Monday, 6 November 2023

យុវជន​បរិស្ថាន​ថា ក្រសួង​បរិស្ថាន​គួរតែ​កំណត់​ជាក់លាក់​ដើម្បី​កាត់បន្ថយ​ការ​ប្រើ​ថង់​ប្លាស្ទិក


ដោយ យ៉ង ចាន់តារា
2023.11.05

យុវជន​បរិស្ថាន​ថា ក្រសួង​បរិស្ថាន​គួរតែ​កំណត់​ជាក់លាក់​ដើម្បី​កាត់បន្ថយ​ការ​ប្រើ​ថង់​ប្លាស្ទិក 

សំរាមដែលជាកាកសំណល់​នៃ​ថង់ប្លាស្ទិក បន្ទាប់ពីប្រើប្រាស់​ប្រចាំថ្ងៃ។
រូប៖ ហ្វេសប៊ុក​យុវជនសំរាម


ក្រុម​យុវជន​បរិស្ថាន​លើកឡើង​ថា ក្រសួង​បរិស្ថាន​គួរតែ​ដាក់​ចេញ​វិធានការ​ជាក់លាក់ និង​លើក​កម្ពស់​ឱ្យ​យុវជន​ចូលរួម​ទប់ស្កាត់​ការប្រើប្រាស់​ថង់​ប្លាស្ទិក។ ពួក​គាត់​ថា រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ហាក់​រើសអើង​ចំពោះ​យុវជន​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល និង​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពួកគេ​លើ​បញ្ហា​បរិស្ថាន។

ក្រុម​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល​ចង់ ឃើញ​ក្រសួង​បរិស្ថាន ចាត់វិធានការ​ឱ្យ​តឹងរ៉ឹង ដើម្បី​កាត់បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក ជាជាង​មាន​ការ​តែ​ការ​ផ្សព្វផ្សាយ​ដែល​មិន​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម។

សកម្មជន​សង្គម កញ្ញា រៀម ស្រីពេជ្ររតនា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៤ ខែ​វិច្ឆិកា ថា ក្រសួង​បរិស្ថាន​នៅ​មិនទាន់​មាន​វិធានការ​ជាក់លាក់​ដើម្បី​ទប់ស្កាត់​កំណើន​នៃ​អ្នកប្រើប្រាស់​ថង់​ប្លាស្ទិក និង​ការ​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ ពីព្រោះ​ការអនុវត្ត​ច្បាប់​ធូររលុង​ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​ម្ចាស់​អាជីវកម្ម និង​ពលរដ្ឋ​មួយចំនួន​នៅតែ​ប្រើប្រាស់​ប្លាស្ទិក​ជាច្រើន។



    កញ្ញា រៀម ស្រីពេជ្ររតនា៖ «សម្រាប់​ក្រសួង​បរិស្ថាន​ខ្ញុំ​ជឿ​ថា មិន​ថា​តែ​ក្រសួង​បរិស្ថាន​ទេ ប៉ុន្តែ​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ ឬ​រដ្ឋាភិបាល​គឺ​សំខាន់​ណាស់​ត្រូវ​លើកទឹកចិត្ត​យុវជន​នឹង​ហើយពី​ព្រោះ​បើ​នៅក្នុង​សង្គម​បើ​យើង​និយាយ​ពី​ប្រជាធិបតេយ្យ បើ​និយាយ​ពី​តួនាទី​របស់​ក្រសួង​យើង​បង្កើត​ឡើង​ដើម្បី​អី គឺ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​មិនមែន​មក​ថា​ប្រជាពលរដ្ឋ​គ្មាន​គំនិត​ស៊ីជម្រៅ​ហើយ​ដោយ​ទទួលយក​សំណើ​ដោយ​ស្ងាត់ឈឹង​អ៊ីចឹង​ទេ​គឺ​យើង​ត្រូវការ​ការ​ឆ្លើយ​តប​ចេញ​ពី​រដ្ឋមន្ត្រី​ដែល​ដាក់​ឱ្យ​កាន់​តំណែង​ដើម្បី​ធ្វើការ»។

ស្រដៀង​គ្នា​នេះ​ដែរ​សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា ថ្លែង​ថា ក្រសួង​បរិស្ថាន​ហាក់​មិន​ខ្វល់ខ្វាយ​ពី​សំឡេង​រិះគន់​ពលរដ្ឋ និង​ចាត់ទុក​ការងារ​ការពារ​បរិស្ថាន​ជា​សិទ្ធិ​ផ្ដាច់មុខ​របស់​ក្រសួង​ដោយ​មិន​ឱ្យ​យុវជន​ចូលរួម​ឈឺឆ្អាល​។ លោក​បន្ត​ថា បញ្ហា​ការ​ចោល​សំរាម​រាយប៉ាយ​នៅ​តាម​ទី​សាធារណៈ​នៅតែ​បន្ត​កើត​មាន ប្រសិនបើ​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​មិន​ដាក់​ពិន័យ​លើ​អ្នក​ចោល​សំរាម និង​មិន​បើក​លំហ​សិទ្ធិ​សេរីភាព​ឱ្យ​យុវជន​បាន​ចូលរួម។

    លោក ថុន រដ្ឋា៖ «សម្រាប់​ខ្ញុំ ខ្ញុំ​ឃើញថា​ជា​ផ្នែក​មួយ​ដ៏​តូច​មែនទែន​ធ្វើ​យ៉ាង​ដើម្បី​ចូលរួម​កាត់បន្ថយ ប៉ុន្តែ​អ្វី​ដែល​ក្រសួងបរិស្ថាន​គួរតែ​មាន​នឹង​គឺ​គោលនយោបាយ​ដែល​ជា​ការអនុវត្ត​ដែល​មាន​ប្រសិទ្ធភាព​ជាក់លាក់​ហើយ​ពិសេស​ទៀត​ហ្នឹង​គួរតែ​យើង​មើល​ឃើញ​ថា គួរតែ​ចាប់ផ្ដើម​រៀបចំ​ឱ្យ​មាន​ការ​សំអាត​ថង់​ប្លាស្ទិក​ការរៀបចំ​ទុកដាក់​សំរាម ឱ្យ​បាន​ត្រឹមត្រូវ​ជាដើម»។

ប្រតិកម្ម​របស់​ក្រុម​យុវជន អ្នកការពារ​បរិស្ថាន​នេះ​ធ្វើឡើង​ក្រោយពី​ក្រសួង​បរិស្ថាន​នៅ​កាលពី​ថ្ងៃទី​០៣ វិច្ឆិកា នៅ​ខេត្ត​សៀមរាប បាន​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​ភាពជា​ដៃគូ​គ្មាន​ប្លាស្ទិក​ជាមួយ អង្គការ​ស្បៀងអាហារ និង​កសិកម្ម (FAO) និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) របស់​អង្គការសហប្រជាជាតិ ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​កាត់បន្ថយ​ថង់​ប្លាស្ទិក ដែល​មាន​ឈ្មោះថា «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើប្រាស់​ថង់​ប្លាស្ទិក​ទេ» ដោយ​បាន​ផ្សព្វផ្សាយ​ទៅដល់​ពលរដ្ឋ​ជាង​៣​ម៉ឺន​នាក់ (៣៦.៥២២) គិត​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ដល់ ០៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ។ គោលបំណង​កិច្ច​សហប្រតិបត្តិការ​នេះ​គឺ​ដើម្បី​កំណត់​ចំណុច​អាទិភាព​ចំនួន​៣​គឺ ស្អាត បៃតង និង​ចិរភាព​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​បាន​នូវ​អព្យាក្រឹត​កាបូន។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង មានប្រសាសន៍ថា ក្រសួង​បរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​កែប្រែ​ក្របខ័ណ្ឌ​គោលនយោបាយ​ឡើងវិញ​ដើម្បី​ធានា​ឱ្យ​មាន​ការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​។ លោក​បន្ត​ថា សង្គម​ប្រជាធិបតេយ្យ​គួរតែ​បើកឱកាស​ឱ្យ​យុវជន​ចូលរួម​បញ្ចេញមតិ​អំពី​បញ្ហា​បរិស្ថាន។

    លោក ហេង គឹមហុង៖ «ហើយ​អ្នក​ដែល​ជំរុញ​ចលនា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​គឺ​ប្រជាពលរដ្ឋ​ជា​កត្តា​ប្រកបដោយ​បរិយាបន្ន​យ៉ាង​សំខាន់​ដែល​គួរតែ​ត្រូវ​បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​មាន​ការ​អនុវត្ត​សម្រាប់​ទាំងអស់គ្នា​ហើយ​ពលរដ្ឋ​ហ្នឹង​សំខាន់​ណាស់​ប្រសិនបើ​គាត់​ជា​អ្នក​អនុវត្ត​គោលនយោបាយ​ផង គាត់​ជា​អ្នក​លើកស្ទួយ​ការគ្រប់គ្រង និង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​ផង ហើយក៏​ជា​អ្នកចូលរួម​អប់រំ​ផ្សព្វផ្សាយ​ទៀត​នោះ​វា​រឹត​តែ​ធ្វើ​សកម្មភាព​នេះ​កាន់តែ​លឿន​ឆាប់រហ័ស»។

កាលពី​ថ្ងៃទី​៣១ ខែ​តុលា អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​រារាំង​ក្រុម​យុវជន​មួយ​ក្រុម​ដែល​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​បរិស្ថាន​ដើម្បី​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល​ថង់​ប្លាស្ទិក​ចន្លោះ​ពី​១០​ភាគរយ ដល់​១៥​ភាគរយ និង​ស្នើ​ឱ្យ​ដំឡើង​តម្លៃ​ថង់​នៅ​តាម​ផ្សារ​ទំនើប​៨​រយ​រៀល (៨០០) ក្នុង​មួយ​ថង់​ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់​ថង់​ប្លាស្ទិក។ មន្ត្រី​ក្រសួង​បរិស្ថាន​បាន​ទទួល​យក​ញត្តិ​របស់​យុវជន ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ​នៅ​មិនទាន់​មាន​ការ​ឆ្លើយ​តប​ណាមួយ​នៅឡើយ​ទេ​។​

ទោះជា​យ៉ាង​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល​ព្រួយបារម្ភ​ថា អនុវត្ត​ច្បាប់​ធូររលុង​នឹង​ធ្វើ​ឱ្យ​បញ្ហា​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​នៅតែ​បន្ត​កើតមាន​ដែល ជះឥទ្ធិពល​ដល់​សុខភាព​មនុស្ស សត្វ ជីវចម្រុះ និង​បញ្ហា​ខ្យល់ពុល​ជាដើម ជាពិសេស​អាច​ធ្វើ​ឱ្យ​បាត់បង់​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​កម្ពុជា៕

No comments: