Monday, 9 October 2023

ជនជាតិ​ដើម​ចារ៉ាយ​ខេត្ត​រតនគិរី​បារម្ភ​ពី​ការ​កើនឡើង​នៃ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​នៅ​មូលដ្ឋាន


ដោយ នៅ វណ្ណារិន
2023.10.09
sharethis sharing button
ជនជាតិ​ដើម​ចារ៉ាយ​ខេត្ត​រតនគិរី​បារម្ភ​ពី​ការ​កើនឡើង​នៃ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​នៅ​មូលដ្ឋាន  
គ្រឿង​ញៀន​ដែល​អាជ្ញាធរ​រឹប​អូស​បាន និង​ដុត​បំផ្លាញ​ចោល​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៦។
RFA/Leng Maly
 

ជនជាតិភាគតិច​ចារ៉ាយ​នៅ​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​អះអាង​ថា ក្រោយ​ពី​បោះឆ្នោត​រួច​មក​បញ្ហា​គ្រឿងញៀន​នៅក្នុង​ឃុំ​មួយ​នេះ​កំពុង​កើនឡើង​ខ្លាំង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យុវជន​និង​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើន​ការទប់ស្កាត់​ក្រុម​ជួញដូរ​គ្រឿងញៀន​នៅ​តាម​ជនបទ។

ជនជាតិ​ដើម​ចារ៉ាយ​រស់នៅ​ឃុំ​ប៉ក់​ញ៉ៃ​អះអាង​ថា យុវជន​ស្ទើរ​គ្រប់គ្នា​នៅក្នុង​មូលដ្ឋាន កំពុង​ប្រើប្រាស់​គ្រឿងញៀន​បណ្ដា​ឲ្យ​យុវជន​មួយ​ចំនួន​បោះបង់​ការសិក្សា​ហើយ​បាត់បង់​ស្មារតី​ក្លាយ​ជា​មនុស្ស​ឆ្កួត លើស​ពី​នោះ​ក៏​មាន​ករណី​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ថែម​ទៀត។

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​រស់នៅ​ឃុំ​ប៉ក់ញ៉ៃ លោក រមាស់ ស្វាង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៨ ខែ​តុលា ថា ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ យុវជន​មាន​វ័យ​ចាប់ពី​២០​ឆ្នាំ​ឡើង​ទៅ ប្រើប្រាស់​គ្រឿងញៀន​បណ្ដា​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​នៅក្នុង​ឃុំ​មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព។ ក្រៅ​ពី​នោះ​លោក​ក៏​បារម្ភ​ពី​ការប្រើប្រាស់​អំពើ​ហិង្សា និង​មានការ​បៀតបៀន​ទៅលើ​ក្មេង​ស្ត្រី​ថែម​ទៀត​ផង។

លោក រមាស់ ស្វាង៖ «ដូចជា​កូនប្រសា​ខ្ញុំ​គឺ​តាមដាន​ឃើញ​ខ្ញុំ​ឃើញ​ផ្ទាល់ៗ​ឃើញ​វា​ផ្ទាល់​ពេក​អ៊ីចឹង​អត់​យក​ទេ​សុខចិត្ត លែង​វា​ចោល​ទៅ យើង​អត់​តាមដាន​គេ​ទេ​ តាមដាន​តែ​ផ្ទះ​ខ្លួន​ឯង​បាន​ហើយ»

ពលរដ្ឋ​វ័យ​ជាង​៦០​ឆ្នាំ​ម្នាក់ទៀត គឺ​លោក សេវ ប្លើក ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ទប់ស្កាត់​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ឃុំ​មួយ​នេះ​ឲ្យ​បាន​ឆាប់ ពីព្រោះ​នៅក្នុង​ឃុំ​របស់​លោក​មិនមែន​តែ​យុវជន​នៅ​លីវ​ប្រើប្រាស់​នោះ​ទេ ពលរដ្ឋ​ដែល​មាន​គ្រួសារ​និង​កូន​ហើយ​ក្ដី ក៏​ប្រើប្រាស់​គ្រឿងញៀន​ដែរ។ លោក​បន្ថែម​ថា ពេលខ្លះ​មានការ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​រីឯ​យុវជន​ដែល​កំពុង​សិក្សា​ក៏​បាន​បោះបង់​ការសិក្សា​ជា​បន្តបន្ទាប់។

លោក សេវ ប្លើក៖ «បារម្ភ​គឺ​បារម្ភ​សំខាន់​គឺ​ក្មេង​កំពុង​រៀន​ហ្នឹង​បារម្ភ​ជាងគេ​ពេល​រៀន​ទៅ​វា​អត់​ចប់​ទៅតាម​គ្នាឯង​ជក់​ហ្នឹង​វា​ខាត​ការ​រៀន​ហើយ នឹង​ម្យ៉ាងទៀត​អ្នកខ្លះ​មាន​ប្រពន្ធ​កូន​ហើយ នៅ​ជក់​ទៀត​ខាតបង់​ថវិកា​ក្នុង​គ្រួសារ»

