើរ​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត នៅពេល​ខាងមុខ​បានទេ​។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត នឹង​នៅតែ​បន្ត​អនុវត្ត​កម្មវិធី​នយោបាយ​គណបក្ស​ដោយ​គ្មាន​កែប្រែ​ខុស​នឹង​ឪពុក​របស់​លោក​នោះ​ទេ។

ជុំវិញ​រឿង​នេះ​អ្នកវិភាគ​នយោបាយ លោក គឹម សុខ មានប្រសាសន៍​ថា យុទ្ធនាការ​របស់​ក្រុម​ពលករ​បដិសេធ​មិន​ទទួលស្គាល់​ការផ្ទេរ​តំណែង​ត​ពូជ​ជា​សកម្មភាព​ត្រឹមត្រូវ ពីព្រោះ​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​រង​ទុក្ខ​លំបាក ការ​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​កាន់តែ​ធ្ងន់ធ្ងរ​។ លោក​បន្ត​ថា សកម្មភាព​សម្ដែង​មតិ​របស់​ពលករ​រស់​នៅ​កន្លែង​ណា​ដែល​មាន​សិទ្ធិ​សេរីភាព​នេះ​គឺជា​សារ​ប្រាប់​ពិភពលោក​ថា ពលរដ្ឋ​ខ្មែរ​ទូទៅ​មិន​ទទួលយក​ការ​ផ្ទេរអំណាច​ត​ពូជ​នោះ​ទេ ហើយ​ប្រទេស​ប្រជាធិបតេយ្យ​ត្រូវតែ​ជួយ​អន្តរ​គម​ន៍​ជួយ​ដល់​ពួកគេ។

លោក គឹម សុខ៖ «វា​មាន​ឥទ្ធិពល ហើយ​មាន​ឥទ្ធិពល​ធំ​ទីមួយ​បញ្ជាក់​ទៅកាន់​ពិភពលោក​ថា ពលរដ្ឋ​ខ្មែរ​នៅ​កន្លែង​ណា តំបន់​ណា​មាន​សិទ្ធិ​សេរីភាព​គឺ​នៅ​មិន​ស្ងៀម​ក្នុងនាម​ជា​ម្ចាស់​ប្រទេស​ប្រឆាំង​នឹង​អំណាច​ផ្ដាច់ការ​របស់​គ្រួសារ​ហ៊ុន ប្រឆាំង​នឹង​ការផ្ទេរ​តំណែង​នាយករដ្ឋមន្ត្រី​ខុសច្បាប់​ពី ហ៊ុន សែន ទៅ ហ៊ុន ម៉ាណែត ហើយ​បញ្ជាក់​ពី​ជំហរ​ទឹកចិត្ត​បេះដូង​របស់​ប្រជាពលរដ្ឋ​ទូទៅ​ថា មិន​ទទួលយក​អំណាច​ផ្ដាច់ការ​ពី ហ៊ុន សែន ទៅ ហ៊ុន ម៉ាណែត ទេ»

លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថ្មី នៅ​ពេល​ខាងមុខ ក្រោយ​ការ​បោះឆ្នោត​ដែល​គ្មាន​គណបក្ស​ភ្លើងទៀន​ចូលរួម​ប្រកួតប្រជែង​ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់ទុកថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។

ក្រុម​ពលករ​ខ្មែរ អះអាង​ថា ពួកគេ​នឹង​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន​នេះ​ជា​បន្តបន្ទាប់​ទៀត។ ក្រៅពី​ពលករ​នៅ​ប្រទេស​ថៃ​ក៏​មាន​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​( South Korea) ប្រទេស​ម៉ាឡេស៊ី (Malaysia)​ក៏​គ្រោង​ធ្វើបាតុកម្ម​ប្រឆាំង​នឹង លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​អនាគត​នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ខាងមុខ​នេះ​ដែរ៕

No comments: