Khmer Circle: Not a mountain or rocky hill in the country left that is entirely intact.
^^^
ដោយ សេក បណ្ឌិត
2023.11.18
រូបភាពពីផ្កាយរណប បង្ហាញអំពីភ្នំតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលផ្លាស់ប្ដូរទ្រង់ទ្រាយ និងរូបភាពជាបន្តបន្ទាប់ ក្នុងឆ្នាំ២០១៤ ២០១៧ ២០១៩ ២០២០ និងឆ្នាំ២០២១។
រូប៖ World Imagery Wayback
សកម្មភាពកាយកម្ទេចភ្នំធម្មជាតិ ធ្វើអាជីវកម្មពីសំណាក់ក្រុមហ៊ុនឯកជន ឋិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង បានធ្វើឱ្យពលរដ្ឋជាច្រើនគ្រួសារផ្លាស់ប្ដូរទីលំនៅ និងធ្វើចំណាកស្រុកជាហូរហែ។ ក្រុមយុវជនបានធ្វើដំណើរដល់ទីតាំង អាជីវកម្មកាយកម្ទេចភ្នំតាគ្រាម សោកស្តាយ មរតកធម្មជាតិដ៏មានតម្លៃជាប្រវត្តិសាស្ត្រ បានបាត់បង់ជាបន្តបន្ទាប់ ធ្វើឱ្យពលរដ្ឋមូលដ្ឋានលំបាកវេទនា ដោយសារផលប៉ះពាល់ផ្ទះសម្បែង និងសម្រស់បរិស្ថាន។
ក្រុមយុវជនរស់នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ទាមទារឱ្យរដ្ឋាភិបាល ពិនិត្យឡើងវិញ ពីអាជីវកម្មកាយកម្ទេចភ្នំតាគ្រាម និងភ្នំជាច្រើនទៀត ឋិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដែលពួកគាត់ចោទថា ខ្វះតម្លាភាព។
រូបភាព 3D ភ្នំគល់នៅស្រុកបាណន់ ខេត្តបាត់ដំបង by QUADDROS on Sketchfab
ពួកគាត់រកឃើញថា អាជ្ញាធរខេត្តនេះមិនយកចិត្តទុកដាក់ដោះស្រាយ ទុក្ខកង្វល់រួម របស់ពលរដ្ឋជាច្រើនពាន់គ្រួសារ ដែលរងផលប៉ះពាល់ដោយផ្ទាល់នៅជុំវិញភ្នំទាំងនេះទេ។ រីឯពលរដ្ឋជិត ១ ពាន់គ្រួសារទៀត រស់នៅក្នុងភូមិប៉ោយស្វាយ និងភូមិតាគ្រាម ក្នុងឃុំតាគ្រាម ត្អូញត្អែរបាត់បង់កន្លែងអាស្រ័យផលព្រៃឈើ កន្លែងឃ្វាលគោ និងជម្រកសត្វព្រៃ នៅតាមបណ្តោយជើងភ្នំ។
ក្រុមយុវជនរស់នៅខេត្តបាត់ដំបង កញ្ញា ខេមរា រស្មី ប្រាប់វិទ្យុអាស៊ីសេរីថា អាជីវកម្មកាយកម្ទេចភ្នំទាំងនេះ បង្កប់ភាពមិនប្រក្រតីច្រើន ហើយសំណូមពរទាំងឡាយរបស់ពលរដ្ឋ មិនទាន់ឃើញអាជ្ញាធរដោះស្រាយនៅឡើយ។
កញ្ញាបន្ថែមថា បច្ចុប្បន្នគ្រឿងចក្រជាច្រើនគ្រឿង កំពុងមមាញឹកបំផ្ទុះថ្ម និងរថយន្តដឹកថ្មរាប់សិបគ្រឿងទៀត បើកយ៉ាងលឿន កាត់មុខផ្ទះពលរដ្ឋ កើតមានគ្រោះថ្នាក់ចរាចរជាញឹកញាប់។
កញ្ញាបារម្ភថា បរិស្ថានធម្មជាតិជុំវិញផ្ទះអ្នកភូមិ ដែលធ្លាប់ស្រស់បំព្រងហ៊ុមព័ទ្ធដោយព្រៃភ្នំ បែរជាបាត់បង់នៅជំនាន់នេះ។
កញ្ញា ខេមរា រស្មី៖ «យើងចង់ឱ្យអាជ្ញាធរបង្ហាញតម្លាភាព បើសិនជាគាត់យកភ្នំ អភិវឌ្ឍន៍ ឬធ្វើផ្លូវថ្នល់ សូមបង្ហាញទូទៅឱ្យដឹងទាំងអស់គ្នា។ ក៏ប៉ុន្តែជាក់ស្តែងឥលូវហ្នឹងគាត់យកដីហ្នឹង យើងមិនដឹងថា គាត់កាយដីហ្នឹង ជាសម្បត្តិឯកជន ឬការអភិវឌ្ឍម្យ៉ាងទៀតយើងសោកស្តាយ តំបន់ភ្នំជាតំបន់ប្រវត្តិសាស្ត្រ បើគាត់ប្រើមិនមានតម្លាភាព ជារឿងមួយដែលយើងទទួលយកអត់បានទេ»។
ក្រុមយុវជនរកឃើញថា កាលពីមិនទាន់មានវត្តមានក្រុមហ៊ុនកាយថ្មភ្នំ ទេសភាពតាមជើងភ្នំសំបូរដោយព្រៃឈើ សត្វព្រៃ និងកន្លែងឃ្វាលគោក្របី របស់អ្នកស្រុកបាណន់ ជាច្រើនពាន់គ្រួសារ។ ក៏ប៉ុន្តែបច្ចុប្បន្នតំបន់នោះ ត្រូវក្រុមហ៊ុនឯកជនយ៉ាងហោចណាស់ចំនួន ៥ ដណ្តើមគ្នាពុះចែកភ្នំទ្រង់ទ្រាយធំ កាន់តែច្រើនឡើង នៅរយៈពេលជាង ៥ ឆ្នាំចុងក្រោយនេះ។
បន្ថែមពីនេះទៀត ពលរដ្ឋជាច្រើនគ្រួសាររស់នៅតាមជើងភ្នំ រំខានដោយសំឡេងគ្រាប់រំសេវ បំផ្ទះថ្ម មានជាតិគីមី ហូរច្រោះចូលដីស្រែចម្ការ ប៉ះពាល់ផលដំណាំកសិកម្មរបស់ពួកគាត់។ រីឯពលរដ្ឋមួយចំនួនទៀត បានផ្លាស់ប្ដូរទីលំនៅ ដោយសារពួកគាត់ មិនអាចទ្រាំនឹងផលប៉ះពាល់នេះ។
ពលរដ្ឋរស់នៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម លោក ឆាយ ភៅ ថ្លែងថា នៅពេលក្រុមហ៊ុនបំផ្ទុះថ្មភ្នំម្តងៗ ផ្ទះរបស់លោកនៅកៀកជើងភ្នំញ័រខ្ទរ ធ្វើឱ្យប្រេះជញ្ជាំងផ្ទះ។
លោកសោកស្តាយ ក្រោយពីមានវត្តមានក្រុមហ៊ុនទាំងនេះ អ្នកភូមិបាត់បង់កន្លែងឃ្វាលគោ រកប្រាក់ចិញ្ចឹមជីវិត និងបាត់បង់វិស័យទេសចរណ៍។
លោក ឆាយ ភៅ៖ «ប្រះផ្ទះ និងយ៉ាប់កន្លែងឃ្វាលគោ ពីដើមមិនខ្វះទេ ដល់គេបង្កើតកន្លែងកិនថ្ម គេបិទរបងគោចូលមិនបាន»។
ចាប់តាំងពីឆ្នាំ២០២១ ទល់ពេលនេះ ពលរដ្ឋរាប់រយនាក់បានស្រែកតវ៉ាបិទផ្លូវជាច្រើនដង ដើម្បីរារាំងមិនឱ្យរថយន្តរបស់ក្រុមហ៊ុន ដឹកថ្ម បើកឆ្លងកាត់ភូមិឋានរបស់ពួកគាត់ ធ្វើឱ្យហុយធូលីដី ប៉ះពាល់សុខភាពលរដ្ឋ និងកុមារ មានជំងឺដង្ហើម។
អ្នកភូមិស្នើឱ្យអាជ្ញាធរផ្អាកសកម្មភាពក្រុមហ៊ុនទាំងនេះ ក៏ប៉ុន្តែគ្មានបានផលឡើយ មកទល់ពេលនេះ។
សកម្មជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា ដែលចុះអង្កេតរឿងនេះ រកឃើញថា ពលរដ្ឋមួយចំនួនដែលរងផលប៉ះពាល់ ពីអាជីវកម្មកាយភ្នំ ខ្លះបាក់ទឹកចិត្ត ខ្លះខឹងសម្បារនឹងអាជ្ញាធរ ហើយបង្ខំចិត្តធ្វើចំណាកស្រុកជាបន្តបន្ទាប់។
លោកថា អ្នកភូមិជាច្រើនពាន់គ្រួសារមិនសប្បាយចិត្ត នឹងសកម្មភាពកាយកម្ទេចភ្នំទាំងនេះទេ ហើយប្រយោជន៍ដែលទទួលបាន ពីធនធានធម្មជាតិ គឺធ្លាក់លើក្រុមហ៊ុនឯកជន និងអ្នកមានអំណាច។
លោក ថុន រដ្ឋា៖ «អ្វីសំខាន់ជាងគេ កាយភ្នំធ្វើឱ្យពលរដ្ឋភាគច្រើន បាត់បង់មុខរបរ ទាញយកអនុផលពីភ្នំតាមរយៈ ការ យកទំពាំង និងពលរដ្ឋភាគច្រើន ធ្វើចំណាកស្រុក ដើម្បីរកការងារធ្វើ នៅខេត្តផ្សេងៗ ជាពិសេសប្រទេសថៃ»។
ក្រុមហ៊ុនដែលធ្វើសកម្មភាពកាយភ្នំចំនួន៧ ទីតាំងផ្សេងៗគ្នា នៅតំបន់ភ្នំតាគ្រាមរួមមាន ក្រុមហ៊ុន ហេង ឆាត (Heng Chat Construction Co., Ltd) ក្រុមហ៊ុន ណឹមម៉េង (NIM MENG GROUP Co., Ltd.) ក្រុមហ៊ុន តាំងថៃឡុង (Tang Thailong Co., Ltd.) ក្រុមហ៊ុន ធី ឡុង (Thy Long) និងបុគ្គលមានលុយមានអំណាចមួយចំនួនទៀត។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺពីតំណាងក្រុមហ៊ុនទាំងនេះបាននៅឡើយទេ នៅថ្ងៃទី ១៧ វិច្ឆិកា។ រីឯអភិបាលខេត្តបាត់ដំបង លោក សុខ លូ និងអ្នកនាំពាក្យក្រសួងរ៉ែ លោក អ៊ឹង ឌីប៉ូឡា ក៏មិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកទទួល នៅថ្ងៃដដែលនេះ។
ក៏ប៉ុន្តែមេឃុំតាគ្រាម លោក នៃ ពៅ មានប្រសាសន៍ថា ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មកាយភ្នំ ចូលរួមជួយកសាងផ្លូវ និងអភិវឌ្ឍន៍មូលដ្ឋានមួយចំនួន ហើយក្រុមប្រឹក្សាឃុំបានប្រជុំពិភាក្សាគ្នា ស្នើឱ្យក្រុមហ៊ុនបន្តស្ថាបនាផ្លូវ ចាក់បៃតុងបន្ថែមទៀត ដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋ ដែលរងផលប៉ះពាល់។
លោកបដិសេធមិនឆ្លើយនឹងសំណួរថា តើមានពលរដ្ឋប៉ុន្មានគ្រួសារ ក្នុងឃុំតាគ្រាមផ្លាស់ប្ដូរទីលំនៅ និងធ្វើចំណាកស្រុក ? ព្រោះលោកមិនបានដឹងរឿងនេះទេ។
លោក នៃ ពៅ៖ «រឿងផលប៉ះពាល់យើងលើក ជារឿងរាល់ខែ ទាំងផលប៉ះពាល់ដីហុយ និងបាញ់ថ្ម»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី សង្កេតឃើញថា វិបត្តិបរិស្ថាននេះ កើតឡើងជាច្រើនអាណត្តិមកហើយ ពលរដ្ឋបានស្រែកតវ៉ាជាច្រើនដង គ្មានដំណោះស្រាយនោះទេ ហើយអាជ្ញាធរតែងតែឆ្លើយដោះសា គេចពីការទទួលខុសត្រូវ។
បើសិនជាយើងអភិវឌ្ឍន៍ទឹកភ្នែក និងឈឺចាប់ មិនមែនជាការអភិវឌ្ឍទេ ទុកឱ្យពលរដ្ឋរស់នៅលក្ខណៈដើមវាល្អជាង។ ត្រូវពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងរួមគ្នារកដំណោះស្រាយ ទើបជាការអភិវឌ្ឍល្អត្រឹមត្រូវ។
ពលរដ្ឋ និងក្រុមយុវជនស្តាយស្រណោះ ភ្នំធម្មជាតិ ដែលក្រុមហ៊ុនឯកជន និងក្រុមអ្នកមានអំណាច បន្តជីកគាស់កាយ និងភ្នំខ្លះទៀត ស្ទើរតែបាត់រូបរាងរួមមាន ភ្នំតាគ្រាម ភ្នំថ្មក្រហម ភ្នំអន្សែ ភ្នំប៉ើយស្វាយ ភ្នំពពូល ភ្នំតាត្រងោល ភ្នំគូទឈ្នៀង ភ្នំដូងប្រេង និងភ្នំគល់ជាដើម។ ភ្នំធម្មជាតិទាំងនេះ កំពុងប្រឈមការកាយកម្ទេចជាបន្តបន្ទាប់៕
No comments:
Post a Comment