 

ពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា នៅក្នុង​ឆ្នាំ​២០២២​មាន​យុវជន​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៣​នាក់​បាន​ចងក​សម្លាប់​ខ្លួន​ក្រោយ​ពេល​ប្រើប្រាស់​គ្រឿងញៀន​យូរ​ឆ្នាំ​ធ្វើ​ឲ្យ​បាត់បង់​ស្មារតី​រីឯ​បច្ចុប្បន្ន​យុវជន​ចំនួន ៧​នាក់​បាត់បង់​សតិ​នឹង​កំពុង​ក្លាយជា​មនុស្ស​ឆ្កួត​ដើរ​រវើរវាយ​ពេញ​ផ្លូវ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​រតនគីរី​លោក ញ៉ែម សំអឿន និង​ស្នងការ​នគរបាល​ខេត្ត​រតនគីរី​លោក អ៊ុង សុភាព ដើម្បី​សុំ​ការ​បកស្រាយ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​៨ ខែ​តុលា​ដោយ​ទូរស័ព្ទ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល។ ចំណែក​អភិបាលស្រុក​អូរយ៉ាដាវ លោក សូយ សំណាង និង​អគ្គស្នងការ​រង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ទទួលបន្ទុក​ផែន​ប្រឆាំង​គ្រឿងញៀន​លោក ម៉ក់ ជីតូ ក៏​មិនអាច​ទាក់ទង​បាន​ដែរ។

ជុំវិញ​រឿង​នេះ​មន្ត្រី​ស្របស្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​រតនគីរី​លោក ឌិន ខន្នី យល់​ឃើញ​ថា បញ្ហា​គ្រឿងញៀន​ជា​ទុក​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​ពលរដ្ឋ​នៅក្នុង​ខេត្ត​ដោយ​ពី​មួយ​ឆ្នាំ ទៅ​មួយឆ្នាំ​មាន​ការ​កើនឡើង​ហូរហែ ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​តាម​ជនបទ​ងាយ​រងគ្រោះ។ លោក​ជំរុញ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​មួយ​នេះ​ត្រូវ​មាន​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ទៅ​លើ​អ្នក​ជួញដូរ​ទាំងអស់​នោះ ដើម្បី​ធានា​ពី​សុវត្ថិភាព​របស់​ពលរដ្ឋ និង​អនាគត​យុវជន​នៅ​តំបន់​នោះ។

លោក ឌិន ខន្នី៖ «ទាក់ទិន​នឹង​បញ្ហា​គ្រឿងញៀន​វា​មាន​ប្រភព បើ​យើង​និយាយ​ទៅ​វា​មាន​អ្នក​ប្រើប្រាស់ ហើយនឹង​វា​មាន​អ្នក​ជួញដូរ អ៊ីចឹង​ទិសដៅ​ខ្ញុំ​ថា សំខាន់​ជាងគេ​បើសិនជា​គ្មាន​អ្នកលក់ គ្មាន​អ្នកទិញ​ហើយ​គ្មាន​អ្នកប្រើប្រាស់​ទេ អ៊ីចឹង​វា​ទាល់តែ​យើង​មាន​ចំណាត់ការ​ផ្លូវច្បាប់​តឹងរ៉ឹង​ចំពោះ​អ្នកលក់​គ្រឿងញៀន»

កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា បាន​ដាក់ចេញ​វិធានការ​បង្ក្រាប​ការចែក​ចាយ​និង​ការប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ពន្ធនាគារ​ទូទាំង​ប្រទេស ហើយ​លោក​ក៏​ព្រមាន​ចាត់វិធានការ​ច្បាប់​ទៅលើ​មន្ត្រី​រូប​ណា​ដែល​ជាប់​ពាក់ព័ន្ធ។

កាលពី​ខែ​កញ្ញា​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​បង្ហាញ​របាយការណ៍​ថា ក្នុង​រយៈពេល​៨​ខែ​ឆ្នាំ​២០២៣​កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស​បាន​ជាង ៥​ពាន់​ករណី (.០៦០) និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាង ១​ម៉ឺន ២​ពាន់​នាក់​(១២.៣៥៦) ក្នុង​នោះ​សមត្ថកិច្ច​បាន​ដកហូត​សារធាតុ​ញៀន​ជាង ២.៦០០​គីឡូក្រាម និង​កញ្ឆា​ស្ងួត​ជិត ៥០​គីឡូក្រាម ហើយ​សារធាតុ​គីមី​ជាង ៨០០​គីឡូក្រាម៕

No comments: