2023.11.12
នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត អះអាងថា កម្ពុជាមិនមែនគ្មានហេតុផលក្នុងការខ្ចីប្រាក់ចិនយកមកបំរើការអភិវឌ្ឍរហូតដល់ថ្នាក់ជំពាក់បំណុលវ័ណ្ឌកនោះទេ។
លោក ហ៊ុន ម៉ាណែត បន្ថែមថា ការខ្ចីប្រាក់បរទេសនិងវិនិយោគទាំងឡាយគឺដើម្បីផលប្រយោជន៍ រួមមិនមែនខ្វះការ ថ្លឹងថ្លែងរហូតគ្មានតម្លាភាពនិងធ្វើឱ្យបាត់អធិបតេយ្យភាពទៅប្រទេសណាមួយនោះទេ។ តើក្រុមអ្នកវិភាគសេដ្ឋកិច្ច និងសង្គមអាចជឿទុកចិត្តបានចំពោះការអះអាងបែបនេះដែរទេ?
ក្រុមអ្នកវិភាគបញ្ហាសង្គម និងសេដ្ឋកិច្ចនៅតែព្រួយបារម្ភនិងពិបាកជឿណាស់ថា កម្ពុជាអាចគេចផុតពីបំណុលបរទេស ជាពិសេសគឺវ័ណ្ឌកជាមួយបំណុលចិនណាស់បើពិនិត្យទៅលើស្ថានភាពសេដ្ឋកិច្ចដូចពេលបច្ចុប្បន្ននេះ។
អ្នកវិភាគបញ្ហាសង្គម និងនយោបាយលោក គឹម សុខ មានប្រសាសន៍ថា បើពិនិត្យជាក់ស្ដែងទៅ លើកម្ចី ដែលកម្ពុជាជំពាក់ចិនរហូតមកដល់ពេលនេះគឺប្រមាណ៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយកម្ចីនេះ គឺគ្មានតម្លាភាពព្រមទាំងមានអត្រាការប្រាក់ខ្ពស់ផង។
លោក គឹម សុខ យល់ថា ដោយសារតែតួលេខប្រាក់កម្ចីពីប្រទេសចិនខ្ពស់នេះកំពុងធ្វើឱ្យកម្ពុជាប្រឈមមុខនឹងបញ្ហាពិបាករកប្រាក់មកសងបំណុលនេះណាស់។
លោក គឹម សុខ៖ «នៅក្នុងស្ថានភាពដែលកម្ពុជាកំពុងតែរអិលធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ចតាមការព្រមានរបស់ស្ថាប័នសេដ្ឋកិច្ចធំៗតើកម្ពុជាយកប្រាក់ពីណាទៅសងចិនទាន់? ក្រៅតែពីកាត់ធនធានរបស់ប្រទេសសម្រាប់ផ្គាប់ចិត្តចិនហើយលើសពីហ្នឹងទៅទៀតថែមទាំងផ្គាប់ចិត្តចិនដោយដាក់អធិបតេយ្យកម្ពុជានៅក្រោមនយោបាយភូមិសាស្ត្ររបស់ចិនផង»។
ការលើកឡើងរបស់អ្នកវិភាគនេះបន្ទាប់ពីនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត អះអាងថា កម្ពុជា មិនដល់ថ្នាក់ជំពាក់បំណុលចិនរហូតដល់ថ្នាក់វ័ណ្ឌកនោះទេ។
កាលពីថ្ងៃទី២ ខែវិច្ឆិកា លោក ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពេលជួបសំណេះសំណាលជាមួយ កម្មករជិត ២ម៉ឺននាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ថា កម្ពុជាមិនខ្ចីប្រាក់បរទេសរហូតដល់ជំពាក់បំណុលគេវ័ណ្ឌកនោះឡើយ ហើយប្រាក់កម្ចីទៀតសោតដើម្បីយកមកបម្រើការអភិវឌ្ឍសេដ្ឋកិច្ចមិនមែនយកមកទិញរថយន្ត និងយន្តហោះជិះផ្ទាល់ខ្លួនឡើយ។
លោក ហ៊ុន ម៉ាណែត៖ «យើងក៏មិនមែនក្លាយទៅជាការខ្ចីបំណុលរហូតទៅដល់គ្មានហេតុផលជំពាក់វ័ណ្ឌកដូចគេថានោះទេ។ គ្មានប្រទេសណានៅលើពិភពលោកតិចបំផុតដែលថា មិនមានបំណុលបរទេស ហើយប្រទេសអត់មានបំណុលក៏ចេញបំណុលដែលខ្ចីប្រជាពលរដ្ឋខ្លួនឯងដែរ។សូម្បីតែប្រទេសជប៉ុន បន្ទុកបំណុលលើសពី១០០% អាមេរិក បារាំងអីជំពាក់បំណុលដូចតែគ្នាទេ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ»។
បើទោះបីលោក ហ៊ុន ម៉ាណែត អះអាងបែបនេះក៏ដោយក៏អ្នកវិភាគមួយចំនួនពិបាកជឿណាស់ថា កម្ពុជាអាចនឹងគេចផុតពីភាពវ័ណ្ឌកដោយសារបំណុលបរទេសជាពិសេសគឺបំណុលចិនដែល មានសភាពធ្ងន់ធ្ងរជាងគេ។
អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា បើទោះបីជានៅមុនពេលគេឱ្យកម្ពុជាខ្ចីប្រាក់មានអ្នកជំនាញបរទេស មកពិនិត្យនិងគិតគូរពីគំរោងអភិវឌ្ឍន៍នានាព្រមទាំងធ្វើការវាយតម្លៃលើសន្ទុះនៃកំណើនសេដ្ឋកិច្ចកម្ពុជា បានច្បាស់លាស់យ៉ាងណាក៏ដោយនៅតែព្រួយបារម្ភទៅលើបញ្ហាដែលកម្ពុជាអាចនឹងរើខ្លួនមិនរួចចំពោះបំណុលវ័ណ្ឌកនេះដែរ ដោយសារតែពេលខ្លះស្ថានភាពសេដ្ឋកិច្ចកម្ពុជាមានការវិវត្តន៍ខុសពីការទាយទុករបស់អ្នកជំនាញ។
បណ្ឌិត ឡៅ ម៉ុងហៃ៖ «ខ្ញុំនៅតែព្រួយបារម្ភអីចឹងព្រោះចង់អ្នកពូកែគិតគូររឿងទៅមុខយ៉ាងម៉េចក៏ដោយ។ ខ្ញុំលើកឧទាហរណ៍រឿងសេដ្ឋកិច្ចប្រទេសពីរគឺប្រទេសឥណ្ឌូណេស៊ី កាលពី១០-២០ឆ្នាំមុនរបាយការណ៍របស់ធនាគារពិភពលោក និងអង្គការអន្តរជាតិ សុទ្ធតែវាយតម្លៃថា សេដ្ឋកិច្ចកំពុងតែកើនឡើងល្អណាស់ រួចស្រាប់តែមានវិបត្តិគ្រឹប មិនត្រឹមតែមានវិបត្តិសេដ្ឋកិច្ចទេ ថែមទាំងមានវិបត្តិនយោបាយនិងការផ្លាស់ប្ដូរមេដឹកនាំទៅទៀត។ នៅប្រទេសអេស៊ីបក៏របៀបអីចឹងដែរ គឺមានបដិវត្តន៍ពណ៌បដិវត្តន៍អីជាដើម»។
រដ្ឋាភិបាលបានព្យាករណ៍ទុកថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣នេះនឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់៦,៦% ដែលវាល្អប្រសើរចំពោះតម្រូវការសកល និងទំនុកចិត្តសម្រាប់អ្នកវិនិយោគទុនបន្ទាប់ពីវិបត្តិកូវីដ១៩។
ក៏ប៉ុន្តែអ្នកសិក្សាការអភិវឌ្ឍសង្គមលោក សេង សារី បានមើលឃើញផ្ទុយពីនេះ ដោយថាបើ ពិនិត្យមើលទៅលើតារាងវិនិយោគទុនបរទេស (FDI)ឃើញថាគ្រាន់តែប្រទេសចិនតែមួយបាន ចូលមកវិនិយោគទុននៅកម្ពុជារហូតដល់ចំនួន៧៣.៧៥% ហើយមានអ្នកវិនិយោគទុនមកពី ប្រទេសផ្សេងៗប្រមាណតែ២៦.៥%ប៉ុណ្ណោះ។
លោក សេង សារី ពន្យល់ថា តាមស្តង់ដារវិនិយោគទុនបរទេស (FDI) បើប្រទេសកម្ពុជាមានតែអ្នក វិនិយោគចិនច្រើនជាងប្រទេសដទៃទៀតពេកនោះ បើប្រៀបធៀបជាមួយនិងសន្ទស្សន៍សេដ្ឋកិច្ច ផងគឺមានន័យថាកម្ពុជាអាចគ្រោះថ្នាក់ធ្ងន់ធ្ងរនៅពេលណាដែលចិនមានវិបត្តិសេដ្ឋកិច្ច។
កម្ពុជាបានភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចនិងភាពជាដៃគូសកម្មក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវ(BRI)របស់ចិនចាប់តាំងតែពីឆ្នាំ២០១៣។
ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ កម្ពុជាអះអាងថា ផ្លែផ្ការបស់គម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន បានធ្វើឱ្យមានសមិទ្ធផលជាច្រើនដូចជាតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងព្រះសីហនុ រោងចក្រវារីអគ្គិសនីសេសាន២ នៅខេត្តស្ទឹងត្រែងស្ពានឆ្លងទន្លេ នៅស្រុកស្ទឹងត្រង់ ខេត្តត្បូងឃ្មុំពហុកីឡាដ្ឋានជាតិមត៌កតេជោនៅភ្នំពេញ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវថ្នល់ជាតិមួយចំនួនមន្ទីរពេទ្យការផ្គត់ផ្គង់ទឹកស្អាតតាមទីជនបទហើយថ្មីៗនេះគឺ អាកាសយានដ្ឋានអន្តរជាតិសៀមរាបជាដើម។
តាមរយៈសមិទ្ធផលជាច្រើននេះ មកដល់បច្ចុប្បន្នកម្ពុជាបានជំពាក់បំណុលបរទេសសរុបប្រមាណ១ម៉ឺន ៥ពាន់លានដុល្លារអាមេរិក ហើយ៤០%ក្នុងចំណោមបំណុលទាំងនោះគឺជំពាក់ចិន។
បើទោះជាសំណង់ផ្លូវថ្នល់ស្ពាននិងអគារដែលសាងដោយក្រុមហ៊ុនចិនទាំងនោះកំពុងរីកស្គុះស្គាយយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញថា សំណង់ទាំងនោះហាក់មិនសូវមានគុណភាពទេ ដោយកន្លងមកធ្លាប់មានសំណង់សណ្ឋាគារនៅខេត្តព្រះសីហនុ និងនៅក្រុងកែបបានបាក់រលំបណ្ដាលឱ្យកម្មករខ្មែរមួយចំនួនស្លាប់និងរបួស។
ចំណែកការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តព្រះសីហនុទៀតសោត ក៏មិនបានហុចផលប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្ដោយដងផ្លូវទេមានតែធ្វើឱ្យប៉ះពាល់ដូចជាគ្មានផ្លូវឆ្លងកាត់សម្រាប់មនុស្ស និងសត្វពីកន្លែងមួយទៅកន្លែងមួយទៀតបានត្រឹមត្រូវទេ។ ឯការដេញថ្លៃសាងសង់វិញគឺហាក់មិនមានតម្លាភាពត្រឹមត្រូវ គឺគេច្រើនតែដេញថ្លៃទៅឱ្យបក្ខពួកឬក៏ខ្សែអ្នកមានអំណាច ហើយពេលមានបញ្ហាប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋ ក៏មិនមានសំណងសមរម្យដែរ៕
No comments:
Post a Comment