ដោយ សេក បណ្ឌិត
2023.08.17
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន។
រូប៖ គេហទំព័រ cpp
លោក អូន ព័ន្ធមុនីរ័ត្ន បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាប់តាំងពីរដ្ឋាភិបាលអាណត្តិទី៥ ឆ្នាំ២០១៣ ហើយនឹងកាន់តំណែងនេះបន្តទៀត នៅក្នុងរដ្ឋាភិបាលអាណត្តិទី៧។ រដ្ឋមន្ត្រីរូបនេះតែងតែទទួលបានការសរសើរ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតាមវេទិកាសាធារណៈ បើទោះជាមន្ត្រីរូបនេះ បានលបទៅទិញសញ្ជាតិបរទេសនៅប្រទេសស៊ីប (Cyprius) នៅឆ្នាំ២០១៣ ទំនងជាត្រៀមរត់ចោលលោក ហ៊ុន សែន ក៏ដោយចុះ។
លោក អូន ព័ន្ធមុនីរ័ត្ន កើតនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៦៥ នៅក្នុងរាជធានីភ្នំពេញ។ លោកបានរៀបការជាមួយអ្នកស្រី អ៊ឹម ប៉ូលីកា ជាកូនស្រីអតីតរដ្ឋមន្ត្រីក្រសួងអប់រំ លោក អ៊ឹម សុធី ហើយមានកូន៤នាក់ (ស្រី២នាក់)។
ប្រវត្តិការសិក្សាជាច្រើនផ្នែករបស់លោករួមមានទាំង ផ្នែកសង្គម វិទ្យាសាស្ត្រ នយោបាយ និងធុរកិច្ច ជាដើម ចាប់ពីឆ្នាំ១៩៨៤ ដល់១៩៩៣ គឺរៀននៅ ក្នុងទីក្រុង មូស្គូ(Moscow) ប្រទេសរុស្ស៊ីទាំងអស់ ដែលនៅឆ្នាំ១៩៩៣ លោក ទទួលសញ្ញាបត្របណ្ឌិត ផ្នែកធុរកិច្ចអន្តរជាតិនៅទីនោះ។
ជីវិតការងារ លោក អូន ព័ន្ធមុនីរ័ត្ន ធ្វើជាលេខារបស់លោក ហ៊ុន សែន នៅឆ្នាំ១៩៩២ ហើយក៏ឡើងតំណែងបន្តបន្ទាប់ រហូតក្លាយជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ នៅឆ្នាំ២០១៣ ហើយក៏ទទួលតំណែងជាឧបនាយករដ្ឋមន្ត្រី ទទួលទទួលបន្ទុកក្រសួង ដដែលនេះនៅឆ្នាំ២០១៨។
នៅក្នុងអាណត្តិទី៦ ក្រៅពីតួនាទីជា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានកាន់តួនាទីសំខាន់ៗផ្សេងទៀត មានដូចជា ប្រធានឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ប្រធានបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានគណៈកម្មាធិការមូលបត្រកម្ពុជា ជាដើម។
នៅក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលអាណត្តិទី៧ រដ្ឋមន្ត្រីវ័យ៥៦ឆ្នាំរូបនេះ ស្ថិតនៅក្នុងចំណោមថ្នាក់ដឹកនាំកំពូលបីរូប ក្នុងនោះមាន លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្ទាប់មកមានលោក នេត សាវឿន និងលោក អូន ព័ន្ធមុនីរ័ត្ន ជាឧបនាយករដ្ឋមន្ត្រីលំដាប់ខ្ពស់។ ចំណែកតួនាទីនៅក្នុងគណបក្សប្រជាជនកម្ពុជាវិញ លោក អូន ព័ន្ធមុនីរ័ត្ន ជាសមាជិកម្នាក់ក្នុងចំណោម ៣៥នាក់នៃគណៈ អចិន្ត្រៃយ៍ជាស្ថាប័នកំពូលរបស់បក្ស។
នៅក្នុងពិធីមួយនៅថ្ងៃទី៣ ខែសីហា លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកសរសើរពីសមត្ថភាព និងស្នាដៃរបស់លោក អូន ព័ន្ធមុនីរ័ត្ន ថា ចេះចាត់ចែងថវិកាជាតិបានល្អ។ កន្លងមកក៏លោក ហ៊ុន សែន តែងលើកសរសើរលោក អូន ព័ន្ធមុនីរ័ត្ន បែបនេះដែរ ប៉ុន្តែអ្វីដែលគេមិនដែលឮពីមុននោះ គឺលោក ហ៊ុន សែន បានអរគុណ លោក អូន ព័ន្ធមុនីរ័ត្ន ដែលលោកថា បានបានជួយបណ្ដុះបណ្ដាលកូនប្រុសរបស់លោក ទាំង ៣នាក់។
លោក ហ៊ុន សែន៖ «អរគុណណាស់ចំពោះឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដែលបានជួយបណ្តុះបណ្តាលកូនប្រុសខ្ញុំទាំង៣នាក់ ព្រោះខ្ញុំបានផ្ញើឱ្យជួយបណ្ដុះបណ្ដាល»។
បើតាមសៀវភៅស្ដីពីប្រវត្តិរបស់លោក ហ៊ុន ម៉ាណែត ដែលមានចំណងជើងថា៖ “កូនប្រុសច្បងដ៏មានឥទ្ធិពល” លោក អូន ព័ន្ធមុនីរ័ត្ន ធ្លាប់ត្រូវបានគណបក្សប្រជាជនកម្ពុជា គិតគូរលើកដំកើងលោកជាបេក្ខជននាយករដ្ឋមន្ត្រី។ ក្រៅពីលោក អូន ព័ន្ធមុនីរ័ត្ន នៅមានបុគ្គល ៣រូបទៀតដែលបក្សអាចគាំទ្រឱ្យឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី អ្នកទាំងនោះ គឺលោក ស សុខា កូនរបស់លោក ស ខេង លោក ទៀ សីហា កូនរបស់លោក ទៀ បាញ់ និងលោក ជាម ច័ន្ទសោភ័ណ្ឌ កូនប្រុសរបស់លោក ជាម យៀប។ សៀវភៅដដែលសរសេរបន្តថា ប៉ុន្តែក្រោយការប្រកាសរបស់សម្ដេច ហ៊ុន សែន គាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ទើបទាំងលោក ទៀ សីហា និងលោក ស សុខា សុទ្ធតែប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត យ៉ាងពេញទំហឹងជាបេក្ខភាពនាយករដ្ឋមន្ត្រីវិញ។
លោក អូន ព័ន្ធមុនីរ័ត្ន ជាមនុស្សឆ្អិនឆ្អៅលើគោលនយោបាយបក្ស និងបង្ហាញភាពស្មោះស្ម័គ្រនឹងលោក ហ៊ុន សែន។ ក្នុងពេលថ្លែងទៅកាន់សាធារណៈម្ដងៗ លោកតែងថ្លែងសារកោតសរសើរលោក ហ៊ុន សែន។
ក្នុងពិធីប្រកាសគោរមងារជាបណ្ឌិតសភាចារ្យនៅឆ្នាំ២០១៧ លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងសារជាង១០នាទី លើកឡើងពីគុណសម្បត្តិរបស់លោក ហ៊ុន សែន ដែលលោកថា ល្អដាច់គេក្នុងការដឹកនាំកម្ពុជា។
លោក អូន ព័ន្ធមុនីរ័ត្ន៖ «កម្ពុជាជាប្រទេសមួយនៅក្នុងផែនទីសកលលោកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានស្រោចស្រង់ឱ្យរស់ឡើងវិញ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សគណបក្សប្រជាជនកម្ពុជា ពិសេសក្រោមការដឹកនាំ និងពលីកម្មដ៏អង់អាចក្លាហានរបស់សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន អគ្គមហារដ្ឋបុរសនៃយើង។ នេះជាឧបការគុណដែលមិនអាចកាត់ថ្លៃបានសម្រាប់ជាតិកម្ពុជាទាំងមូល»។
បើទោះជាមន្ត្រីជាន់ខ្ពស់រូបនេះតែងតែថ្លែងសារបង្ហាញពីភាពស្មោះស្ម័គ្រនឹងលោក ហ៊ុន សែន និងប្រទេសជាតិក៏ដោយ ក៏លោកនិងគ្រួសារ បានលួចលាក់ទៅទិញសញ្ជាតិ និងប្រមូលទ្រព្យសម្បត្តិទៅលាក់ទុកនៅក្រៅប្រទេស។ អត្ថបទស៊ើបអង្កេត មួយរបស់សារព័ត៌មានរ៉យទ័រ (Reuter) ចេញផ្សាយនៅឆ្នាំ២០១៩ បានរកឃើញក្នុងឆ្នាំ២០១៧ មានមនុស្ស៨នាក់ ជាសាច់ញាតិ និងជាមនុស្សស្និទ្ធ និងលោក ហ៊ុន សែន បានចំណាយលុយច្រើនលានដុល្លារទិញផ្ទះ និងទិញសញ្ជាតិ នៅប្រទេសស៊ីប (Cyprius)។ ក្នុងចំណោមនោះ ក៏មានលោក អូន ព័ន្ធមុនីរ័ត្ន ប្រពន្ធរបស់លោកគឺអ្នកស្រី អ៊ឹម ប៉ូលីកា និងកូនប្រុសរបស់លោកឈ្មោះ អូន ព័ន្ធមុនីរាជ។
នៅក្នុងខែកក្កដា ឆ្នាំ២០១៤ អ្នកស្រី អ៊ឹម ប៉ូលីកា បានចំណាយលុយ ២.១លានដុល្លារ អូស្ត្រាលី ស្មើនឹង ១.៥លានដុល្លារអាមេរិក ទិញអាផាតមិន (Apartment) មួយក្នុងតំបន់ វ័ន សេនត្រល ផាក (One Central Park) នៅក្នុងទីក្រុងស៊ីដនី (Sydney)។ នេះបើយោងតាមប្លង់កម្មសិទ្ធិកាន់កាប់ អចលនទ្រព្យរបស់អាជ្ញាធរអូស្ត្រាលី។ ក្រៅពីទិញ អាផាតមិននេះ ប្រពន្ធលោក អូន ព័ន្ធមុនីរ័ត្ន បានចំណាយលុយជាច្រើនទៀត ដើម្បីបើកអាជីវកម្មនៅលើទឹកដីនៃប្រទេសអូស្ត្រាលី(Australia)នោះ។
ទន្ទឹមនឹងការបិទបាំងការទិញសញ្ជាតិ និងការបញ្ជូនទ្រព្យសម្បត្តិទៅលាក់ក្រៅប្រទេសនេះ លោក អូន ព័ន្ធមុនីរ័ត្ន តែងតែថ្លែងសារលើកសរសើរថា កម្ពុជាមានការរីកចម្រើនគ្រប់វិស័យ មានការគោរពច្បាប់ត្រឹមត្រូវ និងការបោះឆ្នោតត្រឹមត្រូវយុត្តិធម៌ជាដើម។
