2023.11.15
អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងជាថ្មីថា លោក ជាអ្នកបង្រួបបង្រួមជាតិ ដែលធ្វើឲ្យកម្ពុជាមានសន្តិភាព។ ផ្ទុយទៅវិញ អ្នកវិភាគមើលឃើញថា លោក ហ៊ុន សែន ជាអ្នកបំបែកបំបាក់ជាតិ ហើយសន្តិភាព ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះ គឺសន្តិភាពសម្រាប់តែក្រុមបក្ខពួកលោក ហ៊ុន សែន តែប៉ុណ្ណោះ។
អ្នកវិភាគលើកឡើងថា អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាតួអង្គដ៏សំខាន់ ដែលធ្វើឲ្យកម្ពុជាបែកបាក់ជាតិធ្ងន់ធ្ងរ។
អ្នកវិភាគនយោបាយ លោក បណ្ឌិត សេង សារី មានប្រសាសន៍ថា រណសិរ្ស ២ធ្នូ ឬរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា មិនមែនជារណសិរ្សធ្វើឲ្យខ្មែរបង្រួបបង្រួមជាតិឡើយ។ លោក បញ្ជាក់ថា លោក ហ៊ុន សែន ក៏ជាមេដឹកនាំ ដែលធ្វើឲ្យជាតិបែកបាក់ដែរ។ លោកបន្ថែមថា អ្នកនយោបាយគណបក្សកាន់អំណាចប្រកាន់បក្ខពួក ដែលធ្វើឲ្យជាតិបែកបាក់ធ្ងន់ធ្ងរ៖
ការលើកឡើងរបស់អ្នកវិភាគនេះ ធ្វើឡើងនៅស្របពេលលោក ហ៊ុន សែន បានអះអាង នៅក្នុងមហាសន្និបាត រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ កាលពីថ្ងៃទី១៥ វិច្ឆិកា ដោយលោកបានរំលឹកអំពីគុណតម្លៃរបស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។ លោកអះអាងថា រណសិរ្សនេះ ហើយដែលធ្វើឲ្យខ្មែរមានសាមគ្គីភាព និងឯកភាពជាតិ៖
ការអះអាងរបស់លោក ហ៊ុន សែន នេះ ហាក់ផ្ទុយពីអ្វី ដែលលោកបានអនុវត្តជាក់ស្ដែង។ នរណាក៏ដឹងដែរថា អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស។ ប្រសិនបើលោក ហ៊ុន សែន និងកូនប្រុសរបស់លោកដឹកនាំប្រទេសគោរពតាមគោលការណ៍ប្រជាធិបតេយ្យមែននោះ ទំនងជាលោកមិនរំលាយគណបក្សសង្រ្គោះជាតិទេ កាលពីឆ្នាំ២០១៧។
មកទល់ពេលនេះ លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជារបស់លោក បង្រួបបង្រួមតែក្រុមបក្ខពួករបស់ខ្លួនតែប៉ុណ្ណោះ។ ដោយឡែក គណបក្សប្រឆាំងពិតប្រាកដ ដូចជា គណបក្សភ្លើងទៀនជាដើម ត្រូវបានរបបរបស់លោក បិទមិនឲ្យចូលរួមបោះឆ្នោតបានឡើយ។ ចាប់តាំងពីឆ្នាំ២០១៧ មក មិនទាន់មានគណបក្សប្រឆាំងពិតប្រាកដណា ដែលអាចនៅឈរជើង ដើម្បីប្រកួតប្រជែងការបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជាបានឡើយ ទោះបីជាគេដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លម្អៀងទៅគណបក្សកាន់អំណាចហើយក៏ដោយ។
ម្យ៉ាងវិញទៀត សកម្មជនគណបក្សប្រឆាំងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត បានចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់។ រីឯក្រុមមេដឹកនាំគណបក្សប្រឆាំងវិញ ត្រូវបង្ខំចិត្តនិរទេសខ្លួនទៅក្រៅប្រទេសខ្លួនជាដើម។ ប្រទេសកម្ពុជា បច្ចុប្បន្ននេះ ហាក់បីដូចជាគ្រប់គ្រងដោយត្រកូល ហ៊ុន និងគណបក្សកាន់អំណាចផ្ដាច់មុខទៅហើយ។
ទាក់ទងនឹងបញ្ហានេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ែន សុថាវរិន្ទ មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន កំពុងតែធ្វើនយោបាយយកខ្មែរធ្វើជាសត្រូវ។ លោកបន្ថែមថា ដើម្បីអនុវត្តឱ្យស្របទៅតាមស្មារតីរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលលោក ហ៊ុន សែន អះអាងថា “សាមគ្គីភាពជាកត្តាស្លាប់រស់របស់ជាតិ មានសាមគ្គីភាពទើបជាតិឈ្នះ” នោះ គឺលោក ហ៊ុន សែន ត្រូវបើកលំហប្រជាធិបតេយ្យពិតប្រាកដ និងបើកឲ្យមានការប្រកួតប្រជែងដោយស្មើភាពគ្នា៖
ឆ្លើយតបនឹងបញ្ហនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា គណបក្សប្រជាជនកម្ពុជាជាគណបក្សឈ្នះការបោះឆ្នោត ដឹកនំារដ្ឋាភិបាលដឹកនាំតាមបែបប្រជាធិបតេយ្យ។ លោកអះអាងបន្ថែមថា ចលនារណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺជាមូលដ្ឋានគ្រឹះធ្វើឲ្យកម្ពុជាមានថ្ងៃ ៧មករា ដែលជាថ្ងៃរំដោះប្រជាពលរដ្ឋកម្ពុជាចេញពីរបបខ្មែរក្រហម៖
ទាក់ទងនិងបញ្ហានេះ លោក បណ្ឌិត សេង សារី មានប្រសាសន៍ថា មន្ត្រីគណបក្សប្រជាជនកម្ពុជាមិនអាច ក្រឡៃប្រវត្តិសាស្ត្របានឡើយ។ លោកបន្ថែមថា កម្ពុជាមានការបង្រួបបង្រួមជាតិពិតប្រាកដនោះ គឺនៅក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១៖
រណសិរ្ស ២ធ្នូ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា មានឈ្មោះដើមថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅភូមិជើងឃ្លេ ឃុំ ២ធ្នូ ស្រុកស្នួល។ គណបក្សកាន់អំណាច បានកសាងស្តូបអនុស្សាវរីយ៍មួយ នៅទីនោះ ដើម្បីរំលឹកពីថ្ងៃ ២ធ្នូ។ រៀងរាល់ឆ្នាំ បក្សកាន់អំណាចតែងតែនាំគ្នាទៅប្រារព្ធខួប ២ធ្នូ នៅទីតាំងនោះ។ ពេលខ្លះ គណបក្សកាន់អំណាចអញ្ជើញតំណាងរដ្ឋាភិបាលវៀតណាម ឱ្យចូលរួមប្រារព្ធកម្មវិធីនេះជាមួយគ្នាថែមទៀតផង។ រណសិរ្ស ២ធ្នូនេះ ទទួលបានការជ្រោមជ្រែង និងឧបត្ថម្ភទាំងស្រុងផ្នែកកងទ័ព សព្វាវុធ និងយុទ្ធសាស្ត្រធ្វើសង្គ្រាមពីប្រទេសវៀតណាម។ វៀតណាមក៏មិនភ្លេចឲ្យកម្ពុជាដឹងគុណខ្លួនវិញដែរ គឺបានឲ្យកម្ពុជាសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម ឲ្យបានគ្រប់ខេត្ត ក្រុងនៅក្នុងប្រទេសកម្ពុជា។
អ្នកវិភាគនយោបាយលើកឡើងថា ដោយសារតែក្រុមមេដឹកនាំកម្ពុជា នៅតែដឹងគុណវៀតណាម ឬនៅក្រោមឥទ្ធិពលបរទេសបែបនេះហើយ ដែលធ្វើខ្មែរបែកបាក់ជាតិធ្ងន់ធ្ងរដូចសព្វថ្ងៃនេះ។ ក្រុមមេដឹកនាំកម្ពុជា តែងតែចោទក្រុមមេដឹកនាំគណបក្សប្រឆាំងមួយចំនួនថា ប៉ុនប៉ងបំផ្លាញសន្តិភាព ឬផ្ដួលរលំរដ្ឋាភិបាលជាដើម។ ក៏ប៉ុន្តែក្រុមអ្នកវិភាគរួមទាំងសហគមន៍អន្តរជាតិ មើលឃើញថា ការប្រកាសការពារសន្តិភាពរបស់ក្រុមមេដឹកនាំគណបក្សប្រជាជនកម្ពុជានោះ គ្រាន់តែជាលេស ដើម្បីការពារអំណាចបក្ខពួករបស់ត្រកូល ហ៊ុន តែប៉ុណ្ណោះ៕
No comments:
Post a Comment