Wednesday, 8 November 2023

ស្ត្រី​ខ្មែរ​រង​ការ​បោក​ប្រាស់​កេង​ប្រវ័ញ្ច​ពលកម្ម និង​​ផ្លូវភេទ​នៅ​ចិន «កំពុង​កើន​ឡើង»


ដោយ ថា ថៃ
2023.11.06

ស្ត្រី​ខ្មែរ​រង​ការ​បោក​ប្រាស់​កេង​ប្រវ័ញ្ច​ពលកម្ម និង​​ផ្លូវភេទ​នៅ​ចិន «កំពុង​កើន​ឡើង» 

ស្ត្រី​ខ្មែរ​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA File



អង្គការ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល​កត់សំគាល់​ឃើញ​ថា រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​អំពើ​បោក​បញ្ឆោត​មនុស្ស និង​ស្ត្រី​ពី​កម្ពុជា​យក​ទៅ​ជួញដូរ​ផ្លូវភេទ និង​កេងប្រវ័ញ្ច​កម្លាំង​នៅ​ប្រទេស​ចិន​កំពុង​កើនឡើង ដោយ​មិន​មាន​ការ​ថយ​ចុះ​ទេ។ ពួកគាត់​មើល​ឃើញ​ថា ការ​កើនឡើង​នេះ​ដោយ​សារ​តែ​មន្ត្រី​ពុករលួយ​មួយចំនួន​មាន​ជាប់​ពាក់ព័ន្ធ និង​សកម្មភាព​នេះ​ព្រមទាំង​ប្រព័ន្ធ​តុលាការ​ក៏​មាន​វិធានការ​យឺតយ៉ាវ​ក្នុង​ការ​ចាប់ខ្លួន​ជនល្មើស​ជាដើម។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​កំពុងតែ​ខិតខំ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ដោយសារ​អំពើ​ជួញដូរ​កម្លាំង​ពលកម្ម និង​ជួញដូរ​ផ្លូវ​ភេទ ពី​ប្រទេស​ចិន​ឱ្យ​ត្រឡប់​មក​មាតុភូមិ ព្រមទាំង​ធ្វើ​យុទ្ធនាការ​តាម​មូលដ្ឋាន​ដើម្បី​ផ្សព្វផ្សាយ​កុំឱ្យ​ប្រជា​ពលរដ្ឋ​ចាញ់​បោក មេខ្យល់​ហើយ​ធ្វើ​ចំណាកស្រុក​ចេញទៅ​រក​ការងារ​ធ្វើ នៅ​ក្រៅ​ប្រទេស​ដោយ​ប្រថុយប្រថាន។

ការ​ប្រឹងប្រែង​របស់​អង្គការ​សិទ្ធិមនុស្ស​នេះ ខណៈ​​បច្ចុប្បន្ន​អំពើ​បោក​បញ្ឆោត​មនុស្ស​ពី​កម្ពុជា​យក​ទៅ​ជួញដូរ​កម្លាំង​ពលកម្ម​និង​ជួញដូរ​ផ្លូវភេទ​នៅ​ឯ​ប្រទេស​ចិន​កំពុង​កើនឡើង។



នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ (Central) លោក មឿន តុលា មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​ជនខិលខូច ដែល​ដើរ​បោក​បញ្ឆោត​មនុស្ស​និង​ស្ត្រី​ពី​កម្ពុជា​យក​ទៅ​ជួញដូរ​កម្លាំង​ពលកម្ម និង​ទៅ​រៀបការ​ជាមួយ​បុរស​ចិន​កំពុង​កើតមាន​យ៉ាង​ខ្លាំង​មិន​ថយ​ចុះ​ទេ។

លោក មឿន តុលា ឱ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​ដែល​អង្គការ​របស់​លោក​តែងតែ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ និង​ស្ត្រី​ពី​ប្រទេស​ចិន ឱ្យ​ត្រឡប់​មក​ស្រុក​វិញ​ដោយ​យ៉ាងហោចណាស់​ក៏​ចំនួន​ពី​៧​ទៅ​១០​នាក់​ដែរ​ក្នុង​១​ឆ្នាំៗ។ បច្ចុប្បន្ន​នេះ​មាន​ជនខិលខូច​ខ្លះ​តែងតែ​ដើរទៅ​តាម​តំបន់​ដាច់ស្រយាល​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ហើយ​បោក​បញ្ឆោត​មនុស្ស​ដែល​ពេញ​កម្លាំង​ធ្វើការ​ព្រមទាំង​ស្ត្រី​ក្មេងៗ​មាន​រូប​សម្រស់​ស្អាត​ថា ទៅ​ធ្វើការ​នៅ​ប្រទេស​ចិន​គឺ​បាន​ប្រាក់ខែ​ថ្លៃ ២ ទៅ ៣​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​ស្រប​ពេល​ដែល​មនុស្ស​ជាច្រើន​កំពុង​តែ​មាន​ជីវភាព​ខ្វះខាត​ចង់​បាន​ការងារ​ធ្វើ​ផង​នោះ ក៏​ត្រូវ​មេខ្យល់​ធ្វើ​លិខិត​ឆ្លងដែន និង​ទិដ្ឋាការ តាម​រូបភាព ជា​អ្នក​ទេសចរណ៍​ទៅ​ដើរ​កំសាន្ត​នៅ​ប្រទេស​ចិន។ ក៏ប៉ុន្តែ​ពេល​ទៅ​ដល់​ប្រទេស​ចិន គេ​ក៏​ដក​លិខិតឆ្លងដែន​របស់​គាត់ ហើយ​ខ្លះ​លក់​ទៅ​ឱ្យ​ធ្វើការ​ដោយ​មិន​មាន​ប្រាក់ខែ និង​ស្ត្រី​ខ្លះទៀត​ត្រូវ​គេ​បង្ខំ​ឱ្យ​រៀបការ​ជាមួយ​បុរស​ចិន ដែល​ភាគច្រើន​គឺជា​មនុស្ស​មិនសូវ​គ្រប់​លក្ខណៈ​ដើម្បី​បង្កើតកូន​ឱ្យ​គេ ព្រមទាំង​បង្ខំ​ឱ្យ​បំរើ​គ្រួសារ​របស់​គេ និង​ធ្វើ​ការងារ​ដោយ​មិន​គិតថ្លៃ។

    លោក មឿន តុលា៖ «បើ​តាម​ជនរងគ្រោះ​គាត់​លើក​ឡើង​ថា មាន​ស្ត្រី​ច្រើន​មាន​បុរស​ខ្មែរ​ខ្លះ​ដែរ​ប៉ុន្តែ​ស្ត្រី​ច្រើនជាង ហើយ​នៅ​ខេត្ត​ក្វាងចូវ ក៏​ច្រើន​ជាងគេ​ដែរ»។

បើសិនជា​ស្ត្រី​គឺ​គេ​យក​ទៅ​ឱ្យ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​ដោយ​បង្ខំ។ ពីព្រោះ​នៅ​ស្រុក​ចិន​កន្លង​មក​មាន​គោល​នយោបាយ​គ្រួសារ​មួយ​កូន​១ ដូច្នេះ​ចិន​មាន​អតិផរណា​នៃ​ចំនួន​បុរស​ច្រើនជាង​ស្ត្រី​ធ្វើ​ឱ្យ​បុរស​ចិន​ពិបាក​រកប្រពន្ធ​ណាស់​ដោយសារ​ស្ត្រី​តិច​ជាង​អីចឹង ហើយ​បានជា​អ្នក​អត់​មាន​កាយសម្បទា​គ្រប់គ្រាន់​ប្រឹងរក​ប្រពន្ធ​ពី​ប្រទេស​ផ្សេងៗ​យក​ស្ត្រី​ពី​ភូមា​ពី​កម្ពុជា​វៀតណាម​ឡាវ​ជាដើម។

លោក មឿន តុលា បញ្ជាក់​ទៀត​ថា ភាគច្រើន​មេខ្យល់​តែង​នាំ​កម្លាំង​ពលកម្ម​និង​ស្ត្រី​យក​ទៅ​ជួញដូរ​នៅ​ប្រទេស​ចិន​នោះ តាម​ជើង​យន្តហោះ និង​ផ្លូវគោក​តាម​ច្រករបៀង​ព្រំដែន​ឆ្លងកាត់​ប្រទេស​វៀតណាម។

ជនរងគ្រោះ​ជា​ស្ត្រី​វ័យក្មេង​ម្នាក់​ឈ្មោះ ឱ សុជី អាយុ​ប្រហែល ១៧​ឆ្នាំ នៅ​ឃុំ​ប៉ាលហាល នៃ​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ រៀបរាប់​ថា នាង​បាន ចាញ់បោក​មេខ្យល់​តាំងពី​ឆ្នាំ​២០២១។ ជនរងគ្រោះ​រូប​នេះ ក៏បាន​ថ្លែងប្រាប់​បន្ថែម​ទៀត​អំពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​រូប​នាង​នៅ​ឯ​ប្រទេស​ចិន​តាម​បណ្ដាញ​សង្គម​(Facebook)​ដោយ​ទទូច​សុំ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ជួយ​រំដោះ​រូប​នាង​បាន​វិល​ត្រឡប់​មក​ស្រុកកំណើត​ជួបជុំ​គ្រួសារ​វិញ។

    យុវតី ឱ សុជី៖ «ខ្ញុំ​ចាញ់បោក​មេខ្យល់​គេ​យក​មក​លក់​នៅ​ប្រទេស​ចិន​។ គេ​វាយ​ដុំ ទះ​ទាត់​និង​ឃុំឃាំង​ខ្ញុំ​នៅក្នុង​បន្ទប់ ហើយ​លក់​ខ្ញុំ​ពី​ម្នាក់​ទៅ​ម្នាក់ ខ្ញុំ​មានតែ​លើក​ម្រាម​ដៃ​១០​ទេ ឱ្យ​បងប្អូន​អ្នកស្រុក​ខ្មែរ​ជួយ​យក​ខ្ញុំ​ទៅផ្ទះ​ផង។ សូម​ជួយ Share ដើម្បី​ឱ្យ​អ្នកធំ​បានឃើញ​ខ្ញុំ​និង​ជួយ​ខ្ញុំ»។

ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​អង្គការ​សិទ្ធិមនុស្ស និង​សង្គម​ស៊ីវិល​ជាច្រើន​មិនអាច​តាម​រក​នាង ឱ សុជី ឃើញ​ឡើយ​ដោយសារ​តែ​ក្រុម​គ្រួសារ​របស់​នាង​មិន​សហការ​ព្រមទាំង​ផ្លាស់ប្ដូរ​ទីលំនៅ​ចេញ​បាត់​ពី​ភូមិ​ដែល​ធ្លាប់​រស់នៅ។

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ទទួលបន្ទុក​ការងារ​ស្ត្រី និង​កុមារ​ប្រចាំ​ខេត្ត​ព្រះវិហារ​អ្នកស្រី ហ៊ូ ម៉ាបូណ្ណី មាន​ប្រសាសន៍​ថា សមាគម​អាដហុកបាន​ព្យាយាម​ខ្នះខ្នែង​ជួយ​ក្មេងស្រី ឱ សុជី នេះ​ក៏ប៉ុន្តែ​ម្ដាយ​របស់​នាង​ដែល​ជាប់ចោទ​ពី​បទ​លក់​កូនស្រី​របស់​ខ្លួន​នោះ មិន​ព្រម​សហការ​ជាមួយ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ផ្ដល់​ព័ត៌មាន​ពី​កន្លែង​ដែល​កូន​របស់​គាត់​ស្នាក់នៅ​ក្នុង​ប្រទេស​ចិន​ទេ។

    អ្នកស្រី ហ៊ូ ម៉ាបូណ្ណី៖ «អត់​ទាន់​ជួយ​បាន​មក​ដល់​ទេ​កូន​ហ្នឹង ណាមួយ​យើង​ព្យាយាម​ជួប​ម្ដាយ​ដើម្បី​ឱ្យ​ដឹង​ថា តើ​អាដហុក​អាច​ជួយ​បាន​យ៉ាង​ដូចម្តេច ប៉ុន្តែ​ក្រុម​គ្រួសារ​បែរជា​ផ្លាស់​ទីលំនៅ​មិនដឹង​ទៅ​រស់នៅ​ទីណា​? ហើយ​មេខ្យល់​ក្នុង​រឿង​ហ្នឹង ក៏បាន​ចាប់ខ្លួន​យក​ទៅ​ដាក់​ពន្ធនាគារ​រួច​ហើយ​ដែរ»។

ជនរងគ្រោះ​ជា​ស្ត្រី​ខ្មែរ​ម្នាក់ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ រស់នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ​ដែល​ទើបតែ​ជួយសង្គ្រោះ​ឱ្យ​វិលត្រឡប់​ពី​ប្រទេស​ចិន​វិញ នាង បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មេខ្យល់​បាន​បោក​បញ្ឆោត​រូប​នាង​យក​ទៅ​ស្រុក​ចិន តាំង​តែ​ពី​ចុង​ឆ្នាំ​២០១៥។ មេខ្យល់​បាន​ឱ្យ​ប្រាក់​ទៅ​ម្ដាយ​របស់​នាង​ចំនួន​១​ពាន់​ដុល្លារ​អាមេរិក ហើយ​ប្រាប់​ថា នាំ​រូប​នាង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ចិន​បាន​ប្រាក់ខែ​ច្រើន​។ បន្ទាប់​មក មេខ្យល់​នាំ​រូប​នាង​ឆ្លង​ព្រំដែន​តាម​ប្រទេស​វៀតណាម​ហើយ​ស្នាក់នៅ​ក្នុង​ប្រទេស​វៀតណាម​ប្រហែលជា​កន្លះ​ខែ។ ពេល​ស្នាក់នៅ​ក្នុង​ប្រទេស​វៀតណាម​នោះ​នាង​បាន​ដឹង​ថា គេ​មិនមែន​នាំ​រូប​នាង​ទៅ​ធ្វើ​ការ​នៅ​ប្រ​ទស​ចិន​ទេ គឺ​យក​រូប​នាង​ទៅ​លក់​ឱ្យ​រៀបការ​ជាមួយ​បុរស​ចិន​ម្នាក់ ដែល​ជា​ប្រភេទ​មនុស្ស​មិន​សូវ​គ្រប់ទឹក។

ស្ត្រី​ដដែល​បញ្ជាក់​ទៀត​ថា បើទោះបី​ជា​នាង​ដឹង​ថា បុរស​ដែល​នាង​ត្រូវ​រៀបការ​ជាមួយ​គឺជា​មនុស្ស​ដែល​មិន​គ្រប់​លក្ខណៈ​ក៏ដោយ​ក៏​រូប​នាង​មិន​អាច​ប្រកែក​បាន​ទេ ពីព្រោះ​ខ្លាច​គេ​ធ្វើបាប​។​នាង​មិន​ដឹង​ថា មេខ្យល់​ដែល​នាំ​នាង​ទៅនោះ គេ​ទទួល​បាន​ប្រាក់​ចំនួន​ប៉ុន្មាន​ពី​បុរស​ចិន​នោះ​ទេ ប៉ុន្តែ​នាង​ដឹង​ត្រឹមតែ​ថា ម្ដាយ​របស់​នាង​ទទួល​បាន​ប្រាក់​តែ​១​ពាន់​(១.០០០)​ដុល្លារ​គត់​មុន​ពេល​គេ​នាំ​រូប​នាង​ចេញ​ពី​ផ្ទះ។

    ស្ត្រី​រងគ្រោះ​ម្នាក់​ខាងលើ៖ «គេ​ធ្វើបាប​ផ្លូវចិត្ត​ណាស់ គេ​មិន​ចាត់ទុក​ខ្ញុំ ដូចជា​ប្រពន្ធ​ទេ​គឺ​ចាត់ទុក​ដូចជា​ស្ត្រី​កំដរ​អារម្មណ៍។ និយាយ​ទៅ​គេ​ចង់​បានតែ​កូន។ គេ​ជេរ គេ​ស្ដី គេ​ស្អប់​គេ​មិន​វាយ​ធ្វើ​បាប​ទេ​គ្រាន់តែ​គេ​មិន​ពេញចិត្ត ហើយ​ខ្ញុំ​រស់នៅ​ជាមួយ​គេ​មិន​ចុះសម្រុង។ ខ្ញុំ​កើតកូន​បាន ១​ខែ​មិនទាន់​ទេ គឺ​គេ​ចង់​រួមភេទ​បង្ខំ​ចង់​បាន​កូនប្រុស ព្រោះ​អី​កូន​ទី​១ របស់ខ្ញុំ​ជា​កូនស្រី។ ខ្ញុំ​ពិបាក​រស់នៅ​ជាមួយ​ដោយសារតែ​ឱ្យ​បាយ ឱ្យ​ចំណី​ហូប ប៉ុន្តែ​លុយ​មិន​ឱ្យ​ទេ បញ្ហា​មួយ​ទៀត​មិន​ឱ្យ​ខ្ញុំ​ទាក់ទង​មក​ម៉ែ​ពុក​នៅ​ស្រុក​ខ្មែរ សូម្បីតែ​ទូរស័ព្ទ​ក៏​មិន​ឱ្យ​លេង​ដែរ»។

អ្នកស្រី ហ៊ូ ម៉ាបូណ្ណី ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៣​នេះ សមាគម​ការពារ​សិទ្ធិមនុស្ស​ADHOC បាន​ជួយសង្គ្រោះ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ដែល​គេ​ជួញដូរ​ទៅ​ប្រទេស​ចិន​ឱ្យ​វិល​ត្រឡប់​មក​ផ្ទះ​វិញ បាន​៧​ករណី​ហើយ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា​រូបភាព​នៃ​អំពើ​ជួញ​ដូរ​មនុស្ស​ទៅ​កាន់​ប្រទេស​ចិន​ភាគច្រើន គឺ​ចាញ់បោក​មេខ្យល់​តាមរយៈ​មិត្តភក្ដិ ឬក៏​សាច់ញាតិ​បញ្ចុះបញ្ចូល ឱ្យ​យល់​ព្រម​ទៅ​ធ្វើ​ការ ដោយសារតែ​ឃើញ​មនុស្ស​ខ្លះ ដែល​គេ​ទៅ​ធ្វើ​ការ​នៅ​ចិន មាន​លុយ​ច្រើន​ជីវិត​បែប​ហ៊ឺហា​ជាដើម។ រូបភាព​ខ្លះទៀត​គឺ​របៀប​ជា​រៀបការ​ជាមួយ​បុរស​ចិន​ក៏​មាន ប៉ុន្តែ​ពេល​ដែល​ចេញពី​កម្ពុជា​ទៅដល់​ប្រទេស​ចិន​ទើប​ដឹងខ្លួន​ថា​ចាញ់​បោក​គេ។

    លោក ស៊ឹង សែនករុណា៖ «ពេលខ្លះ​យើង​ជួយ​ត្រឡប់​មក​​វិញ​បាន និង​ពេលខ្លះ​ក៏​ពិបាក​ជួយ​ត្រឡប់​មក​វិញ​ដែរ ដោយសារតែ​ជនខិលខូច​មាន​ល្បិច​ក្នុង​ការ​លាក់បាំង​ក្នុង​ការ​ទប់ស្កាត់​មិន​ឱ្យ​ពួកគាត់​មាន​ឱកាស​វិលត្រឡប់​មកវិញ​អី​ជាដើម។ យើង​មានការ​ព្រួយបារម្ភ​ណាស់​ដូច្នេះហើយ​បានជា​ខិតខំ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង គិតពិចារណា​ឱ្យ​បាន​ខ្ពស់​មុននឹង​ធ្វើ​ចំណាកស្រុក​ចេញទៅ​ក្រៅប្រទេស​ទៅ​អី​ជាដើម»។

បើ​ទោះ​បី​ជា​យ៉ាងណា​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​ពី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក អាន សុខ​ខឿន​និង​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ទទួលបន្ទុក​ប្រឆាំង​ការ​ជួញដូរ​ស្ត្រី​និង​ការពារ​អនីតិជន អ្នកស្រី ជូ ប៊ុនអេង បាន​ថា​យ៉ាងណា​នៅឡើយ​នៅ​ថ្ងៃទី​៤ ខែ​វិច្ឆិកា។

នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់​លោក មឿន តុលា ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​អំពើ​បោក​បញ្ឆោត​នាំ​មនុស្ស​ទៅ​ជួញដូរ​កម្លាំង​ពលកម្ម និង​ផ្លូវភេទ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​មិន​ថយ​ចុះ​ទេ បើ​ទោះ​បី​ជា​ក្រសួង​ការបរទេស​កម្ពុជា និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ធ្លាប់​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដោយ​រឹតត្បិត​ក្នុង​ការ​ចេញ​ទិដ្ឋាការ​ឱ្យ​ស្ត្រី​ខ្មែរ​ទៅលេង​នៅ​ចិន​មាន​កំរិត​មែន ក៏ប៉ុន្តែ​ការ​នាំ​ស្ត្រី​ខ្មែរ​ដោយ​ធ្វើដំណើរ​តាម​យន្តហោះ​បាន​ថយ​ចុះ ហើយ​ការ​ធ្វើ​ដំណើរ​តាមផ្លូវ​គោក នៃ​ច្រករបៀង​ព្រំដែន​កម្ពុជា​-​វៀតណាម​បាន​កើនឡើង។