លោក អូន ព័ន្ធមុនីរ័ត្ន៖ «កម្ពុជាដែលពីមុនល្បីខាងការប្រើប្រាស់អាវុធក្នុងការដណ្ដើមអំណាចគ្នាក្នុងការផ្លាស់ប្ដូររដ្ឋាភិបាល។ ឥឡូវនេះបានក្លាយទៅជាប្រទេសមួយដែលគោរពយ៉ាងខ្ជាប់ខ្ជួននៃគោលការណ៍សេរីពហុបក្សតាមរយៈការរៀបចំយ៉ាងទៀងទាត់នូវការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ ដើម្បីឱ្យប្រជាពលរដ្ឋជ្រើសតាំងតំណាងដឹកនាំប្រទេស។ ជានីតិរដ្ឋដែលគោរពគោលការណ៍ច្បាប់ដោយឥតងាករេ និងជារដ្ឋដែលមានអធិបតេយ្យមានបូរណភាពទឹកដីពេញលេញ»។
ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងជាមន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលរាប់សិបឆ្នាំមកនេះ គេមិនដែលឮលោក អូន ព័ន្ធមុនីរ័ត្ន ប្រកាសពីគោលនយោបាយ ដោះស្រាយ ប្រកបដោយសមធម៌ពីបញ្ហាប្រជាពលរដ្ឋរាប់លាននាក់ជាប់បំណុលវ័ណ្ឌកនោះទេ។
សម្រាប់អ្នកសិក្សាផ្នែកកិច្ចការសង្គម និងនយោបាយ លោក ប៉ោ មករា យល់ឃើញថា លោក អូន ព័ន្ធមុនីរ័ត្ន ជាមន្ត្រីមានចំណេះដឹងមួយរូប ហើយថែមទាំងបាន និពន្ធសៀវភៅបានច្រើនក្បាលផងដែរ ប៉ុន្តែលោកថា តាមប្រវត្តិសិក្សា នៅប្រទេសកុម្មុយនីស្ត និងឥរិយាបថកន្លងមក លោក អូន ព័ន្ធមុនីរ័ត្ន មិនអាចជួយធ្វើឱ្យប្រជាធិបតេយ្យប្រសើរឡើងទេ។ ផ្ទុយទៅវិញលោកគឺជាអ្នកជួយ ជ្រោមជ្រែង ការផ្ទេរអំណាច តពូជ ដូចនៅប្រទេសផ្ដាច់ការទៅវិញ។
លោក ប៉ោ មករា បន្តថា ការក្ដោបអំណាចលើតួនាទីប្រមាណ១០កន្លែង តែម្នាក់ឯង របស់លោក អូន ព័ន្ធមុនីរ័ត្ន ជាសញ្ញាមួយបង្ហាញថា លោកមិនមែន ជាមនុស្សប្រជាធិបតេយ្យទេ ហើយក៏មិនអាចធ្វើការឱ្យមានប្រសិទ្ធភាពដែរ។
លោក ប៉ោ មករា៖ «ទាំងអស់ហ្នឹងយើងមិនបាច់វិភាគអី វែងឆ្ងាយទេ យើងអាចដឹងបានថា ធ្វើបែបហ្នឹងនឹងទទួលបានលទ្ធផលដដែល។ អាចមិនទៅមុខជាងបច្ចុប្បន្នហ្នឹងផងក៏ថាបាន ទាក់ទងសេដ្ឋកិច្ចមិនរីកចម្រើនជាងហ្នឹងទៀតទេ។ ទាក់ទងការពង្រឹងលទ្ធិប្រជាធិបតេយ្យក្នុងស្រុកក៏អាចថាមិនរីកច្រើនទេ អាចនៅប៉ុណ្ណឹងឬធ្លាក់ក្រោមហ្នឹងក៏ថាបាន»។
រដ្ឋាភិបាលអាណត្តិទី៧ដឹកនាំដោយលោក ហ៊ុន ម៉ាណែត ដែលមាន មន្ត្រីជាន់ខ្ពស់ដូចជា លោក អូន ព័ន្ធមុនីរ័ត្ន ជួយជ្រោមជ្រែងនេះ នឹងត្រូវដោះស្រាយវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរជាច្រើនដែលកម្ពុជាកំពុងប្រឈម ស្របពេលប្រទេសលោកសេរីធំៗបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយសារតែការបោះឆ្នោតមិនគោរពតាមគោលការណ៍ប្រជាធិបតេយ្យ សេរី និងយុត្តិធម៌៕
No comments:
Post a Comment