Wednesday, 8 November 2023

ជនភៀសខ្លួន និង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​​ នាំគ្នា​ទាមទារ​​រដ្ឋាភិបាល​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​​​ទៅ​ធនាគារ​ពន្យារ​​ពេល​ដល់​ពលរដ្ឋ​សង​បំណុល


ដោយ យ៉ង ចាន់តារា
2023.11.07

ជនភៀសខ្លួន និង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​​ នាំគ្នា​ទាមទារ​​រដ្ឋាភិបាល​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​​​ទៅ​ធនាគារ​ពន្យារ​​ពេល​ដល់​ពលរដ្ឋ​សង​បំណុល 

សកម្មភាព​ជន​ភៀស​ខ្លួន ​និង​ពលករ​ខ្មែរ​ សួន​សាធារណៈ​មួយ​កន្លែង​​ក្នុង​ទីក្រុង​បាងកក ​ប្រទេស​ថៃ ជួបជុំ​គ្នា​សម្ដែង​មតិ​នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទាមទារ​​រដ្ឋាភិបាល​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ធនាគារ ​និង​​ស្ថាប័ន​​ហិរញ្ញវត្ថុ​ ពន្យារ​ពេល​ដល់​ពលរដ្ឋ​សង​ប្រាក់​ត្រឡប់​រយៈ​ពេល​មួយ​ឆ្នាំ។
រូបពីពលករ



ជន​ភៀស​ខ្លួន និង​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ប្រមាណ ៩០នាក់ នៅ​ព្រឹក​ថ្ងៃ​ទី៧ វិច្ឆិកា ជួបជុំ​គ្នា​សម្ដែង​មតិ​នៅ​សួន​សាធារណៈ​មួយ​ក្នុង​ទីក្រុង​បាងកក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អន្តរាគមន៍​ទៅ​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ឱ្យ​ពន្យារ​ពេល​ពលរដ្ឋ​សង​បំណុល​រយៈ​ពេល ១ឆ្នាំ។ ​មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា រដ្ឋាភិបាល​គួរតែ​ដោះស្រាយ​តាម​ការ​ស្នើ​សុំ​របស់​ពលរដ្ឋ ព្រោះ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​សព្វថ្ងៃ​ប៉ះពាល់​ជីវភាព​ធ្ងន់ធ្ងរ ហើយ​ពុំ​មាន​លទ្ធភាព​រក​ប្រាក់​សង​ធនាគារ​ឡើយ។

ជន​ភៀស​ខ្លួន​ខ្មែរ និង​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ប្រមូល​ផ្ដុំ​គ្នា​សម្ដែង​មតិ ដោយ​អ្នក​ខ្លះ​កាន់​ទង់ជាតិ​កម្ពុជា និង​ខ្លះ​ទៀត​កាន់​បដា ដែល​សរសេរ​ថា ​​រក​លុយ​សង​បំណុល​ធនាគារ​ហើយ។



មន្ត្រី​គណបក្ស​ភ្លើង​ទៀន ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ លោក លី ម៉េង ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៧ វិច្ឆិកា​ថា ការ​ជួប​ជុំ​គ្នា​របស់​ពួក​លោក​នៅ​ពេល​នេះ​ដើម្បី​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​ខ្មែរ​ឱ្យ​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ក្នុង​គ្រា​មាន​វិបត្តិសេដ្ឋកិច្ច​នេះ។ លោក​បន្ត​ថា អ្នក​ចូល​រួម​សម្ដែង​មតិ​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ​ឱ្យ​ពន្យារ​ពេល​ពលរដ្ឋ​សង​ប្រាក់​ត្រឡប់​រយៈ​ពេល ១ឆ្នាំ។ លោក​បញ្ជាក់​ថា ស្ថានភាព​សេដ្ឋកិច្ច​សព្វ​ថ្ងៃ​នេះ​ពលរដ្ឋ​អស់​លទ្ធភាព​រក​ប្រាក់​សង​ធនាគារ​ហើយ។

    លោក លី ម៉េង៖ «អ៊ីចឹង​ហើយ បាន​ជា​ពួក​យើង​នៅ​ទី​នេះ​ស្នើសុំ​យ៉ាង​ទទូច ដល់​លោក ហ៊ុន ម៉ាណែត ឱ្យ​ជួយ​ពន្យារ​ពេល​យ៉ាង​តិច​ណាស់​ឱ្យ​បាន ១ឆ្នាំ​ទៅ ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ដង្ហើម​អាច​រស់​បាន អាច​ដក​ដង្ហើម​បាន​អាច​កិច្ច​ការងារ​បាន។ យើង​មើល​ឃើញ​រដ្ឋាភិបាល​ថៃ​គេ​កើត​នៅ​ថ្ងៃ​ជា​មួយ​គ្នា​ឆ្នាំ​ជា​មួយ​គ្នា គេ​មិន​ត្រឹម​តែ​ឱ្យ​ពលរដ្ឋ​គេ​ផ្អាក​បង់​ធនាគារ​រយៈ​ពេល ៣ឆ្នាំ​ទេ គឺ​គេ​ថែម​ទាំង​ចែក​លុយ​ដល់​ពេល​រដ្ឋ​គេ​ចាប់​តាំង​ពី ១៨ឆ្នាំ​ឡើង​ទៅ​ហ្នឹង​ម្នាក់​យ៉ាង​តិច​បាន ៣០០ដុល្លារ​ដែរ»។

ពលករ​ខ្មែរ​ធ្វើ​ការ​សំណង់​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក (Bangkok) លោក អែម ពិសិដ្ឋ ថ្លែង​ថា គ្រួសារ​របស់​លោក​ខ្ចី​ប្រាក់​ពី​ធនាគារ​ប្រមាណ ៨ពាន់​ដុល្លារ (៨.០០០) យក​មក​ដាំដុះ ប៉ុន្តែ​ខាត​អស់​ដើមទុន ដោយសារ​គ្មាន​ទីផ្សារ​លក់​កសិផល​ក្នុង​តម្លៃ​សមរម្យ។ លោក​បញ្ជាក់​ថា ការ​ចូល​រួម​ធ្វើ​យុទ្ធនាការ​ឱ្យ​ធនាគារ​ពន្យារ​ពេល​ពលរដ្ឋ​សង​ប្រាក់​ត្រឡប់​នេះ ដោយសារ​សព្វ​ថ្ងៃ​គ្រួសារ​របស់​លោក​គ្មាន​លទ្ធផល​រក​ប្រាក់​សង​ធនាគារ​នោះ​ទេ។

    លោក អែម ពិសិដ្ឋ៖ «ព្រោះ​ដោយសារ​តែ​ទី១ យើង​ដឹង​ស្រាប់​ហើយ​តាំង​តែ​រដ្ឋាភិបាល​ថ្មី​គាត់​ឡើង​មក​អត់​មាន​វិធានការ​ណា​មួយ​ជួយ​សម្រាល​ដល់​ពលករ​ខ្មែរ ក៏​ដូច​ជា​ពលរដ្ឋ ដើម្បី​ឱ្យ​គាត់​ផ្អាក​វិធានការ​ណា​មួយ ដើម្បី​ដោះស្រាយ​ឱ្យ​ពលរដ្ឋ​ពន្យារ​ពេល​បង់​ធនាគារ​បាន យើង​ចាប់​ផ្ដើម​ជូន​ជុំ​គ្នា​ថ្ងៃ​នេះ ដើម្បី​ខ្ញុំ​សុំ​ទៅ​ខាង​ក្រុម​ការងារ​ឱ្យ​នាំ​ដំណឹង​នេះ​ទៅ​រដ្ឋាភិបាល​ឱ្យ​គាត់​ដឹង​ឮ ដើម្បី​ជួយ​ដល់​ពលរដ្ឋ ដែល​កំពុង​តែ​មាន​ជីវភាព​ខ្វះ​ខាត»។

ទាក់​ទង​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន មិន​ឆ្លើយ​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​នោះ​ទេ ដោយ​លោក​រុញ​ឱ្យ​សួរ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​វិញ។

ពាក់ព័ន្ធ​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ការ​ប្រមូលផ្ដុំ​គ្នា សម្ដែង​មតិ​របស់​ពលរដ្ឋ​នេះ​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ដើម្បី​ផ្ញើ​សារ​ពី​ក្ដី​កង្វល់​របស់​ពួក​គាត់​ឱ្យ​រដ្ឋាភិបាល​បាន​ដឹង និង​ជួយ​ដោះ​ស្រាយ។ លោក​បញ្ជាក់​ថា ស្ថានភាព​សេដ្ឋកិច្ច​សព្វ​ថ្ងៃ​នេះ​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ធ្ងន់ធ្ងរ ដែល​រដ្ឋាភិបាល​គួរតែ​ដោះ​ស្រាយ​តាម​សំណើ​របស់​ពួក​គាត់។

    លោក យិន ម៉េងលី៖ «អ៊ីចឹង យើង​ត្រូវ​តែ​ទទួល​ស្គាល់​ការងារ​ពិត​ថា តើ​បញ្ហា ដែល​ជំពាក់​ធនាគារ​បញ្ហា ដែល​ពួកគាត់​ចំណាក​ស្រុក​នេះ គឺ​វា​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច ហើយ​ដល់​ពេល​គាត់​ទៅ​ដល់​ប្រទេស​គេ​គាត់​មើល​ឃើញ​រដ្ឋាភិបាល គេ​ដឹកនាំ​អ៊ីចឹង​បាន​ពួក​គាត់​នឹក​ឃើញ​សំណូមពរ​មក​រដ្ឋាភិបាល​ខ្មែរ​ដែរ ឱ្យ​ជួយ​ពិចារណា​ពី​បញ្ហា​រឿង​ជំពាក់​ធនាគារ​នឹង»។

ក្រុម​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​លើក​ឡើង​ថា នឹង​ធ្វើ​យុទ្ធនាការ​បែប​នេះ​ជា​បន្ត​បន្ទាប់ ដើម្បី​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​ដោះ​ស្រាយ​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ។

យុទ្ធនាការ​របស់​ក្រុម​ពលករ និង​ជន​ភៀស​ខ្លួន​ខ្មែរ​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ មាន​កម្មករ ប្រជាពលរដ្ឋ អាជីវករ និង​អតិថិជន​ទិញ​ផ្ទះ​បុរី កាន់​តែ​ច្រើន​ឡើងៗ បាន​ជួប​បញ្ហា​សេដ្ឋកិច្ច​គ្មាន​ប្រាក់​សង​ធនាគារ ហើយ​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​អត្រា​ការ​ប្រាក់​កើន​ឡើង​ខ្ពស់​ជា​ប្រចាំ។ លើស​ពី​នេះ មាន​ពលរដ្ឋ​ខ្លះ​ត្រូវ​បាន​បុគ្គលិក​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​បង្ខំ​ឱ្យ​លក់​ផ្ទះ និង​ដី​យក​ប្រាក់​សង​បំណុល​ក៏​មាន​ដែរ។

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា បញ្ហា​នេះ​ប្រសិន​បើ​រដ្ឋាភិបាល​មិន​ជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ​តាម​ការ​ស្នើសុំ​ទេ នោះ​អាច​នឹង​កើត​មាន​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ នៅ​ថ្ងៃ​ខាង​មុខ​ដោយសារ​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ទៅក្រៅ​ប្រទេស​កាន់​តែ​ច្រើន ដើម្បី​រក​ប្រាក់​សង​ធនាគារ៕

No comments: