2023.11.16
រដ្ឋាភិបាលគ្រោងចាប់ផ្ដើមប្រមូលពន្ធលើដីធ្លីមិនប្រើប្រាស់ដែលមានទំហំ៥ហិកតារឡើង នៅដើមឆ្នាំ២០២៥ ដើម្បីទប់ស្កាត់ការទិញដីទុកចោលមិនប្រើប្រាស់។ ប៉ុន្តែអ្នកជំនាញខាងសេដ្ឋកិច្ច និងមន្ត្រីសង្គមស៊ីវិលមើលឃើញថា រដ្ឋាភិបាលនឹងមិនអាចអនុវត្តការប្រមូលពន្ធនេះ ប្រកបដោយតម្លាភាពឡើយ។
មន្ត្រីសង្គមស៊ីវិលនិងមន្ត្រីបក្សប្រឆាំងលើកឡើងថា អ្នកដែលមានដីធ្លីលើសពី៥ហិកតារឡើងទៅ មិនប្រើប្រាស់ និងអ្នកដែលមានលទ្ធភាពទិញដីទុកចោល ដើម្បីលក់យកចំណេញនៅពេលក្រោយ ភាគច្រើនជាសែស្រឡាយ ឬសមាជិកក្រុមគ្រួសារអ្នកមានអំណាច និងមន្ត្រីធំៗ និងមិនមែនជាក្រុមពលរដ្ឋកសិករ និងកម្មករធម្មតាឡើយ។
នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត ប្រកាសនៅថ្ងៃទី១៣ វិច្ឆិកា ថា ចាប់ពីដើមឆ្នាំ២០២៥ទៅ រដ្ឋាភិបាលនឹងចាប់ផ្ដើមយកពន្ធលើដីធ្លី មិនប្រើប្រាស់ដែលមានទំហំ៥ហិកតារឡើងទៅ ដើម្បីជំរុញការប្រើប្រាស់ដីសម្រាប់បម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ច និងទប់ស្កាត់ការទិញដីទុកចោលដែលមានទំហំធំ។
លោក ហ៊ុន ម៉ាណែត៖ «ឥឡូវ! កុំឱ្យយើងពិបាកគិត ដីផ្ទះប៉ុន្មាន អីប៉ុន្មាន។ គឺ៥ហិកតារចុះ គឺមិនគិតដីមិនប្រើប្រាស់អីទេ ... ព្រោះបើយើងគិតពី៥ហិកតារ អ្នកដែលមានលទ្ធភាពទិញដីលើសពី៥ហិកតារ ហើយទុកអត់ធ្វើអី គឺមានមិនច្រើនទេ។ អ៊ីចឹង! ប្រជាពលរដ្ឋភាគច្រើន អាចរួច។ ហើយចំពោះដីលើសពី៥ហិកតារ យើងមានលក្ខខណ្ឌមួយចំនួនទៀត»។
ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ដីធ្លីដែលមានទំហំចាប់ពី ៥ហិកតារ ហើយមិនជាប់ពន្ធ គឺដីកសិកម្មដែលកំពុងបង្កបង្កើនផល ដីដែលទិញសម្រាប់ជួលធ្វើសិប្បកម្ម ឬរោងចក្រ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ ដីមានឬគ្មានសំណង់ ដែលស្ថិតនៅក្រោមកិច្ចសន្យាជួល ដីកម្មសិទ្ធិរបស់រដ្ឋាភិបាល និងដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ និងដីរបស់សហគមន៍ជាដើម។
ជុំវិញបញ្ហានេះ អនុប្រធានគណបក្សភ្លើងទៀន និងជាបណ្ឌិតសេដ្ឋកិច្ច លោក សុក ហាច បានលើកឡើងថា គណបក្សរបស់លោក ចាត់ទុកការយកពន្ធលើដីធ្លីមិនប្រើប្រាស់ ជារឿងចាំបាច់។ ប៉ុន្តែលោកថា បញ្ហាធំ គឺនីតិវិធីនៃការប្រមូលពន្ធនេះ ត្រូវធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព និងសមធម៌ ដើម្បីឱ្យក្រុមអ្នកមានអំណាច ត្រូវបង់ពន្ធជូនរដ្ឋ ដូចប្រជាពលរដ្ឋធម្មតាទូទៅដែរ។
លោក សុក ហាច៖ «យើងយល់ថា ដើម្បីឱ្យការអនុវត្តច្បាប់នេះ វាមានប្រសិទ្ធភាព ទាល់តែយើងពង្រឹងសមត្ថភាពរបស់ខេត្ត ស្រុក និងឃុំ នៅខាងក្រោមហ្នឹង ឱ្យខ្លាំង។ ពីព្រោះយើងធ្វើក្នុងលក្ខណៈវិមជ្ឈការ មិនមែនឱ្យពួកអ្នកដែលនៅក្រសួងហ្នឹង គាត់ទៅចាត់ចែងយកពន្ធទេ។ គឺយើងឱ្យពួកខេត្ត ពួកស្រុក ហើយឃុំ ដោយសហការជិតស្និទ្ធ ជាមួយក្រសួងរៀបចំដែនដី គឺខាងសុរិយោដី ហើយខាងក្រសួងកសិកម្ម ឱ្យការយកពន្ធហ្នឹងមានប្រសិទ្ធភាព»។
ការរឹតបន្តឹងនៃការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះ ត្រូវគេមើលឃើញថា ដោយសាររដ្ឋ មិនអាចប្រមូលពន្ធគ្រប់តាមការរំពឹងទុករបស់ខ្លួន សម្រាប់ចាយវាយប្រចាំឆ្នាំ។ ជាក់ស្ដែង នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបានត្រឹមជាង ២.៣០០លានដុល្លារ គឺស្ថិតនៅឆ្ងាយពីការរំពឹងទុកថា ការប្រមូលពន្ធប្រចាំឆ្នាំ២០២៣នេះ នឹងអាចមានចំនួនជាង ៧ពាន់លានដុល្លារ។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិកម្ពុជា លោក វណ្ណ សុផាត យល់ឃើញថា ប្រសិនបើរដ្ឋាភិបាលអាចអនុវត្តការប្រមូលពន្ធនេះ ប្រកបដោយតម្លាភាព ដោយមិនមានអំពើពុករលួយ និងគប់គិតគ្នារវាងមន្ត្រី និងអ្នកមានអំណាច នោះជារឿងល្អមួយ។ ប៉ុន្តែលោក វណ្ណ សុផាត មានសង្ឃឹមតិចតួចប៉ុណ្ណោះ ដោយសារលោកបញ្ជាក់ថា កន្លងមក រដ្ឋាភិបាលពុំបានអនុវត្តបានត្រឹមត្រូវគោលការណ៍ឡើយ ជាក់ស្ដែង ដូចរឿងក្រុមហ៊ុនវិនិយោគមួយចំនួន ដែលមិនបានដាំដុះលើដីសម្បទានសេដ្ឋកិច្ច ហើយទុកដីទាំងនោះឱ្យទំនេរចោល គឺមន្ត្រីជំនាញពុំបានផាកពិន័យ ឬដកហូតយកដីទាំងនោះ មកវិញឡើយ។
លោក វណ្ណ សុផាត៖ «ពីព្រោះអី ក្នុងសង្គមយើងបច្ចុប្បន្ន ការអនុវត្តច្បាប់ ត្រូវបានចែកចេញជាពីរអ៊ីចឹង។ ចំពោះប្រជាពលរដ្ឋសាមញ្ញធម្មតា អាហ្នឹង គឺថា ដាក់រឹតបន្តឹង មានន័យថា ដាក់ម៉េចគឺអ៊ីចឹង ហើយមានតែធ្វើលើស។ ប៉ុន្តែចំពោះអ្នកដែលមានអំណាច អ្នកមានឥទ្ធិពល ក្រុមហ៊ុនធំៗអីហ្នឹង ច្រើនតែមានការអនុវត្តច្បាប់ស្ទាក់ស្ទើរ អនុវត្តទៅអត់មានប្រសិទ្ធភាព»។
អ្នកតាមដានបញ្ហាសង្គមមើលឃើញថា ពលរដ្ឋបច្ចុប្បន្ន ហាក់មិនមានទឹកចិត្តបង់ពន្ធជូនរដ្ឋដោយរីករាយឡើយ ដោយសារតែសម្បូរអំពើពុករលួយ។ ពួកគេថា កន្លងទៅ មន្ត្រីប្រមូលពន្ធខ្លះ បានគាប់សង្កត់ពលរដ្ឋជាម្ចាស់ផ្ទះសម្បែង ឱ្យបង់ពន្ធ ខុសពីគោលការណ៍ច្បាប់ដែលបានកំណត់ ដើម្បីទទួលបានផលប្រយោជន៍សម្រាប់បក្ខពួកខ្លួន៕
No comments:
Post a Comment