បើ​ទោះ​បី​ជា​អង្គការក្រៅរដ្ឋាភិបាល​ទទួល​ស្គាល់​ថា សកម្មភាព​នាំ​យក​មនុស្ស​ទៅ​ជួញដូរ​នៅ​ប្រទេស​ចិន កំពុង​កើនឡើង​ក៏ដោយ​ក៏​គេ​មិនដឹង​ពី​តួលេខ​ច្បាស់លាស់​ថា ចំនួន​ប៉ុន្មាន​នាក់ ក្នុង ១​ឆ្នាំៗ​នោះ​ទេ។ ប៉ុន្តែ​ផ្អែក​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​បាន​ប៉ាន​ប្រមាណ​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ពលរដ្ឋ​កម្ពុជា​ប្រមាណ ១០​ម៉ឺន បាន​រងគ្រោះ​ដោយសារ​អំពើ​ជួញដូរ​មនុស្ស។ ជនរងគ្រោះ​ទាំងនោះ ត្រូវ​គេ​នាំ​យក​ទៅ​ជួញដូរ​កម្លាំង​ពលកម្ម​និង​ផ្លូវភេទ​នៅ​ប្រទេស​ចិន និង​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់​ដូចជា​នៅ​ម៉ាឡេស៊ី និង​ប្រទេស​ថៃ​ជាដើម។

គេហទំព័រ​ឈ្មោះ​ម៉ូឌើន ឌីប្លូម៉ាស៊ី (Modern Diplomacy) បាន​ដកស្រង់​របាយការណ៍​អង្គការសហប្រជាជាតិ​ស្ដីពី​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​មក​ផ្សាយ​កាលពី​ថ្ងៃទី​៣ ខែ​វិច្ឆិកា ថា​ការ​ជួញដូរ​មនុស្ស​និង​ពេស្យាចារ​នៅ​កម្ពុជា​បាន​កើត​មាន​នៅ​ខេត្ត​ព្រះសីហនុ​តាំងពី​ឆ្នាំ​២០១៩​នៅ​តាម​កន្លែង​លេងល្បែង​ស៊ីសង​ស្របច្បាប់​ជាច្រើន។ ប្រទេស​កម្ពុជា​មិន​ត្រឹមតែ​ជា​ប្រភព​ដែល​ផ្គត់ផ្គង់​ពេស្យាចារ​ទៅ​ឱ្យ​ប្រទេស​ដទៃទៀត​ក្នុង​ការ​ជួញដូរ​ផ្លូវភេទ​ប៉ុណ្ណោះ​ទេ កម្ពុជា​ក៏​ជា​ចំណុច​ឆ្លង​កាត់ របស់​ក្រុម​ជួញដូរ​មនុស្ស​មកពី​ប្រទេស​ចិន វៀតណាម​និង​ថៃ​ផង​ដែរ។

អង្គការ​សហប្រជាជាតិ​ស្ដីពី​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម បាន​រក​ឃើញ​ទៀត​ថា បច្ចុប្បន្ន​នេះ​ក្រៅពី​ការ​នាំ​ស្ត្រី​ទៅ​ជួញដូរ​នៅ​ក្រៅ​ប្រទេស​គឺ​ស្ត្រី​ជាច្រើន​ទៀត​ត្រូវ​គេ​ជួញដូរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ដូចជា​ខេត្តសៀមរាប ក្រុងព្រះសីហនុ និង​រាជធានី​ភ្នំពេញ ក្នុង​តម្លៃ​ខ្លួន​ដែល​បុរស​បរទេស​ហ៊ាន​ចំណាយ​ប្រាក់​ពី​៨០០ ទៅ ៤.០០០​ដុល្លារ​ដើម្បី​រួមភេទ។

ក្រុម​អង្គការក្រៅរដ្ឋាភិបាល​យល់​ថា បច្ចុប្បន្ន​នេះ ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​ចេះតែ​កើនឡើង​គឺ​ដោយសារតែ​ការ​បង្ក្រាប​មិន​មាន​ប្រសិទ្ធភាព ពីព្រោះ​តែ​មន្ត្រី និង​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​ខ្លះ មាន​ជាប់​ពាក់ព័ន្ធ​និង​ឃុបឃិត​ជាមួយ​បណ្ដាញ​ឧក្រិដ្ឋជន ហើយ​ប្រព័ន្ធ​តុលាការ​ទៀតសោត ក៏​មាន​អំពើពុករលួយ​ទទួល​សំណូក​ជា​ថ្នូរ​នឹង​ការ​មិន​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​ទៅលើ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​ជាដើម៕

No comments: